en     km
en     km

តម្បាញ​កន្ទេលរុនអ្នកកោះសូទិននៅមានវត្តមាននៅឡើយខណៈចង់ឱ្យសាធារណជនជួយគាំទ្រ

Share

កំពង់ចាម​៖​ អង្គុយក្រោមម្លប់ឈើក្បែរផ្លូវលំតូចមួយស្ថិតក្នុងភូមិទី១១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មនុស្សវ័យចំណាស់ប្រុសស្រីប្រហែល បួននាក់ កំពុងសកដើមរុនជាចម្រៀកតូចៗប្រវែងប្រហែល១ម៉ែត្រទៅ ២ម៉ែត្រ ដែលសកម្មភាពនេះជាការងារត្បាញកន្ទេលរុនរបស់អ្នកស្រុកកោះសូទិន។

សកម្មភាពអ្នកភូមិស្រុកកោះសូទិនសកដើមរុនធ្វើកន្ទេល។រូបភាពពី ចាន់ពេជ្រ។

ដើមរុន បើផ្អែកតាមវចនានុក្រមខ្មែរឆ្នាំ២០២២ ឱ្យនិយមន័យថា ជាប្រភេទកក់មួយប្រភេទ មានដើមមូល ស្លឹកធំៗ។ សម្បក ឬ ខ្នង របស់ដើមរុនមានប្រយោជន៍អាចប្រើការធ្វើជាខ្នួចសម្រាប់ចង់ប្រក់ផ្ទះបាន ហើយដើមរុនក៏អាចត្បាញធ្វើកន្ទេលដើមរុនផងដែរ។ ផ្អែកតាមវចនានុក្រមដដែរ ដើមរុនមាន ២ ប្រភេទ គឺរុនទឹក ដែលដុះក្នុងទីមានទឹក ឬដាំលើគោកដែលមានដីសើមក៏អាចរស់បាន។ រីឯ រុនភ្នំ គឺដុះក្នុងទីក្បែរជ្រោះភ្នំ ដើមរបស់វាមានទំហំធំវែងសាច់រឹង ប្រើធ្វើជាដំបងបាន។

សកម្មភាពអ្នកភូមិស្រុកកោះសូទិនសកដើមរុនធ្វើកន្ទេល។រូបភាពពី ចាន់ពេជ្រ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលត្បាញកន្ទេលរុននៅឃុំកោះសូទិន ឱ្យដឹងថា របរនេះនៅមានគ្រួសារតិចតួចប៉ុណ្ណោះបន្តធ្វើ ព្រោះសម័យកាលកាន់តែទំនើបសម្ភារៈក៏សម្បូរបែប នាំឱ្យប្រជាជនលែងចង់ប្រើប្រាស់កន្ទេលបែបចាស់បុរាណនេះតទៅទៀតហើយ។

ដើមរុនដែលប្រជាជនកាប់ពីក្នុងព្រៃនិងបឹង។រូបភាពពី ចាន់ពេជ្រ។

ត្អូញត្អែរប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីបណ្តើរអ្នកស្រី ហេន វ័យ៧៧ឆ្នាំរូបនេះ ក៏នៅតែបន្តសកម្មភាពសកចម្រៀករុនបណ្តើរ ដោយច្បូតសរសៃដើមរុនបានយ៉ាងរលោង។ ស្រ្តីវ័យចំណាស់រូបនេះ ប្រាប់ឱ្យដឹងទៀតថា របរការងារត្បាញកន្ទេលរុននេះ អ្នកស្រីចេះតៗពីតាយាយ ម៉ែឪមក ហើយការធ្វើនេះគឺឆ្លៀតពេលទំនេរពីការងារស្រែចម្ការធ្វើតែប៉ុណ្ណោះ។អ្នកស្រីបន្តទៀតថា សម្រាប់មនុស្សវ័យចាស់ៗក្នុងភូមិដែលគ្មានការងារអ្វីធ្វើធំដុំនោះទេ គឺនៅតែបន្តធ្វើ ខណៈដើមរុនក៏សម្បូរច្រើន ហើយអាចទទួលបានប្រាក់ចំណូលខ្លះៗសម្រាប់ផ្គត់ផ្គង់ខ្លួនឯងនិងចៅៗបានមួយគ្រាៗ។

ដើមរុនដែលប្រជាជនកាប់ពីក្នុងព្រៃនិងបឹង។រូបភាពពី ចាន់ពេជ្រ។

សម្រាប់ការត្បាញកន្ទេលរុនអ្នកស្រីឱ្យដឹងថា ក្នុងមួយថ្ងៃអាចត្បាញបានតែមួយកន្ទេលតែប៉ុណ្ណោះ ចំណែកតម្លៃវិញគឺលក់បានតែខ្ទង់មួយម៉ឺនរៀលក្នុងមួយកន្ទេល។សម្រាប់ការងារជាអ្នកត្បាញកន្ទេលដូចអ្នកស្រី គឺគ្មានអ្វីក្រៅពីសំណូមពរដល់សាធារណជនជួយគាំទ្រកន្ទេលខ្មែរ ត្បាញដោយប្រជាពលរដ្ឋក្នុងស្រុក ដើម្បីជាការលើកស្ទួយរបរបែបបូរាណឱ្យមានភាពគង់វង្សយូរអង្វែង។

រូបកន្ទេលរុន។រូបភាពពីបណ្តេញសង្គម។

តាមការបញ្ជាក់ពីអ្នកត្បាញកន្ទេលរុនប្រាប់ថា កន្ទេលរុននេះមានលក្ខណះពិសេសខុសពីកន្ទេលត្នោត កន្ទេលរំចេក ឬ កន្ទេលផ្អាវ ដ្បិតសម្បកដើមរុន មានសភាពភ្លឺរលោងស្រិលជាង ហើយកាលណាបានទទួលទានដំណេកលើនោះត្រជាក់ខ្នងស្រណុកស្រួលណាស់៕

អត្ថបទខ្លីសរសេរដោយ  ​ឡេក​ ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង