កម្មករ-កម្មការរិនីរោងចក្រ ខូសម៉ូ តិចស្តាយ ខូអិលធីឌី ប្រមាណជាង ២០០ នាក់ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បី ឱ្យក្រសួងការងារជួយអន្តរាគមន៍ដាក់សម្ពាធថៅកែក្រុមហ៊ុនបញ្ឈប់ការរំលោភសិទ្ធិកម្មករ និងគោរពច្បាប់ការងារ។ លើសពីនេះទៀត ក្រុមកម្មករបានដាក់ញត្តិទៅក្រសួងទាមទារលក្ខខណ្ឌការងារចំនួន ១០ចំណុចផងដែរ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករប្រចាំរោងចក្រ ខូសម៉ូ លោក សៀង សម្បត្តិ បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅព្រឹកថ្ងៃសុក្រ នេះថា មូលហេតុដែលក្រុមកម្មករប្រមូលផ្តុំនៅមុខក្រសួងការងារនេះ គឺក្នុងគោលបំណងដើម្បីឱ្យក្រសួងការងារជួយរកអន្តរាគមន៍ និងត្រូវដោះស្រាយជាបន្ទាន់ទាក់ទងនឹងវិវាទការងាររវាងក្រុមកម្មករ និងថៅកែរោងចក្រ ខូសម៉ូ ដែលមានភាពចម្រូងចម្រាស់គ្នាអស់រយៈពេល ៩ ថ្ងៃមកហើយ។
លោក សៀង សម្បត្តិបន្តថា បន្ទាប់ពីដាក់ញត្តិនៅក្រសួងការងារហើយ លោក និងបន្តយកញត្តិទៅដាក់នៅរដ្ឋសភាជាតិ ខុទ្ទកាល័យសម្តេច ហ៊ុន សែន និងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ពីបញ្ហានេះបន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា លក្ខខណ្ឌដែលក្រុមកម្មករទាមទារឱ្យថៅកែរោងចក្រនេះផ្តល់ជូនពួកគេនេះរួមមាន៖ «អ្វីដែលយើងឃើញនោះមាន ១៥ ចំណុចដែលមានលិខិតអមស្រាប់របស់កម្មករ ឧទាហរណ៍ទី០១ ក្រុមហ៊ុនត្រូវផ្តល់លុយជំនាញដូចដើមវិញ ទី០២ ត្រូវផ្តល់លុយបន្ថែមដូចដើមវិញ ទី០៣ ត្រូវផ្តល់លុយសហការផ្សេងៗដូចមុនវិញជាដើម…»។
កម្មកររោងចក្រ ខូសម៉ូ លោក មឿន ឈីត បាននិយាយថា ថៅកែរោងកច្រនេះ មានការគាបសង្កត់ និងរំលោភសិទ្ធិការងារកម្មករយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត លោកថា ថៅកែក្រុមហ៊ុន បានកាត់ប្រាក់ខែកម្មករ ដោយគ្មានមូលហេតុ៖ «មកពីកាត់លុយ ៥ រៀល [ដុល្លារ] ហើយលុយជំនាញ លុយទៀងទាត់កាត់អស់រលីងហ្មង អ្នកអត់ឈប់ក៏កាត់ដែរ លុយ ៥ រៀល ធ្លាប់បានប្រចាំខែកាត់ចោលទាំងអស់ សូមជួយរកដំណោះស្រាយឱ្យលុយកម្មករ ទាំងអស់គ្នា»។
ជុំវិញបញ្ហានេះ វិទ្យុស្ត្រីមិនទាន់អាចស្វែងរកការឆ្លើយតបពីភាគីរោងចក្របាននៅឡើយទេ នៅថ្ងៃនេះ។ ចំណែកបញ្ហាកម្មករដាក់ញត្តិនៅមុខក្រសួងការងារវិញ ប្រធានការិយាល័យអន្តរាគមន៍នៃគណកម្មការដោះស្រាយបាតុកម្មនិងកូដកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា បានចេញមកទទួលយកញ្ញតិ្ត និងបានអៈអាងថា ក្រសួងការងារនិងជួយរកអន្តរាគមន៍ជូនដល់កម្មករ ប៉ុន្តែលោកមិនទាន់អាចកំណត់ពីពេលវេលា ថានៅថ្ងៃណានៅឡើយទេ ដោយឱ្យរង់ចាំថ្នាក់លើជាអ្នកសម្រេច។
លោក អ៊ូ រតនា ស្នើឱ្យកម្មករត្រូវអត់ធ្មត់រង់ចាំដំណោះស្រាយពីក្រសួងការងារ និងជៀសវាងការប្រើប្រាស់អំពើហិង្សា៖ «ក្រសួងនឹងតាមការពាររាល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត និងមិនព្រងើយកន្តើយចំពោះកម្មករនិយោជិតនោះទេ បើយើងយកអំពើហិង្សាវាទៅជារឿងមួយផ្សេងហើយ…» ។
គួរបញ្ជាក់ផងដែរថា កម្មករ-កម្មការរីនី រោងចក្រ ខូសម៉ូ តិចស្តាយ ខូអិលធីឌី បានទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុន ខូសម៉ូ ប្រមាណជា ១០ ចំណុមមាន៖ ទី១ ស្នើសុំឱ្យរោងចក្រត្រូវអនុញ្ញាត្តិឱ្យស្ត្រីមានផ្ទៃពោះបានទៅពិនិត្យសុខភាព ១ថ្ងៃ ក្នុង១ខែ ដោយរក្សាប្រាក់ឈ្នួល ប្រាក់រង្វាន់ទៀងទាត់ និងអត្ថប្រយោជន៍ផ្សេងនៅដដែល, ទី២ សូមឱ្យរោងចក្ររក្សានូវប្រាក់រង្វាន់ផ្នែកអ៊ុតដែលធ្លាប់ទទួលបានពីមុនមកឱ្យនៅដដែលជូនកម្មករ, ទី៣ ស្នើសុំឱ្យរោងចក្រផ្តល់ប្រាក់បន្ថែមលើប្រាក់បាយថ្ងៃត្រង់ចំនួន ២០០០ រៀលជូនកម្មករ-កម្មការិនី និងលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត៕