បន្ទាប់ពីមានពលរដ្ឋបានថតសកម្មភាពមន្ត្រីនគរបាល និងទាហាន ដែលអនុវត្តច្បាប់ចរាចរណ៍ និងបានប្រើប្រាស់អំពើហិង្សាមកលើអ្នកបើកបរ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចមិនឱ្យ នាយទាហានរូបនេះ បំពេញតួនាទីណាដែលជាប់ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ឡើយ។ ចំណែកពលរដ្ឋដែលបង្ហោះសកម្មភាពទាំងនោះ ក៏ត្រូវបានមន្ត្រីនគរបាល ហៅធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពថតរូបមន្ត្រីនគរបាល ប៉ុន្តែអង្គការសិទ្ធិមនុស្សថា ការអនុវត្តរបស់អាជ្ញាធរជារឿងមិនត្រឹមត្រូវ ពីព្រោះនៅតាមសាធាណៈមិនមានច្បាប់ណាហាមឃាត់ពលរដ្ឋមិនឱ្យថតរូបនោះទេ។ លោក គីម ចាន់ចាវ រាយការណ៍
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស បានប្រកាសនៅថ្ងៃទី២៨ ខែតុលានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចដាក់វិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈបង្កហិង្សាលើពលរដ្ឋ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ស្ថិតនៅលើដងផ្លូវជាតិលេខ៦A ក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស
ការអនុវត្តទណ្ឌកម្មទាំងនោះ លោក អេង ហ៊ី បញ្ជាក់ថា ទីមួយ ធ្វើកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។ ទីពីរ គឺធ្វើការត្រួតពិនិត្យបញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ទៀតឡើយ។
មុនដាក់ទណ្ឌកម្មលើនាយទាហានរូបនេះ ពលរដ្ឋដែលរងអំពើហិង្សា ត្រូវបានមន្ត្រីនគរបាល ហៅធ្វើកិច្ចសន្យាចំនួន៥ចំណុច ដោយក្នុងនោះបុរសដែលត្រូវនាយទាហានបោចសក់អូសចេញពីរថយន្ត ត្រូវបញ្ឈប់សកម្មភាពថតបង្ហោះសកម្មភាពនគរបាល ដែលកំពុងត្រួតពិនិត្យយានយន្តនៅលើដងផ្លូវបន្តទៀត។
រូបភាពពីបណ្ដាញសង្គម។
ប៉ុន្តែ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យុស្ដ្រីដែរថា រូបភាពហិង្សារវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ តែងតែកើតឡើងជាហូរហែរទាំងការប្រើប្រាស់កម្លាំងកាយ និងប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នាទៅវិញទៅមក ខណៈដែលរូបភាពទាំងនេះ គឺជារឿងមិនល្អ ដោយសារមិនគោរពសិទ្ធិមនុស្ស និងមិនគោរពច្បាប់ឱ្យត្រឹមត្រូវ ជាពិសេសជាអំពើមួយអសីលធម៌ក្នុងសង្គម។ អំពើអសីលធម៌នេះ លោកសង្កេតឃើញថា បានកើតឡើងយូរៗទៅ ជំរុញឱ្យទាំងប្រជាពលរដ្ឋជាអ្នកគោរពច្បាប់ និងសមត្ថកិច្ច ជាអ្នកអនុវត្តច្បាប់ ក្លាយទៅជាគូវិវាទនឹងគ្នានៅតាមទីសាធារណៈ។
លើសពីនេះ លោកក៏លើកឡើងពីករណីដែលមន្ត្រីនគរបាលចរាចរណ៍គំរាមកំហែងទៅដល់អ្នកថតសកម្មភាពរបស់ខ្លួន ដើម្បីយកទៅផ្សព្វផ្សាយ ពីព្រោះកន្លងមកនៅពេលមានករណីប្ដឹងផ្ដល់ រូបភាពដែលពលរដ្ឋថតទាំងនោះ គឺជាភស្ដុតាងសម្រាប់ការពារប្រជាពលរដ្ឋដែលរងគ្រោះ ដ្បិតថាការថតរូបភាពទាំងនោះ គឺបញ្ជាក់ពីភាពមិនត្រឹមត្រូវរបស់មន្ត្រីនរគបាល ដែលធ្វើសកម្មភាពអនុវត្តច្បាប់មិនត្រឹមត្រូវ។
លោក នី សុខា៖ «ខ្ញុំគិតថារូបភាពនេះជារូបភាពរំលោភបំពានធ្ងន់ធ្ងរណាស់ ព្រោះអីនៅតាមទីសាធារណៈចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅតាមទីសាធារណៈ គួរណាស់តែអនុវត្តដោយតម្លាភាព ហើយប្រជាពលរដ្ឋបានចូលរួមមើលឃើញពីភាពត្រឹមត្រូវ។ បើយើងអនុវត្តបានត្រឹមត្រូវយើងខ្លាចអីឱ្យគេថត ហើយក្នុងនាមជាមន្ត្រីសាធារណៈ និងនៅតាមទីសាធារណៈអត់មានច្បាប់ណាមួយដែលទៅហាមឃាត់ប្រជាពលរដ្ឋមិនឱ្យថតរូបបានទេ ព្រោះអីនៅតាមទីសាធារណៈអីហ្នឹង គឺថាសូម្បីតែយើងមើលរដ្ឋាភិបាល សាលាក្រុង ឬអាជ្ញាធរមូលដ្ឋានមួយចំនួន គេសុខចិត្តទិញកាំមារ៉ាដាក់នៅតាមផ្លូវសាធារណៈ»។
ក្នុងករណីដែលសមត្ថកិច្ចអនុវត្តមិនបានត្រឹមត្រូវ លោកថា ច្បាស់ជាមានការហាមឃាត់មិនឱ្យប្រជាពលរដ្ឋថតសកម្មភាពរបស់ខ្លួនលើការងារអនុវត្តច្បាប់ចរាចរណ៍ ខណៈរូបភាពដែលប្រជាពលរដ្ឋថតបានទាំងនោះហើយ បានផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំ ដើម្បីធ្វើឱ្យសមត្ថកិច្ចដែលប្រើអំពើហិង្សា និងអនុវត្តច្បាប់មិនបានត្រឹមត្រូវ ទទួលរងការពិន័យ ឬត្រូវផ្លាស់ចេញពីតួនាទី។ យ៉ាងណាជាដំណោះស្រាយលើបញ្ហាចរាចរណ៍រវាងពលរដ្ឋជាមួយអាជ្ញាធរនេះ លោកថា ភាគីទាំងពីរគួរតែគិតពីក្រមសីលធម៌ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមានតម្លាភាព និងសមភាព។
លោក នី សុខា ផ្តល់កិច្ចសម្តាសន៍ដល់អ្នកសារព័ត៌មានក្រោយចេញពីពន្ធនាគារ។
លោក នី សុខា៖ «យើងស្នើឱ្យមន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មានន័យថាចៀសវាងកុំឱ្យមានការបន្លំដើម្បីផលប្រយោជន៍ អនុវត្តឱ្យបានត្រឹមត្រូវខ្ញុំគិតថាប្រជាពលរដ្ឋ ប្រសិនជាសមត្ថកិច្ចអនុវត្តច្បាប់ឱ្យមានសមភាព អនុវត្តច្បាប់ឱ្យមានតម្លាភាព អនុវត្តច្បាប់ឱ្យមានត្រឹមត្រូវតាមច្បាប់កុំបន្លំ។ ខ្ញុំគិតថា ប្រជាពលរដ្ឋគាត់នឹងខ្លាចច្បាប់ណាស់ ហើយនិងគោរពសមត្ថកិច្ចណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំឃើញកន្លងមកនេះ វាច្របូកច្របល់គ្នាណាស់ ដោយសារការអនុវត្តហ្នឹង វាធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿចិត្តច្រើនណាស់ ជាពិសេសលើច្បាប់ចរាចរណ៍ហ្នឹងតែម្ដង»។
កាលពីថ្ងៃទី២២ ខែតុលានេះ មានបង្ហោះវែកញែកជាច្រើនពីសារធារណជនជុំវិញករណីវីដេអូ នាយទាហានម្នាក់ និងមន្ត្រីនគរបាល បានប្រើហិង្សាលើបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តកុងទីន័រ មិនបានបញ្ឈប់រថយន្តខខ្លួនតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។ ដូច្នេះហើយក៏បង្កឱ្យនាយទាហានរូបនោះ មានការប្រើប្រាស់ឥរិយាបថមិនសមរម្យដោយការចាប់បោចសក់អ្នកបើកបរ ទាញចេញពីរថយន្ត៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី