គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) នឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនយោបាយ និងបញ្ហាសេសសល់មួយចំនួនរវាងបក្សទាំងពីរ នៅល្ងាចថ្ងៃសុក្រស្អែកនេះ។ គណបក្សមានអាសន្នក្នុងរដ្ឋសភាទាំងពីរបានបញ្ជាក់ថា ជំនួបនេះ គ្មានរបៀបវរៈជាក់លាក់ឡើយ។
លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ ៖
បើគ្មានការប្រែប្រួសទេនោះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាគ្នាជាមួយ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅវិមានរដ្ឋសភានាល្ងាច ថ្ងៃទី១៩ កុម្ភៈស្អែកនេះ ដើម្បីពិភាក្សាបញ្ហានយោបាយដែលនៅសេសសល់មួយចំនួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា នៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង គឺដើម្បីពង្រឹងវប្បធម៌សន្ទនារវាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាឡើងវិញ បន្ទាប់ពីមានភាពចម្រូងចម្រាសគ្នានាពេលកន្លងមក។
លោកបន្តថា តំណាងរាស្ត្រសំឡេងភាគច្រើននៅក្នុងរដ្ឋសភានឹងមិនជជែកពិភាក្សាពីបញ្ហាសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដែលកំពុងស្ថិតនៅក្នុងពន្ធធានាគារព្រៃស និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀតនោះទេ បើទោះបីជាមានការស្នើសុំពីគណបក្សសង្គ្រោះជាតិក៏ដោយ ព្រោះលោកយល់ថា បញ្ហានេះមិនស្ថិតនៅក្នុងរបៀបវរៈឡើយ។
លោក សុខ ឥសាន និយាយថា៖ «បញ្ហាហ្នឹងក៏មិនចូលក្របខណ្ឌនៃវប្បធម៌សន្ទនាទេ ពីព្រោះដំណើរការនៅក្នុងយុត្ថាធិការតុលាការ អញ្ចឹងយើងមិនលូកដៃចូលកិច្ចការតុលាការឡើយ»។
ដូចគ្នានេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធ មានប្រសាសន៏ថា លោកមិនច្បាស់ទេថា តើនៅក្នុងជំនួបនាថ្ងៃស្អែកនេះ នឹងមានរបៀបវរៈអ្វីមកពិភាក្សាគ្នាឡើយ? មិនខុសពីលោក សុខ ឥសាន នោះទេ លោក យ៉ែម ប៉ុញ្ញារិទ្ធ បញ្ជាក់ថា ជំនួបរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងពិភាក្សាពីបញ្ហាដែលនៅសេសសល់នាពេលកន្លងមក។
លោក យ៉ែម ប៉ុញ្ញារិទ្ធ បានឱ្យដឹងថា៖ «មានសង្ឃឹមទៅលើភាពវិជ្ជមានច្រើន យោងទៅលើប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សសង្គ្រោះជាតិគឺមានគោលបំណងរួម ថែរក្សាស្ថិរភាព សន្តិភាព ដើម្បីអភិវឌ្ឍជាតិ ដូច្នេះដោះស្រាយបញ្ហានៅសេសសល់ យើងមានក្តីសង្ឃឹមច្រើន»។
ឆ្លើយទៅនឹងសំណួរថាតើគណបក្សសង្គ្រោះជាតិ នឹងស្នើឱ្យមានការដោះលែងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនគណសង្គ្រោះជាតិ ១១នាក់ ផ្សេងទៀត នៅក្នុងជំនួបនៅថ្ងៃស្អែកនេះទេ លោក យ៉ែម ប៉ុញ្ញាឬទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឆ្លើយថា លោកមិនប្រាកដនោះទេ តែលោកថាជំនួបនេះ ដើម្បីពង្រឹងវប្បធម៌សន្ទនាប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោក អ៊ូ វិរៈ ប្រធានអង្គការវេទិកាអនាគត សាទរការចំពោះជួបពិភាក្សាគ្នារវាងគណបក្សធំៗទាំងពីរនេះ។ លោក វីរៈ រំពឹងថា តំណាងរាស្ត្រសំឡេងភាគច្រើនក្នុងរដ្ឋសភា និងតំណាងរាស្ត្រសំឡេងភាគតិច នឹងផ្តើមពិភាក្សាគ្នាអំពីសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនគណសង្គ្រោះជាតិទាំង ១១នាក់ ផ្សេងទៀត នៅល្ងាចថ្ងៃសុក្រស្អែកនេះ ។ លោក អ៊ូ វិរៈថា៖ « គណបក្សទាំងពីរទេ គួរតែនិយាយពិភាក្សាគ្នា ដើម្បីអាចឱ្យនៅក្រៅឃុំ»។
ជាការកត់សម្គាល់ ជំនួបរវាង សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងជួបពិភាក្សាគ្នានៅវិមានរដ្ឋសភានាល្ងាច ថ្ងៃទី ១៩ កុម្ភៈស្អែកនេះ ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបញ្ចប់កិច្ចប្រជុំអាមេរិក-អាស៊ានថ្មីៗនេះ និងគណៈកម្មការសិទ្ធិមនុស្សនៃសហភាពអន្តរសភា បានស្នើឱ្យរដ្ឋសភាអនុញ្ញាតឱ្យលោក ហុង សុខហួរ អាចនៅក្រៅឃុំ រួមទាំងការស៊ើបអង្កេតលើករណីអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីររូបគឺ លោក ញ៉យ ចំរើន និង លោក គង សភា កាលពីឆ្នាំ ២០១៥កន្លងទៅ៕