en     km
en     km

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អះអាង​ថា​ ជំងឺ​ហ្ស៊ី​កា​ មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ​

Share

cover-Zika-virus
ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​ ​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ បាន​អះអាង​ថា​ វីរុស​ហ្ស៊ី​កា​ (zika)​ មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ អ្នក​ដែល​កើត​ជំងឺ​នេះ​នឹង​ជា​ធម្មតា​វិញ​ ក្នុង​រយៈពេល​៧​ថ្ងៃ​ប៉ុណ្ណោះ​។​ ការ​អះអាង​របស់​លោក​ លី​ សូ​វ៉ា​ន់​ នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ជំងឺ​ហ្ស៊ី​កា​ (zika)​ ជូន​ដល់​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​  ដើម្បី​ផ្សព្វផ្សាយ​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​។​

​កញ្ញា​ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​ជំងឺ​ហ្ស៊ី​កា​ (zika)​ គឺជា​ជំងឺ​ធម្មតា​មួយ​ មាន​ទម្រង់​ស្រាល​ និង​មិន​មានការ​ព្យាបាល​ជាក់លាក់​ណាមួយ​នោះ​ទេ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លី​ សូ​វ៉ា​ន់​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​។​

​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ដែល​បាន​មក​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ថ្ងៃនេះ​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ បានឱ្យ​ដឹង​ថា​ បើ​ទោះបីជា​មាន​អ្នក​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា​នេះ​ក៏​ដោយ​ ប៉ុន្តែ​ ៨០%​ នៃ​អ្នកជំងឺ​ មិន​ចេញ​រោគ​សញ្ញា​នោះ​ទេ​ មាន​តែ​ ២០%​ ប៉ុណ្ណោះ​ដែល​មាន​ចេញ​រោគ​សញ្ញា​។​

​លោក​បន្ត​ថា​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ជំងឺគ្រុនឈាម​ ដោយ​អ្នកជំងឺ​នឹង​មាន​ គ្រុនក្តៅ​ ឈឺក្បាល​ មាន​កន្ទួល​ក្រហម​លើ​ស្បែក​ ក្រហម​ភ្នែក​ ឈឺ​សាច់ដុំ​ ហើយ​ជួនកាល​ឈឺសន្លាក់​ និង​មាន​ភាព​ល្ហិតល្ហៃ​។​ លោក​ថា​ រោគ​សញ្ញា​ទាំងនេះ​ នឹង​ជា​ធម្មតា​វិញ​ដោយ​ឯងៗ​ ក្នុង​រយៈពេល​ ២​ ទៅ​ ៧​ ថ្ងៃ​ ដោយ​គ្រាន់តែ​ប្រើ​នូវ​ឱសថ​បន្ថយ​ការ​ឈឺចាប់​ បន្ថយ​កំ​ដៅ​ និង​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ​។​

លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់
លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់

​លោក​វេជ្ជបណ្ឌិត​ បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​នេះ​កម្រិត​នៃ​ជំងឺ​ហ្ស៊ី​កា​ នៅ​កម្ពុជា​ មាន​ហា​នី​ភ័យ​ទាប​នៅឡើយ​។​  ហើយ​គេ​មិន​ទាន់​មាន​ភស្តុ​តាង​ណាមួយ​ បញ្ជាក់​ថា​ វីរុស​ ហ្ស៊ី​កា​ ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដូច​គ្នា​ដែរ​។​

​សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​១៨​ កុម្ភៈ​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បាន​ធ្វើការ​បណ្តុះបណ្តាល​ទៅ​ដល់​អ្នក​សារព័ត៌មាន​ ប្រមាណ​ ៣០​នាក់​ មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ដើម្បី​បាន​យល់​ដឹង​ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ជំងឺ​ ហ្ស៊ី​កា​នេះ​ ជៀសវាង​ការ​យល់​ច្រឡំ​ ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពី​ប្រភព​ដែល​មិន​ច្បាស់លាស់​មួយ​ចំនួន​។​

​ចំណែក​ លោកស្រី​វេជ្ជបណ្ឌិត​ តេ​ង​ ស្រី​ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ គ្មាន​វ៉ាក់សាំង​សម្រាប់​ព្យាបាល​វីរុស​ ហ្ស៊ី​កា​ ទេ​។​ លោកស្រី​បន្ត​ថា​ ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហា​នី​ភ័យ​ខ្ពស់​ ដោយសារ​តែ​វីរុស​ ហ្ស៊ី​កា​ ធ្វើ​ឱ្យ​ខូច​ខួ​ក្បាល​ និង​ប្រព័ន្ធ​សរសៃប្រសាទ​ទារក​នៅ​ក្នុង​ផ្ទៃ​ និង​អាច​បណ្តាល​ឱ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ ឬ​មាន​ក្បាល​តូច​។​

​យ៉ាងណាមិញ​ លោកស្រី​ថា​ នៅ​កម្ពុជា​វីរុស​ហ្ស៊ី​កា​ បាន​កើតឡើង​តែ​មួយ​ករណី​ប៉ុណ្ណោះ​ កាលពី​ឆ្នាំ​ ២០១០​ ហើយ​អ្នកជំងឺ​មាន​លក្ខណៈ​ស្រាល​ មិន​បណ្តាល​ឱ្យ​ស្លាប់​នោះ​ទេ​។​

​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺ​ ហ្ស៊ី​កា​ គឺ​ត្រូវ​បង្ការ​ខ្លួន​កុំឱ្យ​មូស​ខ្លាខាំ​។​ ហើយ​ដើម្បី​កុំឱ្យ​មូស​ខាំ​ ត្រូវ​បំបាត់​ជម្រក​មូស​ខ្លា​ ដោយ​ត្រូវ​ដាក់​អា​បែ​ត​ក្នុង​ពាង​ ឬ​អាង​ទឹក​ លុបថ្លុក​ទឹក​ដក់​ សម្អាត​លំនៅ​ដ្ឋា​ន​កុំឱ្យ​មានព្រៃ​ស្តុក​ ស្លៀកពាក់​ខោអាវ​វែងៗ​ ប្រើ​ថ្នាំ​កុំឱ្យ​មូស​ខ្លា​មក​ជិត​បាន​ និង​ត្រូវ​ដេក​ក្នុង​មុង​ទាំង​យប់​ទាំង​ថ្ងៃ​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​តាមដាន​ឱ្យ​ជាប់​ជា​និច្ច​អំពី​កា​រវិ​វត្ត​នៃ​ជំងឺ​នេះ​ ដោយ​ផ្អែក​តាម​ប្រភព​ច្បាស់លាស់​ ដើម្បី​ជៀសវាង​ការ​យល់​ច្រ​លំ​ផ្សេងៗ​ និង​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ការ​បំបាត់​ជម្រក​មូស​ខ្លា​ ដើម្បី​បង្ការ​ពី​ជំងឺ​ហ្ស៊ី​កា​ និង​ជំងឺគ្រុនឈាម​។​

​សូម​បញ្ជាក់​ថា​ វីរុស​ហ្ស៊ី​កា​ ជា​វីរុស​ដែល​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី​ ។​ វីរុស​នេះ​ គេ​រក​ឃើញ​ដំបូង​នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ ក្នុង​ឆ្នាំ​១៩៤៧​ តាម​រយៈ​ការ​តាមដាន​នៃ​ជំងឺ​គ្រុន​លឿង​ ហើយ​បន្ទាប់​មក​រក​ឃើញ​នៅ​ក្នុង​ខ្លួន​មនុស្ស​ក្នុង​ឆ្នាំ​១៩៥២​។​ បច្ចុប្បន្ន​នេះ​ វីរុស​ ហ្ស៊ី​កា​ Zika​ កំពុង​រា​ត្បា​ត​នៅ​ប្រទេស​ក្នុង​តំបន់​អា​មេ​រិ​ក​ ខាងត្បូង​ និង​កណ្តាល​។​ ការ​រា​ត្បា​ត​នេះ​ រីក​ខ្លាំង​ឡើង​ បន្ទាប់​ពី​មានការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ពី​ឆ្នាំ​២០១៤៕

Share

ព័ត៌មានទាក់ទង

Image