en     km
en     km

ក្រសួងព័ត៌មានមិនអនុញ្ញាត​ឱ្យផ្សាយ​​គ្រឿងស្រវឹង​គ្រប់ប្រភេទនៅក្បែរទីតាំងមួយចំនួន

Share

ភ្នំពេញ៖ ក្រសួងព័ត៌មានគូសបញ្ជាក់ ពីទីតាំងគ្រឹះស្ថានមួយចំនួនដែលមិនត្រូវអនុញ្ញាត​ឱ្យផ្សាយពាណិជ្ជកម្ម​ផលិត​ផល​​គ្រឿងស្រវឹង​គ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ​ផ្សព្វ​ផ្សាយចម្ងាយតិចជាង ២០០ម៉ែត្រ រួមមាន នៅជុំវិញ​បរិវេណ​ទីតាំងគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ ប្រវត្តិ​សាស្ត្រ និង អាកាសយានដ្ឋានអន្តរជាតិ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

អ្នកស្រី ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី១១ ខែតុលាឆ្នាំ២០២៤នេះថា ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ទោះបីចម្ងាយប៉ុន្មានពីគ្រឹះស្ថានសិក្សា ក៏វាមិនមានផលល្អសម្រាប់កូនខ្មែរដែរ។ ក្នុងន័យនេះ អ្នកស្រីកត់សម្គាល់ឃើញថា តាមបណ្តាញសង្គម និងទីសាធារណៈមានការការផ្សព្វផ្សាយពាណិជ្ជកម្មសេពគ្រឿងស្រវឹង ទទួលបានជោគជ័យ និងទទួលរង្វាន់ជាដើម។ ហេតុនេះអ្នកស្រីថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ គួរបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈបណ្តាញសង្គម និងតាមទីសាធារណៈតែម្តងទើបជាការប្រសើរ។

អ្នកស្រី ឆា យ៉ាវី ៖«​រាល់ថ្ងៃគាត់ហូបដើម្បីតាមយករង្វាន់ អាការដែលយករង្វាន់នេះហើយ ដែលធ្វើឱ្យពួកគាត់ ពិសេសយុវជន គាត់បន្តតាមយករង្វាន់ ព្រោះយើងឃើញថា មានការជោគជ័យ អូហ៍ផឹកតែមួយកំប៉ុងទេបានប៉ុណ្ណេះលាន ឡាន១ ហ្នឹងហើយ យើងគួរតែឈប់ទៅ សំខាន់បំផុតរាជរដ្ឋាភិបាលក៏ដូចជាក្រសួងនានាឈប់ការផ្សាយពាណិជ្ជកម្មបណ្តាញសង្គម ​»

ការលើកឡើងរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ បន្ទាប់ពីក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី ការកំណត់អំពីបែបបទ នីតិវិធី និងវិធាន ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ «ឆន្ទៈល្អ» ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណជិត៨០០នាក់ កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ ក្រោមវត្តមានរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ជុំវិញ ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុង ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅតាមទីតាំងសំខាន់ៗមួយចំនួននេះ លោកបណ្ឌិត​ ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងអ្នកតាមដានកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា នឹងអាចជួយកាត់បន្ថយការទាក់ទាញអារម្មណ៍ របស់សិស្សានុសិស្ស ឬ យុវជន និងការបង្ហាញអំពីការគោរពនូវសាសនា​ វប្បធម៌ ប្រពៃណីទំនៀមទំលាប់  ព្រមទាំងគោរពនូវរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តផងដែរ។ ជាងនេះ ក៏អាចជួយកាត់បន្ថយពីភ្នែកអន្តរជាតិ ដ្បិតសព្វថ្ងៃជនបរទេសគ្រាន់តែចេញពីព្រលានយន្តហោះភ្លាម ក៏ក្រលែកឃើញផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរភ្លាមផងដែរ។

លោកបណ្ឌិត ឈត ប៊ុនថង៖ « តាមរយៈការផ្សព្វផ្សាយគ្រប់រូបភាព គ្រប់ទីកន្លែង គ្រប់ពេលវេលា​ យើងឃើញថាចំនួននៃអ្នកសេពសុរា អ្នកផឹកគ្រឿងស្រវឹងកើនឡើងមែនទែន កើនតាំងពីកុមារ យុវជន ប្រុសស្រី ច្រើន រហូតដល់​ក្រុមហ៊ុនផលិតស្រានៅស្រុកខ្មែរកាន់តែកើនឡើងនិងការនាំចូលគ្រឿងស្រវឹងពីក្រៅប្រទេសក៏មានការកើនឡើង មិនមែនសុខៗក្រុមហ៊ុនផលិតស្រាកើន ក្រុមហ៊ុននាំស្រាចូលកើនទេ ដោយសារមានតម្រូវការខ្ពស់នៅក្នុងស្រុក បានជាមានបង្កើនក្រុមហ៊ុនផលិតនិងក្រុមហ៊ុននាំចូលនេះជារឿងដែលយើងត្រូវទទួលស្គាល់ អ៊ីចឹងហើយបើមានការកាត់បន្ថយខ្លះខ្ញុំជឿថាការសេពក៏ថយចុះដែរ ជាពិសេសថយចុះនៅលើវ័យដែលយើងមិនចង់ឱ្យពាក់ព័ន្ធគឺយុវជន និងកុមារហ្នឹងឯង កាលណាថយនូវការផឹក វា…ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ អ្នកស្រវឹងស្រា វាថយអ្នកបង្ករឿងចេញមកពីស្រវឹងស្រា វាថយអ្នកបង្កហិង្សា ការរំលោភផ្លូវភេទជាដើម ដែលបង្កឡើងដោយអ្នកស្រវឹង អ៊ីចឹងវារួមចំណែកច្រើន ហើយវាបន្ថយការចំណាយ​នៅក្នុងគ្រួសារ កាត់បន្ថយការប៉ះពាល់ទៅដល់សុខភាពអ្នកសេព អ្នកផឹកហ្នឹងជាដើម»។

សូមរំលឹកថា កាលពីពេលថ្មីៗនេះលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរ​ដែន​ដី​នៅតាមរាជធានីខេត្ត រុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹង ដ្បិតការប្រើប្រាស់គ្រឿងស្រវឹងបង្កផលប៉ះពាល់ច្រើនជាងផលប្រយោជន៍រួមមានទាំងគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនជប៉ុនឈ្មោះ Kirin រកឃើញថា ពលរដ្ឋខ្មែរម្នាក់បានផឹកស្រាបៀរជាមធ្យមចំនួន ៧២លីត្រក្នុងមួយឆ្នាំ។ បើគិតជាប្រាក់ ពលរដ្ឋខ្មែរត្រូវចំណាយប្រាក់រួមគ្នាប្រមាណជា ២ ៣០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់តែស្រាបៀរ។ រីឯក្រុមហ៊ុនវិភាគទិន្នន័យម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ ziemann-holvrieka បញ្ជាក់ថា ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺនៅឆ្នាំ២០២៣ស្ថិតនៅក្នុងទំហំទឹកប្រាក់ ១ ៣៦០លានដុល្លារ។ ចំនួននេះនឹងកើនឡើងដល់៨,៨៦ភាគរយនៅឆ្នាំ២០២៧។

ចំណែកក្រុមហ៊ុនវិភាគទិន្នន័យ astuteanalytica លើកឡើងដែរថា ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជានៅឆ្នាំ២០២៣មានចំនួន១ ០៥៩,៨ លានដុល្លារ ហើយចំនួននេះនឹងកើនដល់ទំហំទឹកប្រាក់២ ២៣២,៥លានដុល្លារនៅឆ្នាំ២០៣២៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង