សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងគណនេយ្យហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដោយបានធ្វើការអំពាវនាវដល់គ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងពលរដ្ឋ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឡើងវិញនូវបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងទឹកដី ភូមិសាស្ដ្ររបស់ខ្លួនឡើងវិញ។ ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជាពេលនេះ គឺស្របពេលដែលទិវា សកម្មភាពកំចាត់មីននឹងមកដល់នៅថ្ងៃទី២៤ ខែកុម្ភៈ ស្អែកនេះ។
លើសពីនេះទៀត សម្ដេច ហ៊ុន សែន ក៏ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសកម្មភាពអប់រំ ប្រជាពលរដ្ឋឱ្យយល់ដឹងចេះការពារខ្លួនពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងដោះស្រាយជាបន្ទាន់ នូវសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកទៀតថាប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សត្រូវប្រុងប្រយ័ត្នកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលអាចបណ្តាលឱ្យមានគ្រោះ ថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៦នេះ មានករណីមនុស្សស្លាប់ដោយសារការផ្ទុះគ្រាប់មីនមានចំនួន ២ ករណី។ ករណីទី១ គឺកសិករម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានបើក ត្រាក់ទ័រភ្ជួរដីចម្ការដាំដំឡូង ប៉ះចំគ្រាប់មីនប្រឆាំងរថពាស ដែកដែលបានបន្សល់ទុកពីសង្គ្រាម ក្នុងស្រុក សំពៅលូន ខេត្តបាត់ដំបង និងករណីទី២ គឺនៅថ្ងៃទី ២០ ខែកុម្ភៈ មានក្មេងប្រុស២ នាក់បានស្លាប់ នៅនឹង កន្លែង និងក្មេងប្រុស ២នាក់ទៀតរងរបួល ខណៈដែលក្មេងប្រុសទាំងនោះបានរើសគ្រាប់ B40 មកដំលេង។ ករណីនេះកើតឡើងនៅក្នុង ស្រុកបវេល ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបជាង ១០ ម៉ឺនគ្រាប់លើផ្ទៃដីទំហំ ១២០ គីឡូម៉ែត្រក្រឡា។ ក្នុងនោះផ្ទៃដីអាទិភាពដែលសង្ស័យថាមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមានទំហំជាង ២០០០ គីឡូម៉ែត្រក្រឡា។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជាបានធ្វើការបោសសម្អាតផ្ទៃដីមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំប្រមាណ ២៧០០ គីឡូម៉ែត្រការ៉េ។ គិតមកដល់ពេលនេះមជ្ឈមណ្ឌលបានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះបានចំនួនសរុបជាង ២ លាន ៥ សែន ៨ ម៉ឺនគ្រាប់។
របាយការណ៍ដដែលនេះឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់មានបញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនោះ បានបន្ដជួយធ្វើការអប់រំដល់កូនចៅ និងសហគមន៍របស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ដីធ្លី និងចៀសវាងការប៉ះពាល់គ្រាប់មិនទាន់ផ្ទុះផងដែរ៕