en     km
en     km

កំពង់ធំ៖ពលរដ្ឋភូមិក្រសាំងកជិត ៤០០នាក់ប្តឹងសុំដកដំណែងមេភូមិ ខណៈថ្នាក់ដឹកនាំឃុំស្រុកពិនិត្យនីតិវិធីច្បាប់

Share

កំពង់ធំ៖កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ រដ្ឋបាលឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំមួយសម្របសម្រួលសតិអារម្មណ៍ រវាងប្រជាពលរដ្ឋចំនួន ៣៧០ គ្រួសារជាមួយមេភូមិក្រសាំងក បន្ទាប់ពីទទួលពាក្យបណ្តឹងកាលពីថ្ងៃទី១០ ខែតុលា ខណៈប្រជាពលរដ្ឋកើតក្តីខឹងសម្បាដោយអះអាងថា មេភូមិក្រសាំងកមិនបានបំពេញមុខងារតួនាទីខ្លួនឯង ថែមទាំងប្រព្រឹត្តិអំពើពុករលួយប្រកាន់បក្ខពួកនិយមក្នុងការដឹកនាំរបស់ខ្លួន។

ពាក្យបណ្តឹងរបស់ពលរដ្ឋប្តឹងសុំដកមេភូមិ។រូបភាពពី សៅ ស៊ីណា។

ក្នុងខ្លឹមសារពាក្យបណ្ដឹងរបស់ពលរដ្ឋដែលផ្ញើជូនមេឃុំសាន់គ ស្នើដកដំណែងមេភូមិរបស់ខ្លួននោះបានអះអាងថា មេភូមិក្រសាំងកគឺលោក សឿន ឈាង បានប្រព្រឹត្តិអំពើមិនត្រឹមត្រូវ អយុត្តិធម៌ និងមិនចម្រើនផលប្រយោជន៍របស់ប្រជាជន។ ជាងនេះមេភូមិក្រសាំងក ថែមទាំងបានប្រព្រឹត្តអំពើពុករលួយនិងប្រកាន់បក្សពួកនិយម មិនបំពេញកាតព្វកិច្ចមើលការខុសត្រូវក្នុងភូមិ ហើយគិតតែពីរឿងលុយជាធំនៅពេលបំពេញការងារ។ អ្វីដែលធ្វើឱ្យពលរដ្ឋកើតទុកមិនសុខចិត្តនោះគឺពលរដ្ឋថា មេភូមិមិនបានបម្រើឲ្យប្រជាពលរដ្ឋឱ្យបានល្អប្រសើរនោះទេ ហើយរាល់ការដោះស្រាយផ្សេងៗតែងតែលម្អៀង គ្មានសុភ័កវិនិច្ឆ័យ ពិសេសចូលចិត្តគម្រាមកំហែងប្រជាពលរដ្ឋនៅពេលទៅពឹងពាក់ ថែមទាំងកេងប្រវ័ណ្ឌផលប្រយោជន៍ពីប្រជាពលរដ្ឋខ្លួនឯងទៀតផង (ស៊ីលើស៊ីក្រោម)។

ជំនួបប្រជុំដោះស្រាយករណីពលរដ្ឋប្តឹងសុំដកមេភូមិ។រូបភាពពី សៅ ស៊ីណា។

ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំពុំទាន់អាចសុំការឆ្លើយបំភ្លឺពីលោកមេភូមិក្រសាំងកនៅឡើយទេនៅថ្ងៃនេះ តែបើតាមលោក ជួ សួន មេឃុំសានគរបានបំភ្លឺទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងលើករណីនេះរួចហើយ លោកបានបង្កើតក្រុមការងារចុះពិនិត្យ អង្កេតរឿងនេះ ដោយសាកសួរព័ត៌មានទាំងភាគគីពលរដ្ឋ និងមេភូមិកាលពីថ្ងៃទី២១ ខែតុលា។

ជំនួបប្រជុំដោះស្រាយករណីពលរដ្ឋប្តឹងសុំដកមេភូមិ។រូបភាពពី សៅ ស៊ីណា។

តាមរយៈការស៊ើបអង្កេតនេះ រដ្ឋបាលឃុំបានបើកកិច្ចសម្របសម្រួលមួយ ដោយតម្រូវឱ្យមេភូមិសារភាពកំហុស កែប្រែឥរិយាបថខុសឆ្គង នឹងសន្យាបំពេញការងារឱ្យល្អប្រសើរ​ តែប្រជាពលរដ្ឋនៅតែមិនសុខចិត្តហើយប្រកាន់ជំហរសុំដកដំណែងមេភូមិរូបនោះដដែល។

សម្រាប់ជំហររបស់ពលរដ្ឋនេះ លោកមេឃុំសាន់គរមិនទាន់អាចសម្រេចអារកាត់ដកដំណែងតាមការស្នើរបស់ពលរដ្ឋបាននៅឡើយទេ ដោយរង់ចាំការជួយអន្តរាគមន៍ជួយដោះស្រាយទៅថ្នាក់ស្រុកបន្តទៀត។

លោកមេឃុំសាន់គរមានប្រសាសន៍ចុងក្រោយថា ការសម្រេចដកដំណែងមេភូមិក្រសាំងក គឺមិនអាចធ្វើតាមការសំណូរពរឬការតវ៉ារបស់ពលរដ្ឋភ្លាមៗនោះទេ ពោលគឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ដែលមានចែងជាធរណមាន៕

អត្ថបទខ្លីសរសេរដោយ  ​សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង