en     km
en     km

កម្មកររោងចក្រប្រមាណ ៣០នាក់ រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកភ្នំស្រួច

Share

 

រូបភាពពីស្នងការដ្ឋាននរគបាលខេត្តកំពង់ស្ពឺ។

រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបានក្រឡាប់ បន្ទាប់ពីបើកបរវ៉ាពីគោយន្តមួយគ្រឿង បណ្ដាលឱ្យកម្មកររោងចក្រប្រមាណ ៣០នាក់ រងរបួសធ្ងន់-ស្រាល។ យ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ សហជីពដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ បន្តស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យអ្នកបើកបរ និងបង្រៀនពីច្បាប់ចរាចរណ៍ជូនអ្នកបើកបរឡានដឹកកម្មករបន្ថែមទៀត។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

 

គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយរថយន្ដ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជារថយន្តដឹកកម្មករ បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកវ៉ាគោយន្ដ រួចជ្រុលទៅប៉ះមនុស្សម្នាក់ ហើយក៏បន្តទៅបុកតូបលក់ដូរចំនួន៣ខ្នង ដែលស្ថិតនៅផ្លូវវត្ដតំណាក់ត្រាច​ ឃុំអូរ​ ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ នៅព្រឹកថៃ្ងទី​៩​ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលស្រុកភ្នំស្រួច។

រដ្ឋបាលស្រុកភ្នំស្រួច បានឱ្យដឹងទៀតថា រថយន្តដែលដឹកកម្មករជួបគ្រោះថ្នាក់នេះ មានកម្មករធ្វើដំណើរនៅក្នុងរថយន្តសរុប ៣៣នាក់ ក្នុងនោះស្ដ្រីមាន ២៧នាក់។ ចំពោះអ្នករងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលស្រុកថា កម្មករមានសរុប ៣០នាក់ ស្ដ្រី ២៦នាក់ ក្នុងនោះមិនមានអ្នកស្លាប់ទេ មានតែអ្នករបួសធ្ងន់ចំនួន ៣នាក់ ស្ដ្រីចំនួន ២នាក់។

ប្រភពខាងលើបញ្ជាក់បន្ថែមថា កម្មករ-កម្មការិនីដែលរងរបួសធ្ងន់ស្រាលទាំង ៣០នាក់នេះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តកំពង់ស្ពឺ និងអ្នករបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។  ក្រៅពីបណ្ដាលឱ្យមនុស្សរងរបួសហើយ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនដូចជា៖ ខូចទំនិញ និងខូចតូបលក់ដូរចំនួន ៣ខ្នង ហើយនិងខូចរបងថ្ម និងទ្វារ ១ផ្ទាំង។

រូបភាពពីរដ្ឋបាលស្រុកភ្នំស្រួច។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោក ជុន ចន្ទដេត អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៩ ខែតុលាថា សមត្ថកិច្ច កំពុងធ្វើរបាយការណ៍ពីហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ដូច្នេះលោកសុំបដិសេធក្នុងការផ្ដល់ព័ត៌មានពីទិន្នន័យកម្មករ-កម្មការីដែលរងរបួស និងអំពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ប៉ុន្តែលោកបញ្ជាក់យ៉ាងខ្លីថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្ដដឹកកម្មករ បើកគេចគោយន្តកែឆ្នៃ បណ្ដាលឱ្យបុកចូលផ្ទះអ្នកជាប់​ផ្លូវ ធ្វើឱ្យក្រឡាប់រថយន្ត ក្នុងនោះមានតែកម្មកររងរបួស ពុំមានកម្មករបាត់បង់ជីវិតឡើយ។

លោក ជុន ចន្ទដេត៖ «ខ្ញុំកំពុងតែសរុបរបាយការណ៍ចុងក្រោយ ខ្ញុំនឹងជូនដំណឹងទៅ កំពុងសរុបកំពុងសរុបណាខ្ញុំសុំពេលតិចសិន»។

ក្នុងដើមឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ទៅលើកម្មករ-កម្មការិនី ដែលបណ្ដាល់ឱ្យរងរបួសធ្ងន់-ស្រាល និងស្លាប់ជាដើម។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍។

កន្លងមកគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ មានកម្មកររោងចក្រចំនួន ២៦នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងនោះមានស្ដ្រីម្នាក់ និងបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត។ ខេត្តកំពង់ឆ្នាំង មានកម្មកររោងចក្រចំនួន ៤០នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះស្ដ្រីមានផ្ទៃពោះម្នាក់ ត្រូវបានវះកាត់សម្រាលកូនភ្លាមៗ។ និងថ្មីៗនេះនៅក្នុងខេត្តកំពង់ស្ពឺ។

ជុំវិញរឿងនេះ អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) លើកឡើងថា អ្នកបើកបរឡានមួយចំនួន បច្ចុប្បន្ននេះ ភាគច្រើនមិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ជាហេតុធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើតមានគ្រប់ពេលទៅលើកម្មករនិយោជិត។ អ្នកស្រីបន្តថា ដូច្នេះរាជរដ្ឋាភិបាលត្រូវតែមានវិធានការបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។

អ្នកស្រី ទូច សើ៖ «យើងគ្រានតែអំពាវនាវឱ្យរាជរដ្ឋាភិបាល ឬមួយក៏ស្ថាប័នពាក់ព័ន្ធ គ្រប់ស្ថាប័នទាំងអស់គាត់គួរតែធ្វើម៉េចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទៅខាងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គាត់គួរតែឧស្សាហ៍ហៅអ្នកបើកបរតៃកុងឡានហ្នឹង ដើម្បីបង្រៀនច្បាប់ចរាចរណ៍ឱ្យបានក្នុងយ៉ាងហោចណាស់មួយខែឱ្យបាន២ដង ឬ៣ដងផងដែរ ដើម្បីឱ្យគាត់ស្វែងយល់ ឬមួយយើងថាមួយខែ២ដងចុះ ក៏គាត់អាចនឹងកាត់បន្ថយផងដែរ»។ 

យោង​តាម​របាយ​ការណ៍​របស់​ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំ​ពារ​កម្មករ​និយោជិតនៃក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បង្ហាញថា ក្នុង​រយៈ​ពេល​១០ខែ ​ឆ្នាំ២០២៣ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍​បានកើនឡើង​ទៅលើ​កម្មករ​និយោជិត​ចំនួន ៣,៨៩២ករណី​ ក្នុងនោះមានជនរងគ្រោះ​សរុប​ ៤,៤៩៨​នាក់ និងមានអ្នកស្លាប់​ចំនួន ១១២នាក់៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី។

Share

Image Not Found
Image

ព័ត៌មានទាក់ទង