en     km
en     km

ក្រោយកម្ពុជាដកខ្លួនពីគម្រោង CLV សកម្មជនជាប់ឃុំ បានសុំទោសជាថ្នូរឱ្យពួកគេមានសេរីភាព

Share

កញ្ញា ចៀន សុណា សកម្មជនសង្គម។ រូបពីបណ្ដាញសង្គម។

សកម្មជនសង្គម ដែលជាប់ឃុំខ្លួនជុំវិញព្រឹត្តិការណ៍គម្រោង CLV បានចេញវីដេអូសារភាពកំហុស និងសុំទោសជាបន្តបន្ទាប់ ចំពោះសកម្មភាពរបស់ពួកគេកន្លងមក។ ក្រោយពីសកម្មជនទាំងនោះសុំទោសហើយ ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ខណៈសកម្មជននយោបាយ សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រជាពលរដ្ឋ ដែលមិនទាន់បានសុំទោស នៅបន្តជាប់ឃុំខ្លួនជុំវិញព្រឹត្តិការណ៍នេះដដែល។ យ៉ាងណាសំណុំរឿងរបស់សកម្មជនដែលឃុំខ្លួនជុំវិញព្រឹត្តិការណ៍នេះ សាលាដំបូង ថា ចៅក្រមស៊ើបសួរ កំពុងដំណើរការពិនិត្យទៅតាមនីតិវិធីហើយ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

 

 

មុនសកម្មជនសង្គម ចេញវីដេអូសុំទោសជាបន្តបន្ទាប់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ថ្មីៗនេះប្រកាសសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ការសម្រេចដកខ្លួនចេញនេះ ក្នុងគោលបំណងកុំឱ្យក្រុមជ្រុលនិយមមួយចំនួន ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម។

តាមរយៈវីដេអូសុំទោសរបស់កញ្ញា ចៀន សុណា មានរយៈពេលជាង ២នាទី ដោយសារព័ត៌មាន Fresh News ជាស្ថាប័នព័ត៌មានដែលស្នីទ្ធនឹងរាជរដ្ឋាភិបាល បានយកមកផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងវីដេអូកញ្ញា ចៀន សុណា ជាសកម្មជនសង្គម បាននិយាយសារភាពកំហុសថា ខ្លួនបានចូលរួមក្នុងការរៀបចំផែនការ «ថ្ងៃ១៨សីហា» ក្នុងការប្រមូលផ្តុំគ្នា ដើម្បីបាតុកម្មផ្ដួលរលំរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។​ ក្រៅពីផែនការនេះ កញ្ញាបន្តទៀតថា ក៏មានសកម្មភាពបើកវគ្គបណ្ដុះបណ្ដាលទៅដល់ក្រុមបណ្ដាញសង្ឃ និងក្រុមយុវជន ស្ដីពីរបៀបរបបនៃការធ្វើបដិវត្តន៍ពណ៌ ដូចនៅប្រទេសភូមា អ៊ុយក្រែន និងប្រទេសបង់ក្លាដេស ដឹកនាំដោយលោក វ៉ន ចាន់ឡូត អ្នកជំនាញច្បាប់ ដែលមានលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) អតីតស្ថាបនិកអង្គការមាតាធម្មជាតិ នៅពីក្រោយខ្នង។

កញ្ញា ចៀន សុណា៖ «នាងខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងនូវអ្វីដែលខ្លួនបានធ្វើកន្លងមក នាងខ្ញុំសូមលើកដៃដប់ ក្រាបសំពះសុំការសណ្តោសប្រណីពីសម្តេចតេជោ និងសម្តេចធិបតី យោគយល់ផ្ដល់ឱកាសឱ្យនាងខ្ញុំកែប្រែកំហុស។ នាងខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែងរៀនសូត្ររួចបង្កើនសមត្ថភាពធ្វើជាពលរដ្ឋល្អ ប្រើប្រាស់ជំនាញសិល្បៈដែលរូបនាងខ្ញុំមាន ដើម្បីបម្រើប្រទេសជាតិតាមផ្លូវល្អប្រសើរឡើងវិញ។ ជាចុងក្រោយនាងខ្ញុំសូមគោរពស្នើសុំអនុញ្ញាតសម្ដេចពុក សម្ដេចធិបតី មេត្តាអនុញ្ញាតឱ្យរូបនាងខ្ញុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

ក្រៅពីកញ្ញា ចៀន សុណា ត្រូវបានដោះលែងហើយ ក៏មានកញ្ញា កាត់ ស៊ីណាត បានចេញវីដេអូសុំទោស និងទទួលកំហុស ហើយក៏ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញដែរ។ កញ្ញា កាត់ ស៊ីណាត ជាសកម្មជនសង្គមមួយរូបដែលចូលរួមក្នុងព្រឹត្តការណ៍ថ្ងៃទី១៨សីហា ដែលរាជរដ្ឋាភិបាលចាត់ទុកថាជាថ្ងៃក្រុមបាតុកម្មប្រមូលផ្ដុំគ្នា ក្នុងគោលបំណងផ្ដួលរលំថ្នាក់ដឹកនាំ។ ទោះបីសកម្មជនទាំងពីរនេះ ទទួលកំហុស ក៏ប៉ុន្តែសកម្មជននយោបាយ សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងសកម្មជនសង្គមផ្សេងទៀត នៅមិនទាន់សុំទោសនៅឡើយ ហើយត្រូវបន្តជាប់ឃុំខ្លួនដដែល ក្នុងនោះមានកញ្ញា ភឹង សោភា កញ្ញា សាក់ កណ្ណិកា កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា នឿន ស្រីណែត និងកញ្ញា សើន ស្រីម៉ៃ។

លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល សរសេរបញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា ការដកខ្លួនពីគម្រោង CLV នេះ គឺមិនជាប់ទាក់ទងនឹងជនល្មើសដែលកំពុងជាប់ឃុំនោះឡើយ ដូច្នេះការដកខ្លួននេះ សូមកុំយល់ច្រឡំថារាជរដ្ឋាភិបាល នឹងធ្វើការលុបចោលនូវបទល្មើសមួយចំនួន ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ មួយវិញទៀត លោកស្រីថា សំណុំរឿងរបស់យុវជន និងសកម្មជនទាំងនោះ គឺជាប់ពាក់ព័ន្ធនឹងគម្រោងផ្ដួលរលំរាជរដ្ឋាភិបាល មិនមែនជាប់ពាក់ព័ន្ធនឹងគម្រោង CLV ទេ។ ហេតុនេះតុលាការកំពូល មិនអាចឆ្លើយតបបានឡើយ ចំពោះការដោះលែង ឬមិនដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ។

លោកស្រី ម៉ៅ ធីតា៖ «សំណុំរឿងទាំងនោះកំពុងចាត់ការនៅសាលាដំបូងនៅឡើយ ដូច្នេះអ្នកនាំពាក្យពុំអាចឆ្លើយបានទេ»។

ប៉ុន្តែលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់យ៉ាងខ្លីថា ចៅក្រមស៊ើបសួរ កំពុងពិនិត្យសំណុំរឿងទាំងអស់នេះតាមនិតីវិធី ដូច្នេះលោកបដិសេធក្នុងឆ្លើយតបចំពោះការដោះលែងសកម្មជនដែលពាក់ព័ន្ធជុំវិញព្រឹត្តិការណ៍គម្រោង CLV ពីព្រោះរង់ចាំការសម្រេចរបស់ចៅក្រម។ ក្រៅពីនេះ លោកក៏បដិសេធថា មិនដឹងចំនួនយុវជន និងសកម្មជន ដែលបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានចេញវីដេអូសុំទោស និងសារភាពកំហុស។

លោក អ៊ី រិន្ទ៖ «រឿងហ្នឹងដូចជាមានការបញ្ជាក់មួយដែរ តែនៅក្នុងដំណាក់កាលស៊ើប អ៊ីចឹងចៅក្រមគាត់ពិនិត្យតាមនីតិវីធីរបស់គាត់បាទ!»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ក្នុងរបាយការណ៍ដែលអង្គការលីកាដូបានកត់ត្រាគិតចាប់ពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះលោកថា អង្គការលីកាដូ បានរកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់នៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) នេះផងដែរ។

លោក អំ សំអាត៖ «អ៊ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល យល់ឃើញថាបញ្ហា CLV នេះត្រូវបានបញ្ចប់ដោយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចនៅក្នុងការបញ្ចប់គម្រោងនេះ ហើយមានការអបអរសាទរច្រើនពីប្រជាពលរដ្ឋ។ អ៊‌ីចឹងហើយចំណុចទាំងអស់នេះដែលយើងជាអង្គការសង្គមស៊ីវិលសូមស្នើឱ្យតុលាការលោកពិចារណា ជាពិសេសទៅយុវជន សិស្ស-និស្សិត ដែលកំពុងសិក្សាហ្នឹង ដើម្បីឱ្យគាត់មានឱកាសក្នុងការទទួលបានសិក្សាឡើងវិញ ហើយចំពោះអ្នកផ្សេងទៀតគួរតែមានការពិនិត្យ ពិចារណា ប្រសិនជារកទៅមិនឃើញមានប្រព្រឹត្តបទល្មើសទេ គួរតែដដោះលែងពួកគាត់បាទ!»។

ចំពោះអ្នកជាប់ឃុំជុំវិញព្រឹត្តិការណ៍នេះ អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា បញ្ជាក់បន្ថែមថា តុលាការកំពូលពុំដែលចាប់ខ្លួនបុគ្គលណាដែលគ្រាន់តែបញ្ចេញមតិ ឬរិះគន់នោះទេ រាល់ការចាប់ខ្លួនមួយៗ ធ្វើឡើងចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសមានចែងនៅក្នុងក្រមព្រហ្មទណ្ឌតែប៉ុ​ណ្ណោះ។

វិទ្យុស្ត្រីបានព្យាយាមទាក់ទងលោក នុត សវនា អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីសួរនាំចំនួនសកម្មជនដែលជាប់ឃុំខ្លួនជុំវិញព្រឹត្តិការណ៍នេះ ហើយត្រូវបានដោះលែងឱ្យមានសេរីភាព ប៉ុន្តែ លោកបានប្រាប់ថាជាប់ប្រជុំ ដោយណាត់ឱ្យទាក់ទងមកម៉ោង ១២ថ្ងៃត្រង់ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃដដែល លោកមិនលើកទូរសព្ទម្ដងទៀតឡើយ។ ក៏ប៉ុន្តែវីដេអូឃ្លីបរបស់សារព័ត៌មាន Fresh News ដែលបានចុះផ្សាយកន្លងមក បង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា មានយុវជនប្រុស-ស្រី ប្រមាណ ១២នាក់ បានសារភាពកំហុសរបស់ពួកគេ ចំពោះការចែករំលែកព័ត៌មាន និងគ្រោងចូលរួមបាតុកម្មប្រឆាំងគម្រោង CLV នៅថ្ងៃទី១៨ ខែសីហា៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image