ភ្នំពេញ ៖ អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចំនួន ០៥ រូប នឹងចូលកាន់តំណែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដដែលបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខ ក្រៅតែពីការប្រកាសចូលកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ក៏មានការតែងតាំងប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ប្រធាន-អនុប្រធានការិយាល័យ និង ប្រធាន-អនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ព្រមទាំងផ្ទេរបញ្ចូលក្របខណ្ឌមន្ត្រី គ.ជ.ប ជាមន្ត្រីរាជការនៃ គ.ជ.ប ផងដែរ ។
សូមបញ្ជាក់ថា តាមរយៈការចម្រាញ់បេក្ខភាពចុងក្រោយ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅ តំណែងអគ្គលេខាធិការ គ.ជ.ប បានទៅលើ លោក ទេព នីថា តំណែងអគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា៕