en     km
en     km

ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរសម្រួលក្រៅប្រព័ន្ធតុលាការរាល់បញ្ហាសងប្រាក់ពីពលរដ្ឋ

Share

រូបភាពពីរដ្ឋបាលខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ គួរបន្តដោះស្រាយក្រៅប្រពន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។

អភិបាលខេត្តតាកែវ ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួន កំពុងតែមានបញ្ហាហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់ ដែលនាំឱ្យការសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុមានការតយឹតយ៉ាវ ដូច្នេះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើការសម្របសម្រួលគ្រប់បែបយ៉ាងក្រៅប្រព័ន្ធតុលាការជាមួយភាគីអ្នកខ្ចី ពោលគឺជៀសវាងការដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការបញ្ហានេះ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តតាកែវ។

ក្នុងពេលពិភាក្សាការងារ ជាមួយសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង បន្តថា កន្លងមកមានបញ្ហាមួយចំនួន បានកើតឡើងរវាងភាគីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ រហូតមានការបង្ហោះតាមបណ្ដាញសង្គមជាដើម។ ដើម្បីលុបបំបាត់បញ្ហានេះ ភាគីទាំង២ត្រូវតែជួបជជែកដោះស្រាយគ្នា និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ទើបបញ្ហានេះមិនអាចទៅដល់តុលាការបាន។

លោកក៏បានណែនាំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងសម្រេច ប្រជាពលរដ្ឋធ្វើការខ្ចីប្រាក់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ថាពួកគាត់យកលុយទៅប្រកបមុខរបអ្វី? ដើម្បីធ្វើយ៉ាងណាចៀសវាងមានបញ្ហា ឈានដល់ការប្ដឹងផ្ដល់គ្នាទៅតុលាការ នៅពេលសងត្រលប់មកវិញ ដើម្បីដោះស្រាយបញ្ហា។

 

រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ។

ក្នុងនោះ ភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានយល់ព្រមទៅ និងសំណើរបស់ អភិបាលខេត្ត ដែលបានស្នើឱ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយប្រជាពលរដ្ឋដែលខ្ចីប្រាក់ហើយមានបញ្ហានៅសងត្រលប់មកវិញ។

គួរបញ្ជាក់ថា កន្លងមកតែមានការប៉ះទង្គិចគ្នា រវាងបុគ្គលិកធនាគារ និងប្រជាពលរដ្ឋជារើយៗរាល់ពេលសងប្រាក់ត្រឡប់មក ហើយបញ្ហានោះក៏ត្រូវបានថតចែកចាយបន្តពេញបណ្តាញសង្គមជាបន្តបន្ទាប់ និងមានការប្តឹងផ្តល់គ្នាផងដែរ៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

Image Not Found
Image

ព័ត៌មានទាក់ទង