រូបភាពបណ្ដាញសង្គមហ្វេសប៊ុក។
ភ្នំពេញ៖ សារព័ត៌មាន ខេម-ហតញ៉ូ (Cam-hotnews) បានលុបចោលឃ្លីបវីដេអូជនជាតិចិនបាញ់ប្រហារគ្នាយ៉ាងឃោរឃៅក្នុងភោជនីយដ្ឋានមួយ ខណៈហេតុការណ៍មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ ការលុបចេញវិញនេះ ក៏បន្ទាប់ពីមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានប្រតិកម្មបញ្ជាក់ថា សកម្មភាពបាញ់ប្រហារនេះ មិនមែនកើតឡើងនៅកម្ពុជាទេ គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កញ្ញា កែវ សុជាតា រាយការណ៍
ក្នុងវីដេអូដែលសារព័ត៌មាន Cam-hotnews បានផ្សព្វផ្សាយ ហើយក្រោយមកក៏មានការលុបចេញវិញ គឺបានសរសេរថា «បើតាមវីដេអូ បុរសពាក់អាវខ្មៅបានបាញ់អស់ ៧គ្រាប់»។ បន្ទាប់ពីមានការផ្សព្វផ្សាយអ្នកប្រើប្រាស់បណ្តាញសង្គមក៏បន្តចែកចាយធ្វើឱ្យមានការភ័ន្តច្រលំ ដោយខ្លះបញ្ចេញមតិថា ហេតុអ្វីជនជាតិចិនអាចកាន់កាំភ្លើងធ្វើសកម្មភាពបែបនេះដោយគ្មានច្បាប់គ្រប់គ្រង។
ទាក់ទងក្នុងរឿងនេះលោកចាងហ្វាងសារព័ត៌មាន ខេម-ហតញ៉ូ (Cam-hotnews) បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៨ ខែតុលាថា លោកទទួលបានវីដេអូបាញ់ប្រហារគ្នានេះពីក្នុងគ្រុបតេលេក្រាម ខណៈដែលអ្នកផ្ញើរវីដេអូនេះ គឺមិនមានការបញ្ជាក់ទីតាំងណាច្បាស់លាស់ឡើយ។ លោកថា ដោយសារឃើញវីដេអូមានការបាញ់ប្រហារល្អ និងជាព័ត៌មានថ្មីលោកក៏បានយកទៅផុសផ្សព្វផ្សាយបន្តទៀតនៅលើទំព័រព័ត៌មានរបស់ស្ថាប័នខ្លួន។ លោកគូសបញ្ជាក់ាបន្ថែមថា វីដេអូនោះត្រូវបានក្រុមហ៊ុនហ្វេសប៊ុកព្រមានឱ្យលុបវីដេអូ គួបផ្សំព្រឹត្តិការណ៍នេះមិនមែនកើតនៅកម្ពុជាផង លោកក៏សម្រេចលុបចោលវិញនៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី១៨ខែតុលានេះ ដើម្បីកុំឱ្យសាធារណជនភាន់ច្រឡំ និងចែកចាយព័ត៌មាននេះបន្តទៀត។។
ចាងហ្វាងសារព័ត៌មាន៖ «ខ្ញុំសួរគាត់ ខ្ញុំផុសហើយខ្ញុំសួរគាត់ គាត់អត់ឆ្លើយ ដល់ពេលដែលខ្ញុំផុសបានហើយរហូតដល់ព្រឹកមិញបានគាត់ឆ្លើយមកឡើងជិតចូល 3M (អ្នកមើលជិត ៣លាននាក់)។ ដល់ពេលអ៊ីចឹងគាត់ទើបតែឆ្លើយមកថានៅបរទេស ដល់ពេលគាត់ហើយខ្ញុំរក Edit (កែ) អីឡើងវិញ ដល់ពេលហើយវាចាប់អ៊ីចឹងខ្ញុំលុបចោលតែម្ដងទៅ»។
វិទ្យុស្ដ្រីពុំទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាននៅថ្ងៃនេះ ព្រោះមិនទទួលទូរស័ព្ទ។
តែយ៉ាងណា មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃ១៨ ខែតុលានេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ដោយបដិសេធថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង និងកំពុងចែកចាយលើបណ្តាញសង្គមនេះ មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី