ខេត្តកំពង់ធំ ៖ក្រោមវគ្គបណ្តុះបណ្តាលរបស់អង្គការ សកម្មភាពដើម្បីអភិវឌ្ឍ(AFD) ក្រុមស្រ្តីៗជនជាតិដើមភាគតិចកួយស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានហាត់រៀនពីជំនាញកែច្នៃរំដេងព្រៃនិងរំដេងដែលដាំក្នុងភូមិជាម្ស៉ៅ ដើម្បីលក់ចែកចាយក្នុងស្រុកនិងនាំទៅលក់នៅក្រៅប្រទេសទៀតផង។
សកម្មភាពបណ្តុះបណ្តាលមេរៀនស្តីពីការកែច្នៃម្ស៉ៅរំដេងនៅសហគមន៍ជនជាតិដើមភាគតិចកួយឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។
ក្រុមស្រ្តីជនជាតិដើមភាគតិចកួយចំនួនប្រហែល ២០ គ្រួសារដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ ពួកគេពីមុនបានចូលព្រៃជីកដកមើមរំដេងយកទៅលក់ស្រស់ៗបានត្រឹមមួយគីឡូក្រាមតែជាង ៣ ពាន់រៀលតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលក្រុមស្រ្តីទាំងនោះចេះកែច្នៃរំដេងស្រស់ជាម្ស៉ៅហើយនោះ ពួកគេនឹងទទួលបានកម្រៃខ្ពស់ជាមុនទ្វេដង។ នេះជាការគូសបញ្ជាក់ពីបុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍ(AFD)ប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ កាលពីដើមខែតុលានេះ។
សកម្មភាពបណ្តុះបណ្តាលអនុវត្តផ្ទាល់ស្តីពីការកែច្នៃម្ស៉ៅរំដេងនៅសហគមន៍ជនជាតិដើមភាគតិចកួយឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។
លោក សុវណ្ណ សៃ បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍ ហៅកាត់ថា AFD ប្រាប់ឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសសី្តពីរបៀបកែច្នៃរំដេងស្រស់ជាម្ស៉ៅនេះ ជាកម្មវិធីមួយនៃការអភិវឌ្ឍន៍ចំណេះដឹងនិងសមត្ថភាពរបស់ប្រជាសហគមន៍ឱ្យមានភាពច្នៃប្រឌិតខ្ពស់ អាចកែខៃផល និងអនុផលព្រៃឈើ ឬផលដំណាំដែលដាំក្នុងភូមិស្រុក ទៅជាផលិតផលប្រើប្រាស់នានាអាចលក់បានក្នុងតម្លៃមួយសមរម្យ។ មួយវិញទៀត លោកបញ្ជាក់ថា កម្មវិធីនេះក៏ជាផ្នែកមួយជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចផងដែរ ព្រោះផលិតផលម្ស៉ៅរំដេងនឹងត្រូវវេចខ្ចប់លក់លើទីផ្សារក្នុងស្រុក និងនាំទៅបរទេស ដែលអាចទទួលបានកម្រៃខ្ពស់ជាងការលក់មើមរំដេងស្រស់។
លោក សុវណ្ណ សៃ បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍ ហៅកាត់ថា AFD។រូបភាព សៅ ស៊ីណា។
ជុំវិញរឿងនេះលោកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូរសោម និងជាជនជាដើមភាគតិចកួយភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈប្រយោជន៍ណាស់ដល់ជីវភាពរស់នៅ ពិសេសការប្រើប្រាស់ធនធានធម្មជាតិ ផល អនុផលព្រៃឈើក្នុងមូលដ្ឋាន។ អ្វីដែលធ្វើឱ្យលោកស្រីប្រធានសហគមន៍ព្រៃឈើអូរសោមមានមោទនភាពទៀតនោះ គឺការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់រុករកអនុផលព្រៃឈើ តួយ៉ាងដូចជាការដករំដេងមកលក់ស្រស់ៗក្នុងតម្លៃថោកៗ ដោយអាចលក់បានក្នុងតម្លៃថ្លៃសមរម្យ សាកសមការចំណាយពេលវេលា និងកម្លាំងពលកម្ម។
លោកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូរសោម។រូបភាព សៅ ស៊ីណា។
ស្រ្តីកសិករជនជាតិដើមភាគតិចកួយមួយរូបរស់នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យគឺអ្នកស្រី អន ស៊ីនឿន វ័យ ៣៦ឆ្នាំ ដែលបានឆ្លងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសកែច្នៃរំដេងនេះ ប្រាប់ពីអត្ថប្រយោជន៍របស់រំដេងថា គេអាចយករំដេងទៅប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត ធ្វើជាឱសថព្យាបាលជំងឺក្រពះ ពោះវៀន និងធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ស្ត្រីជនជាតិដើមភាគតិចរូបនេះ សម្តែងក្តីរីករាយដែលប្រជាសហគមន៍ទទួលបានចំណេះជំនាញកែច្នៃរំដេងនេះ ព្រោះអាចទទួលបានចំណូលគាប់ប្រសើរជាងមុនដោយអាចផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបានមួយចំណែកផងដែរ។
អ្នកស្រី អន ស៊ីនឿន។រូបភាព សៅ ស៊ីណា។
ដោយឡែក យុវតីជនជាតិដើមភាគតិចកួយមួយរូបទៀតវ័យជាង ២០ឆ្នាំ មានឈ្មោះ ឌី អឿ លើកឡើងថា រំដេងនេះមានសម្បូរណាស់នៅតាមភូមិក្បែរផ្ទះនិងក្នុងព្រៃ ដែលអាចឱ្យស្រ្តីៗក្នុងភូមិអាចរកប្រមូលបានយកមកកែច្នៃជាម្ស៉ៅរំដេង។ កញ្ញាសម្តែងក្តីរីករាយដែលផលិតផលជាស្នាដៃរបស់ស្រ្តីជនជាតិភាគតិចកួយបានចរាចរលក់លើទីផ្សារក្នុងស្រុក និងបាននាំទៅទីផ្សារអឺរ៉ុបថែមទៀត។
យុវតីជនជាតិដើមភាគតិចកួយមួយរូបទៀតវ័យជាង ២០ឆ្នាំ មានឈ្មោះ ឌី អឿ។រូបភាព សៅ ស៊ីណា។
តាមការគូសបញ្ជាក់ពីប្រធានសហគមន៍ព្រៃឈើអូរសោមឱ្យដឹងថា ដំណើរការកែច្នៃម្ស៉ៅរំដេងរបស់សហគមន៍ជនជាតិដើមភាគតិចកួយនេះ អាចនឹងចាប់ផ្តើមដំណើរការនៅចុងខែតុលានេះ ខណៈកំពុងរង់ចាំម៉ាស៊ីននិងឧបករណ៍កែច្នៃដែលគាំទ្រដោយអង្គការ AFD។
ដើមរំដេងក្នុងសហគមន៍។រូបភាព សៅ ស៊ីណា។
យោងតាមការសិក្សាឆ្នាំ ២០១៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីសារធាតុចិញ្ចឹមឱ្យដឹងថា រំដេងមានសក្តានុពលប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងកោសិកាមហារីក មហារីកក្រពះផងដែរ។ ជាងនេះ រំដេងជួយប្រឆាំងនឹងការរលាក បង្កើនប្រព័ន្ធភាពសុំា កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងអាចថយចុះ។ បន្ថែមជាងនេះ រំដេងក៏មានមុខងារប្រឆាំងអុកស៊ីតកម្មគឺឥទ្ធិពលរបស់វាជួយទៅលើសុខភាពខួរក្បាល ពិសេសជួយបង្កើនកម្លាំង និងការផលិតមេជីវិតឈ្មោលដែលល្អសម្រាប់អ្នកដែលមានបញ្ហាផ្លូវភេទ៕
អត្ថបទខ្លីសរសេរដោយ សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។