ភ្នំពេញ៖ នាយក-នាយករងសាលាបឋមសិក្សាជម្ពូវ័ន ០៣ នាក់ ដែលត្រូវមន្ទីរអប់រំ រាជធានីភ្នំពេញផ្ទេរភារកិច្ចចេញពីសាលាកាលពីថ្ងៃចន្ទ ទី១៥ កុម្ភៈ កន្លងទៅ សម្ដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់មន្ទីរ ដោយពួកគាត់ចាត់ទុកថា ការសម្រួលភារកិច្ចចេញពីសាលានេះ ជាអំពើអយុត្តិធម៌។
លោក ម៉ៅ សំណាង រាយការណ៍ព័ត៌មាននេះ ៖
ការមិនពេញចិត្តរបស់នាយក-នាយករងសាលាបឋមសិក្សាជម្ពូវ័ន ០៣ នាក់ ចំពោះការសម្រេចសម្រួលភារកិច្ចរបស់ពួកគាត់ចេញពីសាលា ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ មន្ទីរអប់រំរាជធានីភ្នំពេញ ចេញលិខិតសម្រួលភារកិច្ចកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
តាមការសម្រេចរបស់មន្ទីរអប់រំធានីភ្នំពេញ បានតម្រូវឱ្យលោក ស្វាយ សារុន ទើបឡើងកាន់តំណែងជានាយកសាលាបឋមសិក្សាជម្ពូវ័ន សម្រួលភារកិច្ចទៅជាបុគ្គលិកការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ។ ចំណែកលោក ខាត់ សេងលី និងលោក កែវ គង់ មានតួនាទីជានាយករងនៅសាលា ត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជានាយករងសាលាបឋមសិក្សាផ្សេងវិញ។
លោក ខាត់ សេងលី មានប្រសាសន៍ថា ការសម្រេចរបស់មន្ទីរអប់រំធានីភ្នំពេញសម្រួលភារកិច្ចរបស់លោក និងលោក កែវ គង់ មន្ទីរអប់រំហាក់មិនបានចុះពិនិត្យរឿងនេះល្អិតល្អន់មុនការសម្រេចចិត្តឡើយ។ លោកបន្តថា មានមូលហេតុមូលផ្ទៃក្នុងជាច្រើនដែលកើតឡើងនៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន មានដូចការប្រើប្រាស់ថវិកាសាលាមិនមានតម្លាភាពរបស់លោកនាយកសាលាជាដើម។
លោក ខាត់ សេងលី បានឱ្យដឹងទៀតថា បន្ទាប់ពីលោក ស្វាយ សារុន ឡើងកាន់តួនាទីជានាយកសាលាបឋមសិក្សាជម្ពូវ័ន គ្រប់ការសម្រេចចិត្តផ្សេងៗ របស់លោក ស្វាយ សារុន តែងធ្វើឡើងដោយមិនមានការពិភាក្សាជាមួយបុគ្គលិកសិក្សាក្នុងសាលាម្ដងណាឡើយ ក្នុងនោះសូម្បីតែរូបលោក និងលោក កែវ គង់ ជានាយករងសាលា។ លោកបានបន្ថែមទៀតថា នាយកសាលាកាន់តំណែងថ្មី បានជ្រើសរើសគ្រូម្នាក់ឱ្យកាន់តួនាទីជំនួសលោក កែវ គង់ ជានាយករងទទួលបន្ទុកផ្នែកគណនេយ្យហិរញ្ញវត្ថុរបស់សាលា មុនលោក ស្វាយ សារុន ចូលមកកាន់តំណែងជានាយករងសាលាបឋមសិក្សាជម្ពូវ័ននេះ។
«ការចាកចេញនេះ ខ្ញុំនៅតែមន្ទិលខ្លាចតែមន្ទីរឱ្យយើងចេញហើយ ប៉ុន្តែបានបន្តិចមន្ទីរឱ្យលោក ស្វាយ សារុន ត្រឡប់ចូលទៅសាលាជម្ពូវន្តវិញ… មូលហេតុចង់ឱ្យយើងចាកចេញ គាត់ថាយើងជាឆ្អឹងទទឹងករបស់គាត់ ព្រោះការងារទាំងអស់នៅក្នុងសាលាយើងដឹងទាំងអស់ ទាំងចំណូល-ចំណាយ ភីប៊ី (PB) ក្តី ឬ អេស អាយ ជី (SIG) ក្តី ផាស៊ីផ្សារក្តីយើងដឹងទាំងអស់»។
លោក កែវ គង់ នាយករងសាលាបឋមសិក្សាជម្ពូវ័ន ត្រូវសម្រួលភារកិច្ចទៅជានាយករងសាលាបឋមសិក្សាពួនភ្នំ បានឱ្យវិទ្យុស្ត្រីដឹងថា ការផ្ទេរភារកិច្ចឱ្យលោកចាកចេញពីសាលាបឋមសិក្សាជម្ពូវ័ន គឺមិនមានយុត្តិធម៌សម្រាប់លោកឡើយ។ លោកបានចាត់ទុក ការចាកចេញរបស់ខ្លួនតាមការសម្រេចរបស់មន្ទីរអប់រំ ថាជាអំពើអយុត្តិធម៌សម្រាប់រូបលោកដែលមិនបានប្រព្រឹត្តកំហុស ដោយគ្រាន់តែលើកយកបញ្ហាការពិតប្រាប់ទៅមន្ទីរអប់រំរាជធានី។
«យើងចាកចេញព្រោះយើងតូចជាងគេ ព្រោះដីកាបានចេញហើយ ហើយយើងចាកចេញទាំងអយុត្តិធម៌ អត់មានកំហុសអ្វីផង គេឱ្យយើងចេញ។ តាមពិតកំហុស គឺនាយកឡើងថ្មីជាអ្នកបង្កឡើង មិនមែនយើងទេ ហើយដល់ពេលខុសយើងរាយការណ៍ទៅមន្ទីរ មន្ទីរថាយើងហ្នឹងអ្នកដើរប្តឹងមិនត្រឹមត្រូវ»។
លោក កែវ គង់ បានបញ្ជាក់ថា មូលហេតុចម្បងនាំឱ្យមានទំនាស់ផ្ទៃក្នុង នៅក្នុងសាលាបឋមសិក្សាជម្ពូវ័ននេះ បណ្តាលមកពីលោកនាយកសាលា ស្វាយ សារុន ប្រើសិទ្ធិអត្តនោម័តក្នុងការសម្រេចចិត្តផ្សេងៗ រួមទាំងការប្រើប្រាស់ថវិកាផ្ទៃក្នុងដោយសម្ងាត់ មិនព្រមបើកចំហឱ្យលោកគ្រូអ្នកគ្រូក្នុងសាលាទាំងអស់ដឹងផងដែរ។ លោកថា កន្លងទៅនាយកសាលាលោក ស្វាយ សារុន បានប្រើប្រាស់ថវិកាសាលាមិនត្រឹមត្រូវតាមផែនការចំណាយផ្សេងៗឡើយ ហើយឱ្យលោកចុះហត្ថលេខាទទួលស្គាល់រាល់ការចំណាយ ប៉ុន្តែលោកបានបដិសេធ និងរាយការណ៍រឿងទាំងនេះទៅកាន់មន្ទីរអប់រំ តែគ្មានប្រសិទ្ធិភាពទាល់តែសោះ។
នាយករងសាលារូបនេះ បានបន្តទៀតថា រឿងរ៉ាវក្នុងសាលាជម្ពូវ័ននេះ មន្ទីរគួរតែចុះទៅដោយផ្ទាល់ ចៀសវាសស្តាប់ការរាយការណ៍ពីនាយកសាលាតែម្ខាង។ លោកថា ការតវ៉ារបស់លោកកន្លងទៅ មិនមែនលោកចង់បានតំណែងជានាយកសាលនោះទេ គោលបំណងចង់ឱ្យការប្រើប្រាស់ថវិកាផ្ទៃក្នុងរបស់សាលាមានតម្លាភាព។
ចំណែកលោក ស្វាយ សារុន នាយកសាលាបឋមសិក្សាជម្ពូវ័ន ដែលបច្ចុប្បន្នត្រូវបានមន្ទីរអប់រំផ្ទេរជាបុគ្គលិកការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា លោកទទួលយកការសម្រេចការសម្រួលភារកិច្ចនេះ ដោយការចោទប្រកាន់ពីនាយករងសាលាទាំងពីររូប គឺលោក ខាត់ សេងលី និង លោក កែវ គង់។ លោកថា ការចោទរូបលោកចំពោះករណីប្រើប្រាស់ថវិកាផ្ទៃក្នុងសាលាខុសប្រក្រតីជាដើម ប្រហែលកើតចេញពីការច្រណែនរបស់នាយករងសាលាទាំងពីរ ដែលមិនបានជាប់ឆ្នោតជានាយកសាលាបឋមសិក្សាជម្ពូវ័ន។
«គាត់ចោទខ្ញុំ ខ្ញុំនៅតែខុសរហូត… ប៉ុន្តែខ្ញុំមានឯកសារនៅរង់ចាំបំភ្លឺដល់បងៗណា ឬសារព័ត៌មានដែលចង់ដឹងពីហិរញ្ញវត្ថុរបស់សាលា ឬមួយការអភិវឌ្ឍក្នុងសាលា ខ្ញុំមានអំណះអំណាងច្បាស់លាស់ ប៉ុន្តែមួយរយៈកន្លងមកខ្ញុំមិនបានបំភ្លឺ ដោយខ្ញុំធ្វើតាមឋានានុក្រមថ្នាក់លើរបស់ខ្ញុំ…»។
លោក ស្វាយ សារុន បានឱ្យដឹងថា កន្លងទៅលោកនាយករងសាលាទាំងពីរតែងប្តឹងរូបលោកច្រើនដងរួចមកហើយ ទៅមន្ទីរអប់រំ ក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីនោះទេ ព្រោះលោកបានបកស្រាយនិងមានអំណៈអំណាងច្បាស់លាស់។
លោក ស្វាយ សារុន បានអះអាងថា ការសម្រួលភារកិច្ចរបស់លោកនាយករងសាលាជម្ពូវ័នខាងលើ មិនមែនកើតឡើងដោយសាររូបលោកនោះទេ ហើយលោកក៏មិនបានញុះញង់ ឬបង្កបញ្ហាឱ្យនាយករងទាំងពីរចាកចេញពីសាលាដែរ ព្រោះការផ្ទេរភារកិច្ចនេះ ជាការសម្រេចរបស់ថ្នាក់លើតែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក ស្វាយ សារុន បានបញ្ជាក់ថា លោកជាជនរងគ្រោះក្នុងរឿងចម្រូងចម្រាសខាងលើនេះ ព្រមទាំងទទួលយកការសម្រេចផ្ទេរភារកិច្ចពីថ្នាក់លើ ដើម្បីបញ្ចប់បញ្ហា។
ជុំវិញបញ្ហានេះ លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការសម្រួលភារកិច្ចការងារនាយក-នាយករងទាំង ០៣ រូប ចេញពីសាលាបឋមសិក្សាជម្ពូវ័នក្នុងពេលតែមួយ ព្រោះមិនចង់ឱ្យមានទំនាស់កើតឡើងបន្តទៀត។
«យើងចង់សម្រួលការងារ ព្រោះមិនចង់ឱ្យមានការឈ្លោះទាស់ទែងគ្នា មុននឹងចាប់ផ្តើមធ្វើអ្វីមួយហ្នឹង យើងចាប់ផ្តើមសួរមតិថ្នាក់ដឹកនាំខាងលើ ហើយចំពោះការសម្រួលភារកិច្ចទៅសាលាផ្សេងៗ យើងមើលថា តើសាលានោះវារឹងមាំកម្រិតណាយើងអាចផ្ទេរទៅបាន ខ្វះគ្រូ ឬខ្វះគណៈនាយក ហ្នឹងយើងមើលតាមហ្នឹង។ កន្លងមកហ្នឹង នាយករងពីរនាក់ក៏មានដីកាតែងតាំងពីឯកឧត្តមអភិបាលដែរ សម្រួលភារកិច្ចហ្នឹង ហើយគាត់ក៏ព្រមចេញ កាលពីថ្ងៃចន្ទហ្នឹងដែរហើយ»។
លោកស្រី ហួត យ៉ារី បានបញ្ជាក់ថា បញ្ហាទំនាស់ផ្ទៃក្នុងសាលាបឋមសិក្សាជម្ពូវ័ន គឺកើតឡើងដោយសារតែលោកនាយករងសាលាទាំងពីរ ពុំបានជាប់ឆ្នោតតាមការស្ទង់មតិដើម្បីក្លាយនាយកសាលា។ លោកស្រី ហួត យ៉ារី បានឱ្យដឹងថា ក្រៅពីកាច្រណែនរបស់នាយករងទាំងពីរចំពោះនាយកសាលាថ្មី បញ្ហាមិនចេះចប់មិនចេះហើយនេះ ទំនងកើតឡើងដោយសារទំនាស់ផ្នែកថវិកាផ្ទៃក្នុងរបស់សាលាផងដែរ ហើយមន្ទីរបានសម្រុះសម្រួល និងដោះស្រាយច្រើនដងរួចមកហើយ។
តាមការឱ្យដឹងពីលោកនាយក-នាយករងបឋមសិក្សាជម្ពូវ័នខាងលើ ពួកគាត់យល់ព្រមទទួលយកចំណាត់ការសម្រួលភារកិច្ច របស់មន្ទីរអប់រំរាជធានីដើម្បីបញ្ចប់ទំនាស់ផ្ទៃក្នុង ប៉ុន្តែភាគីទាំងពីរសម្តែងការខកចិត្ត និងចាត់ទុកការចាកចេញរបស់ខ្លួនមិនមានយុត្តិធម៌នៅឡើយ។
សូមជម្រាបថា សាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កាលព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ កន្លងទៅគ្រូបង្រៀនសាលាបឋមសិក្សាជម្ពូវ័នចំនួន ៦០ នាក់បាននាំគ្នាតវ៉ាឱ្យនាយកសាលា លោក ស្វាយ សារុន បញ្ជាក់ពីមូលហេតុដែលដកនាយករងពីរនាក់ក្នុងរយៈពេលតែមួយព្រមគ្នាម្តងរួចមកហើយ ។ សូមបញ្ជាក់ថា លោក ស្វាយ សារុន នាយកថ្មីនៃសាលាបឋមសិក្សាជម្ពូវ័ន ទើបមកកាន់តំណែងជានាយកសាលា បានរយៈពេលជិតមួយឆ្នាំ ជំនួសពីលោកនាយកសាលាចាស់លោក គល់ យី ដែលបានចូលនិវត្តន៍៕