បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួង ធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជានឹងប្រឈមអាកាសធាតុក្ដៅខ្លាំងជាថ្មី ម្ដងទៀត នៅក្នុងឆ្នាំ២០១៦នេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ធ្វើការផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ស្ថានភាពអាកាស ធាតុ ដដែល បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ បាតុភូត El Nino (ក្ដៅ) បានចាប់ផ្ដើមថយឥទ្ធិពលបន្ថិចម្ដងៗ ជំនួសដោយ បាតុភូត Dipole Model Index នឹងចូលមករហូតដល់ចុងខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូត La Nina (ត្រជាក់) ចាប់មានឥទ្ធិពលមកវិញ។
យោងតាមសេចក្ដីជូនដំណឹងបន្ថែមថា បាតុភូតធម្មជាតិនេះ នឹងធ្វើឱ្យអាកាសធាតុនៅប្រទេសកម្ពុជា មានស្ថានភាពដូចតទៅនេះ៖
នៅរដូវប្រាំង៖ ក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្ដៅហួតហែងខ្លាំង បរិមាណ ទឹកភ្លៀងកក់ខែ មានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ នឹងកើតឡើងច្រើន។
នៅដើមរដូវវស្សា៖ ចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន។ កូនរដូវប្រាំង នឹងកើតមានចាប់ពីពាក់កណ្ដាលខែកក្កដា ដល់ ចុងខែកក្កដា។
បើ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងទៀតថា របាយទឹកភ្លៀង នឹងចាប់ផ្ដើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អ ចាប់ពីពាក់កណ្ដាល រដូវវស្សា រហូតដល់ចុងរដូវវស្សា (ចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា)៕