អ្នកស្រី អ៊ុច សិរីរ័ត្ន អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្រ្តីនៅតែបញ្ហាប្រឈមនឹងផ្នត់គំនិតសង្គម ក្នុងការរៀនជំនាញបច្ចេកទេសទាក់ទងជំនាញកម្មន្តសាល ដូចជា ការជួលជុលរថយន្ត ជំនាញអគ្គីសនី និងបរិក្ខារត្រជាក់។ អ្នកស្រីថាជំនាញទាំងនេះមិនសម្រាប់តែបុរសទេ ស្រ្តីក៏អាចរៀនបានដែរ។
នៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តី អ្នកស្រី អ៊ុច សិរីរ័ត្ន អនុប្រធានុនាយកដ្ឋានបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផ្នែកមួយនៃបញ្ហាប្រឈមសម្រាប់យុវជននោះ គឺការដែលយុវជនមិនទាន់យល់អំពីសារៈសំខាន់នៃការរៀនជំនាញបច្ចេកទេសដែលជួយឱ្យយុវជនក្លាយខ្លួនទៅជាកម្លាំងពលកម្មដែលមានជំនាញ នៅក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។ ម្យ៉ាងវិញទៀត ក៏ទាក់ទងនឹងបរិបទសង្គមជុំវិញដែលយុវជនរស់នៅ ពិសេសផ្នត់គំនិតលើស្រ្តីក្នុងការរៀនជំនាញបច្ចេកទេស ដូចជាការរៀនជំនាញអគ្គីសនី ជំនាញជួលជុលរថយន្ត បរិក្ខារត្រជាក់ ប្រាកដណាស់ ពិតជាមានមតិមួយចំនួនមិនលើកទឹកចិត្ត ហើយនិយាយថា ហេតុអ្វីបានទៅរៀនជំនាញទាំងអស់នេះ ដែលមិនមែនជាជំនាញស្រ្តី?។
អ្នកស្រី អ៊ុច សិរីរ័ត្ន៖ «ហ្នឹងហើយគឺជាផ្នត់គំនិតមួយដែលជះឥទ្ធិពលទៅដល់គាត់ហើយនឹងអ្នករៀននឹងដែរ ហ្នឹងក៏ជាកត្តាលើកទឹកចិត្ត ពីបរិបទសង្គមសហគមន៍នៅជុំវិញគាត់ និងមួយទៀតកត្តាជុំវិញគាត់ដែលយុវជនខ្លួនឯង មិនទាន់យល់អំពីសារៈសំខាន់នៃការរៀនជំនាញបច្ចេកទេស»។
អ្នកស្រីអ៊ុច សិរីរ័ត្ន បានបញ្ជាក់បន្ថែមថា ចាប់តំាងពីបើកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមនុស្សម្នាក់មានជំនាញមួយប្រចាំជីវិត កាលពីថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកចុះឈ្មោះចូលរៀនចំនួនប្រមាណ៥ម៉ឺននាក់ហើយ ក្នុងនោះមាន១០វិស័យ និង៤៥ជំនាញ ហើយជំនាញកម្មន្តសាល ជួលជុលរថយន្ត ជំនាញអគ្គីសនី និងបរិក្ខារត្រជាក់ ភាគច្រើនបុរស និងជំនាញសេវាកម្ម សំអាងកាយ ធុរកិច្ច និងទេសចរណ៍ ភាគច្រើនជាស្រ្តី។
អ្នកស្រីអ៊ុច សិរីរ័ត្ន៖«ផ្តល់ការបណ្តុះបណ្តាលបច្ចុប្បន្ន ទាក់ទងនឹងជំនាញកម្មន្តសាល ដែលជាជំនាញទាក់ទងនឹងការជួសជុលរថយន្ត ជួសជុលបរិក្ខារត្រជាក់ ជំនាញហ្នឹងឃើញចំនួនបុរសច្រើនជាងស្រ្តី ។ ប៉ុន្តែបើទាក់ទងនឹងជំនាញសេវាកម្ម ដូចជាសេវាកម្មសំអាងកាយ ធុរកិច្ចនិងទេសចរណ៍ ឃើញតួលេខស្រ្តីច្រើនជាងបុរស អាចថាទៅលើមុខជំនាញ និងវិស័យមួយៗដែរអ៊ីចឹង»។
អ្នកស្រី អ៊ុច សិរីរ័ត្ន បានជំរុញលើកទឹកចិត្តដល់ស្រ្តី ក្នុងការរៀនជំនាញបច្ចេកទេស ប្រសិនបើគិតថា ខ្លួនស្រលាញ់និងចូលចិត្តលើមុខជំនាញមួយនេះ ត្រូវដាក់ចិត្ត និងផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ជឿជាក់ថាខ្លួនឯងធ្វើបាន ព្រោះជំនាញនេះមិនសម្រាប់តែបុរស នោះទេ គឺស្រ្តីក៏អាចរៀនបានដែរ។ ទន្ទឹមនឹងនេះការរៀនជំនាញបច្ចេកទេស ក៏ទទួលបានប្រាក់ចំណូលខ្ពស់ថែមទៀតផង៕