រូបភាព៖ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២០០ ០០០ រៀល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ តាមការបញ្ជាក់ពីទេសាភិបាលធនាគារជាតិ អះអាងថា ការដាក់ចេញធនប័ត្រប្រភេទ ២០០ ០០០ រៀលនេះ នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ ដែលកំពុងចរាចរក្នុងសេដ្ឋកិច្ចកម្ពុជានោះទេ ពោលប្រភេទក្រដាសប្រាក់ថ្មីនេះ គឺគ្រាន់តែទៅជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក តែប៉ុណ្ណោះ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
កន្លងមកមានការព្រួយបារម្ភពីសាធារណជនថា នៅពេលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនបត្រ ឬក្រដាសប្រាក់ថ្មី គឺដោយសារតែ ធនាគារជាតិនៃកម្ពុជា ឬ រាជរដ្ឋាភិបាលខ្វះលុយ ដូច្នេះទើបត្រូវបោះក្រដាសប្រាក់ថ្មីដាក់ឱ្យប្រើប្រាស់បន្ថែមតែប៉ុណ្ណោះ។ នេះជាការលើកឡើង របស់លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា តាមរយៈវីដេអូដែលផ្សព្វផ្សាយពន្យល់ពីការដាក់ចេញឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២០០ ០០០ រៀលប្រមាណជាង ៤នាទី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។
លោកស្រី ជា សិរី ៖«ខ្ញុំសូមជម្រាបជូនថា ការដាក់ចេញនូវធនបត្រថី្មនេះ គ្រាន់តែជំនួសក្រដាស់ប្រាក់ ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរ» ។ បន្ថែមពីនេះ លោកស្រីថា ការសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទេ ២សែនរៀលនាពេលនេះ ក៏ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការគ្រងរាជសម្បត្តិព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ជា សិរី ៖«ដើម្បីអបអរខួប២០ឆ្នាំនៃការគ្រងរាជសម្បត្តិព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ចេញនូវក្រដាស់ប្រាក់ប្រភេទ២សែនរៀល ចំនួន២០លានសន្លឹក ក្រដាសប្រាក់នេះបើយើងនិយាយសាមញ្ញ ប្រភេទក្រដាស់ប្រាក់អនុស្សាវរីយ៍ ចេញផ្សាយតែ២០លានសន្លឹកតែប៉ុណ្ណោះ គឺយើងប្រើលេខម្ភៃ ម្ភៃម៉ឺន ដើម្បីគម្រប់២០ឆ្នាំ នឹង២០លានសន្លឹកដើម្បីគម្រប់ ២០ឆ្នាំនេះ អ៊ីចឹងហើយខ្ញុំសង្ឃឹមថាមិនមានការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះទេ»។
ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់វិទ្យុស្រ្តីថា ជាទូទៅការដាក់ចេញក្រដាសប្រាក់ថ្មី គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល ឬក៏ធនាគារជាតិ ដោយដំណើរការនេះជារឿងធម្មតាទេ។ ប៉ុន្តែការដាក់ចេញក្រដាសប្រាក់ដែលមានតួលេខចំនួនរហូតដល់ទៅ ២ សែនរៀលបែបនេះ លោកយល់ថា គឺសម្រាប់តែការចាយវាយទូទាត់ដែលមានទំហំសាច់ប្រាក់ច្រើនៗតែប៉ុណ្ណោះ ហើយការប្រើប្រាស់អាស្រ័យទៅលើអ្នកប្រើប្រាស់ទៅតាមកាលៈទេសៈជាក់ស្តែង។
លោកបណ្ឌិត ឈត ប៊ុនថង៖«ខ្ញុំគិតថាគេបោះក្រដាស់ធំ សម្រាប់ការចាយវាយដែលធំៗ សម្រាប់ការទូរទាត់អីដែលធំ បើសិនពីមុន២០ម៉ឺនរៀលបើយើងគិតក្រដាស១ម៉ឺន យើងត្រូវយក២០សន្លឹក ចុះឥឡូវយើងមានតែ១សន្លឹកវាមិនស្រួលកាន់ជាង។ ប៉ុន្តែអាចថាយើងពិបាកចាយ តិចតួច អីយើងឱ្យគេ២០ម៉ឺនអី វាពិបាកដែរ អ៊ីចឹងហើយអ្នកចាយខ្លួនឯងត្រូវដឹងថា ខ្លួនឯងត្រូវចាយនៅកន្លែងណា បើចាយតិចតួចកុំយកក្រដាស់២០ម៉ឺន ក្រដាស១០ម៉ឺន ក្រដាស៥ម៉ឺន។ ក្រៅពីក្រដាស់ប្រាក់ យើងក៏មានការចាយជាឌីជីថល ចាយជាតួលេខនៅក្នុងប្រព័ន្ធដែលយើងចាយរាល់ថ្ងៃ មិនចាំបាច់ក្រដាស់ប្រាក់ យើងចាយតាមឌីជីថលតាមកុងដែលយើងចាយតួលេខរាល់ថ្ងៃហ្នឹង!»។
ដោយឡែកសម្រាប់អាជីវករលក់សម្លៀកបំពាក់មួយរូប អ្នកស្រី រិន សុភី យល់ថា សម្រាប់ការលក់ដូររបស់អ្នកស្រីប្រចាំថ្ងៃ ការទូទាត់ទទួលប្រាក់ពីភ្ញៀវ ត្រឹមក្រដាសប្រាក់ ១០ម៉ឺនរៀល គឺពិបាកចាយវាយណាស់ទៅហើយ ។ ដូច្នេះទំហំក្រដាសប្រាក់ដល់២០ម៉ឺនរៀលទៀតនោះ សម្រាប់អ្នកស្រីគឺរឹតតែបង្កការលំបាកសម្រាប់ការទូទាត់ពីភ្ញៀវថែមទៀត។ អ្នកស្រីបញ្ជាក់បន្ថែមថា ការលំបាកមួយទៀតនោះ គឺភិនភាគក្រដាសប្រាក់ភាគច្រើនស្រដៀងៗគ្នា ដែលបង្កបញ្ហាច្រឡំគ្នាជាមួយក្រដាសប្រាក់ផ្សេងៗទៀត។
អ្នកស្រី រិន សុភី៖« ចំពោះខ្ញុំ ក្រដាស់២០ម៉ឺន បើភ្ញៀវគាត់ទិញ អស់ត្រឹមតែ១ម៉ឺន ទៅ២ម៉ឺនហើយគាត់ចាយក្រដាស២០ម៉ឺន គឺរៀងពិបាកដែរបងព្រោះអី នៅក្នុងផ្សារលុយក្រដាស់ធំៗពិបាកចាយជាងក្រដាសដុល្លារ ភាគច្រើនភិនភាគស្រដៀងៗគ្នា អ៊ីចឹងពួកខ្ញុំមិនសូវចង់បានក្រដាស់ធំទេ ដោយសារខ្លាចច្រឡំគ្នាជាមួយក្រដាសផ្សេងៗទៀត កុំថាឡើងក្រដាស់២០ម៉ឺន ត្រឹមក្រដាស់១០ម៉ឺន ក៏ពិបាកចាយដែរ ចង់និយាយថាពិបាកទទួល បើក្រដាសរាយៗវាស្រួលជាង»។
ទោះបីជាយ៉ាងណា អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា អះអាងថា ការដាក់ចេញនូវធនបត្រប្រភេទ២សែនរៀលនៅថ្ងៃនេះ នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទេ៕