វចនានុក្រមខ្មែរខកខានធ្វើបច្ចុប្បន្នកម្មអស់រយៈពេលជាង ៥៥ឆ្នាំមកហើយបើគិតមកទល់នឹងឆ្នាំ២០២២។ តែយ៉ាងណានៅក្នុងឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ ដើម្បីបន្តវឌ្ឍនភាព អភិរក្ស និងអភិវឌ្ឍភាសានិងអក្សរសាស្រ្តខ្មែរ។ ក៏ប៉ុន្តែនៅក្នុងដំណើរការរធ្វើបច្ចុប្បន្នភាពនេះរមែងជួបប្រទះនូវឧបសគ្គមួយចំនួនដែលទាមទារឱ្យមានដំណោះស្រាយជាបន្តបន្ទាប់។ តើឧបសគ្គក្នុងការធ្វើបច្ចុប្បន្នកម្មនិងទំនើបកម្មនៃវចនានុក្រមឆ្នាំ២០២២នេះមានអ្វីខ្លះ? ហើយតើដំណើរការប្រព្រឹត្តទៅយ៉ាងដូចម្តេច? តទៅនេះសូមស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា កែវ សុជាតា ដោយមេត្រី៖
វចនានុក្រមខ្មែរជាផ្លូវការដែលសាធារណជនទូទៅហៅថា វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបោះពុម្ពផ្សាយលើកទី៥ នៅក្នុងឆ្នាំ១៩៦៧ ដែលពុំបានធ្វើបច្ចុប្បន្នភាពអស់កាលជាច្រើនឆ្នាំបើគិតមកដល់ឆ្នាំ២០២២។ ក្នុងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន នៅខែសីហា ឆ្នាំ២០១៨ បានសម្រេចឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរដោយបង្កើតវចនានុក្រមមួយផ្សេងទៀតដែលហៅថាវចនានុក្រមឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំវចនានុក្រមខ្មែរ រៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមទាំងឯកសារជាសៀវភៅ និងលក្ខណៈអេឡិចត្រូនិកដែលសាធារណជនអាចទាញយកប្រើប្រាស់នៅក្នុងទូរសព្ទបានយ៉ាងងាយស្រួល និងស្វែងរកពាក្យបានយ៉ាងឆាប់រហ័ស។
រូបភាព៖ ក្រសួងព័ត៌មាន
វចនានុក្រមខ្មែរ២០២២ដែលរៀបចំឡើងដោយគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរនៅខាងស្តាំ ខណៈវចនានុក្រមនៅខាងឆ្វេងរៀបចំនិងឧបត្ថម្ភដោយអាជ្ញាធរអគ្គិសនីកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ហ៊ាង សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា ការធ្វើបច្ចុប្បន្នកម្មវចនានុក្រមឆ្នាំ២០២២នេះ គឺឈរទៅលើមូលដ្ឋានគ្រឹះនៃវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយលើកទី៥ទាំងស្រុង។ ក្រៅតែពីចម្លងពាក្យដែលមានស្រាប់នៅក្នុងឯកសារវចនានុក្រមឆ្នាំ១៩៦៧ គណៈកម្មាធិការជាតិរៀបចំវចនានុក្រមខ្មែរ បានបន្ថែមសូរអានទៅលើពាក្យដែលមិនមាន ដ្បិតវចនានុក្រមពីដើមដាក់សូរអានសម្រាប់ពាក្យដែលពិបាកអានប៉ុណ្ណោះ។ ក្នុងនោះ គណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរក៏បានកែសម្រួលថ្នាក់ពាក្យឱ្យសល់ត្រឹមតែ ៨ថ្នាក់ពាក្យ ដើម្បីស្របតាមកម្មវិធីសិក្សានាពេលបច្ចុប្បន្នផងដែរ។ វចនានុក្រមឆ្នាំ២០២២នេះ គឺជាបណ្តុំនៃពាក្យថ្មីៗ ដោយរួមបញ្ចូលទាំងពាក្យប្រើប្រាស់នៅក្នុងវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យាជាដើម។
លោក ហ៊ាន សុខុម ប្រធានក្រមប្រឹក្សាជាតិភាសាខ្មែរ។ រូបភាព៖ WMC/Seanglim
នៅក្នុងរបាយការណ៍មួយស្តីពី «វិធីសាស្ត្រនៃការចងក្រងវចនានុក្រមខ្មែរឆ្នាំ២០២២និងតម្រូវការសម្រាប់ធ្វើបច្ចុប្បន្នកម្មនិងទំនើបកម្មក្នុងពេលអនាគត» បានបង្ហាញថា កត្តាធនធានមនុស្សជាបញ្ហាប្រឈមចម្បងសម្រាប់ការធ្វើបច្ចុប្បន្នកម្មលើវចនានុក្រម។ ធនធានមនុស្សដែលចូលរួមរៀបចំវចនានុក្រមខ្មែរឆ្នាំ២០២២នេះ ជាធនធានជាតិសុទ្ធសាធ និងមានចំនួនតិចតួច ខណៈកន្លងមកនៅតាមសាកលវិទ្យាល័យពុំមានការបណ្តុះបណ្តាលវចនានុក្រមវិទ្យាដែលជាហេតុធ្វើឱ្យក្រុមការងារទាំងអស់ត្រូវរៀនបណ្តើរ អនុវត្តបណ្តើរ។ ចំណែកភាសាបាលី-សំស្រ្កឹត ត្រូវការធនធានព្រះសង្ឃ និងគ្រហស្ថដែលមានចំណេះដឹងខាងនេះមកជួយដោះស្រាយផងដែរ។
រូបភាពពីអ៊ីនធើណេត
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះបញ្ជាក់បន្ថែមដែរថា កត្តាបច្ចេកទេសដូចជាបញ្ហាកម្រងទិន្នន័យភាសាដែលជាកម្មវិធីកុំព្យូទ័រដែលមានលទ្ធភាពជួយវិភាគលើទិដ្ឋភាពភាសា(ន័យ និងសម្ព័ន្ធជាដើម) ក៏ជាឧបសគ្គនៅក្នុងធ្វើទំនើបកម្មវចនានុក្រមខ្មែរឆ្នាំ២០២២ផងដែរ។ ដោយថវិកាមានកម្រិត ដូចនេះក្រុមការងារពុំមានលទ្ធភាពប្រើប្រាស់កម្រងទិន្នន័យភាសាដែលល្អឱ្យលើសពីការចំណាយបាននោះឡើយ ពោលគឺបច្ចុប្បន្នក្រុមការងារប្រើប្រាស់កម្រងទិន្នន័យភាសាស៊ីឡាំង (SEAlang Library Khmer Dictionary) ដោយឥតគិតថ្លៃ។ ជាងនេះ វចនានុក្រមខ្មែរពុំមានកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធណាមួយដែលអាចប្រើប្រាស់បានពេញលេញនៅឡើយទេ។ រីឯ វេយ្យាករណ៍ បញ្ហាពុម្ពអក្សរ ក្តារចុច និងសុសវែរ(software)សម្រាប់ភាសាខ្មែរ ក៏នៅមិនទាន់ល្អគ្រប់គ្រាន់នោះដែរ។
លោក ហ៊ាង សុខុម៖ «បញ្ហាបច្ចេកវិទ្យា បច្ចេកវិទ្យាហ្នឹងកាលណាយើងសរសេរដោយដៃផ្សេង។ កាលណាយើងវាយបញ្ចូលទៅក្នុងកុំព្យូទ័រវាផ្សិង។ ឧទាហារណ៍ថា ឌីជីវថលយើងវាយចូលទៅតាមយើងអាន អ៊ីចឹងឧទាហរណ៍ថាសព្វាវុធ។ អ៊ីចឹងយើងថាសរសេរ ស+ព+្វ+ា+វ+ុ+ធ។ ក៏ប៉ុន្តែអ្នកខ្លះគាត់វាយមិនមែនវាយបែបហ្នឹងទេ។ គាត់ផ្លូវកាត់គាត់សរសេរ ស+ញ+្វ+ា+វ+ុ+ធ។ ក៏ប៉ុន្តែពាក្យ «សព្វាវុធ» មិនពាក់ព័ន្ធជាមួយនឹងអក្សរ ញ ទេ។ អ៊ីចឹងនៅក្នុងឌីជីវថល ម៉ាស៊ីនមិនស្គាល់ពាក្យហ្នឹងថាជាអីទេ។ ករណីហ្នឹងជាឧបសគ្គរបស់យើងដែរនៅក្នុងការដែលkeyboard(ក្តារចុច)របស់យើងអត់ទាន់ perfect (ឥតខ្ចោះ) អត់ទាន់ល្អបានគ្រប់ជ្រុងជ្រោយ។»។
លោក ហ៊ាន សុខុម ប្រធានក្រមប្រឹក្សាជាតិភាសាខ្មែរ។ រូបភាព៖ WMC/Reaksmey
យោងទៅតាមរបាយការណ៍ខាងលើដដែល ទោះបីជាវចនានុក្រមឆ្នាំ២០២២មានភាពឆកល្វែងតិចតួចដោយអចេតនាក៏ដោយ ក៏វចនានុក្រមនេះមានតម្លៃជាប្រវត្តិសាស្រ្តយ៉ាងធំធេងដែលជាសមិទ្ធផលជាតិនិងមនុស្សជាតិសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ននិងអនាគត។ លោក ហ៊ាង សុខុម ថា បញ្ហាដែលក្រុមការងារជួបប្រទះនៅអំឡុងពេលបំពេញការងារមិនបានបង្អាក ឬក្លាយជាចលកររារាំងឆន្ទៈរបស់ក្រុមការងារនោះឡើយ ដោយសារតែដរាបណាមានបញ្ហាដរាបនោះប្រាកដជាមានដំណោះស្រាយ។ ជាងនេះ លោកសង្កត់ធ្ងន់ថា ពាក្យដែលប្រជាពលរដ្ឋទូទៅប្រើប្រាស់មានច្រើនពីមួយទៅថ្ងៃមួយ ដែលតម្រូវឱ្យវចនានុក្រមធ្វើបច្ចុប្បន្នកម្មឱ្យបានជាប្រចាំ ក៏ប៉ុន្តែពាក្យដែលត្រូវបញ្ចូលទុកជាឯកសារនៅក្នុងវចនានុក្រមនេះ គឺគប្បីត្រូវមានសេ្ថរភាពក្នុងចង្កោមអ្នកប្រើប្រាស់យ៉ាងហោចណាស់ចំនួន៥ឆ្នាំ។
លោក ហ៊ាង សុខុម៖ «វចនានុក្រមគឺជាកិច្ចការដែលយើងធ្វើជាប្រចាំ ហើយបើកាលណាយើងអត់មានមូលនិធិអីទាំងអស់ ទោះជាពីខាងរដ្ឋាភិបាលក៏ដោយ ពីខាងវិស័យឯកជនក៏ដោយ យើងមិនអាចបន្តការងារហ្នឹងបានទេ។ ពីព្រោះការងារហ្នឹងមែនមនុស្សតិចទេ គឺត្រូវការមនុស្សច្រើន។ អ៊ីចឹងយើងត្រូវការថវិកាចំនួនណាមួយ ហើយពេលវេលាណាមួយកំណត់ ទើបយើងអាចធ្វើទៅបាន។ អ៊ីចឹងបើសិនជាទៅអនាគត អ្នកដែលពាក់ព័ន្ធហ្នឹងគឺគួរតែគិតពេលវេលាណាមួយសមស្រប [និង]អាចផ្តល់ជាថវិកាឬមូលនិធិ ដើម្បីឱ្យក្រុមការងារហ្នឹងគាត់បន្តការងាររបស់គាត់តទៅមុខទៀត។»។
រូបភាពពីអ៊ីនធើណេត
ចំពោះអ្នកប្រើប្រាស់វចនានុក្រមអេឡិចត្រូនិក គឺលោក សឿន អ៊ុន មន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាប ឱ្យដឹងថា វចនានុក្រមនេះផ្តល់ភាពងាយស្រួលសម្រាប់លោកក្នុងការស្វែងរកពាក្យដើម្បីប្រើប្រាស់ និងប្រាកដថាមិនខុសអក្ខរាវិរុទ្ធឬអត្ថន័យ។ សម្រាប់លោកជាមន្រ្តីរាជការមួយរូប តែងត្រូវការប្រើពាក្យពេចន៍ឱ្យបានសមរម្យ និងត្រឹមត្រូវទៅតាមក្បួនខ្នាតជៀសវាងការប្រើពាក្យមិនត្រូវបរិបទ ឬសរសេរខុសអក្ខរាវិរុទ្ធនៅក្នុងប្រការណាមួយ ពិសេសលោកក៏ពុំសូវចេះមើលឯកសារវចនានុក្រមជាសៀវភៅផងនោះទើបធ្វើឱ្យលោកយល់ថាការប្រើវចនានុក្រមអេឡិចត្រូនិកផ្តល់ភាពវិជ្ជមានជាច្រើនទៅដល់អ្នកប្រើប្រាស់។ លោកបញ្ជាក់ដែរថា វចនានុក្រមខ្មែរឆ្នាំ២០២២នេះ សម្បូរទៅដោយពាក្យថ្មីៗទៅតាមវិស័យនានា។
លោក សឿន អ៊ុន៖ «ខ្ញុំគិតថា ការប្រើវចនានុក្រមឌីជីវថលនេះមានការរីកចម្រើនច្រើន បើប្រៀបធៀបទៅហ្នឹងវចនានុក្រមពីមុន ដោយសារយើងងាយស្រួលក្នុងការរកពាក្យ។ ភាពងាយស្រួលយើងរកពាក្យបានរហ័ស យើងមិនចាំបាច់ទៅប្រើវចនានុក្រម(សៀវភៅ)បើកម្តងមួយៗ។ កាលពីមុន យើងចង់រកពាក្យអី យើងអត់ចេះឆែក(ស្វែងរក)ពាក្យនៅក្នុងវចនានុក្រមផង យើងត្រូវប្រើរយៈពេលយល់។ ដល់ពេលយើងបានវចនានុក្រមឌីជីវថលអ៊ីចឹងមក យើងឆែក(ស្វែងរក)នៅក្នុងរយៈពេលខ្លី។»។
លោក សឿន អ៊ុន មន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាប។ រូបភាព៖ WMC/Reaksmey
ដោយឡែក លោកស្រី ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញស្រដៀងគ្នានឹងលោក សឿន អ៊ុនផងដែរ ដោយក្នុងនោះលោកស្រីថា ការធ្វើបច្ចុប្បន្នភាពលើវចនានុក្រមខ្មែរឆ្នាំ២០២២នេះ គឺជារឿងល្អ ដោយហេតុថាប្រជាពលរដ្ឋទូទៅអាចមានពាក្យថ្មីទៅតាមសម័យកាល។ វចនានុក្រមដែលគណៈកម្មាធិការរៀបចំជាទម្រង់អេឡិចត្រូនិក កាន់តែផ្តល់ភាពងាយស្រួលទៅដល់មនុស្សគ្រប់ស្រទាប់វ័យដែលពិបាកក្នុងការស្វែងរកពាក្យនៅក្នុងឯកសារ ប្តូរមកស្វែងរកពាក្យនៅក្នុងទូរសព្ទដោយគ្រាន់តែវាយពាក្យនោះនៅក្នុងកម្មវិធីស្វែងរកជាការស្រេច។ ជាងនេះ លោកស្រីសុំលើកទឹកចិត្តដល់សាធារណជននាំគ្នាចូលរួមគិតគូរពីតម្លៃនៃភាសានិងអក្សរសាស្រ្តខ្មែរ ពិសេសលោកស្រីជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំវចនានុក្រមបន្តឆន្ទៈ និងសកម្មភាពឱ្យបានយ៉ាងរលូន។
លោកស្រី ជា វណ្ណី៖ «រឿងពាក្យថាគ្រប់គ្រាន់ហ្នឹង វាអត់អាចគ្រប់គ្រាន់ទេ។ វាតែងតែធម្មតាទេ ពាក្យខ្លះជាគ្រាមភាសា។ ពាក្យខ្លះកើតមកហើយក៏បាត់បង់ទៅវិញ។ ពាក្យខ្លះក៏មានកើតថ្មី អ៊ីចឹងឱ្យពាក្យថាគ្រប់គ្រាន់មួយរយភាគរយគឺអត់មានទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឃើញថាវចនានុក្រមនេះគឺបានបំពេញនូវចំណុចខ្វះចន្លោះមួយចំនួន។ ចាស!មិនមែនថាសម្តេចសង្ឃរាជ ជួនណាត លោកធ្វើខ្វះចន្លោះទេ ដោយសារតែពាក្យបច្ចុប្បន្នភាពកើតឡើងថ្មីៗ។ អ៊ីចឹងជាការបំពេញបន្ថែមពីលើពាក្យចាស់ទៀតទៅ គឺពាក្យកាន់តែសម្បូរបែប ហើយងាយស្រួលក្នុងការប្រើ។ ហើយជាពិសេសសូមឱ្យកូនខ្មែរទាំងអស់ ស្រឡាញ់នូវវិស័យអក្សរសាស្រ្តជាតិនេះ លៃយ៉ាងណាគឺយើងចូលរួមទាំងអស់គ្នា កុំឱ្យយើងសរសេរខុសព្រោះយើងមានវចនានុក្រមជាសៀវភៅផង ជាអេប(app)ផង នៅក្នុងការត្រួតពិនិត្យនូវពាក្យខ្មែររបស់យើង ហើយសូមរក្សានូវអត្តសញ្ញាណភាសាយើងទាំងអស់គ្នា ព្រោះភាសាចូលរួមចំណែកយ៉ាងសំខាន់ ហើយចម្បងនៅក្នុងការបង្ហាញអត្តសញ្ញាណជាតិរបស់យើង។»។
លោកស្រី ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបភាព៖ WMC/Reaksmey
នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះមានភាពរីកចម្រើនកាន់តែច្រើនឡើង លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងក្នុងបរិបទសាកលភាវូបនីយកម្មដែលចាំបាច់ត្រូវមានពាក្យប្រើប្រាស់ឱ្យស្របតាមតម្រូវការរបស់សង្គម ដូចនេះហើយទើបគណៈកម្មាធិការជាតិមួយបានបង្កើតឡើងដើម្បីធ្វើទំនើបកម្មនិងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរក្នុងស្មារតីស្រឡាញ់ថែរក្សា និងលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ។ វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ប្រើប្រាស់រយៈពេល៥ឆ្នាំគឺចាប់ពីឆ្នាំ២០១៨-២០២២ ដើម្បីបញ្ចប់កិច្ចការទាំងមូលនិងអាចដាក់ចេញឱ្យសាធារណជនប្រើប្រាស់ជាផ្លូវការ។ លោក ហ៊ាន សុខុម បានបញ្ជាក់ដែរថា បច្ចុប្បន្នពាក្យដែលបានដាក់បញ្ចូលទៅក្នុងវចនានុក្រមខ្មែរនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការជំរុញឱ្យធ្វើបច្ចុប្បន្នភាពបន្តទៅទៀត។ លោក បន្ថែមទៀតថា ពាក្យមួយចំនួនលេចឡើងក្នុងសង្គមខ្មែររួចក៏បាត់ទៅវិញ ខណៈពាក្យខ្លះទៀតមានស្ថេរភាពក្នុងការប្រើប្រាស់ ដូចនេះវាក្យសព្ទឬពាក្យដែលនឹងដាក់បញ្ចូលក្នុងវចនានុក្រម គឺជាពាក្យដែលមានស្ថេរភាព៕