en     km
en     km

ដំណើរទស្សនកិច្ចនាយិកា USAID មកកាន់កម្ពុជានាំមកនូវផ្លែផ្លាជាច្រើន

Share

នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID លោកស្រី Samantha Power ជានាយិកាដំបូងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Power នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន។ លោកស្រីPower ក៏នឹងប្រកាសអំពីការផ្តល់មូលនិធិចំនួនជាង ១៧ លានដុល្លារ សម្រាប់គម្រោងថ្មីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាផងដែរ។ លោកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ខេត្តសៀមរាបក្នុងនាមជានាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល លោកស្រី Samantha Power បានជួបគ្រួសារខ្មែរមួយ ដែលកំពុងទទួលជំនួយតាមរយៈ USAID ក្នុងការថែទាំកុមារ ឈ្មោះ វាសនា អាយុ១ខួប ដែលមានពិការភាព។ អ្នកសម្របសម្រួលករណីរបស់គ្រួសារនេះ និងដៃគូ USAID ដែលគាំទ្រអ្នកពិការ និងការថែទាំនៅតាមគ្រួសារក៏បានចូលរួមផងដែរ។

បើតាមហ្វេសបុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី Samantha Power បានសរសេរនៅក្នុងបណ្តាញសង្គម X ថា «តាមការប៉ាន់ស្មានមួយ ជនមានពិការភាព មានប្រមាណ ៩ភាគរយ នៃប្រជាជនកម្ពុជា កំពុងប្រឈមមុខនឹងការរើសអើង ឬអាក្រក់ជាងនេះ។ ថ្ងៃនេះ ខ្ញុំបានជួបក្មេងប្រុស ឈ្មោះ វាសនា អាយុ ១ ខួប និងអ្នកម្ដាយចិញ្ចឹមដ៏ក្លាហានរបស់គាត់ ដែលទីភ្នាក់ងារជំនួយអាមេរិក (USAID) បានជួយរកកន្លែងរស់នៅ និងការថែទាំសុខភាព ដោយជាផ្នែកមួយនៃការប្តេជ្ញារបស់យើងក្នុងការពង្រឹងអ្នកសង្គមកិច្ចកម្ពុជា និងគាំទ្រកុមារដែលរស់នៅក្នុងពិការភាព។»

លោកស្រី Samantha Power បានកោតសរសើរការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ របស់ដៃគូខាងកម្ពុជា អ្នកធ្វើការផ្នែកសង្គមកិច្ច និងគ្រួសារចិញ្ចឹម ដែលគាំទ្រការការពារកុមារនៅកម្ពុជា។ លោកស្រីបានពិភាក្សាអំពីវិធីដែល USAID អាចធ្វើបាន ដើម្បីបន្តគាំទ្រ និងការពារសិទ្ធិ និងការចូលរួមរបស់មនុស្សដែលមានពិការភាពនៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី Power ក៏បានជួបជាមួយសមាជិកសហជីព និងសកម្មជនការងារ ដែលធ្វើការនៅប្រាសាទអង្គរវត្ត ដែលជាទីតាំងបេតិកភណ្ឌវប្បធម៌ពិភពលោកដើម្បីពិភាក្សាអំពីលក្ខខណ្ឌការងារ និងបញ្ហាសិទ្ធិការងារដ៏សំខាន់ៗផ្សេងទៀត និងរបៀបដែលការគាំទ្ររបស់ USAID ជួយសហជីពទេសចរណ៍ និងសហជីពផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ លោកស្រី Power បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់រដ្ឋបាលលោកប្រធានាធិបតី Biden ចំពោះសិទ្ធិការងារ ដូចជាការគាំទ្រតាមរយៈអនុស្សារណៈប្រធានាធិបតីឆ្នាំ ២០២៣ ស្តីពីការលើកកម្ពស់ការផ្តល់លទ្ធភាពដល់កម្មករ សិទ្ធិមនុស្សទូទៅ សិទ្ធិការងារ និងស្តង់ដាការងារខ្ពស់ នៅទូទាំងពិភពលោក។ USAID បានគាំទ្រចលនាសហជីពនៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយលោកស្រីនាយិកា Power បានពិភាក្សាជាមួយសមាជិកសហជីព និងសកម្មជន អំពីការប្តេជ្ញាចិត្តជាបន្តរបស់ USAID ក្នុងការធ្វើការជាមួយអង្គការកម្មករខ្មែរ​ ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Power មកកាន់កម្ពុជានេះ ក៏នឹងគ្រោងជួបប្រជុំជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជា ផងដែរ។

ជាមួយគ្នានេះលោកស្រី ​Power ក៏បានប្រកាសអំពីការផ្ដល់មូលនិធិចំនួនជាង ១៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោងថ្មីៗរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។ ការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ ដូចជា ជាតិសំណ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ និងកិច្ចគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីនសម្រាប់សហគមន៍មូលដ្ឋាន ផងដែរ៕

ប្រភពរូបភាព៖ស្ថានទូតអាមេរិកប្រចាំកម្ពុជា

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង