ព្រះវិហារ៖នៅទីបំផុតនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានសម្រេចចងក្រងករណីលោក បេន និងក្រុមការងារ ទាក់ទងករណីប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ទៅតុលាការហើយ បន្ទាប់ពីបានកោះហៅមកសាកសួរ។នេះបើតាមការគូសបញ្ជាក់ពីលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជាក់ប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារនៅរសៀលថ្ងៃទី២១ ខែតុលានេះ។
ចំណែកការសម្រេចឃុំខ្លួនលោក បេន និងក្រុមការងារ យ៉ាងណានោះ គឺអាស្រ័យលើការស៊ើបអង្កេតបន្តនិងជាសេចក្តីសម្រេចរបស់តុលាការខេត្ត តែបច្ចុប្បន្ននេះស្នងការខេត្តមិនបានឃុំខ្លួនទាំងបួននាក់នៅឡើយនោះទេ។នេះបើតាមការបញ្ជាក់បន្ថែមពីលោកវរសេនីយ៍ឯក គង់ គា។ ចំពោះករណីនេះលោក បេន និងក្រុមការងារ អាចត្រូវរងបទចោទ បង្កហិង្សាដោយចេតនាលើបុរសអ្នកភូមិម្នាក់មានឈ្មោះ កោះ សៀម។
រូបភាពលោក បេន ក្នុងសកម្មភាពចុះល្បាតព្រៃអភិរក្ស។រូបភាពពីUSAID។
សូមរំលឹកបន្តិចថា កាលពីថ្ងៃទី១២ ខែតុលា មានផ្ទុះហេតុការណ៍ប្រតាយប្រតប់គ្នាកើតឡើងរវាងភាគីក្រុមមន្ត្រីអភិរក្សសហគមន៍ភ្នំត្នោត ភ្នំពក របស់លោក បេន ដាវីស ជាមួយបុរសម្នាក់មានឈ្មោះ កោះ សៀម ត្រង់ចំណុច ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ហេតុការណ៍នោះបណ្ដាលឱ្យមនុស្ស ២ នាក់បានរងរបួស គឺលោក កោះ សៀម និងលោក សឿង សារ៉ុន ជាកងរាជអាវុធហត្ថនិងជាកម្លាំងសហការណ៍ជាមួយលោក បេន។
ផ្អែកតាមកំណត់ហេតុរបស់លោក បេន ដាវីស ប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត ភ្នំពក កាលពីថ្ងៃទី១៤ ខែតុលា និងតាមរយៈវីដេអូឃ្លីបរបស់លោក បេន បានរាប់រៀបដើមចមដែលនាំឱ្យមានរឿងរ៉ាវនេះថា គឺកាលពីថ្ងៃទី១២ ខែតុលា ក្រុមការងាររបស់លោក បេន ចំនួនពីរនាក់បានចុះល្បាតនៅតំបន់ការពារដោយសង្ស័យមានការដាក់ដាយត្រីក្រឡាសំណាញ់សម្រាប់ចាប់ត្រី និងសត្វគ្រប់ប្រភេទនៅក្នុងទឹកខុសច្បាប់។ បន្ទាប់មកគ្រាដែលក្រុមការងារដើរឆ្លងកាត់ចម្ការស្វាយចន្ទីររបស់ឈ្មោះ កោះ សៀម ក៏បុគ្គល កោះ សៀម បានទាញកាំបិទដេញក្រុមការងារលោក បេន ហើយស្រែកគំរាមកុំឱ្យមកម្តងទៀត។
នៅថ្ងៃដដែលនោះ លោក បេន ក៏នាំកម្លាំងកងរាជអាវុធហត្ថនិងក្រុមការងារទៅសួរនាំបញ្ហានេះនៅផ្ទះឈ្មោះ កោះ សៀម តែពេលទៅដល់ក៏ស្រាប់តែផ្ទុះរឿងប្រតាយប្រតប់គ្នាកើតឡើងក្នុងផ្ទះបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។
សូមបញ្ជាក់ថា លោក បេន ដាវីស ជាជនជាតិអាមេរិកកាំងត្រូវបានស្គាល់ថាជាអ្នកការពារធម្មជាតិកម្ពុជានៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយលោកទទួលបានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង។
តែយ៉ាងណាកន្លងមកបុរសវ័យជិត៦០ រូបនេះ និងក្រុមការងារ ធ្លាប់រងការគំរាមគំហែងដល់អាយុជីវិតជាញឹកញាប់ ពីសំណាក់ជនល្មើសក្នុងបរិវេណដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នេះផងដែរ៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។