en     km
en     km

ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​ ៤​ ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​រថយន្ត​ធំៗ​បើកបរ​មិន​គោរព​ច្បាប់​

Share

ភ្នំពេញ​៖​  នា​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​ ៤​ មានការ​ព្រួយបារម្ភ​ខ្លាំង​ អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​រថយន្ត​ធំៗ​ ឬ​កុងតឺន័រ​ បើកបរ​ហូ​ស​ល្បឿន​កំណត់​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។​ ប្រជាពលរដ្ឋ​អំពាវនាវ​ ដល់​ស្ថាន​ប័ន​ពាក់ព័ន្ធ​ជួយ​ត្រួតពិនិត្យ​ និង​ចាត់វិធានការ​ជា​បន្ទាន់​ចំពោះ​ម្ចាស់​រថយន្ត​ធុន​ធំ​ណា​ ដែល​បើកបរ​មិន​គោរព​ច្បាប់​ និង​ពួក​គាត់​ថា​ ប្រសិនជា​អាច​ស្នើ​ឱ្យ​រដ្ឋាភិបាល​ បញ្ឈប់​ចរាចរណ៍​រថយន្ត​កុងតឺន័រ​លើ​ផ្លូវជាតិ​លេង​ ៤​ នេះ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

cover-big-car-on-the-street
រូបតំណាង

ជា​បន្ត​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​លោក​ មឿ​ន​ ឌី​ណា​ ដូច​តទៅ​៖

ពលរដ្ឋ​រស់នៅ​សង្កាត់​កំ​បូល​ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ អ្នកស្រី​ សៀវ​  មាន​ ប្រកប​មុខរបរ​ជា​ អ្នកលក់​ឥ​វ៉ា​ន់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​ ៤​ សង្កេត​ឃើញ​ថា​ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ភាគច្រើន​មាន​វ័យក្មេង​ បើកបរ​មិនសូវ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​បើកបរ​ហូ​ស​ល្បឿន​កំនត់​ទៀត​ផង​។​ អ្នកស្រី​បន្ត​ថា​ ជា​រៀយៗ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​ នេះ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មិនសូវ​ដាច់​នោះ​ទេ​ គឺ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ ព្រោះ​ម្ចាស់​រថយន្ត​ធុន​ធំ​បើក​មិន​គោរព​ច្បាប់​ចរាច​ណ៍​ជា​ពិសេស​នៅ​ពេល​យប់​។​

«​ចំពោះ​កុងតឺន័រ​វិញ​ ប្រសិនជា​គាត់​កុំ​បើកបរ​ក្នុង​លក្ខណៈ​មួយ​ដូច​ជា​ក្មេង​ស្ទាវ​ គឺ​បើកបរ​មាន​វិជ្ជា​ជាវៈ​ ហើយ​បើកបរ​មាន​ល្បឿន​កំណត់​ មិន​មាន​បញ្ហា​អ្វី​ទេ​ ចំពោះ​ឡាន​ កុងតឺន័រ​មួយ​ចំនួន​គឺ​ចាប់​ហ្វ្រាំង​មិន​ទាន់​ទេ​ បណ្ដាល​ឱ្យ​បុក​គ្នា​ នៅ​ចំណែក​ផ្លូវ​ម្ខាង​ឡាន​ និង​ឡាន​វ៉ា​គ្នា​បណ្ដាល​ឱ្យទៅ​ប៉ះ​ម៉ូតូ​ដែល​បើក​បញ្ច្រាស​ផ្លូវ​គ្នា​ សូម​ណូ​ម​ពរ​ឱ្យ​ឡាន​ កុងតឺន័រ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​»​។​

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ ជា​ជាង​ជួសជុល​ម៉ូតូ​រស់នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រស់នៅ​តាម​ផ្លូវជាតិ​លេខ​ ៤​ នេះ​ដែរ​ គឺ​លោក​ មក​រា​ ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ទៅ​នឹង​អ្នកស្រី​ សៀវ​ មាន​ផង​ដែរ​។​ លោក​ មក​រា​ បាន​និយាយ​ថា​ នៅ​ពេល​យប់​ម្ដងៗ​ រថយន្ត​កុងតឺន័រ​ បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​មិនសូវ​គោរព​សិទ្ធិ​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាមួយ​គ្នា​ឡើយ​។​ ជា​ការ​កត់សម្គាល់​របស់​លោក​ មក​រា​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​ នេះ​ មិន​មានការ​ស្រាកស្រាន្ត​ឡើយ​ និយាយ​ជា​រួម​គឺ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។​

«​ឡាន​កុងតឺន័រ​នៅ​ពេល​យប់​ប្រ​លប់​បើកបរ​មិនសូវ​គោរព​ច្បាប់​ ហើយ​បើកបរ​លឿនៗ​មិន​ដែល​បន្ថយល្បឿន​ ចង់​និយាយ​គឺ​បើកបរ​ឱ្យ​មានការ​គោរព​សិទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​យប់​ឱ្យ​បើក​ក្នុង​ល្បឿន​ដែល​បាន​កំណត់​ ជៀសវាង​គ្រោះថ្នាក់​ ហើយ​បានឃើញ​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ បើក​លឿន​ជា​ពិសេស​គឺ​ឡាន​កុងតឺន័រ​»​។​

ចំណែក​អ្នកស្រី​ វ​ណ្ណី​ មាន​អាយុ​ ៥៨​ រស់នៅ​សង្កាត់​ឱ​ឡោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​និយាយ​ថា​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​ ៤​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ គឺ​បណ្តាល​មក​ពី​រថយន្ត​កុងតឺន័រ​ បើ​បរ​មិន​គោរព​ច្បាប់​។​ ជា​កម្មការិនី​ក្នុង​រោងចក្រ​ចំណី​សត្វ​ម្នាក់​ អ្នកស្រី​ វ​ណ្ណី​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ល្បឿន​បើកបរ​របស់​រថយន្ត​កុងតឺន័រ​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​ ៤​នេះ​។​

លើស​ពី​នេះ​ទៀត​ អ្នកស្រី​ថា​ ប្រសិនជា​អាច​បញ្ឈប់​ការ​ចរាច​ណ៍​រថយន្ត​ធុន​ធំ​នៅ​លើ​ផ្លូវ​នេះ​ រិ​ត​តែ​ជា​ការ​ប្រសើរ​៖​ «​ប្រសិនជា​មានការ​បញ្ឈប់​ឡាន​កុងតឺន័រ​បើក​លើ​ផ្លួ​វ​ជាតិ​លេខ​ ៤​ គឺ​មានការ​ត្រេកអរ​ ពីព្រោះ​ឡាន​កុងតឺន័រ​ បើក​សាហាវ​ហើយ​លឿនៗ​ មិន​បានឃើញ​អ្នក​ឆ្លងកាត់​ផ្លូវ​ម្ខាង​ទៅ​ម្ខាង​ទៀត​ ហើយ​មិន​បន្ថយល្បឿន​ អាង​តែ​ខ្លួន​ធំ​លើសគេ​»​។​

«​មិន​អាច​ទំលាក់​កំហុស​តែ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​តែ​ម្នាក់​នោះ​ទេ​ អ្នក​បើ​បររថ​យន្ត​ធុន​តូច​ និង​ទោច​ក្រ​ក្រយា​ន្ត​ជាដើម​ ក៏​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ដែរ​»​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ឈឹ​ម​ ចិន្តា​ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​មួយ​រូប​ រស់នៅ​ភូមិ​ព្រែក​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​។​

Truck
ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​ ៤​ ជា​រៀងរាល់ថ្ងៃ​ លោក​ ឈឹ​ម​ ចិន្តា​ លើក​ឡើង​ថា​ ជូន​កាល​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​ ឬ​ឡាន​តូច​ ដែល​បើកបរ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ តែ​នៅ​ពេល​ដែល​មាន​គ្រោះថ្នាក់​តែងតែ​បន្ទោស​រថយន្ត​ធំ​ជា​និច្ច​។

«​បើ​បន្ទោស​តែ​ឡាន​កុងតឺន័រ​ក៏​មិនកើត​ដែរ​ មាន​តៃកុង​ខ្លះ​ក៏​បើកបរ​ល្អ​ដែរ​បើ​យើង​យក​ភាគច្រើន​វិញ​ខ្ញុំ​រកស៊ី​តាម​ផ្លូវ​ រត់​រ៉ឺ​ម៉ក​កង់​បី​ភាគច្រើន​បណ្ដាល​មក​ពី​ក្មេង​ស្ទាវ​បើ​ថា​គ្រោះ​បណ្ដាល​មក​ពី​ម៉ូតូ​ ជួនកាល​មាន​ឡាន​កុងតឺន័រ​ទាំង​សងខាង​ ហើយ​ជ្រែ​ ហើយ​ដល់​ពេល​ប៉ះ​ដៃចង្កូត​គ្នា​ក៏​ចូល​ទៅ​ក្នុង​ឡាន​មិន​អាច​បន្ទោស​ឡាន​កុងតឺន័រ​បាន​ទេ​»​។​

លោក​ ស្រេង​ វ៉ា​ ជា​ប្រជាពលរដ្ឋ​ រស់នៅ​ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ បាន​បញ្ចេញ​ជា​ទស្សនៈ​ដែរ​ថា​ ផ្លូវជាតិ​លេខ​ ៤​ ជា​ផ្លូវ​មួយ​ ដែល​រថយន្ត​កុងតឺន័រ​បើកបរ​ដឹក​ទំនិញ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឡើង​ទៅ​ភ្នំពេញ​ ឬ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​។​
​ដូច្នេះ​ពិបាក​នឹង​ស្នើ​សុំ​ឱ្យ​បញ្ឈប់​បើកបរ​ចំពោះ​រថយន្ត​ធុន​ធំ​នៅ​លើ​ផ្លូវ​នេះ​ណាស់​។​

ប៉ុន្តែ​ជា​យោបល់​របស់​លោក​ ស្រេង​ វ៉ា​ លោក​ថា​ រាល់​ទំនិញ​ទាំងអស់​គួរតែ​បង្វែរ​ដឹក​តាម​ផ្លូវ​រថភ្លើង​វិញ​ ទើប​អាច​កាត់​បន្ថយ​ការ​ចរាចរណ៍​រថយន្ត​កុងតឺន័រ​ នៅ​លើ​ផ្លូវជាតិ​លេង​៤​ និង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​កម្រិត​ផង​ដែរ​។​

«​វា​ត្រូវ​តែ​មាន​ឡាន​កុងតឺន័រ​មក​ពី​កំពង់សោម​ បើក​តាម​ផ្លូវជាតិ​លេខ​ ៤​ បើ​មិន​ឱ្យ​បើក​តាម​ផ្លូវ​នេះ​លើកលែងតែ​ដាក់​ទំនិញ​តាម​រថភ្លើង​វិញ​ នោះ​កាត់​បន្ថយ​ការ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ពីព្រោះ​នៅ​លើ​កំណាត់​ផ្លូវ​នេះ​មាន​ឡាន​មួយ​ចំនួន​មិន​មានការ​គោរព​ច្បាប់​ និង​បើក​ជែង​គ្នា​ពេញ​តែ​ផ្លូវ​ ហើយ​សូម​ណូ​ម​ពរ​ គ្រប់​រថយន្ដ​ទាំងអស់​មានការ​គោរព​ច្បាប់​»​។​

ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​ ៤​ នេះ​ លោក​ ភ័ក្តិ​ ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ ពី​ក្រុងព្រះសីហនុ​-​ភ្នំពេញ​ ច្រានចោល​ចំពោះ​ការ​រិះគន់​នេះ​។​ លោក​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤​ មិន​ត្រូវ​បន្ទោស​តែ​ចំពោះ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំងស្រុង​នោះ​ទេ​ ជូន​កាល​អ្នកបើកបរ​ រថយន្ត​ខា្ន​ត​តូច​ ឬ​ម៉ូតូ​ ជា​អ្នក​បង្ក​ទៅ​វិញ​ទេ​។​

លោក​បន្ថែម​ថា​ រថយន្ត​កុងតឺន័រ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្រើ​សម្រាប់​ដឹក​ទំនិញ​ទូទៅ​ទាំង​ធំ​ ទាំង​តូច​មិន​អាច​ខ្វះ​បាន​ឡើយ​៖​ «​តាម​ការ​ពិត​ទៅ​បើ​មក​បន្ទោស​តែ​ឡាន​ ក៏​មិន​ត្រូវ​ ឡាន​កុងតឺន័រ​បើក​ទៅ​តាម​ធម្មតា​ មិន​មាន​បំពាន​ផង​ ហើយ​ប្រជា​ជ​នៅ​តាម​ផ្លូវជាតិ​លេខ​ ៤​ ហ្នឹង​ គាត់​ជិះ​ម៉ូតូ​មិន​ខ្លាច​ឡាន​បន្តិច​ផង​ហ្នឹង​ ហើយ​ឡាន​យើង​ត្រូវ​ដឹក​ឥ​វ៉ា​ន់​ធ្ងន់​ ពេល​ទំនិញ​ទាំងអស់​មិន​ឡើង​ចេញពី​ផ្លូវជាតិ​លេខ​ ៤​ ដឹក​ចេញពី​កំពង់សោម​  កោះកុង​ ស្រែអំបិល​ចេញពី​ហ្នឹង​ទាំងអស់​ បើ​ឱ្យ​ឈប់​បើករ​ផ្លូវ​ហ្នឹង​ចឹ​ង​ឱ្យ​ឡាន​ធំ​ដឹក​តាម​ផ្លូវ​ណា​ បើ​ឱ្យ​រត់​តាម​ផ្លូវជាតិ​លេខ​ ៣​ ផ្លូវជាតិ​លេខ​ ៣​ ផ្ទះ​ប្រជាជន​មាន​ដូច​តែ​គ្នា​ហ្នឹង​ បើ​មិន​ឱ្យ​រត់​តាម​ផ្លូវ​ហ្នឹង​ ចឹ​ង​មាន​តែ​ធ្វើ​ផ្លូវ​ highway​ មួយ​ទៅ​ចឹ​ង​សម្រាប់​ឡាន​ធំ​»​។​

ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយ​រូប​ទៀត​ គឺ​លោក​ ផា​នី​ បាន​បញ្ចេញ​ទស្សនៈ​យ៉ាង​ដូច្នេះ​ថា​៖​ «​អា​រឿង​ឡាន​កុងតឺន័រ​ ឡាន​ធំ​អី​ បើក​ឱ្យ​បើក​ឈ្លើយ​ ឱ្យ​បើក​លឿន​មិន​មាន​ទេពី​ព្រោះ​រាល់​ថ្ងៃនេះ​បើក​អត់​បាន​លឿន​ទេ​ ហើយ​តែ​ឡាន​ធំ​ ខ្ញុំ​បើក​ជិត​ម្ភៃ​ឆ្នាំ​ហើយ​មិន​ដែល​មាន​បញ្ហា​អី​ទេ​»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ អ៊ា​ ច​រិ​យ៉ា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ មាន​ប្រសាសន៍​ថា​ ការ​ហាមឃាត់​មិន​ឱ្យ​រថយន្ត​កុងតឺន័រ​បើកបរ​លើ​ផ្លូវជាតិ​លេខ​ ៤​ គឺ​មិនមែន​ជា​ការ​ងាយស្រួល​ទេ​ ព្រោះ​ផ្លូវជាតិ​នេះ​ ប្រើ​សម្រាប់​ដឹក​ទំនិញ​ឡើង​ចុះ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​រាជធានី​ភ្នំពេញ​។​ លោក​បន្ត​ថា​ ប្រសិនបើ​ចង់​បញ្ចៀស​ពី​ការ​ដឹក​ទំនិញ​តាម​ដងផ្លូវ​ជាតិ​នេះ​ លុះត្រាតែរ​ដ្ឋា​ភិ​បា​មាន​ដំណោះស្រាយ​ ដឹក​ទំនិញ​ទាំងឡាយ​តាម​រថភ្លើង​វិញ​ ទើប​អាច​កាត់​បន្ថយ​ការ​ដឹក​តាម​ផ្លូវ​បាន​។​

«​ខ្ញុំ​គិត​ថា​ការ​ដែល​ស្នើ​សុំ​ កុំឱ្យ​មាន​ឡាន​កុងតឺន័រ​នេះ​ លុះត្រាតែ​រដ្ឋ​ភិ​បាល​មាន​ដំណោះស្រាយ​ ហើយ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​អាច​ដឹក​តាម​មធ្យោបាយ​ផ្សេង​ ហើយ​ដំណោះស្រាយ​មួយ​យើង​ជំរុញ​ឱ្យ​មានការ​ដឺ​ក​ជញ្ជូន​តាម​រទេសភ្លើង​ វា​អាច​នឹង​កាត់​បន្ថយ​ចំនួន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ហ្នឹង​ដែរ​ ទើប​អាច​កាត់​បន្ថយ​ចំនួន​កុងតឺន័រ​នោះ​បាន​»​។​

ចំណែក​ លោក​ ផែង​ សុវិជ្ជា​នោ​ អនុរដ្ឋលេខាធិការ​ ក្រសួង​សាធារណៈការ​ និង​ដឹង​ជញ្ជូន​  និង​ជា​អ្នកនាំពាក្យ​ បាន​មាន​ប្រសាសន៍​ថា​ ផ្លូវជាតិ​លេខ​ ៤​ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​កម្ពុជា​ និង​ជា​ផ្លូវ​ទីផ្សារ​អន្ដរជាតិ​។​ ដូច្នេះ​ អនុរដ្ឋលេខាធិការ​ ក្រសួង​សាធារណៈការ​ និង​ដឹង​ជញ្ជូន​ និង​ជា​អ្នកនាំពាក្យ​រូប​នេះ​ថា​ ក្រសួង​មិន​អាច​ហាមឃាត់​រថយន្ត​កុង​តឺ​មិន​ឱ្យ​បើកបរ​លើ​ផ្លូវ​នេះ​ បាន​ឡើយ​។​ លោក​បាន​ សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​តាម​សងខាង​ផ្លូវជាតិ​លេខ​៤​នេះ​ មានការ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ឱ្យ​ខ្ពស់​បំផុត​ និង​មានការ​យោគយល់​គ្នា​ ជា​ពិសេស​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ ចំពោះ​អ្នកបើកបរ​នៅ​លើ​ដងផ្លូវ​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​កថា​ហេតុ​។​

ផ្លូវជាតិ​លេខ​ ៤​ គឺជា​ផ្លូវជាតិ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ហើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​សំខាន់​សម្រាប់​ដឹក​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ ឥឡូវនេះ​បាន​រៀបចំ​ដើម្បី​ឱ្យ​វា​មាន​សុវត្ថិភាព​ចរាចរណ៍​ល្អ​ឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​ នេះ​ ប៉ុន្តែ​ក៏​សូម​ឱ្យ​អ្នក​ដែល​រស់នៅ​ផ្លូវជាតិ​ហ្នឹង​ដែរ​ ត្រូវ​ធ្វើការ​យោគយល់​ពិចារណា​ទៅ​ដល់​ការ​រស់នៅ​ និង​ត្រូវ​យល់​វិញ​ថា​ បើ​ឃាត់​កុងតឺន័រ​ដឹក​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ត្រូវ​តែ​អនុញ្ញាត​»​។​

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​តាម​សងខាង​ផ្លូវជាតិ​លេខ​ ៤​ នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ ដាក់​ពិន័យ​ឱ្យ​បាន​តឹង​រឹង​ទៅ​លើ​អ្នកបើកបរ​ទាំងឡាយ​ណា​ ដែល​បើកបរ​លើស​ល្បឿន​កំណត់​ ជា​ពិសេស​ដាក់ទោស​ឱ្យ​ធ្ងន់ធ្ងរ​ ចំពោះ​អ្នកបើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​៕

Share

Image
Image
Image