en     km
en     km

មន្ត្រីក្រសួងកសិកម្ម លើកមូលហេតុនៃការធ្វើផែនទីឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទី

Share

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបក្នុងការផលិតផែនទីឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាបានដោយជោគជ័យនៅក្នុងឆ្នាំ២០២៤។ ឯកសារដ៏មានសារៈនេះត្រូវបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤  ហើយក្រសួងកសិកម្ម រំពឹងថានឹងចូលរួមចំណែកអនុវត្តន៍គោលនយោបាយ ជាតិស្តីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ដោយសារតែកន្លងមក មានបញ្ហាច្រើនចំពោះការកំណត់ ទិន្នន័យឱ្យច្បាស់លាស់ពីផ្ទៃដីដាំដុះកសិកម្ម មានប្រភព និងវិធីសាស្រ្តខុសៗគ្នាដែលធ្វើឱ្យមានការប្រើប្រាស់ទិន្នន័យខុសៗគ្នា ជាហេតុនាំឱ្យមានភាពរអាក់រអួលក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំស្វាយចន្ទី ទើបជំរុញឱ្យ មានការរៀបចំផលិតផែនទីឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទី ។ លោក តូច ប៊ុន ហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សិក្សាអំពីផ្ទៃដីដាំដុះស្វាយចន្ទីឱ្យបានជាក់លាក់តាមរយៈបច្ចេកវិទ្យាផ្កាយរណបផលិតជាផែនទីឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា បានដោយជោគជ័យ នៅក្នុងឆ្នាំ២០២៤នេះ។

លោក តូច ប៊ុន ហួរ ៖«ធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានធ្វើការសិក្សាផ្ទៃដីដាំដុះ រយៈពេល៣ឆ្នាំតាមរយៈផ្កាយរណប យើងធ្វើនេះដើម្បីធ្វើបច្ចុប្បន្នភាពឱ្យជាក់លាក់ថាផ្ទៃដីដំាំដុះស្វាយចន្ទីមានប៉ុន្មានពិតប្រាកដ ការដែលយើងអាប់ឌែតព័ត៌មាននេះ វាហាក់ដូចជាមានល្អៀងច្រើន​តាមរយៈផែនទីផ្កាយរណបនេះ ដែលឱ្យវាសុក្រិត្យជាងហ្នឹង ហើយយើងបន្តតាមដាន​ វាយតម្លៃសិក្សាបន្ថែមទៀតពីការសិក្សាដោយផ្ទាល់ជាក់ស្តែងនូវចំណុចណាដែលយើងគិតថាវាមានការសង្ស័យ​»។

ទោះយ៉ាងណាលោកក៏បានបញ្ជាក់ដែរថា ​ ផែនទីផ្កាយរណប ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺមិនសុក្រឹត១០០ភាគរយទេ អាចល្អៀងពី១០ទៅ១៥ភាគរយ ប៉ុន្តែបើធៀបទៅនឹងអ្វីដែលមានកន្លងមកវាខុសគ្នាច្រើន។ តាមការមើលឃើញជាក់ស្តែង ទំហំផ្ទៃដីដាំដុះ ជាមួយ និងបរិមាណផល​ និងទិន្នផល ដែលបានគណនា ផ្ទៀងផ្ទាត់ឡើងវិញឃើញថា ការធ្វើផែនទីតាមរយៈផ្កាយរណបនេះ សុក្រឹត​ ច្រើនជាង និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក តូច ប៊ុន ហួរ៖« ការដែលធ្វើផែនទីតាមរយៈផ្កាយរណបនេះ វាសុក្រឹត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ដំណាំស្វាយចន្ទីជាដំណាំអាទិភាពក្នុចំណោមដំណាំស្រូវអង្ករ អ៊ីចឹង អ្វីដែលយើងត្រូវឱ្យសុក្រឹត គឺផ្ទៃដីដាំដុះជំហានដំបូង ជំហានបន្ទាប់ទៀត យើងនឹងធ្វើការងារនេះជាមួយ អាជ្ញាធរដែនដី ក៏ដូចជាមន្ទីរកសិកម្មខេត្ត ដើម្បីធ្វើការផ្ទៀងផ្ទាត់ជារៀងរាល់ឆ្នាំ ដើម្បីឱ្យកាន់តែសុក្រឹត ជាងហ្នឹង ថែមទៀត ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឬក៏ថយចុះវាមានប្រែប្រួលអត់ទៀងទាត់»

ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់របស់ ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេស មានការទទួលស្គាល់លើទីផ្សារ អំពីគុណភាព រសជាតិ ទំហំគ្រាប់ និងពូជប្រពៃណី។ បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្ត កំពង់ធំ ក្រចេះ  ស្ទឹងត្រែង  សៀមរាប កំពង់ចាម ឧត្តរមានជ័យ មណ្ឌលគីរី រតនគីរី ព្រះវិហារ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។

តាមរយៈការវាយតម្លៃរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របខ្ពស់ដែលមានសក្តានុពលសម្រាប់ដាំដុះដំណាំស្វាយចន្ទី ប្រមាណជា១,២៤លានហិកតា ហើយបច្ចុប្បន្ននេះផ្ទៃដីដែលបានដំាដំណាំស្វាយចន្ទី​សរុបមានប្រមាណតែ ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ សរុបមានចំនួនប្រមាណជិត១៥ម៉ឺន ហិកតា។

លោក តូច ប៊ុន ហួរ អះអាងថា ការធ្វើផែនទីច្បាស់លាស់នេះគឺមានផលប្រយោជន៍មិនត្រឹមតែសម្រាប់ផលិតកម្មទេ ថែមទាំងសម្រាប់ការតម្រង់ទិសក្នុងការបង្កើតរោងចក្រកែច្នៃនៅទីនោះតែម្តង។ សម្រាប់អ្នកវិនិយោគ នឹងពិនិត្យមើលទីតាំង ថាតើខេត្តណា តំបន់ណាដែលមានការដាំដុះស្វាយចន្ទីច្រើនជាងគេ នោះអ្នកវិនិយោគនឹងទៅរៀបចំរោងចក្រកែច្នៃ ឬកន្លែងសម្រាប់សម្ងួតស្វាយចន្ទី និងឃ្លាំងស្តុកស្វាយចន្ទី ជាដើម។ លោក បន្តថា ផែនទីនេះ មានសារៈសំខាន់បំផុតក្នុងការផ្តល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗ ដោយសារកម្ពុជាមានផ្ទៃដីដាំដុះជាក់លាក់៕

រូបភាព៖ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង