របាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានបង្ហាញនៅក្នុងសេចក្ដីប្រកាស់ព័ត៌មានស្ដីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្ដ្រ ឆ្នាំទី២ នៃនីតិកាលទី៥ នៅថ្ងៃព្រហស្បតិ៍ នេះថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមានការគំរាមកំហែងច្រើនក្នុងអាណត្ដិនេះ។
ជុំវិញរបាយការណ៍នេះ លោក អ៊ូ ចាន់រិទ្ធ ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ បានថ្លែងថា តំណាងរាស្ដ្របក្សសង្គ្រោះជាតិក្នុងអណត្ដិទី៥នេះ ទទួលរងអំពើរអយុត្ដិធម៌ច្រើន ទាំងការអនុវត្ដច្បាប់សម្រាប់ការពារតំណាងរាស្ដ្រសព្វថ្ងៃនេះ ក៏នៅតែមិនមានភាពស្មើរគ្នានោះដែរ។
លោក អ៊ូ ចាន់រិទ្ធ បានបន្តថា ក្នុងនាមលោកជាតំណាងរាស្ដ្របក្សសង្គ្រោះជាតិលោកនឹងនៅតែបន្ដជំរុញឱ្យរដ្ឋសភាអនុវត្ដច្បាប់ដែលបានធ្វើវិសោធនកម្មហើយតែមិនទាន់បានអនុវត្ដ ។ លោកបន្ថែមទៀតថា៖ «មិនដូចគ្នាយើងសរសេរលិខិតមួយចំនួនសួរទៅរដ្ឋាភិបាលលិខិតមួយចំនួន មិនត្រូវបានបញ្ជូនទៅរដ្ឋាភិបាលទេ នេះជារឿងមួយដែលមិនត្រឹមត្រូវព្រោះប្រធានរដ្ឋសភាគាត់គ្រាន់តែជាអ្នកចារហើយបញ្ជូនលិខិតទៅទោះបីខ្លឹមសារក្នុងលិខិតនោះយ៉ាងណាក៏ដោយ ហើយរដ្ឋាភិបាលជាអ្នកឆ្លើយតប ហើយមិនមែនសភាខ្លួនយើងជាអ្នកឆ្លើយតប ថាតើលិខិតហ្នឹងត្រូវបញ្ជួនឬមិនបញ្ជួនទេ ហើយបញ្ហាផ្សេងៗទៀតខ្ញុំយល់ថាយើងមិនទាន់បានភាពឱ្យស្មើគ្នា ទាំងគណបក្សក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលខ្ញុំយល់ថាមិនស្មើគ្នា»។
ចំណែក លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត បានមានប្រសាសន៍ដែរថា តំណាងរាស្ដ្រគណក្សសង្គ្រោះជាតិក្នុងអណត្ដិទី៥នេះ ទទួលរងគំនាបច្រើន មានទាំងបទបញ្ជាផ្ទៃក្នុង ការអនុវត្ដច្បាប់មិនបានត្រឹមត្រូវ និងការផ្ដល់សិទ្ធអំណាចមិនស្នើរគ្នាក្នុងសភាជាដើម។ លោក អ៊ូ វីរៈ បានបញ្ជាក់ថា ដើម្បីឱ្យមានការអនុវត្ដច្បាប់ការពារតំណាងរាស្ដ្រស្មើភាពគ្នា បក្សប្រឆាំងគួរតែជំរុញឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការដោយស្មើភាព និងឯករាជ្យ ហើយអាចការពាររដ្ឋធម្មនុញ្ញបានដោយពិតប្រាកដ។
លោកបន្ថែមថា៖ «សំឡេងការពិតគឺមានស្ថាប័នដែលដោះស្រាយជម្លោះ គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តែសំខាន់តើយើងជំរុញធ្វើម៉េចឱ្យស្ថាប័នរដ្ឋធម្មនុញ្ញ គឺជាស្ថាប័នមួយដែលអាចដោះស្រាយជម្លោះការពាររដ្ឋធម្មនុញ្ញដ៏ពិតប្រាកដនេះគឺជាគន្លឹះដ៏សំខាន់ តែបើក្រុមប្រឹក្សាធម្មនុញ្ញនៅតែមិនឯករាជ្យទេមិនអព្យាក្រឹត្យទេ ទោះបីយើងខំប្ដូរច្បាប់បទបញ្ជាផ្ទៃក្នុងយ៉ាងម៉េចក៏មិនអាចទៅរួចដែរ»។
សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (Comfrel) បានបង្ហាញថា ក្នុងឆ្នាំទី២នេះអ្នកតំណាងរាស្ដ្ររបស់គណបក្សប្រឆាំងកំពុងប្រឈមការគំរាមកំហែង ករណីហិង្សា ការបំពានលើអភ័យឯកសិទ្ធ និងការដកដំណែង ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ៕