en     km
en     km

រយៈពេល ៩ខែ ជនរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានជិត ៤០នាក់

Share

រូបភាពពីអាជ្ញាធរមីន។

របាយ​ការណ៍​របស់​អាជ្ញាធរ​មីន ​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៩​ខែ ឆ្នាំ​២០២៤​នេះ ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​មាន​ជិត ៤០នាក់ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​មានការកើនឡើង​ប្រមាណ ៤៤​ភាគ​រយ​។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក ឡាង កុសល មន្ត្រី​ទទួល​បន្ទុក​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារ​មីន​ នៃ​អាជ្ញាធរ​មីន ប្រាប់វិទ្យុស្ដ្រីតាមរយៈប្រព័ន្ធតេលេក្រាមនៅថ្ងៃទី២៤ ខែតុលានេះថា គិត​ចាប់​ពីខែ​​មករា រហូត​ដល់ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ ​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​មាន​ចំនួន ៣៩នាក់ មាន​ជន​រង​គ្រោះ​ដោយ​សារ​មីន​​ចំនួន ២០​នាក់ និង​ជន​រង​គ្រោះ​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ១៩​នាក់។ លោក​បន្ត​ថា ​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ជិត ​៤០​នាក់​នេះ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០នាក់ អ្នករងរបួស ២១នាក់ និងពិការអវយវៈចំនួន ៨នាក់ ដែលក្នុងចំណោមអ្នកស្លាប់ និងអ្នករងរបួសទាំងនោះ ក៏មានស្ដ្រី និងក្មេងស្រីចំនួន ៥នាក់រងគ្រោះផងដែរ។

រូបភាពពីអាជ្ញាធរមីន។

មន្ត្រីរូបនេះ បានឱ្យដឹងទៀតថា ខេត្តដែលមានជនរងគ្រោះដោយសារយុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះនេះរួមមាន៖ ខេត្តមណ្ឌលគិរី ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន។

បើតាមលោក ឡាង កុសល បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា ទៅ​នឹង​ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​មាន​ចំនួន ២៧​នាក់ ដូច្នេះមានន័យថាក្នុងឆ្នាំ២០២៤នេះ ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះមាន​ការ​កើនឡើងចំ​នួន ១២​នាក់ ដែល​ស្មើ​នឹង ៤៤​ភាគ​រយ​។

ថ្វីត្បិតតែឆ្នាំនេះមានការកើនឡើងជនរងគ្រោះ ជាងឆ្នាំងមុនបន្តិចមែន ប៉ុន្តែលោកថា អាជ្ញាធរមីន នឹង​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីន​នៅ​តាម​សហគមន៍​មូល​ដ្ឋាន និង​ពន្លឿនឱ្យសម្រេចបានគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

រូបភាពពីអាជ្ញាធរមីន។

លោក ឡាង កុសល៖ «ទោះបីយើងកម្ពុជាបញ្ចប់ការងារបោសម្អាតមីននៅឆ្នាំ២០២៥ក៏ដោយ កម្ពុជានូវត្រូវការអប់រំ ផ្សព្វផ្សាយយល់ដឹងហ្នឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះនានា ពីព្រោះថាការងារ២០២៥ ជាការងារដែលយើងដាក់គោលដៅបញ្ចប់ឆ្នាំដោយសារមីនតែប៉ុណ្ណោះ។ ប៉ុន្តែយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាគ្រាប់បែកចង្កោម គ្រាប់ផ្លោង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងបានរៀបចំជាគោលនយោបាយថ្នាក់ជាតិមួយ ដោះស្រាយហានិភ័យទាំងនេះនៅក្រោយឆ្នាំ២០២៥ អ៊‌‌ីចឹងការងារក្រោយឆ្នាំ២០២៥ ការអប់រំ ការចូលរួមប្រជាពលរដ្ឋ ការយល់ដឹងទាំងអស់ គឺកិច្ចការចាំបាច់មួយមិនអាចខ្វះបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ»។

ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជា បន្តរងគ្រោះដោយសារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក៏បានប្រកាសបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានផ្ដល់ជំនួយចំនួន ១២លានដុល្លារអាមេរិក សម្រាប់គាំទ្រលើការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

រយៈពេលជាង ៣០ឆ្នាំ គិតចាប់​ពី​ឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៣កន្លងមកនេះ កម្ពុជាបានរំដោះផ្ទៃដីដែលគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ៣,០២៤គីឡូម៉ែត្រក្រឡា ក្នុង​នោះ​បាន​រក​ឃើញ​គ្រាប់​ប្រមាណ​ជាង ៤​លាន​គ្រាប់ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១១​លាន​នាក់​ បាន​ទទួល​ផល​ពី​ការ​ងារ​បោស​សម្អាត​មីន​៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង