en     km
en     km

នាយក​-​នាយករង​សាលាបឋម​​សិក្សា​ជម្ពូ​វ័ន​ សម្តែង​ការ​ខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​មន្ទីរ​អប់រំ​រាជធានី​

Share

​ភ្នំពេញ​៖​ នាយក​-​នាយករង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ០៣​ នាក់​ ដែល​ត្រូវ​មន្ទីរ​អប់រំ​ រាជធានី​ភ្នំពេញ​ផ្ទេរ​ភារកិច្ច​ចេញពី​សាលា​កាលពី​ថ្ងៃ​ចន្ទ​ ទី​១៥​ កុម្ភៈ​ កន្លង​ទៅ​ សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​មន្ទីរ​ ដោយ​ពួក​គាត់​ចាត់​ទុក​ថា​ ការ​សម្រួល​ភារកិច្ច​ចេញពី​សាលា​នេះ​ ជា​អំពើ​អយុត្តិធម៌​។​

លោក​ ម៉ៅ​ សំ​ណាង​ រាយ​ការណ៍​ព័ត៌​មាន​នេះ​ ៖

ការ​មិន​ពេញចិត្ត​របស់​នាយក​-​នាយករង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ០៣​ នាក់​ ចំពោះ​ការ​សម្រេចសម្រួល​ភារកិច្ច​របស់​ពួក​គាត់​ចេញពី​សាលា​ ធ្វើ​ឡើង​បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ​ មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​សម្រួល​ភារកិច្ច​កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

តាម​ការ​សម្រេច​របស់​មន្ទីរ​អប់រំ​ធានី​ភ្នំពេញ​ បាន​តម្រូវ​ឱ្យ​លោក​ ស្វាយ​ សា​រុន​ ទើប​ឡើង​កាន់​តំណែង​ជា​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ សម្រួល​ភារកិច្ច​ទៅ​ជា​បុគ្គលិក​ការិយាល័យ​អប់រំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ចំណែក​លោក​ ខាត់​ សេង​លី​ និង​លោក​ កែវ​ គង់​ មាន​តួនាទី​ជា​នាយករង​នៅ​សាលា​ ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា​នាយករង​សាលា​បឋម​សិក្សា​ផ្សេង​វិញ​។​

cover-Chompuvon-primary-school

លោក​ ខាត់​ សេង​លី​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​របស់​មន្ទីរ​អប់រំ​ធានី​ភ្នំពេញ​សម្រួល​ភារកិច្ច​របស់​លោក​ និង​លោក​ កែវ​ គង់​ មន្ទីរ​អប់រំ​ហាក់​មិន​បាន​ចុះ​ពិនិត្យ​រឿង​នេះ​ល្អិតល្អន់​មុន​ការ​សម្រេចចិត្ត​ឡើយ​។​ លោក​បន្ត​ថា​ មាន​មូលហេតុ​មូល​ផ្ទៃក្នុង​ជា​ច្រើន​ដែល​កើតឡើង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ មាន​ដូច​ការ​ប្រើប្រាស់​ថវិកា​សាលា​មិន​មាន​តម្លាភាព​របស់​លោកនាយក​សាលា​ជាដើម​។​

លោក​ ខាត់​ សេង​លី​ បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​លោក​ ស្វាយ​ សា​រុន​ ឡើង​កាន់​តួនាទី​ជា​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ គ្រប់ការ​សម្រេចចិត្ត​ផ្សេងៗ​ របស់​លោក​ ស្វាយ​ សា​រុន​ តែង​ធ្វើ​ឡើង​ដោយ​មិន​មានការ​ពិភាក្សា​ជាមួយ​បុគ្គលិក​សិក្សា​ក្នុង​សាលា​ម្ដងណា​ឡើយ​ ក្នុង​នោះ​សូ​ម្បី​តែ​រូប​លោក​ និង​លោក​ កែវ​ គង់​ ជា​នាយករង​សាលា​។​ លោក​បាន​បន្ថែម​ទៀត​ថា​ នាយក​សាលា​កាន់​តំណែង​ថ្មី​ បាន​ជ្រើសរើស​គ្រូ​ម្នាក់​ឱ្យ​កាន់​តួនាទី​ជំនួស​លោក​ កែវ​ គង់​ ជា​នាយករង​ទទួល​បន្ទុក​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ​របស់​សាលា​ មុន​លោក​ ស្វាយ​ សា​រុន​ ចូល​មក​កាន់​តំណែង​ជា​នាយករង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​នេះ​។​

«​ការ​ចាកចេញ​នេះ​ ខ្ញុំ​នៅ​តែ​មន្ទិល​ខ្លាច​តែ​មន្ទីរ​ឱ្យ​យើង​ចេញ​ហើយ​ ប៉ុន្តែ​បាន​បន្តិច​មន្ទីរ​ឱ្យ​លោក​ ស្វាយ​ សា​រុន​ ត្រឡប់​ចូល​ទៅ​សាលា​ជម្ពូ​វន្ត​វិញ​…​ មូលហេតុ​ចង់ឱ្យ​យើង​ចាកចេញ​ គាត់​ថា​យើង​ជា​ឆ្អឹង​ទទឹង​ក​របស់​គាត់​ ព្រោះ​ការងារ​ទាំងអស់​នៅ​ក្នុង​សាលា​យើង​ដឹង​ទាំងអស់​ ទាំង​ចំណូល​-​ចំណាយ​ ភី​ប៊ី​ (PB)​ ក្តី​ ឬ​ អេស​ អាយ​ ជី​ (SIG)​ ក្តី​ ផា​ស៊ី​ផ្សារ​ក្តី​យើង​ដឹង​ទាំងអស់​»​។​

លោក​ កែវ​ គង់​ នាយករង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ត្រូវ​សម្រួល​ភារកិច្ច​ទៅ​ជា​នាយករង​សាលា​បឋម​សិក្សា​ពួន​ភ្នំ​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ ការ​ផ្ទេរ​ភារកិច្ច​ឱ្យ​លោក​ចាក​ចេញពី​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ គឺ​មិន​មាន​យុត្តិធម៌​សម្រាប់​លោក​ឡើយ​។​ លោក​បាន​ចាត់​ទុក​ ការ​ចាកចេញ​របស់​ខ្លួន​តាម​ការ​សម្រេច​របស់​មន្ទីរ​អប់រំ​ ថា​ជា​អំពើ​អយុត្តិធម៌​សម្រាប់​រូប​លោក​ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស​ ដោយ​គ្រាន់តែ​លើកយក​បញ្ហា​ការ​ពិត​ប្រាប់​ទៅ​មន្ទីរ​អប់រំ​រាជធានី​។​

«​យើង​ចាកចេញ​ព្រោះ​យើង​តូច​ជាងគេ​ ព្រោះ​ដីកា​បាន​ចេញ​ហើយ​ ហើយ​យើង​ចាកចេញ​ទាំង​អយុត្តិធម៌​ អត់​មាន​កំហុស​អ្វី​ផង​ គេ​ឱ្យ​យើង​ចេញ​។​ តាម​ពិត​កំហុស​ គឺ​នាយក​ឡើង​ថ្មី​ជា​អ្នក​បង្ក​ឡើង​ មិនមែន​យើង​ទេ​ ហើយ​ដល់​ពេល​ខុស​យើង​រាយការណ៍​ទៅ​មន្ទីរ​ មន្ទីរ​ថា​យើង​ហ្នឹង​អ្នក​ដើរ​ប្តឹង​មិន​ត្រឹមត្រូវ​»​។​

លោក​ កែវ​ គង់​ បាន​បញ្ជាក់​ថា​ មូលហេតុ​ចម្បង​នាំ​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ នៅ​ក្នុង​សាលា​បឋម​សិក្សា​​ជម្ពូ​វ័ន​នេះ​ បណ្តាល​មក​ពី​លោកនាយក​សាលា​ ស្វាយ​ សា​រុន​ ប្រើ​សិទ្ធិ​អត្ត​នោ​ម័ត​ក្នុង​ការ​សម្រេចចិត្ត​ផ្សេងៗ​ រួម​ទាំង​ការ​ប្រើប្រាស់​ថវិកា​ផ្ទៃក្នុង​ដោយ​សម្ងាត់​ មិន​ព្រម​បើកចំហ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​ទាំងអស់​ដឹងផង​ដែរ​។​ លោក​ថា​ កន្លង​ទៅ​នាយក​សាលា​លោក​ ស្វាយ​ សា​រុន​ បាន​ប្រើប្រាស់​ថវិកា​សាលា​មិន​ត្រឹមត្រូវ​តាម​ផែនការ​ចំណាយ​ផ្សេងៗ​ឡើយ​ ហើយ​ឱ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់​រាល់​ការ​ចំណាយ​ ប៉ុន្តែ​លោក​បាន​បដិសេធ​ និង​រាយការណ៍​រឿង​ទាំងនេះ​ទៅ​កាន់​មន្ទីរ​អប់រំ​ តែ​គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែ​សោះ​។​

នាយករង​សាលា​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ រឿងរ៉ាវ​ក្នុង​សាលា​ជម្ពូ​វ័ន​នេះ​ មន្ទីរ​គួរតែ​ចុះ​ទៅ​ដោយ​ផ្ទាល់​ ចៀស​វាស​ស្តាប់​ការ​រាយការណ៍​ពី​នាយក​សាលា​តែ​ម្ខាង​។​ លោក​ថា​ ការ​តវ៉ា​របស់​លោក​កន្លង​ទៅ​ មិនមែន​លោក​ចង់បាន​តំណែង​ជានា​យក​សាល​នោះ​ទេ​ គោលបំណង​ចង់ឱ្យ​ការ​ប្រើប្រាស់​ថវិកា​ផ្ទៃក្នុង​របស់​សាលា​មាន​តម្លាភាព​។​

ចំណែក​លោក​ ស្វាយ​ សា​រុន​ នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​មន្ទីរ​អប់រំ​ផ្ទេរ​ជា​បុគ្គលិក​ការិយាល័យ​អប់រំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ប្រសាសន៍​ថា​ លោក​ទទួលយក​ការ​សម្រេចការ​សម្រួល​ភារកិច្ច​នេះ​ ដោយ​ការ​ចោទប្រកាន់​ពី​នាយករង​សាលា​ទាំង​ពីរ​រូប​ គឺ​លោក​ ខាត់​ សេង​លី​ និង​ លោក​ កែវ​ គង់​។​ លោក​ថា​ ការ​ចោទ​រូប​លោក​ចំពោះ​ករណី​ប្រើប្រាស់​ថវិកា​ផ្ទៃក្នុង​សាលា​ខុស​ប្រក្រតី​ជាដើម​ ប្រហែល​កើត​ចេញពី​ការ​ច្រណែន​របស់​នាយករង​សាលា​ទាំង​ពីរ​ ដែល​មិន​បាន​ជាប់​ឆ្នោត​ជា​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​។​

«​គាត់​ចោទ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ខុស​រហូត​…​ ប៉ុន្តែ​ខ្ញុំ​មាន​ឯកសារ​នៅ​រង់ចាំ​បំភ្លឺ​ដល់​បងៗ​ណា​ ឬ​សារព័ត៌មាន​ដែល​ចង់​ដឹង​ពី​ហិរញ្ញវត្ថុ​របស់​សាលា​ ឬ​មួយ​ការ​អភិវឌ្ឍ​ក្នុង​សាលា​ ខ្ញុំ​មាន​អំណះអំណាង​ច្បាស់លាស់​ ប៉ុន្តែ​មួយ​រយៈ​កន្លង​មក​ខ្ញុំ​មិន​បាន​បំភ្លឺ​ ដោយ​ខ្ញុំ​ធ្វើ​តាម​ឋានានុក្រម​ថ្នាក់លើ​របស់ខ្ញុំ​…»​។​

លោក​ ស្វាយ​ សា​រុន​ បានឱ្យ​ដឹង​ថា​ កន្លង​ទៅ​លោក​នាយករង​សាលា​ទាំង​ពីរ​តែង​ប្តឹង​រូប​លោក​ច្រើន​ដង​រួច​មក​ហើយ​ ទៅ​មន្ទីរ​អប់រំ​ ក្រសួង​អប់រំ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ​ ព្រោះ​លោក​បាន​បកស្រាយ​និង​មាន​អំណៈ​អំ​ណា​ង​ច្បាស់លាស់​។​

លោក​ ស្វាយ​ សា​រុន​ បាន​អះអាង​ថា​ ការ​សម្រួល​ភារកិច្ច​របស់​លោក​នាយករង​សាលា​ជម្ពូ​វ័ន​ខាងលើ​ មិនមែន​កើតឡើង​ដោយសារ​រូប​លោក​នោះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​ញុះញង់​ ឬ​បង្ក​បញ្ហា​ឱ្យ​នាយករង​ទាំង​ពីរ​ចាក​ចេញពី​សាលា​ដែរ​ ព្រោះ​ការ​ផ្ទេរ​ភារកិច្ច​នេះ​ ជា​ការ​សម្រេច​របស់​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​។​ ទន្ទឹម​គ្នា​នេះ​ លោក​ ស្វាយ​ សា​រុន​ បាន​បញ្ជាក់​ថា​ លោក​ជា​ជន​រង​គ្រោះ​ក្នុង​រឿង​ចម្រូងចម្រាស​ខាងលើ​នេះ​ ព្រមទាំង​ទទួលយក​ការ​សម្រេច​ផ្ទេរ​ភារកិច្ច​ពី​ថ្នាក់លើ​ ដើម្បី​បញ្ចប់​បញ្ហា​។​

ជុំវិញ​បញ្ហា​នេះ​ លោកស្រី​ ហួត​ យ៉ា​រី​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ ការ​សម្រួល​ភារកិច្ច​ការងារ​នាយក​-​នាយករង​ទាំង​ ០៣​ រូប​ ចេញពី​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ក្នុង​ពេល​តែ​មួយ​ ព្រោះ​មិន​ចង់ឱ្យ​មាន​ទំនាស់​កើតឡើង​បន្ត​ទៀត​។​

«​យើង​ចង់​សម្រួល​ការងារ​ ព្រោះ​មិន​ចង់ឱ្យ​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​ មុន​នឹង​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ហ្នឹង​ យើង​ចាប់ផ្តើម​សួរ​មតិ​ថ្នាក់ដឹកនាំ​ខាងលើ​ ហើយ​ចំពោះ​ការ​សម្រួល​ភារកិច្ច​ទៅ​សាលា​ផ្សេងៗ​ យើង​មើល​ថា​ តើ​សាលា​នោះ​វា​រឹង​មាំ​កម្រិត​ណា​យើង​អាច​ផ្ទេរ​ទៅ​បាន​ ខ្វះ​គ្រូ​ ឬ​ខ្វះ​គណៈនាយក​ ហ្នឹង​យើង​មើល​តាម​ហ្នឹង​។​ កន្លង​មក​ហ្នឹង​ នាយករង​ពីរ​នាក់​ក៏​មាន​ដីកា​តែង​តាំងពី​ឯកឧត្តម​អភិបាល​ដែរ​ សម្រួល​ភារកិច្ច​ហ្នឹង​ ហើយ​គាត់​ក៏​ព្រម​ចេញ​ កាលពី​ថ្ងៃ​ចន្ទ​ហ្នឹង​ដែរ​ហើយ​»​។​

លោកស្រី​ ហួត​ យ៉ា​រី​ បាន​បញ្ជាក់​ថា​ បញ្ហា​ទំនាស់​ផ្ទៃក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ គឺ​កើតឡើង​ដោយសារ​តែ​លោក​នាយករង​សាលា​ទាំង​ពីរ​ ពុំ​បាន​ជាប់​ឆ្នោត​តាម​ការ​ស្ទង់​មតិ​ដើម្បី​ក្លាយ​នាយក​សាលា​។​ ​លោកស្រី​ ហួត​ យ៉ា​រី​ បានឱ្យ​ដឹង​ថា​ ក្រៅពី​កា​ច្រណែន​របស់​នាយករង​ទាំង​ពីរ​ចំពោះ​នាយក​សាលា​ថ្មី​ បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​ ទំនង​កើតឡើង​ដោយសារ​ទំនាស់​ផ្នែក​ថវិកា​ផ្ទៃក្នុង​របស់​សាលា​ផង​ដែរ​ ហើយ​មន្ទីរ​បាន​សម្រុះសម្រួល​ និង​ដោះស្រាយ​ច្រើន​ដង​រួច​មក​ហើយ​។​

តាម​ការ​ឱ្យ​ដឹង​ពី​លោកនាយក​-​នាយករង​បឋម​សិក្សា​ជម្ពូ​វ័ន​ខាងលើ​ ពួក​គាត់​យល់ព្រម​ទទួលយក​ចំណាត់ការ​សម្រួល​ភារកិច្ច​ របស់​មន្ទីរ​អប់រំ​រាជធានី​ដើម្បី​បញ្ចប់ទំនាស់​ផ្ទៃក្នុង​ ប៉ុន្តែ​ភាគី​ទាំង​ពីរ​សម្តែង​ការ​ខកចិត្ត​ និង​ចាត់​ទុក​ការ​ចាកចេញ​របស់​ខ្លួន​មិន​មាន​យុត្តិធម៌​នៅឡើយ​។​

សូម​ជម្រាប​ថា​ សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ កាល​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែមករា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ចំនួន​ ៦០​ នាក់​បាន​នាំ​គ្នា​តវ៉ា​ឱ្យ​នាយក​សាលា​ លោក​ ស្វាយ​ សា​រុន​ បញ្ជាក់​ពី​មូលហេតុ​ដែល​ដក​នាយករង​ពីរ​នាក់​ក្នុង​​រយៈពេល​តែ​មួយ​ព្រម​គ្នា​ម្តង​រួច​មក​ហើយ​ ។​ សូម​បញ្ជាក់​ថា​ លោក​ ស្វាយ​ សា​រុន​ នាយក​ថ្មី​នៃ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​ ទើប​មក​កាន់​តំណែង​ជា​នាយក​សាលា​ បាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ ជំនួស​ពី​លោកនាយក​សាលា​ចាស់​លោក​ គល់​ យី​ ដែល​បាន​ចូល​និវត្តន៍​៕

Share

Image
Image
Image