en     km
en     km

សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​រំសាយ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​

Share

cover-Saing-Song
​លោក​ សាំង​ សុង​ តំណាង​សម្ព័ន្ធ​ក្រុម​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ នេះ​ថា​ សម្ព័ន្ធ​ក្រុម​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ប្រកាស​រំសាយ​គម្រោង​បាតុកម្ម​ប្រឆាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​នេះ​។​ ការ​សម្រេច​រំសាយ​បាតុកម្ម​ ដើម្បី​ឆ្លើយ​តប​នឹង​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​ ហ៊ុន​ សែន​ នៅ​សហរដ្ឋអាមេរិក​ពេល​នេះ​ លោក​ សាំង​ សុង​ ពន្យល់​ថា​ ដោយសារ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ មិន​មាន​សម្ពាធ​ធ្ងន់ធ្ងរ​។​

​បើ​តាម​លោក​ សាំង​ សុង​ ពន្យល់​ថា​ ការ​សម្រេច​រំសាយ​នេះ​ គឺ​ដោយសារ​តែ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​ មាន​ទ្រង់ទ្រាយ​តូច​ និង​មិន​មាន​ជា​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​សម្រាប់​ឱ្យ​សម្ព័ន្ធ​ក្រុម​យុវជន​ធ្វើ​បាតុកម្ម​តបត​វិញ​នៅ​កម្ពុជា​នោះ​ទេ​។​

​លោក​ សាំង​ សុង​ ៖​ «​បាន​មើលឃើញ​ជាក់ស្តែង​តាម​បណ្ដាញ​ព័ត៌មាន​ និង​ផ្តល់​ព័ត៌មាន​ពី​សហរដ្ឋអាមេរិក​ថា​ អ្នកចូលរួម​ប្រឆាំង​សម្ដេច​ដែល​ធ្វើ​បាតុកម្ម​នៅ​ជិត​កន្លែង​ប្រជុំ​អាស៊ាន​ហ្នឹង​ គឺ​មាន​ខ្មែរ​ប្រហែល​ ២០០​នាក់​ ដូច្នេះ​វា​គ្មាន​សម្ពាធ​ និង​គ្មាន​ទម្ងន់​ណាមួយ​ឱ្យ​យើងខ្ញុំ​មក​តបត​»​។​

​លោក​ សាំង​ សុង​ បន្ថែម​ថា​ គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នេះ​ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​រដ្ឋាភិបាល​ ឬ​ក៏​គណបក្ស​ប្រជា​កម្ពុជា​ឡើយ​។​ លោក​ សាំង​ សុង​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «​បាទ​ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​មិនមែន​ជា​គម្រោងការណ៍​របស់​គណបក្ស​ប្រជាជន​ ឬ​រដ្ឋាភិបាល​ទេ​ ព្រោះ​ការ​រៀបចំ​បាតុកម្ម​នេះ​គឺ​រៀបចំ​ដោយ​ក្រុម​អ្នក​គ្រាំ​ទ្រ​គណបក្ស​ប្រជាជន​»​។​

​សូម​បញ្ជាក់​ថា​ ទាក់ទង​នឹង​បញ្ហា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លិខិត​ចំនួន​ ២​ច្បាប់​ ដែល​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​មួយ​ច្បាប់​ទៀត​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​កម្លាំង​អន្តរាគមន៍​ការពារ​សន្តិសុខ​សុវត្ថិភាព​អ្នកតំណាង​រាស្ត្រ​ ក៏​ដូច​ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​។​ ការ​ស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ គឺ​បន្ទាប់​ពី​លោក​ សាំង​ សុង​ និង​ដៃគូ​ម្នាក់​ទៀត​បាន​បង្ហាញ​ពី​ជំហរ​ធ្វើ​បាតុកម្ម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ អា​មេ​រិ​ក​ មែន​នោះ​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

​ទាក់ទង​នឹង​សារ​ព្រមាន​ធ្វើ​បាតុកម្ម​ត​តប​វិញ​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ លើក​ឡើង​ថា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ គឺ​មិន​មាន​អ្វី​ចំណេញ​សម្រាប់​កម្ពុជា​នោះ​ទេ​។​ លើ​ល​ពី​នេះ​ទៀត​ ការ​ធ្វើ​បាតុកម្ម​នេះ​ អាច​ធ្វើ​ឱ្យ​បាក់មុខ​ថ្នាក់ដឹកនាំ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​ទេ​។​

​លោក​ សូ​ ច​ន្ថា​៖​ «​អ​ញ្ចឹ​ង​កម្ពុជា​គួរតែ​ធ្វើ​អ្វី​ដែល​ចំណេញ​ដល់​ជាតិ​ ហើយ​មិន​គួរ​យក​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ទេ​បាទ​»​។​

​សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​អង្គារ​ ទី​១៦​ ខែកុម្ភៈ​នេះ​ ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​កាំ​ង​រាប់រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខណៈ​ដែល​លោក​ ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ នៅ​អា​មេ​រិ​ក​ ដោយ​បាន​ស្រែក​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​៕

Share

Image
Image
Image