en     km
en     km

លោក​ ប៉ាវ​ ស៊ី​ណា​ ថា​រោងចក្រ​ អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ ទទួលយក​ក្មេង​ទំនើង​ចូល​ធ្វើការ​

Share

លោក​ ប៉ាវ​ ស៊ី​ណា​ អះអាង​ថា​ រោងចក្រ​ អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ បាន​បញ្ឈប់​កម្មករ​ដែល​បាន​ចេញ​មុខ​ធ្វើ​បាតុកម្ម​ប្រមាណ​ ៥០០​ នាក់​ តែ​បែរជា​ទទួលយក​ក្រុម​ដៃដល់​ដែល​ប្រើ​ហិង្សា​មក​លើ​កម្មករ​ និង​មន្ត្រី​សហជីព​ ឱ្យធ្វើ​ការ​ជំនួយ​ទៅ​វិញ​។​ លោក​ ប៉ាវ​ ស៊ី​ណា​ ថា​ការណ៍​ដែល​រោងចក្រ​ទទួលយក​កម្មករ​ថ្មី​ ក្នុង​កំលុង​ពេល​កម្មករ​ចាស់​កំពុង​ធ្វើ​បាតុកម្ម​គឺជា​រឿង​ខុសច្បាប់​។​ ការ​ថ្លែង​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​ មុខក្រសួង​ការងារ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ នេះ​។​

cover-Pao-Sina
លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និយាយ​ថា​ រោងចក្រ​អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ បាន​បំពាន​លើ​ច្បាប់​ការងារ​យ៉ាង​ខ្លាំង​ ព្រោះថា​ រោងចក្រ​នេះ​ បាន​ទទួល​កម្មករ​ថ្មី​ខណៈ​ដែល​កម្មករ​ចាស់​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ និង​មិន​ទាន់​បាន​ទទួល​នូវ​ប្រាក់​សំណង​នៅឡើយ​។​ លោក​ ប៉ាវ​ ស៊ី​ណា​ អះអាង​ថា​ លោក​គ្រោង​នឹង​ចុះ​ទៅ​តាម​ភូមិ​-​ឃុំ​ ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ ដើម្បី​ប្រមូល​យក​ស្នា​មេដៃ​ប្រជាពលរដ្ឋ​ ដាក់​ញាតិ​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​ ឱ្យ​ជួយ​អន្តរាគមន៍​ដាក់​សម្ពាធ​ទៅ​កាន់​ភាគី​រោងចក្រ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​។​

លោក​ ប៉ាវ​ ស៊ី​ណា​៖​ «​ក្រុម​ជនពាល​ទាំងអស់​ហ្នឹង​គាត់​មិនមែន​ជា​កម្មករ​រោងចក្រ​ អ៊ែ​ជ្យា​យល៍​ ទេ​ តែ​ក្រោយ​ពី​ពួក​គាត់​បាន​វាយដំ​មក​យើង​ហើយ​ ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ហ្នឹង​អនុញ្ញាត​ឱ្យ​ជនពាល​ហ្នឹង​ក្លាយជា​កម្មករ​ពេញ​សិទ្ធិ​តែ​ម្តង​។​ អ​ញ្ចឹ​ង​មាន​ន័យ​ថា​ សិទ្ធិ​សេរីភាព​កម្មករ​ ក៏​ដូច​ជា​ស្មារតី​កម្មករ​រង​ការ​គំរាមកំហែង​ ខណៈ​ដែល​ជនពាល​ប្រើ​ហិង្សា​មក​លើ​ក្រុម​សហជីព​ មក​លើ​កម្មករ​មិន​ត្រូវ​បាន​ចាប់ខ្លួន​បែរជា​ពួក​គាត់​ក្លាយជា​កម្មករ​ក្នុង​រោងចក្រ​ហ្នឹង​វិញ​»​។​

កម្ម​ការី​រោងចក្រ​ អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ មួយ​រូប​កញ្ញា​ ហង្ស​ សា​វឿ​ន​ និយាយ​ថា​ កញ្ញា​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ ដោយ​រោងចក្រ​បាន​ទទួល​ក្មេង​ទំនើង​ ដែល​បាន​បង្ក​ហិង្សា​លើ​មន្ត្រី​សហជីព​ និង​កម្មករ​នា​ពេល​កន្លង​មក​ឱ្យ​ចូល​ធ្វើការ​ក្នុង​រោងចក្រ​។​ កញ្ញា​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ដក​ជន​ទាំងនោះ​ចេញពី​ក្រុមហ៊ុន​ និង​ត្រូវ​ទទួលយក​កម្មករ​ចាស់​ឱ្យ​ចូល​ធ្វើការ​វិញ​ដូច​ធម្មតា​។​

កញ្ញា​ ហង្ស​ សា​វឿ​ន​៖​ «​សូម​ឱ្យ​ខាង​ក្រសួង​ការងារ​ជួយ​ពួក​យើង​ ហើយ​ដក​ក្មេង​ទំនើង​ចេញពី​រោងចក្រ​វិញ​ ពួក​យើង​ចង់​ចូល​ធ្វើការ​វិញ​ ព្រោះ​អី​ពួក​យើង​រក​កន្លែងធ្វើការ​ពុំ​បាន​ទេ​»​។​

ពាក់​ពាក់​ក្នុង​រឿង​នេះ​ កញ្ញា​ សាន​ ឌី​ឈិ​ន​ តំណាង​ក្រុមហ៊ុន​ អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ អះអាង​ថា​ ការ​លើក​ឡើង​របស់​សហជីព​ និង​កម្មករ​ពេល​នេះ​ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​ខាង​រោងចក្រ​មិន​បាន​បញ្ឈប់​កម្មករ​រហូត​ដល់​ ៥០០​ នាក់​នោះ​ទេ​។​ កញ្ញា​បន្ត​ថា​ ខាង​រោងចក្រ​បាន​ប្រកាស​ឱ្យ​កម្ម​ចូល​ធ្វើការ​វិញ​ ដោយ​សន្យា​បន្ត​ការ​ដោះស្រាយ​ជូន​កម្មករ​ តែ​កម្មករ​មិន​ព្រម​ចូល​ធ្វើការ​ដោយ​ជឿ​តាម​ការ​អូស​ទាញ​របស់​សហជីព​មួយ​ចំនួន​។

WMC​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក​ លី​ សុភា​ អគ្គលេខាធិការ​រង​ តំណាង​ឱ្យ​ ក្រសួង​ការងារ​ បាន​នោះ​ទេ​នៅ​ថ្ងៃនេះ​ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ​។​

សូម​បញ្ជាក់​ថា​ សហភាព​ចលនា​កម្មករ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​នេះ​ក៏​បាន​ ដាក់​លិខិត​មួយ​ច្បាប់​ ទៅ​កាន់ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ ឱ្យ​ក្រសួង​ធ្វើ​កិច្ច​អន្ត​គម​ន៍​ បិទ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​រោងចក្រ​អ៊ែ​ជ្យា​យល៍​ ស្វេត​ធឺ​ ខេ​ម​បូ​ឌា​ ខូ​ អិ​ល​ ធី​ឌី​ ។​ ក្នុង​លិខិត​ដដែល​ក៏​ស្នើ​សុំ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​ ដាក់​សម្ពាធ​ឱ្យ​និយោជក​ធ្វើការ​ដោះស្រាយ​នូវ​សំណើ​របស់​កម្មករ​ ដែល​រួម​មាន​ ទី​១​ ក្រុមហ៊ុន​ត្រូវ​ទទួលយក​កម្មករនិយោជិត​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​,​ ទី​២​ ក្រុមហ៊ុន​ត្រូវ​ដក​ពាក្យបណ្តឹង​ទាំងអស់​មក​លើ​មន្ត្រី​សហជីព​ និង​កម្មករ​,​ ទី​៣​ ត្រូវ​ដក​ជន​ដែល​បាន​ប្រើ​ហិង្សា​មក​លើ​កម្មករ​កាលពី​ពេល​កន្លង​ទៅ​ចេញពី​ក្រុមហ៊ុន​,​ និង​ទី​៤​ ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​សំណើ​ចំនួន​ ៩​ ចំណុច​ ដែល​កម្មករ​បាន​ស្នើ​កន្លង​មក​៕

Share

Image
Image
Image