ប្រធានសហភាពការងារកម្ពុជា លោកអាត់ ធន់ បានឱ្យដឹងថា លោកកំពុងស្វែងរកអន្តរាគមន៍ពីស្ថាប័នកំពូលៗនៅក្នុងប្រទេស និងស្ថានទូតមួយចំនួនទៀត ដើម្បីរកយុត្តិធម៌ឱ្យអតីតអ្នកបើកបរឱ្យក្រុមហ៊ុនរថយន្តក្រុង កាពីតូល ចំនួន ៤៥ នាក់ ដែលត្រូវបានក្រុមហ៊ុនបណ្តេញចេញ និងជំរុញឱ្យដោះលែងអតីតអ្នកបើកបរពីរនាក់ទៀត ដែលកំពុងជាប់ឃុំ។
កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ សហភាពការងារកម្ពុជា និងតំណាងមកពីវិស័យ ៨ទៀត រួមមានកសិកម្ម ឧហ្សាហកម្ម រោងចក្រ និងដឹកជញ្ជូន ប្រមាណ ១៨០ នាក់ បានដង្ហែក្បូនដោយម៉ូតូ គោលបំណងទៅសួរសុខទុក្ខគ្រួសារជនជាប់ឃុំ និងយកថវិកាមួយចំនួន ដែលសហភាពការងារកម្ពុជា រៃអង្គាសបាន ប្រមាណ ១០ លានរៀល ទៅឱ្យអតីតអ្នកបើកបររថយន្តក្រុង ឱ្យក្រុមហ៊ុនកាពីតូលដែលកំពុងមានរបួសផងដែរ។
ថ្លែងក្នុងសន្និសីទកាសែត នៅគេហដ្ឋានរបស់អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល ក្នុងខណ្ឌសែនសុខ លោក អាត់ ធន់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ លោកបានដាក់ពាក្យបណ្តឹងមួយចំនួនហើយ ទៅកាន់ស្ថាប័នផ្សេងៗ រួមមាន ស្ថាប័នតុលាការ ក្រសួងការងារ អង្គការពលកម្មអន្តរជាតិ សហជីពអន្តរជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ។
ប្រធានសហភាពការងារកម្ពុជារូបនេះ បានលើកឡើងថា លោកក៏នឹងបន្តដាក់ពាក្យបណ្តឹង ទៅបណ្តាស្ថានទូត និងស្ថាប័នសំខាន់ៗមួយចំនួនទៀត ដូចជាក្រសួងមហាផ្ទៃជាដើម ដើម្បីរកយុត្តិធម៌ឱ្យអតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូលទាំង ៤៥នាក់ដែលត្រូវបានបណ្តេញចេញនោះ។
ជាមួយគ្នានេះដែរ លោក អាត់ ធន់ បានថ្លែងថា សហភាពការងារ នឹងធ្វើយុទ្ធនាការជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនកាពីតូលផងដែរ។
ប្រធានសហភាពការងារកម្ពុជារូបនេះ បានឱ្យដឹងទៀតថា បើនៅតែគ្មានដំណោះស្រាយ ដែលអាចផ្តល់យុត្តិធម៌ដល់អតីតអ្នកបើករថយន្តទាំងនោះបាន សមាជិករបស់សហភាពការងារ ដែលមានប្រមាណជិត ១០ ម៉ឺននាក់ និងធ្វើការតវ៉ា ទ្រង់ទ្រាយធំ ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយពីបញ្ហានេះ។
អតីតអ្នកបើករថយន្តក្រុង ឱ្យក្រុមហ៊ុនកាពីតូល លោក ថេប ពុទ្ធី ដែលបានរងរបួសបែកក្បាល បានប្រាប់ថា លោកបានប្រគល់សិទ្ធិទៅឱ្យ សហភាពការងារជាអ្នករៀបចំដោះស្រាយតាមផ្លូវច្បាប់។ លោកសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗនេះ នៅពេលដែលមានការអន្តរាគមន៍ ពីស្ថានប័ននានាទាំងជាតិ និងអន្តរជាតិ។
ជុំវិញបញ្ហានេះ WMC មិនអាចសុំការបកស្រាយពីភាគីក្រុមហ៊ុនកាពីតូលបាននោះទេនៅថ្ងៃនេះ។
សូមបញ្ជាក់ថា អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល ៤៥ នាក់ដែលបានបណ្តេញចេញ បាននាំគ្នាធ្វើបាតុកម្មទាមទារ ឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ តាំងពីចុងឆ្នាំ២០១៥។ នៅថ្ងៃទី៦ កុម្ភៈឆ្នាំ២០១៦ ការតវ៉ារបស់អតីតអ្នកបើកបរទាំងនោះ បានប៉ះទង្គិចគ្នាជាមួយសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបានស្លៀកពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បណ្តាលឱ្យមានរបួសទាំងសងខាង។
បន្ទាប់កើតមានអំពើហិង្សានោះ អតីតអ្នកបើកបររថយន្តក្រុង ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ពីបទហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ រារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៨ ខែកុម្ភៈ។ ចំណែកមន្ត្រីសហជីពចំនួន ៤នាក់ បន្ថែមទៀត ក៏ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ចំនួន ៣ បទល្មើសដូចគ្នាផងដែរ៕