loader

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​

cover-EU-urges-RGC

ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ព​ន្លឿ​ន​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ឱ្យ​ពួក​គេ​ឆាប់​ទទួល​បាន​   ប័ណ្ណកម្មសិទ្ធិ​ងាយស្រួល​ក្នុង​ការ​ប្រប​កប​របរ​ចិញ្ចឹមជីវិត​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ ស្តី​ពី​ “​ការ​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​”​ ដែល​រៀបចំ​ទ្បើ​ង​ដោយ​មជ្ឈមណ្ឌល​សិ​ទ្ទិ​មនុស្ស​កម្ពុជា​ នៅ​ទីស្នាក់ការ​របស់​ខ្លូ​ន​ ព្រឹក​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​

លោក​  ជួន​ សា​រ៉េត​ រាយ​ការណ៍​ពី​ព័ត៌​មាន​នេះ​៖

​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក​ George​ Edgar​ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ ការណ៍​ដែល​ជនជាតិ​ដើម​ភាគតិច​មិន​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជនជាតិ​ដើម​ភាគតិច​ជំនាន់​ក្រោយ​ផង​ដែរ​។​

លោក​ George​ Edgar​
លោក​ George​ Edgar​

លោក​ George​ Edgar​ បាន​បន្ត​ទៀត​ថា​ សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​ទៅ​ដល់​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​ក្នុង​ទម្រង់​មួយ​ដែល​មានការ​គោរព​ទៅ​ដល់​សង្គម​ និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ហើយ​សហភាព​អឺរ៉ុប​ក៏​គាំទ្រ​ទៅ​ដល់​រដ្ឋាភិបាល​កន្លង​មក​ ដែល​បាន​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ ប៉ុន្តែ​សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​សមូហភាព​ទៅ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​។​

​ «​សហភាព​អឺរ៉ុប​ទទួលស្គាល់​នូវ​វឌ្ឍនភាព​ដែល​បាន​ធ្វើ​កន្លង​មក​ ក្នុង​ការ​ផ្តល់​នៅ​សិទ្ធិ​ដីធ្លី​ទៅ​ឱ្យ​ជូន​ជនជាតិ​ដើម​ភាគតិច​តាម​រយៈ​សកម្មភាព​រួម​ជា​ច្រើន​ក៏​ប៉ុន្តែ​យើង​បន្ត​អំពាវនាវ​ឱ្យ​រាជ​ រដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន​ និង​ពង្រីក​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សែង​ទៀត​នោះ​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ជូន​សហគមន៍​»​។​

​ជុំវិញ​បញ្ហា​នេះ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ យុន​ ម៉ា​ណេ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះបញ្ជី​ដីធ្លី​សមូហភាព​ ជនជាតិ​ដើម​ភាគតិច​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ ពោល​គឺ​ ដោយសារ​តែ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៤៥៨​ សហគមន៍​។​ នេះ​បើ​តាម​អ្នកស្រី​ទទួល​បាន​ទិន្នន័យ​ពី​ក្រសួងមហាផ្ទៃ​ ហើយ​ក្នុង​ចំណោម​សហគមន៍​ទាំងនោះ​ ទើបតែ​មាន​ ១១​ សហគមន៍​តែ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ប្លង់​ដី​សមូហភាព​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​។​

អ្នកស្រី​យុន ម៉ាណេ
អ្នកស្រី​យុន ម៉ាណេ

​អ្នកស្រី​ យុន​ ម៉ា​ណេ​ បន្ត​ថា​ ការ​ចុះបញ្ជី​ដីធ្លី​នេះ​មានការ​យឺតយ៉ាវ​ដោយសារ​តែ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ នឹង​ដី​សម្បទាន​សង្គមកិច្ច​ជាដើម​ ជា​ពិសេស​ក្រសួង​រៀបចំ​ដែនដី​  នគរូបនីយកម្ម​ និង​សំណង់​ ដែល​មាន​តួនាទី​ក្នុង​ការ​សម្របសម្រួល​ចុះបញ្ជី​ដីធ្លី​នេះ​ បាន​តែ​ ១០​ សហគមន៍​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។​

​អ្នកស្រី​ យុន​ ម៉ា​ណេ​ យល់​ឃើញ​ថា​ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាច​ព​ន្លឿ​ន​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ខាងលើ​នេះ​រួម​មាន​៖​ «​ចំណុច​មួយ​ដែល​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​ គឺ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ ជាមួយនឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ហើយ​និង​ដី​សម្បទាន​សង្គមកិច្ច​ …»​។​

​ចំណែកឯ​ជនជាតិ​ដើម​ភាគតិច​ ព្នង​ មក​ពី​ខេត្តមណ្ឌលគិរី​ គឺ​ អ្នកស្រី​ សង​ បូ​រ៉ូ​ បាន​និយាយ​ថា​ អ្នកស្រី​រស់នៅ​សព្វថ្ងៃ​ដោយ​មានការ​ភ័យ​ខ្លាច​ពី​ការ​ទន្ទ្រាន​យក​ដីធ្លី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​។​ ការ​ភ័យ​ខ្លាច​នោះ​ ដោយសារ​តែ​សហគមន៍​របស់​អ្នកស្រី​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​សហគមន៍​នៅ​ទ្បើ​យ​។​

​អ្នកស្រី​ សង​ បូ​រ៉ូ​ ស្នើ​យ៉ាង​ដូច្នេះ​ថា​៖​  «​ខ្ញុំ​សំណូមពរ​ទាំងអស់​រដ្ឋាភិបាល​ មិន​ថា​គ្រប់​ស្ថាប័ន​អ្នកធ្វើការ​ធំៗ​ពីលើ​ជួយ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ឱ្យ​បាន​សម្រេច​ក្នុង​ឆាប់ៗ​នេះ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជៀម​ សុផល​មក​រា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​ នេះ​ថា​ ការ​ចុះបញ្ជី​ដីធ្លី​ខាងលើ​នេះ​មានការ​យឺតយ៉ាវ​នោះ​ដោយសារ​តែ​ក្រសួង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ ដោយ​តម្រូវ​ឱ្យ​ពួក​គាត់​មាន​ឯកសារ​ត្រឹមត្រូវ​ទៅ​តាម​ទីកន្លែង​ដែល​ពួក​គាត់​បាន​រស់នៅ​។​

​លោក​ ជៀម​ សុផល​មក​រា​ បន្ថែម​ទៀត​ថា​ ចំពោះ​តួលេខ​ដែល​ថា​ក្រសួង​បាន​ចុះបញ្ជី​ដីធ្លី​សមូហភាព​ជូន​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នោះ​លោក​មិន​ទាន់​អាច​ប្រាប់​បាន​នៅ​ទ្បើ​យ​ទេ​ ដោយសារ​តែ​ខាង​ក្រសួង​មិន​ទាន់​បាន​ពិនិត្យ​ឯកសារ​ទាំងនេះ​នៅឡើយ​។​ លោក​ថា​  ដើម្បី​ឱ្យ​នីតិវិធី​ចុះបញ្ជី​នេះ​ដំណើរការ​ទៅ​លឿន​នោះ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​គោ​ព​នីតិវិធី​ដូច​ជា​៖​ «​ត្រៀម​នៅ​ឯកសារ​ឧទាហរណ៍​គាត់​ជា​សហគមន៍​អ​ញ្ចឹ​ង​គាត់​ត្រូវ​មានការ​ទទួលស្គាល់​ថា​ពួក​គាត់​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​មានការ​ទទួលស្គាល់​   ឱ្យ​ច្បាស់លាស់​ ហើយ​គាត់​ប្រជុំ​ជជែក​គ្នា​ទៅ​ ហើយ​កំរិត​ទំហំ​ដី​របស់​គាត់​ឲ្យ​សម​ស្រប​ទៅ​តាម​ច្បាប់​..»​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ចំនួន​ ៤៥៨​ គឺ​មាន​សហគមន៍​ចំនួន​តែ​ ១១​ ប៉ុណ្ណោះ​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​មក​ទល់​សព្វ​ថ្ងៃនេះ​៕

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត