en     km
en     km

ផ្ទះជួលឡើងថ្លៃ ស្វាគមន៍ប្រាក់ឈ្នួលកម្មករឡើង៤ដុល្លារ ឆ្នាំ២០២៥

Share

ទាំងកម្មករនិយោជិត និងអ្នកពាក់ពន្ធ សម្តែងការខកចិត្តទៅនឹងតួលេខប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់ចំនួន២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥​។ ពួកគេថាអាចទទួលយកបានលុះត្រាតែថ្នាក់ដឹកនាំជួយសម្រួលជាមួយអ្នកពាក់ព័ន្ធឱ្យគ្រប់គ្រងតម្លៃទំនិញនៅលើទីផ្សារ និងបណ្តាម្ចាស់ផ្ទះជួលជាដើម ព្រោះមិនទាន់នឹងទទួលបានប្រាក់បន្ថែម ៤ដុល្លារ សម្រាប់ឆ្នាំ២០២៥ផង ម្ចាស់ផ្ទះជួលបានឡើងថ្លៃទៅហើយ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

«ប្រាក់ខែ១ឆ្នាំឡើងតែ ៤រៀល(៤ដុល្លារ) ដល់ពេលផ្ទះជួលពួកខ្ញុំឡើងក្នុង ១ខែដល់ទៅ ៥ដុល្លារ អ៊ីចឹងគិតមើល ១ឆ្នាំ តើពួកខ្ញុំត្រូវចំណាយទៅលើផ្ទះជួលហ្នឹងឡើងអស់ប៉ុន្មាន?»

ក្រោយពីការសម្រេចកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបចំនួន២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥ លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ (FTUWKC) បានបង្ហាញការខកចិត្តចំពោះការសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតដែលបន្ថែមត្រឹមតែ៤ដុល្លារក្នុងឆ្នាំ២០២៥ លើប្រាក់ខែគោលអប្បបរមាបច្ចុប្បន្ន ២០៤ដុល្លារនេះ។ ចំនួននេះ អ្នកស្រី ទូច សើ យល់ឃើញថាជាតួលេខទាបខ្លាំង ដ្បិតអីអ្នកស្រីធ្លាប់ដាក់ក្ដីរំពឹងថា ឆ្នាំ២០២៥ កម្មករអាចនឹងទទួលបានការដំឡើងប្រាក់ខែគោល១០ដុល្លារបន្ថែម។

«ពីមុនខ្ញុំរំពឹងថាយ៉ាងតិចបំផុតក៏គាត់បានថែម ៦ដុល្លារដែរ។ តែដល់តែពេលចុងក្រោយគាត់ថែមឱ្យតែ ២ដុល្លារ ហើយខាងរាជរដ្ឋាភិបាលហ្នឹងគាត់ថែមឱ្យបាន ២ដុល្លារ អ៊ីចឹងបាន ២០៨$។ ២០៨ដុល្លារហ្នឹង បើសិនជាអ្នកពេញសិទ្ធបាន២០៨$។ បើសិនជាអ្នកសាកល្បងបាន២០៦$ អ៊ីចឹងការរំពឹងទុករបស់ខ្ញុំៗមើលទៅដូចជាប្រាក់ខែហ្នឹងវាទាបៗជាងគោលដែលយើងចង់បានហាស! គោលដៅដែលយើងដាក់ដំបូងហ្នឹងគឺវា២១៤$ យើងនឹងឃើញថាយ៉ាងតិចបំផុតក៏បាន២១០$ដែរ។ តែដល់ពេលហើយយើងសោកស្តាយ លើពេលធ្លាក់មកនៅត្រឹម២០៨$ វាហាក់បីដូចជាទាបណាស់! ទាបខ្លាំង។»

លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ (FTUWKC)

 

អ្នកស្រី ទូច សើ បន្តទៀតថា ប្រសិនបើកម្មធ្វើសកម្មភាពទាមទារណាមួយប្រហែលជា អាចបានច្រើនជាង ២០៨ដុល្លារនេះ។ ប៉ុន្តែអ្នកស្រីហាក់គ្មានសង្ឃឹម ដ្បិតមើលឃើញថា បច្ចុប្បន្នកម្មករនិយោជិតមានបន្ទុក និងជាប់បំណុលច្រើន។ ដូច្នេះ ពួកគេមិនហ៊ានរើបម្រាសទាមទារអត្ថប្រយោជន៍របស់ខ្លួននោះឡើយ មានតែស្របតាមអ្នកចរចារប៉ុណ្ណោះ។

«បើតាមគិតជាទូទៅ រឿងកម្មករខ្លះ គាត់ភាគច្រើនគាត់ ចង់និយាយថាអាហ្នឹងតាមមតិរបស់ខ្ញុំគាត់ចង់បានច្រើន តែគាត់ហ៊ានធ្វើសកម្មភាពទេ។ បើសិនជាគាត់អាចជាធ្វើសកម្មភាពធ្វើអីទៅ ខ្ញុំជឿជាក់ថានឹងអាចបានខ្ពស់ជាងហ្នឹង តែយើងឃើញហើយបច្ចប្បន្នភាពគាត់ជំពាក់លុយគេច្រើន គាត់អត់សូវហ៊ានរើបម្រាស ការណ៍ដែលគាត់ហ៊ានទាមទារអត្ថប្រយោគរបស់ខ្លួនគាត់ទេ។ អ៊ីចឹងសំខាន់ ស្រេចតែនៅលើអ្នកចរចារ បើសិនជាថាបានប៉ុន្មានគាត់ទទួលយកប៉ុណ្ណឹង។»

រូបភាព៖ WMC/Reaksmey

 

បើទោះជាយ៉ាងនេះក្តី លោកស្រី ទូច សើ យល់ថា ចំនួន៤ដុល្លារដែលកម្មករនិយោជិតទទួលបានបន្ថែមលើប្រាក់គោលនាឆ្នាំ២០២៥ខាងមុខនេះ កម្មករអាចទទួលយកបាន បើក្នុងករណីថ្នាក់ដឹកនាំអាចសម្រួលជាមួយម្ចាស់ផ្ទះជួល ម្ចាស់អាជីវកម្មនានា ពិសេសតម្លៃទំនិញ​នៅលើផ្សារមិនឱ្យបន្តឡើងថ្លៃបាន។ តែបើតម្លៃផ្ទះជួល ឬទំនិញនៅលើទីផ្សាររនៅតែបន្តឡើងថ្លៃឥតឈប់ឥតឈរ ប្រាក់៤ដុល្លារដែលត្រូវបន្ថែមនៅឆ្នាំថ្មីនេះ កម្មករមិនអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃនោះទេ។

«អាហ្នឹងយើងឃើញហើយថា បើសិនជាគាត់អាចទទួលយកបាន បើសិនជាទំនិញទីផ្សាររ ផ្ទះជួល ឬទឹកភ្លើងអត់អាចឡើងថ្លៃ គាត់អាចទទួលយកបាន។ តែបើសិនជាថា ទឹកភ្លើងឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃក៏ពិបាក ៤ដុល្លារហ្នឹងក៏មិនអាចគ្រប់គ្រាន់ក្នុងជីវភាពក្នុងគ្រួសារគាត់បានដែរ។»

រូបភាព៖ WMC/Seanglim

 

ស្រដៀងគ្នានេះដែរ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) បានលើកឡើងថាចំនួន ២០៤ដុល្លារនេះ កម្មករនិយោជិតក៏អាចទទួលយកបានដែរ។ ទទួលយកបាន ក្នុងន័យនេះ គឺត្រូវបន្ថែមលក្ខខណ្ឌក្នុងការគ្រប់គ្រងតម្លៃទំនិញនៅលើទីផ្សារឱ្យបានល្អ។

 «វា!! និយាយឱ្យចំ បើឆ្លើយខ្លីគឺពួកគាត់តែប៉ុណ្ណឹងក៏អាចទទួលយកបានដែរ ក៏ប៉ុន្តែគ្រាន់តែបន្ថែមលក្ខខណ្ឌថា សូមឱ្យមានការគ្រប់គ្រងទៅលើការតម្លៃទំនិញទីផ្សារឱ្យបានល្អ អាហ្នឹងជាមតិកណ្តាលរួមមួយហាណាស់។»

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC)

 

ទទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា បើធៀបទៅនឹងការចំណាយ និងចំនួនមនុស្សក្នុងគ្រួសារ ការសុំបន្ថែម ១៤ដុល្លារ កាលពីដំបូង លើប្រាក់អប្បបរមា២០៤ដុល្លារនោះ គឺជាការចង់បានទាបបំផុតសម្រាប់កម្មករនិយោជិត។ ដូច្នេះ ការកាត់ពីចំនួន ១៤ដុល្លារសល់ត្រឹម៤ដុល្លារ ពោលគឺចំនួនរំពឹងទុក២១៨ សល់ត្រឹម ២០៨ ដុល្លារ ក្នុងឆ្នាំ២០២៥ គឺមិនមិនគ្រប់គ្រាន់សម្រាប់កម្មករនិយោជិតនោះឡើយ។

«តែបើនិយាយថាឱ្យឆ្លុះបញ្ចាំងពីការទាមទាររបស់កម្មករដែល ២១៤ហ្នឹងដែលយើងដាក់ថាមុនដំបូង២១៨ មានន័យថាយើងសូមថែម១៤ដុល្លារ អាហ្នឹងបើយើងនិយាយឱ្យចំអា២១៤ដុល្លារហ្នឹងគឺជា basicmid វាជាតម្រូវការអប្បបរមារបស់កម្មករហើយ។ បើយើងធៀបមើលចំនួនមនុស្សក្នុងគ្រួសារ ការចំណាយលើអាហារ និងមិនអាហាសម្រាប់កម្មករអីផ្សេងៗហ្នឹង យើងមើលឃើញថាអាហ្នឹងគឺជាកម្រិតអាប្បបរមាហ្មង អ៊ីចឹងមានន័យថា ២០៨ហ្នឹងមិនទាន់គ្រប់ទេ ទាល់តែ២១៨ហ្នឹង។»

លោក កត្តា អ៊ន ​​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឡើងថាការកំណត់ប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លានេះ គឺជាការបំពេញតាមនិតិវិធីនៃក្រុមប្រឹក្សាជាតិអប្បបរមាដែលមានការវិភាគទៅលើកបញ្ហាសង្គម បញ្ហាសេដ្ឋកិច្ចច្បាស់លាស់ក្នុងក្របខណ្ឌច្បាប់ ដើម្បីធានាឱ្យបានការដំឡើងប្រាក់ឈ្នួលមួយសមស្របទៅនឹងតម្រូវការកម្មករនិយោជិត។ មួយវិញទៀតបើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសណេប៉ាល់ ស្រីលង្កា វៀតណាម ឡាវជាដើម ប្រាក់ឈ្នួលរបស់ប្រទេសទាំងនេះ ហាក់ជាទាបជាងកម្ពុជាឆ្ងាយ។ លោកបន្តថា ការកំណត់ប្រាក់ឈ្នួល ២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ កម្មករនិយោជិតជាង៩០ម៉ឺននាក់ និងប្រជាជនស្ទើរតែមួយប្រទេសទទួលស្គាល់ និងទទួលយកបាន។

«សហជីពនៅកម្ពុជាមានជាង៦០០០ សួរថា តើសហជីពប៉ុន្មានដែលមិនពេញចេញទៅនឹងការដំឡើងប្រាក់ឈ្នួល ២០៨ដុល្លារ។ទី១! ទី២ កម្មករនិយោជិតក្នុងវិស័យកាត់ដេរជាង៩០ម៉ឺននាក់គេស្វាគមន៍ទៅនឹងការដំឡើងទៅនឹងប្រាក់ឈ្នួល២០៨ដុល្លានេះ យ៉ាងច្រើនកោះកររួមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង។ និយាយជារួមគឺប្រជាជនកម្ពុជាទូទាំងប្រទេសគឺគេស្វាគមន៍។»

លោក កត្តា អ៊ន ​​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

 

អ្នកស្រី វ៉ាន់ ថាណា តំណាងសហជីពកម្ពុជាខេត្តកណ្តាល(CATU) បានលើកឡើងថា អ្នកស្រីក៏មិនពេញចិត្ត និងខកចិត្តជាខ្លាំង ចំពោះចំនួនដែលបានកំណត់ ២០៨ដុល្លារនោះ ព្រោះខុសពីការរំពឹងទុក និងមិនគ្រប់ក្នុងការចំណាយ។ ម្យ៉ាងវិញទៀត កម្មករនិយោជិតមិនទាន់នឹងទទួលបានប្រាក់ខែដែលឡើងនៅឆ្នាំក្រោយផង ផ្ទះជួលបានឡើងថែម៥ដុល្លារ ក្នុង១ខែរួចបាត់ទៅហើយ។ យ៉ាងណាអ្នកស្រី និងក្រុមការងារ មានគម្រោងឡាយ(Live)វីដេអូតាមបណ្តាញសង្គមបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះប្រាក់អប្បបរមាដែលនឹងទទួលបាននាពេលខាងមុខនេះ។

«បើសម្រាប់ពួកខ្ញុំវិញគឺទទួលទៅ ទទួលបានហ្នឹងគឺពួកខ្ញុំអត់សប្បាយចិត្តទេ ហើយមួយទៀត ពួកខ្ញុំបានជជែកគ្នាដែរ បើសិនជាករណីពួកខ្ញុំCATUគឺយើងគ្រាន់តែមានជាការឡាយ(live video) បង្ហាញពីអ្វីដែលយើងអត់ពេញចិត្តអ៊ីចឹងហា។ អ្វីដែលយើងអត់សប្បាយចិត្តហើយអ្វីដែលយើងដូចថា វាអត់ ទទួលយកអត់វានអ៊ីចឹងហាស! វាហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកយើងដែរ។ ពួកយើងមិនស្នើច្រើនទេ ក្នុងឆ្នាំហ្នឹងបើយើងឡើងបានត្រឹមតែ ២១៤ដុល្លារ ក៏យើងនឹកឃើញថាក៏វាល្អប្រសើរដែរ តែដល់ពេលឡើងត្រឹមតែ វាអត់បានថាតែ២១០ដុល្លារ ក៏វាអត់បាន វាបានតែ២០៨ដុល្លារ អ៊ីចឹងវាធ្វើឱ្យការរំពឹងរបស់យើងរំពឹងហ្នឹងវាៗអត់ៗតែម្តងចាស!»

អ្នកស្រី វ៉ាន់ ថាណា តំណាងសហជីពកម្ពុជាខេត្តកណ្តាល(CATU)

 

គោលបំណងនៃការឡាយ(Live)តាមបណ្តាញសង្គមនេះគឺពួកគេចង់ឱ្យមានការគិតគូរចំនួនដែលបានកំណត់២០៨ដុល្លារនេះឡើងវិញ។ ក្នុងការឡាយផ្ទាល់នេះដែរ​ អ្នកស្រី ថាណា រំពឹងថានឹងបានដឹងឮដល់ថ្នាក់ដឹកនាំ។ ប្រសិនបើ ករណីបានដឹងឮដល់ថ្នាក់ដឹកនាំហើយ តែការឆ្លើយតបមិនការកែប្រែអ្វីទៀតទេ អ្នកស្រី និងក្រុមការងារនឹងស្នើដល់ថ្នាក់ដឹងនាំជួយចាត់វិធានការណាមួយជួយសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ​ ដើម្បីទប់ស្កត់តម្លៃទំនិញនៅលើទីផ្សារឱ្យទាបជាងមុន ឬរក្សាតម្លៃឱ្យនៅដដែល ដើម្បីជួយសម្រាលបន្ទុករបស់ពួកគេ ព្រោះទាំងនេះជាក្តីកង្វល់ដ៏ធំសម្រាបកម្មករ។

«បើនិយាយឱ្យចំទៅគឺខ្ញុំមិនពេលចិត្ត គឺមិនសូវនឹងពេញចិត្តទៅហើយចាស! អ៊ីចឹងបើសិនជា ករណីមួយទៀត អាចនៅតម្លៃថេរ ឬមួយក៏អាចទាមជាងនេះទៀត វារឹតតែល្អប្រសើជាអាចជួយពួកខ្ញុំបានច្រើន។ កាត់បន្ថយកុំឱ្យពួកខ្ញុំ ករណីថាពួកខ្ញុំឥឡូវកំពុងតែពិបាកហើយអាចនឹងទៅខ្ចីគេហើយ តែបើសិនជាករណីអីវ៉ាន់ទីផ្សារនឹងទាបពួកខ្ញុំអាចសម្រួលៗខ្លួនឯងវិញ យ៉ាងហោចណាស់ ក៏កាត់បន្ថយបានច្រើនជាងមុនដែរ។ បើទោះបីជាប្រាក់ខែយើងមិនច្រើន តែបើយើងខំប្រឹង ឬមួយក៏ខំប្រឹងធ្វើការ ឬមួយយើងខំប្រឹងថែមម៉ោង ប្រាក់ខែយើងច្រើនតិច អីវ៉ាន់ទីផ្សារយើងរាងចុះតិចទៅ អ៊ីចឹងធ្វើឱ្យយើងជួយខ្លួនឯងបានខ្លះៗផងដែរចាស។»

 

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

 

ជុំវិញការកំណត់ប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារនេះ លោក កាំង ម៉ូនីកា លេខាធិការរង សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា ២០៨ដុល្លារ មិនមែនជាប្រាក់ឈ្នួលចុងក្រោយនោះទេ។ ប៉ុន្តែលោកម៉ូនីកាហាក់បង្ហាញការយល់ចិត្ត និងដឹងពីសុខទុក្ខ កម្មករនិយោជិត ដោយលោករំលេចថា ពួកគេត្រូវចាត់ចែង និងចំណាយច្រើន ខណៈគ្រួសារក៏មិនសូវធូរធារ និងមានបន្ទុកច្រើន។ តែទោះជាយ៉ាងនេះក្តី លោកក៏បានរម្លឹកឡើងវិញថា ការកំណត់ប្រាក់អប្បបរមា ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥នេះ គឺជាតួលេខមួយដែលធ្វើឡើងដោយមានព័ត៌មាន និងមានលក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ត្រឹមត្រូវ។

«អឺ!! ធម្មតាទេ ជួនកាលបងប្អូនយើងគាត់ យើងទទួលស្គាល់ថាជីវភាពគាត់មិនសូវជាធូរធារ ហើយចឹងពេលខ្លះគាត់គិតថា ប៉ុណ្ណឹងតិចសម្រាប់ពួកគាត់ ហើយបងប្អូនខ្លះក៏មានកូនតិចក៏មានកូនច្រើននៅក្នុងបន្ទុក អ៊ីចឹងអាចថា មានការយល់ឃើញផ្សេងៗគ្នា ក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ការកំណត់ប្រាក់ឈ្នួលនេះ គឺធ្វើឡើងយើងទៅលើតួលេខព័ត៌មានដែលមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ យើងអត់មែនតែនឹកឃើញដាក់មកទេបាទ។»

 

លោក កាំង ម៉ូនីកា លេខាធិការរង សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

 

ទាំងលោក ម៉ូនីកា និងលោក កត្តា អ៊ន សុទ្ធតែអះអាងស្រដៀងគ្នាថា ក្រៅតែពីប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់​ កម្មករនីយោជិតនៅទទួលអត្ថប្រយោជជាច្រើនផ្សេងទៀតដែរ ដូចជាប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់ផ្សេងៗ។ ម្យ៉ាងវិញទៀត លោកកត្តា អ៊ន ថា​ រដ្ឋាភិបាលក៏ថ្លឹងថ្លែងជាបន្តទៀតនូវលទ្ធភាពនៃការចំណាយរបស់កម្មករនិយោជិតដោយការតទឹកភ្លើងដល់បណ្តាផ្ទះជួលដើម្បីឱ្យថ្លៃទឹកភ្លើងកាន់តែចុះថោក និងអប់រំណែនាំដល់ម្ចាស់ផ្ទះជួល និងអាជីវករនានា​ មិនឱ្យដំឡើងតម្លៃទៀតនោះទេ។

«ក្រៅតែពីដំឡើងប្រាក់ឈ្នួលអប្បរមានេះ បងប្អូនកម្មករនិយោជិតមានការទទួលនូវអត្ថប្រយោជន៍ផ្សេងៗដូចជា ការធ្វើការថែមម៉ោង ប្រាក់ថ្លៃអាហារ ប្រាក់សុខភាព ក៏ដូចជាការធនាបាននូវគោលការ ប.ស.ស។ អ៊ីចឹងនិយាយជារួម យើងឃើញថា ប្រាក់ឈ្នួលដែលបងប្អូនកម្មករនិយោជិតយើងទទួលបានក្នុងវង្វង់ ២៥០ដុល្លា ឬលើសហ្នឹងទៅទៀត ដែលយើងប្រៀបធៀបទៅនឹងទំនិញទីផ្សាររ ឬជាតម្លៃផ្ទះជួលគឺបងប្អូនអាចសន្សំប្រាក់មួយចំនួនធំផ្ញើទៅគ្រួសារ។ ទី២ រដ្ឋាភិបាលបានបន្តថ្លឹងថ្លែងនូវការតទឹកភ្លើងដល់ផ្ទះជួលក្នុងការកាត់បន្ថយ ដើម្បីឱ្យតម្លៃទឹកភ្លើងកាន់តែចុះថោក ហើយអប់រំណែនាំដល់ម្ចាស់ផ្ទះជួលមិនឱ្យមានការដំឡើងថ្លៃជួលទេទទឹមនឹងការឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក៏ដូចជាការអប់រំដល់អាជីវករផ្សេងៗមិនឱ្យឡើងតម្លៃថ្លៃ។»

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

មួយវិញទៀត លោកបញ្ជាក់ថា ដើម្បីឱ្យទំនិញកាន់តែចុះថ្លៃមិនមែនទប់ស្កាត់តែតម្លៃនៅទីផ្សាររប៉ុណ្ណោះទេ តែអ្នកក្នុងស្រុកក៏ត្រូវជំរុញ និងពង្រឹងការផលិតឱ្យបានច្រើនស្រមតាមតម្រូវការប្រើប្រាស់ ទើបអាចកាត់បន្ថយទំនិញនាំចូល។​ ដូច្នេះ ការរួមគ្នាផលិតផលនៅក្នុងស្រុកកាន់តែច្រើន ធ្វើឱ្យតម្លៃទំនិញក៏កាន់តែចុះថោកផងដែរ។

«ប៉ុន្មានអ្វីដែលសំខាន់គឺ យើងត្រូវតែពង្រឹងការផលិតឱ្យបានច្រើន បើយើងប្រើប្រាស់ផលិតផលក្នុងស្រុក កាត់បន្ថយតការនាំចូល កាលណាដែលយើងនាំចូលដែលយើននាំចូលកាន់តែច្រើន មានន័យថាតម្លៃទំនិញទីផ្សារកាន់តែថ្លៃ។ ដូច្នេះហើយ ប្រើសិនបើបងប្អូនកម្មករនិយោជិតយើងនាំគ្នាផលិតអ្វីៗដែលនៅជុំវិញខ្លួន ក៏ដូចជាប្រជាជនយើងនាំគ្នាផលិតៗផលក្នុងស្រុកឱ្យបានច្រើន យើងរួមគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើននោះទំនិញនៅទីផ្សាររកាន់តែចុះថោកជាងសព្វថ្ងៃ។»

ឆ្លងកាត់ការប្រជុំត្រីភាគី រួមមានតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងក្រសួងការងារ ដោយចាប់ផ្ដើមពីខែសីហា ជាបន្តបន្ទាប់ រហូតដល់ថ្ងៃ១៩ ខែកញ្ញា ភាគីបានសម្រេច កំណត់យកប្រាក់ខែអប្បរមា២០៨ដុល្លារ សម្រាប់កម្មករនិយោជិត ដោយនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ៕

(អត្ថបទសរសេរដោយ ងិន ស៊ាងលីម)

Share

ព័ត៌មានទាក់ទង

Image