en     km
en     km

លោកស្រី នាយិកាUSAID លើកពីវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា

Share

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Samantha Power ក្នុងតួនាទីជានាយិកាUSAID ដំបូងមកកាន់ប្រទេសកម្ពុជា អ្នកស្រីបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងជម្នះយ៉ាងខ្លាំងលើវិស័យ សុខាភិបាល វិស័យអប់រំ ក៏ដូចជាកំណើនសេដ្ឋកិច្ច ដោយបច្ចុប្បន្ននេះគឺមិនមានប្រជាពលរដ្ឋកម្ពុជា ណាម្នាក់ស្លាប់ដោយសារជំងឺគ្រុនចាញ់នោះឡើយ។ លោកស្រីអះអាងថា កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

«នៅក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងមែនទែនទៅលើវិស័យសុខាភិបាល វិស័យអប់រំ ក៏ដូចជាកំណើនសេដ្ឋកិច្ច បច្ចុប្បន្នសម្រេចបានមិនមានប្រជាពលរដ្ឋកម្ពុជាណាមួយស្លាប់ដោយសារជំងឺគ្រុនចាញ់»។

នេះគឺជាការថ្លែងតាមរយៈអ្នកបកប្រែជាភាសាខ្មែរ របស់លោកស្រី Samantha Power នាយិកាUSAID នៅក្នុងសន្និសីទសារព័ត៌មាន បញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ។ លោកស្រី Samantha Power បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏មានបំណងជំរុញឱ្យមានការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ដោយសារតែ​ កាលពីឆ្នាំកន្លងទៅការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង២ដង ដែលនេះគឺជាវឌ្ឍនភាពមួយល្អប្រសើរ។ បន្ថែមពីលើនេះលោកស្រី បានប្រកាសអំពីការវិនិយោគថ្មី ដែលមានទឹកប្រាក់រហូតដល់៣៨លានដុល្លារអាមេរិក សម្រាប់ប្រជាជន កម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។

លោក ស្រី Samantha Power៖«នៅក្នុងដំណើរទស្សនកិច្ចលើកនេះខ្ញុំសូមប្រកាសផងដែរអំពីការវិនិយោគជំនួយរបស់សហរដ្ឋអាមេរិកដើម្បីជួយជំរុញវឌ្ឍនភាពឱ្យកាន់តែល្អប្រសើរ។ ជាមួយនឹងមូលនិធិនេះ យើងនឹងអាចជួយប្រជាកសិករកម្ពុជាផ្សារភ្ជាប់ ពួកគាត់ទៅនឹងទីផ្សារ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីអាចបង្កើតចំណីអាហារដែលមានសុវត្ថិភាព ទោះបីជាយើងជួបប្រទះការប្រែប្រួលអាកាសធាតុក្តី»។

ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ លោកស្រីនាយិកា Power បានគូសបញ្ជាក់ នូវមូលនិធិថ្មីសម្រាប់កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ ជាង ២៩ លានដុល្លារ ពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) ។ ជំនួយនេះ នឹងជួយប្រទេសកម្ពុជា កែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ កែលម្អប្រព័ន្ធគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្ដែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃ នៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្ដាលស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ។

ក្នុងជំនួបជាមួយ មន្រ្តីនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា លោកស្រីនាយិកា Power ក៍បានប្រកាសពីជំនួយ ជាង ៦ លានដុល្លារអាមេរិករបស់ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការ ប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំ ទ្រដល់សង្គមស៊ីវិល។

លោក ស្រី Samantha Power៖«ចំណុចសំខាន់ជាងហ្នឹងគឺយើងនឹងធ្វើការវិនិយោគជួយទៅដល់វិស័យអង្គការសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មាន ដើម្បីជំរុញវឌ្ឍនភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ»។

លើសពីនេះ លោកស្រី Power បានប្រកាសនូវមូលនិធិ ៣ លានដុល្លារ ពីក្រសួងការងារ សហរដ្ឋអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នឹងភាពជាដៃគូ និងក្នុងចំណោមជនមានពិការភាពនៅកម្ពុជា ។ មូលនិធិនេះ នឹងជួយដោះស្រាយអត្រាប្រេវ៉ាឡង់នៃពលកម្មកុមារ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សក្នុងចំណោមជនមានពិការភាព ព្រមទាំងកាត់បន្ថយឧបសគ្គ ដែលរារាំងដល់លទ្ធភាពទទួលបានការងារសមរម្យរបស់ពួកគេ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង