បើគិតមកដល់ថ្ងៃអង្គារនេះ ស្ដ្រីរងគ្រោះដោយសារប្ដីជះទឹកអាស៊ីតកាលពីដើមសប្ដាហ៍មុននៅតែមានក្ដីព្រួយបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន និងឪពុកម្ដាយវ័យចំណាស់ដែលរស់នៅឯស្រុកកំណើត បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទទៅគំរាមថានឹងដុតផ្ទះនាងចោល ស្របពេលដែលចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ហាក់មានភាពយឺតយ៉ាវក្នុងការចាប់ខ្លួនបុរសឈ្មោះ ង៉ែត ផល្លា ដែលជាជនបង្កហិង្សាជះទឹកអាស៊ីតលើរូបនាងយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយ។
អ្នកស្រី ស៊ុំ សុខនី ដែលជាជនរងគ្រោះដោយសាប្ដីជះទឹកអាស៊ីតកាលពីដើមសប្ដាហ៍មុនបានថ្លែងប្រាប់វិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃអង្គារនេះថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីទទួលដំណឹងពីម្ដាយដែលរស់នៅឯស្រុកកំណើតថា កាលពីថ្ងៃទី១៥ កុម្ភៈ ម្សិលមិញ មានជនមិនស្គាល់អត្ដសញ្ញាណប្រើលេខទូរស័ព្ទរបស់ប្តីនាងទៅគំរាមថានឹងដុតផ្ទះរបស់គាត់ចោល។
អ្នកស្រី ស៊ុំ សុខនី បានបន្ថែមថា ទោះបីជាម្ដាយគាត់មិនស្គាល់សំឡេងជននោះក៏ដោយ តែអ្នកស្រីជឿជាក់ថា អ្នកដែលទូរស័ព្ទមកនោះ គឺជាបក្សពួករបស់ប្ដីអ្នកស្រីឈ្មោះ ង៉ែត ផល្លា។ អ្នកស្រីបន្ដែមថា៖ «ខ្ញុំនៅតែសំណូមពរឱ្យខាងរដ្ឋាភិបាលព្យាយាមបន្ដ (ស្វែងរក) ទៀត ព្រោះថាម្សិលមិញហ្នឹង គេយកលេខហ្នឹងខលទៅអ្នកផ្ទះខ្ញុំ គេថាគេចង់ដុតផ្ទះខ្ញុំចោល តែមិនមែនគេ អ្នកនិយាយទេគឺអ្នកផ្សេង ប៉ុន្ដែលេខដែលខលមកគឺលេខគេហ្នឹង [ប្ដី] និយាយទៅបើតាមខ្ញុំគិតអ្នកដែលនិយាយហ្នឹងគេប្រាប់ខ្ញុំថាប្ដីខ្ញុំរកទៅថៃ តែខ្ញុំមិនជឿទេខ្ញុំគិតថាគេហ្នឹង [ប្ដី] នៅផ្សារក្រឡាញ់ [ខេត្តសៀមរាប] នៅឡើយទេ ព្រោះកូនខ្ញុំនៅហ្នឹងប្រហែលអ្នកនិយាយចង់ឱ្យអ្នកផ្ទះខ្ញុំគិតថាគេរត់ទៅថៃអីចឹងហា»។
ជុំវិញបញ្ហានេះ ម្ដាយអ្នកស្រី ស៊ុំ សុខនី បានមានប្រសាសន៍ថា ក្រោយពីទទួលទូរស័ព្ទគំរាមដុតផ្ទះចោលភ្លាម អ្នកស្រីបានរាយការណ៍ទៅកាន់អាជ្ញាធរ ខេត្ដកំពង់ចាមភ្លាមៗដែរ ដើម្បីសុំឱ្យសមត្ថកិច្ចជួយការពារគ្រួសារគាត់។
ម្ដាយអ្នកស្រី ស៊ុំ សុខនីបន្ថែមថា៖ «ថាអញ្ចេះ បែបលេខលេខវាហើយ តែបែបវានៅពីក្រោយខ្នង (វាហ្នឹងហើយ) ប្រាប់ខ្ញុំថាមានតែថ្ងៃទៅដុតផ្ទះម៉ែឪហ្នឹងចោលទៀតទេ គិតទៅសាហាវព្រៃផ្សៃមែនបានខ្ញុំថាហើយ ឪវាទៅចាំកូននៅឯភ្នំពេញទុកខ្ញុំនៅតែឯង មើលទៅវាចេះតែគំរាមរហូត ខ្ញុំថាអីក៏ខ្លាំងក្លាម្ល៉េះ ឱ្យវាមកទៀតមើល ខ្ញុំប្រាប់វាថាផ្ទះនៅម្ដុំនេះមានច្រើនណាស់ បើដុតមិនឆេះតែមួយទេឆេះតែទាំងអស់ហ្នឹង»។
បើទោះបីជាបានប្ដឹងសមត្ថកិច្ចរួចហើយទាក់ទងនឹងបញ្ហានេះក្ដី តែម្ដាយអ្នកស្រី ស៊ុំ សុខនី នៅតែមានក្ដីព្រួយបារម្ភពីសុវត្ថិភាពគ្រូសារ និងកូនស្រីដែលកំពុងស្នាក់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញដដែល។
ទាក់ទងនឹងបញ្ហានេះ លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍សង្កាត់ស្ទឹងមានជ័យ មានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបុរសឈ្មោះ ង៉ែត ផល្លា ដែលជាជនបង្កហិង្សាជះទឹកអាស៊ីតលើប្រពន្ធបាននៅឡើយនោះទេ។
លោក ម៉ៅ សាវឿន បន្ថែមថា ពេលនេះលោកក៏កំពុងតែព្យាយាមទាក់ទងទៅអាជ្ញាធរគ្រប់កន្លែងជាបន្ដបន្ទាប់សុំការសហការបន្ថែម ដើម្បីចាប់ជនល្មើស។ លោក ម៉ៅ សាវឿន អះអាងថា លោកនឹងបន្ថែមកម្លាំងការងារសុវត្ថិភាព ដល់ក្រុមគ្រួសារជនរងគ្រោះ ពាក់ព័ន្ធនិងការគំរាមដុតផ្ទះនេះ។ លោកបន្ថែមថា៖ «នៅពេលនេះ យើងអត់មានតម្រុយអីទេ យើងអត់ទាន់មានតម្រុយពាក់ព័ន្ធទេ»។
ជុំវិញបញ្ហានេះ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កត នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លើកឡើងថា បើសិនជាមន្ដ្រីអាជ្ញាធរមានការប្ដេជ្ញាចិត្ដដើម្បីតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់មែននោះ គឺប្រាកដជាធ្វើបាន។ លោកសង្កេតឃើញថា ការបំពេញភារកិច្ចរបស់អាជ្ញាធរ នៅមានភាពខ្វះចន្លោះច្រើន ជាក់ស្ដែងដូចករណីស្ដ្រីរងហិង្សាដោយជះទឹកអាស៊ីតនេះ មិនទាន់រកចាប់ជនបង្កបាននៅឡើយទេ។
ក្នុងនាមលោកជាមន្ដ្រីធ្វើការផ្នែកសិទ្ធមនុស្សមួយរូប លោកអំពាវនាវដល់មន្ដ្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់សូមព្យាយាមតាមចាប់ជនបង្កយកមកឱ្យបានឆាប់ ដើម្បីការងារសុវត្តិភាពជនរងគ្រោះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថាបើសមត្ថកិច្ចគាត់ខិតខំធ្វើការ អាចនឹងរកឃើញបើសិនគេគំរាមតាមទូរស័ព្ទគេអាចនិងឆែកឃើញហើយថា ជនដែលប្រព្រឹត្ដិបទល្មើសនៅកន្លែងណា អញ្ចឹងក្នុងនាមយើងជាសង្គមស៊ីវិលសូមទទទូចឱ្យតុលាការ និងសមត្ថកិច្ចចាត់វិធានការឱ្យមានប្រសិទ្ធភាពដើម្បីចាប់យកជនដៃដល់មកអនុវត្ដទៅតាមផ្លូវច្បាប់»។
សូមជម្រាបថា គិតពីថ្ងៃកើតហិង្សាជះទឹកអាស៊ីតលើស្ដ្រីរងគ្រោះដែលបង្កដោយប្ដីឈ្មោះ ង៉ែត ផល្លា រហូតមកដល់ថ្ងៃអង្គារនេះ គឺមានរយៈពេលជិត ១០ថ្ងៃហើយ ប៉ុន្ដែអាជ្ញាធរនៅតែមិនទាន់រកជនបង្កដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់បាននៅឡើយទេ៕