កំពង់ធំ៖ ប្រភេទត្រីមេពូជ និងប្រភេទសត្វស្លាបមួយចំនួន ពិសេសជីវៈចម្រុះក្នុងបឹងរៀល និងបឹងពាក់ស្នែង ស្ថិតក្នុងទឹកដីខេត្តកំពង់ធំ អាចក្លាយជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាក់ជាពុំខានប្រសិនបើមានការរៀបចំឱ្យក្លាយជាតំបន់អេកូទេសណ៍។ នេះជាការលើកឡើងរបស់ប្រធានស្តីទីសហគមន៍នេសាទសាមគ្គីកំពង់គោប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។
រូបភាពសត្វស្លាបរស់នៅក្នុងបឹងរៀល និងបងពាក់ស្នែង ខេត្តកំពង់ធំ។រូបភាពដោយ សៅ ស៊ីណា។
លោក ឡាយ ម៉េងឡុង ប្រធានស្ដីទីសហគមន៍នេសាទសាមគ្គីកំពង់គោលើកឡើងថា ក្នុងភូមិសាស្រ្តតំបន់ឃុំកំពង់គោ ស្រុកកំពង់ស្វាយនេះ មានភាពអំណោយផលជាជម្រកពងកូនដល់ជីវៈចម្រុះ ពិសេសត្រីមេពូជ និងសត្វស្លាបមួយចំនួន។ លោកបន្តថា សម្រាប់ផែនការនិងទិសដៅខាងមុខ សហគមន៍បាននិងកំពុងប្រឹងប្រែងកសាងទំបន់ក្រវ៉ាត់ព្រំផ្ទៃបឹងធម្មជាតិរបស់សហគមន៍ ដើម្បីងាយស្រួលដល់ការអភិរក្ស និងឈានទៅប្រែក្លាយតំបន់នេះជាទីតាំងទេសចរណ៍បែបអេកូទេសចរណ៍ធម្មជាតិមួយកន្លែងនៅពេលអនាគត។
សកម្មភាពប្រជាសហគមន៍ដឹកភ្ញៀវទេសចរណ៍ជិះទូកលេងកំសាន្តនិងផ្តិតយករូបភាពសត្វស្លាបនៅបឹងរៀលនិងបឹងពាក់ស្នែង។រូបភាពដោយ សៅ ស៊ីណា។
ដោយឡែកអ្នកស្រី យ៉ង់ សាង៉ាត់ លេខាសហគមន៍នេសាទសាមគ្គីកំពង់គោបានប្រាប់ឱ្យដឹងដែរថា សមាសភាពគណកម្មការសហគមន៍នេសាទមានសរុបចំនួន ១១ នាក់ក្នុងនោះមានស្រីចំនួនពីរនាក់ ដែលមកពី ៥ ភូមិ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាងនេះអ្នកស្រីថា សហគមន៍នេសាទសាមគ្គី ក៏មានការទទួលស្គាល់ពីអាជ្ញាធរថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិផងដែរ ដើម្បីគ្រប់គ្រងក្នុងដែនសហគមន៍ទំហំ ២៩២៥ ហិចតា ក្នុងនោះមានបឹងអភិរក្សចំនួនពីរគឺ បឹងរៀល និងបឹងពាក់ស្នែង។
សកម្មភាពប្រជុំជាមួយប្រជាសហគមន៍ក្នុងការថែរក្សាជីវៈចម្រុះក្នុងបឹងធម្មជាតិ។រូបភាពដោយ សៅ ស៊ីណា។
អ្នកស្រីលេខាសហគមន៍បានបន្តថា កន្លងមកសហគមន៍បានខិតខំអនុវត្តទៅតាមផែនការ ទី១៖ ចុះល្បាតនិងសហការកម្លាំងជំនាញចុះទប់ស្កាត់បទល្មើសនេសាទ ទី២៖ ចុះដាក់ស្លាកសញ្ញាហាមឃាត់នេសាទនៅតំបន់ដែនអភិរក្ស ទី៣៖ ក្រុមការងារចុះស្ដារនិងសម្អាតរុក្ខជាតិចេញពីក្នុងទឹកខ្លះៗ ទី៖៤ សកម្មភាពចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នាំឲ្យប៉ះពាល់ផ្លូវច្បាប់។
សកម្មភាពក្រុមប្រជាសហគមន៍ចុះល្បាតនិងឃ្លាំមើលដើម្បីទប់ស្កាត់បទល្មើសនានានៅបឹងទាំងពីរ។រូបភាពដោយ សៅ ស៊ីណា។
ជាមួយគ្នានេះដែរ ប្រធានស្ដីទីសហគមន៍នេសាសាមគ្គីកំពង់គោលើកឡើងបញ្ជាក់បន្ថែមថា សហគមន៍មានបំណងលើកទំនប់ក្រវ៉ាត់បឹងរក្សាទឹកនៅក្នុងបឹង ដើម្បីអភិរក្សត្រីមេពូជឲ្យបានច្រើនកុំឲ្យទឹកហូរចេញពីបឹងនៅរដូវសម្រក។ មួយទៀតនោះគណកម្មការសហគមន៍ ក៏មានផែនការដាំដើមឈើប្រភេទព្រៃលិចទឹកផ្សេងៗ នៅលើខ្នងទំនប់ ធ្វើយ៉ាងណាកែច្នៃទៅជាតំបន់អេកូទេសចរណ៍ទៅថ្ងៃអនាគត សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្តទស្សនា ត្រីមេពងគ្រប់ប្រភេទ ទស្សនាថ្ងៃលិច និងទស្សនាសត្វស្លាបគ្រប់ប្រភេទជាដើម។
ពពួកសត្វស្លាបដែលមានវត្តមានក្នុងបឹងរៀល និងបឹងពាក់ស្នែង។រូបភាពដោយ សៅ ស៊ីណា។
លោកប្រធានសហគមន៍ បញ្ជាក់បន្ថែមថា បើទោះជាបច្ចុប្បន្ននេះសហគមន៍នេសាទសាមគ្គីកំពង់គោ មិនទាន់បានកសាងទំនប់ក្រវ៉ាត់ជុំវិញបឹងទាំងពីរបាន ១០០%នៅឡើយក្តី តែគណកម្មការបានលើកទំនប់ក្រវ៉ាត់បឹងបានចំនួន ៦០០ ម៉ែត្រហើយកាលពីពេលកន្លងមក។ ហើយការធ្វើបែបនេះ អាចជួយរក្សាទឹកក្នុងបឹងបានច្រើនអាចផ្តល់ទឹកដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៥ ភូមិខាងលើ ប្រកបការងារធ្វើស្រែប្រាំងនិងអ្នកនេសាទបានផងដែរ៕
អត្ថបទខ្លីសរសេរដោយ សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។
រូបភាពសកម្មភាពខ្លះៗរបស់ប្រជាសហគមន៍នេសាទសាមគ្គីចុះអភិរក្សថែរក្សាបឹងទាំងពីរ៖រូបភាពដោយ សៅ ស៊ីណា។
ទេសភាពថ្ងៃរៀបលិចនៅបឹងរៀលខេត្តកំពង់ធំ។រូបភាពដោយ សៅ ស៊ីណា។