កំពង់ចាម៖ ក្រុមយុវជនដែលជាសិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ប្រចាំខេត្តកំពង់ចាមបានបើកវគ្គបណ្តុះបណ្តាលខ្លីមួយ ស្តីពី «អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»ហៅកាត់ថាMIL ទៅកាន់យុវជនជាសិស្សសាលាតាមវិទ្យាល័យនិងអនុវិទ្យាល័យ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ថ្មីៗទាក់ទងដំណើរការផលិតព័ត៌មាន។ បុព្វហេតុនៃការបើកវគ្គបណ្តុះបណ្តាលនេះ ព្រោះក្រុមយុវជនបង្គោលយល់ឃើញថា ចំណេះដឹងទាក់ទងអក្ខរកម្មព័ត៌មាននេះ ពិតជាមានសារៈប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពរបស់សិក្ខាកាមWMC ចុះបង្រៀនចែករំលែកចំណេះដឹងស្តីពីអក្ខរកម្មព័ត៌មានដល់សិស្សៗមកពីវិទ្យាល័យ និងអនុវិទ្យាល័យនានាក្នុងខេត្តកំពង់ចាម។រូបភាព អ៊ាវ រិទ្ធី។
សិក្ខាកាមរបស់ WMC និងជាក្រុមយុវជនសកម្មបណ្តាញសង្គម KCY ប្រចាំស្រុកកំពង់សៀម ដែលបានបើកវគ្គបណ្តុះបណ្តាលនោះ រួមមានយុវជន អ៊ាវ រិទ្ធី សុខ សុវីរ៉ា ថេ សុភ័ក្ត្រ និងស៊ីម ពន្លក។ អ្នកទាំងបួនបានផ្តួចផ្តើមគំនិតបើកវគ្គបណ្តុះបណ្តាលនេះ ដល់យុវជនជាសិស្សសាលាថ្នាក់វិទ្យាល័យនិងអនុវិទ្យា ល័យចំនួន ១៦ នាក់ក្នុងនោះមានស្រីចំនួន ១០ នាក់។ វគ្គសិក្សាខ្លីរយៈមួយថ្ងៃពេញនោះ បានប្រព្រឹត្តិទៅកាលពីចុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សកម្មភាពសិស្សកំពុងធ្វើការងារជាក្រុមក្នុងវគ្គសិក្ខាសាលា។រូបភាព អ៊ាវ រិទ្ធី។
ក្នុងវគ្គសិក្សានោះដែរ ក្រុមយុវជនបង្គោលបាននាំយកចំណេះដឹងទាក់ទងនឹងដំណើរការផលិតព័ត៌មាន របៀបសរសេរព័ត៌មានខ្លី ការថតរូប និងវិធីសាស្រ្តផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាដើមចែកជូនយុវជន។ ការសម្រេចចិត្តចែករំលែកចំណេះដឹងបន្តនេះ បន្ទាប់ពីក្រុមយុវជនបង្គោលបានសិក្សារៀនសូត្រជាមួយគ្រូបង្គោលប្រចាំនៅWMCកាលពីដើមខែមិថុនាកន្លងទៅ ហើយពួកគេជឿថា ចំណេះដឹងទាំងនេះពិតជាអាចផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់យុវជន។
យុវជនបង្គោលរបស់WMC កំពុងធ្វើបទបង្ហាញពីមេរៀនទាក់ទងដំណើរការរបស់ប្រព័ន្ធផ្សព្វផ្សាយ។រូបភាព អ៊ាវ រិទ្ធី។
យុវជន អ៊ាវ រិទ្ធី យុវជនម្នាក់ក្នុងចំណោមយុវជនទាំងបួននាក់ខាងលើដែលបានបើកកម្មវិធីបណ្តុះបណ្តាលស្តីពីMILនេះ និយាយថា មូលហេតុដែលសមា ជិកក្រុមសម្រេចចិត្តលើកយកមេរៀនអក្ខរកម្មព័ត៌មាននេះទៅចែករំលែកបន្ត ព្រោះមេរៀននេះជាជំនួយស្មារតីមួយយ៉ាងល្អក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសការចេះផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាដើម។ យុវជន រិទី្ធ បន្ថែមថា ខ្លួនពិតជាមានសេចក្តីរីករាយដែលអាចចូលរួមចែករំលែកចំណេះដឹងនេះ ទៅកាន់សិស្សានុសិស្សតាមសាលារៀនក្នុងខេត្ត ឱ្យបានយល់ដឹងពីរបៀបរាយការណ៍ព្រឹត្តិការណ៍ព័ត៌មានដែលកើតមានឡើងក្នុងសហគមន៍បង្ហោះលើបណ្តាញសង្គមរបស់ពួកគេប្រកបដោយភាពត្រឹមត្រូវតាមធាតុផ្សំនៃព័ត៌មាន(5W1H)។
យុវជនបង្គោលរបស់WMC កំពុងធ្វើបទបង្ហាញពីមេរៀនទាក់ទងប្លង់ថតរូបភាព។រូបភាព អ៊ាវ រិទ្ធី។
យុវជនបង្គោលប្រចាំខេត្តកំពង់ចាមរូបនេះឱ្យដឹងទៀតថា ក្រុមរបស់ពួកគេនឹងគ្រោងផែនការបន្តបើកវគ្គបណ្តុះបណ្តាលនេះបន្ថែមទៀត ដល់សិស្សានុ សិស្សនៅតាមវិទ្យាល័យនិងអនុវិទ្យាល័យផ្សេងទៀតនាឱកាសក្រោយ។ សម្រាប់ក្រុមយុវជនបង្គោល អ្វីដែលជាការចង់បានពីការបើកវគ្គបណ្តុះបណ្តាល គឺចង់ឱ្យយុវជនតាមសហគមន៍អាចចេះធ្វើសេចក្តីរាយការណ៍បឋមពីហេតុការណ៍ ឬ ព្រឹត្តិការណ៍ក្នុងមូលដ្ឋានពីបញ្ហា ឬក្តីកង្វល់របស់ពលរដ្ឋ ដើម្បីឱ្យអ្នកពាក់ព័ន្ធជួយរកដំណោះស្រាយសមរម្យជូនពលរដ្ឋ។
សកម្មភាពសិស្សកំពុងធ្វើការងារជាក្រុមក្នុងវគ្គសិក្ខាសាលា។រូបភាព អ៊ាវ រិទ្ធី។
ផ្អែកតាមរូបភាពនិងការឱ្យដឹងបន្ថែមពីយុវជនបង្គោលបានឱ្យដឹងថា វគ្គសិក្សានេះបានចាប់ផ្តើមនិងបញ្ចប់ទៅវិញបានដោយរលូន ខណៈសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងពេលសិក្សា និងបានលើកជាសំនួរ ចូលរួមធ្វើការងារក្រុមដែលគ្រូបែងចែក និងបានឡើងធ្វើបទបង្ហាញបានយ៉ាងល្អផងដែរ។
ជុំវិញវគ្គបណ្តុះបណ្តាលនេះ យុវជន ធីម ភីនិត ជាសិក្ខាកាមមួយរូបដែលបានចូលសិក្សាយល់ឃើញថា វគ្គសិក្សានេះ ពិតជាល្អសម្រាប់ប្អូនដែលកំពុងបម្រើការងារជាអ្នករាយការណ៍ដំណឹងជូនក្រុមទាក់ទងសកម្ម ភាពសប្បុរសធម៌នានា ពេលប្រជាពលរដ្ឋមូលដ្ឋានជួបប្រទះបញ្ហាបាត់បង់ទីជម្រកដោយសារគ្រោះធម្មជាតិ ឬករណីអគ្គិភ័យជាដើម។ ភីនិត និយាយទៀតថា ក្រោយពីបានសិក្សាប្អូនចេះចាប់ប្លង់ថតរូបបានស្អាតល្អ និងចេះសរសេររាយការណ៍ព័ត៌មានពីតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលបានជួបបញ្ហាផងដែរ។
សកម្មភាពសិស្សកំពុងធ្វើការងារជាក្រុមក្នុងវគ្គសិក្ខាសាលា។រូបភាព អ៊ាវ រិទ្ធី។
សម្រាប់ ភីនិត បានសន្យាថា នឹងបន្តការងារជាអ្នករាយការណ៍ព័ត៌មានបន្តទៀត ដ្បិតការងារនេះអាចធ្វើឱ្យខ្លួនក្លាយជាចំណែកមួយជួយដល់សង្គមតាម រយៈការរាយការណ៍ព័ត៌មានឱ្យមានការឆ្លើយតបជាវិជ្ជមានពីអ្នកពាក់ព័ន្ធ។
សិក្ខាកាមមួយរូបទៀតគឺយុវតី ប៊ូ នីតា ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យហាន់ជ័យ និយាយថា ខ្លួនមានអារម្មណ៍រំភើបនិងសប្បាយរីករាយ ព្រោះថាជាការចូលរួមវគ្គសិក្ខាសាលាលើកដំបូងរបស់ខ្លួន។ យុវតីរូបនេះបន្ថែមថា ចំណេះដឹងស្តីពីអក្ខរកម្មព័ត៌មាននេះជាមេរៀនបន្ថែមក្រៅកម្មវិធីសិក្សារបស់ក្រសួង ដែលវគ្គសិក្សានេះបានផ្តល់នូវចំណេះដឹងល្អៗពីវិជ្ជាជីវៈសារព័ត៌មានដែលពីមុនខ្លួនធ្លាប់តែអានដោយមិនដឹងពីរបៀបផលិតនោះទេ។ តែក្រោយពីរៀន នីតា និយាយថា ខ្លួនអាចយល់ដឹងបានមួយចំនួនពីរបៀបសរសេរព័ត៌មានខ្លីពីរឿងរ៉ាវក្នុងសហគមន៍ជាមួយការផ្តិតយករូបភាពដែលទាក់ទិនក្នុងព័ត៌ មាន។
យុវតី ប៊ូ នីតា បន្ថែមទៀតថា ទោះបីជាខ្លួនពុំទាន់បានចុះអនុវត្តសរសេរព័ត៌មានក្តី តែនីតាមានផែនការចុះផលិតក្រោយពេលទំនេរពីការសិក្សានៅពេលបន្ទាប់ឆាប់ៗនេះ។ ចំណែកប្រធានបទដែលគ្រោងចុះផលិតនោះគឺទាក់ទងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសគឺទាក់ទងតម្រូវ ការចាំបាច់របស់ពលរដ្ឋ ដើម្បីលើកបញ្ហានោះឱ្យអាជ្ញាធរបានដឹងឈានទៅរកដំណោះស្រាយ។
សកម្មភាពសិស្សកំពុងធ្វើការងារជាក្រុមក្នុងវគ្គសិក្ខាសាលា។រូបភាព អ៊ាវ រិទ្ធី។
សូមជម្រាបជូនថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បាននិងកំពុងបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់យុវជនក្នុងខេត្តគោលដៅចំនួន៤ ក្នុងនោះមាន ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ចាម និងខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅជំរុញសិក្ខា កាម ក្លាយជាពលរដ្ឋអ្នកសារព័ត៌មានតាមសហគមន៍ ដែលអាចមានសមត្ថភាពរាយការណ៍ព័ត៌មាន ជុំវិញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងឱ្យមានដំណោះស្រាយជាវិជ្ជមានពីសំណាក់អាជ្ញាធរដែនដី។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្គោល WMC ក៏នៅបន្តរក្សាទំនាក់ទងជាមួយសិក្ខា កាម ដើម្បីផ្តល់ការប្រឹក្សាយោបល់ពីការចុះផលិតព័ត៌មានជាមួយយុវជនតាមប្រព័ន្ធតេឡេក្រាម ពិសេសក៏មានជំនួបប្រជុំបំប៉នសមត្ថភាពជាមួយយុវជនផងដែរ៕
អត្ថបទខ្លីសរសេរដោយ អ៊ាវ រិទ្ធី សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។