រូបភាព៖ប្រភពហ្វេសបុកKanha Joly
ក្រោយពីមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកពីគណនីឈ្មោះ Kanha Joly កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ ទៅលើករណីសិស្សមត្តេយ្យវ័យ៤ឆ្នាំម្នាក់ក្នុងម៉ោងសិក្សានៅសាលាសុវណ្ណភូមិសាខាចំការដូង១ ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង មានសាធារណៈជនមួយចំនួនបានដាក់ការសង្ស័យថាតើករណីនេះ ជារឿងពិតដែរ ឬទេ? ហេតុនេះទើបនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅម្ចាស់គណនីឈ្មោះខាងលើដើម្បីសុំការស្រាយបំភ្លឺ ហើយម្ចាស់គណនីខាងលើថា នេះជារឿងពិត។ អ្នកស្រីវ៉ាយ វត្តី ជូននូវសេចក្តីរាយការណ៍
ដើម្បីស្រាយនូវចម្ងល់ ករណីសិស្សមត្តេយ្យវ័យ៤ឆ្នាំម្នាក់ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង នៅសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាន នៃវិទ្យុស្រ្តីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានទាក់ទង លោក ញ៉ឹប លក្ខិណា ត្រូវជាឪពុករបស់កុមារាសិស្សមត្តេយ្យដែលរងគ្រោះនោះ ។
លោក បានប្រាប់ឱ្យដឹងថា កូនរបស់គាត់ត្រូវបានចាក់ទម្លុះកញ្ចក់គ្រាប់ភ្នែក ម្ខាងដោយសិស្សផ្សេង គឺជារឿងពិតមែន ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក រហូតមកដល់ពេលនេះរយៈពេលជាង១ខែហើយដោយមិនមានការដោះស្រាយពីភាគីខាងសាលារៀន ហើយបច្ចុប្បន្នកូនរបស់លោកកំពុងស្ថិតនៅក្នុងដំណាក់កាលព្យាបាលបន្ត បន្ទាប់ពីការវះកាត់កញ្ចក់ភ្នែករួច។
លោក ញ៉ឹប លក្ខិណា ៖« រឿងនេះកើតឡើងតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកទាល់តែយើងទៅយកកូនចេញពីសាលា ម៉ោងគាត់ចប់សាលាទើបយើងទៅយកកូនទើបយើងដឹងរឿងហ្នឹង ឥឡូវគាត់ស្ថិតនៅក្នុងដំណាក់កាលព្យាបាលបន្ត បន្ទាប់ពីវះកាត់ ពួកខ្ញុំនៅតែបន្តដាក់ថ្នាំគាត់ប្រចាំ កំពុងពិនិត្យថាអាចមួយអាទិត្យទៀតទៅជួបឌុកទ័រតាមការណាត់ គាត់ពិនិត្យមើលលទ្ធភាពក្នុងការកាត់ថ្នេរ ដែលដេរ ហ្នឹងបាន ឬក៏នៅប្រសិនជាកាត់បាននឹងកាត់ថ្នេរ ហើយបន្តព្យាបាលតាមអ៊ីចឹងតទៅទៀត»។
គណនីហ្វេសបុកឈ្មោះ Kanha Joly បានបង្ហោះកាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ ថា «ករណីសិស្សមត្តេយ្យវ័យ៤ឆ្នាំម្នាក់ក្នុងម៉ោងសិក្សានៅសាលាសុវណ្ណភូមិសាខាចំការដូង១ ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង គ្មានការសង្គ្រោះបឋម បន្តទុកចោលច្រើនម៉ោងដោយមិនផ្តល់ដំណឹងឱ្យឳពុកម្តាយ មិនខ្វល់ពីការបង្ករោគ មិនចាប់អារម្មណ៍ការវិវត្តធ្ងន់នៃរបួស ផុតម៉ោងសិក្សាប្រគល់សងដោយធ្វើមិនដឹងរឿង ពេលសួរនាំចោទថែមវិញថាចាក់ភ្នែកខ្លួនឯង ធ្វើឱ្យពន្យាពេលការព្យាបាល ជាលទ្ធផលដេរ៧ថ្នេរ ខូចគំហើញយ៉ាងតិច៥០% កំពុងបន្តព្យាបាល និងបង្កផលវិបាកបន្តក្នុងជីវិត។»
នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដដែលនេះ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាន វិទ្យុស្រ្តី ក៏បានទាក់ទងទៅសាលាសុវណ្ណភូមិសាខាចំការដូងតាមរយៈលេខទូរសព្ទដែលមាននៅលើគេហទំព័រសាលា ដើម្បីសុំការបំភ្លឺពីជុំវិញករណីសិស្សមត្តេយ្យដែលរងគ្រោះផងដែរ។
តំណាងសាលាក៏បានឆ្លើយតបដោយលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ករណីនេះ គឺពិតជាមានមែន បច្ចុប្បន្ននេះសាលាក៏បានធ្វើរបាយការណ៍នេះដាក់ជូនទៅក្រសួងអប់រំ និងស្វែងរកដំណោះស្រាយជាមួយអាណាព្យាបាលសិស្ស ហើយ ក៏បានជួបជជែកគ្នាចំនួនពីរ-បី លើករួចមកហើយដែរ។
តំណាងសាលាសុវណ្ណភូមិ៖«បាទពិតមែន ឥឡូវយើងកំពុងតែធ្វើការរឿងហ្នឹងជាមួយខាងក្រសួងអប់រំ យើងបានផ្ញើរបាយការណ៍ជូនទៅក្រសួងអប់រំ ដែរ »។
គណនីហ្វេសបុកឈ្មោះខាងលើដែលគេស្គាល់ថាជាម្ដាយកុមាររងគ្រោះ បានអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យជួយរកយុត្តិធម៌ដល់កូនប្រុសរបស់ខ្លួន ដែលកំពុងបន្តព្យាបាលជំងឺនៅឡើយ៕