ដើម្បីជួយដល់និស្សិតកម្ពុជា ដែលមានទេពកោសល្យ បានបន្ដការសិក្សានៅឯសាកលវិទ្យា ល័យ លំដាប់ពិភពលោករបស់ប្រទេសអូស្ដ្រាលី ក៏ដូចជាចូលរួមចំណែកកាត់បន្ថយកង្វះខាត ជំនាញសំខាន់ៗក្នុងការអភិវឌ្ឍនៅកម្ពុជា រដ្ឋាភិបាលអូស្ដ្រាលី បានប្រកាសបើកកម្មវិធី អាហារូបករណ៍ជ្រើសរើសនិស្សិតកម្ពុជាទាំងអស់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អាចធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ចូលរៀនលើមុខជំនាញដែលខ្លួនចង់រៀនបន្ដនៅប្រទេសអូស្ដ្រាលី បានចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ នេះតទៅ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើតាមឱ្យដឹងនៅក្នុងកម្មវិធី Australia Awards Scholarship នៅល្ងាចថ្ងៃពុធម្សិលមិញនេះ នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងកម្មវិធី Australia Awards Scholarship នេះ មានការចូលរួមពីអតីតនិស្សិតកម្ពុជាសិក្សា នៅប្រទេសអូស្ដ្រាលីជាច្រើនរូប និងមន្ដ្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលមួយចំនួន រួមមាន ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម។
ភារៈធារីស្ថានទូតអូស្ដ្រាលី លោក សាយម៉ុន ហ្វ៊ែលឡូវស៍ បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលអូស្ដ្រាលី បានបន្ដជ្រើសរើស និស្សិតកម្ពុជាជាច្រើនរូប នៅក្នុងស្ថាប័នរដ្ឋ អង្គការ ក៏ដូចជាវិស័យឯកជនមួយចំនួន អាចមានឱកាសទៅសិក្សាថ្នាក់ អនុបណ្ឌិត នៅឯសកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអូស្ដ្រាលី លើមុខជំនាញដែលពួកគេចង់សិក្សា ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនូវកម្មវិធី Australia Awards Scholarship នេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ខាងមុខ។
លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងនៅក្នុងកម្មវិធីនេះ ជាភាសាអង់គ្លេសថា ប្រទេសកម្ពុជាបានទទួលអាហារូបករណ៍ពីប្រទេសអូស្ដ្រាលីចាប់តាំងពីកំលុងឆ្នាំ ១៩៥០ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានចំនួន ៦៥០ កន្លែងហើយ ដែលបានផ្ដល់ឱ្យនិស្សិតកម្ពុជា។
អតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅថ្នាក់ អនុបណ្ឌិតនៅប្រទេសអូស្ដ្រាលីមួយរូប អ្នកស្រី អាំង សោភា បាននិយាយថា ក្រោយពេល អ្នកស្រីបានបញ្ចប់ការសិក្សានៅថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ដ្រាលីរួចមក អ្នកស្រីទទួលបានចំណេះដឹងច្រើន ទាំងការអភិវឌ្ឍខ្លួន ទាំងអត្តចរិត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៤ មក រដ្ឋាភិបាលអូស្ដ្រាលីបានផ្ដល់អាហារូបករណ៍ជាង ៦០០ កន្លែងដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានៅប្រទេសអូស្ដ្រាលី តាមរយៈកម្មវិធីអាហារូបករណ៍អូស្ដ្រាលី។ នៅឆ្នាំសិក្សា ២០១៧ ខាងមុខ រដ្ឋាភិបាលអូស្ដ្រាលី នឹងបើកឱកាសជាថ្មីម្តងទៀត នូវអាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា លើមុខជំនាញ សំខាន់ៗមួយចំនួន រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល ការគ្រប់គ្រងប្រព័ន្ធអប់រំពាណិជ្ជកម្ម និងមុខវិជ្ជាជាច្រើនទៀត ដែលអាចជួយកាត់បន្ថយអំពើហិង្សាទៅលើស្ដ្រីជាដើម៕
សម្រាប់ព័ត៌មានបន្ថែមអំពីអាហារូបករណ៍អូស្ត្រាលី សូមចូលទៅកាន់គេហទំព័រ www.australiaawards.gov.au ឬ www.australiaawardscambodia.org ឬក៏អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈ លោកស្រី រូត ស្ទីវ៉ត អនុប្រធានបេសកកម្មស្ថានទូតអូស្ត្រាលី ០២៣ ២១៣ ៤៧០។ លោកអ្នកក៏អាចទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់បាននៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) សាខាទួលទំពូង៕