en     km
en     km

បក្សកាន់អំណាច បដិសេធសំឡេងសម្ដេច ហ៊ុន សែន បញ្ជាចាប់ខ្លួនលោក ផន ផាន់ណា

Share

 

លោក ផន ផាន់ណា សកម្មជននយោបាយបក្សប្រឆាំង។ រូបភាពពីហ្វេសប៊ុករបស់លោក។

គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បដិសេធសារសំឡេងសម្ដេច ហ៊ុន សែន ដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារសំឡេងនេះ បានបញ្ជាឱ្យចាប់ខ្លួនលោក ផន ផាន់ណា សកម្មជនបក្សប្រឆាំង ថាជាការក្លែងបន្លំដោយក្រុមប្រឆាំង។ ប៉ុន្តែសកម្មជនបក្សប្រឆាំង ដែលត្រូវចាប់ខ្លួននេះ អះអាងថា ក្រោយពីបែកធ្លាយសារសំឡេងនេះ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមកសួរនាំដល់កន្លែងស្នាក់នៅ ខណៈដែលលោកចាត់ទុកសារសំឡេងដែលបែកធ្លាយនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខផ្ទាល់ខ្លួន។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

សារសំឡេង​បែក​ធ្លាយមួយដែលគេសម្គាល់ថាជា​សម្ដេច ហ៊ុន សែន មានរយៈពេលជិត ២នាទី ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែកញ្ញានេះ ដោយសារនោះបង្ហាញថា សម្ដេច ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាន​បញ្ជា​ឱ្យកម្លាំងសមត្ថកិច្ច ​តាម​ចាប់ខ្លួន​លោក ផន ផាន់ណា ដែលភៀសខ្លួនទៅប្រទេសថៃ យកមកកម្ពុជាវិញ។

លោក ហ៊ុន សែន៖ «ឥឡូវនគរបាល​បាន​ស៊ើប​ដឹង​នៅ​កន្លែង​មួយ​ហើយ ដាច់ខាតត្រូវ​យក​អា​មួយ​នេះ​មក​ស្រុក​ខ្មែរ​ឱ្យ​បាន មិន​អាច​ឱ្យ​​រួច​ខ្លួន​ទេ ឥលូវបើ​តាម​ដឹង វា​កំពុង​រៀបចំ​ស្អីៗផ្សេង​ទៀត ដើម្បី​បំផុស​ជា​ចលនា​ផ្សេង​ទៀត ហើយ​យើងក៏​មិន​ត្រូវ​ឱ្យ​មួយ​នេះ​រួច​ខ្លួន​ដែរ។ អាហួតត្រូវទទួលខុសត្រូវទៅលើការងារនេះដោយធ្វើការជាមួយនរគបាលថៃ ហើយក្រុមអាវក្រហមក៏ត្រូវតែចូលរួម ដែលយើងមានការសហការល្អជាមួយយើងត្រូវធ្វើសកម្មភាពនេះផងដែរ ហើយធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់ ក៏ត្រូវតាមយកអាមួយនេះឱ្យបាន បើទោះបីក្នុងតម្លៃណាក៏ដោយ រស់ ឬស្លាប់យើងអត់ទេ តែដឹងថាអាមួយហ្នឹងមិនអាចទៅណា មិនអាចចេញទៅណាបាន ដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្ទាន់ដាច់ខាតមិនអាចឱ្យអាផន ផាន់ណានេះរួចខ្លួនបានទេ សុំអនុវត្តភ្លាម»។

សម្តេច ហ៊ុន សែន ថ្លែងសារព្រមានជាថ្មីពីដំណើររបស់លោក​ សម រង្ស៊ី ដែលចង់ចូលមកកម្ពុជាវិញ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែកញ្ញានេះថា លោកបដិសេធមិនបានដឹងអំពីសារសំឡេងសម្ដេច ហ៊ុន សែន ដែលគំរាមចាប់ខ្លួនលោក ផន ផាន់ណាឡើយ ប៉ុន្តែបើនិយាយពីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនមានករណីគំរាមចាប់ខ្លួនសកម្មជននយោបាយបក្សប្រឆាំងទេ។ បន្ថែមពីនេះ នៅក្នុងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លោកថា ក៏មិនមានការប្រើអំពើហិង្សា ដើម្បីទៅដោះស្រាយបញ្ហានោះដែរ។

មួយវិញទៀត អ្នកនាំពាក្យរូបនេះ ថា ទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសថៃ គឺមានកិច្ចព្រមព្រៀងជាមួយគ្នា ដោយប្រទេសថៃមិនអនុញ្ញាត​ឱ្យសកម្មជនខ្មែរយកទឹកដីរបស់ខ្លួនជាមូលដ្ឋានក្នុងការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យសកម្មជនថៃយកទឹកដីខ្មែរធ្វើជាកន្លែងសម្រាប់ប្រឆាំងរាជរដ្ឋាភិបាលថៃផងដែរ។

លោក សុខ ឥសាន៖ «អ៊‌ីចឹងបងប្អូនដែលប្រឆាំងនៅថៃហ្នឹងបើមានប្រព្រឹត្តអំពើល្មើសច្បាប់ អាហ្នឹងជាសមត្ថកិច្ចរបស់អាជ្ញាធរថៃដែលជាអ្នកចាប់ ហើយបើត្រូវបញ្ជូន ឬមិនបញ្ជូនមកវាអាស្រ័យទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរបាទហ្នឹងហើយ។ ដូច្នេះហើយអាការចាប់ចងវាជាសិទ្ធិរបស់អាជ្ញាធររបស់ប្រទេសជាម្ចាស់ផ្ទះទេ មិនមែនវាមានការបង្គាប់បញ្ជាពីកម្ពុជាទៅនោះទេ អាហ្នឹងយើងត្រូវយល់ ពីព្រោះប្រទេសសុទ្ធតែមានឯករាជ្យ អធិបតេយ្យរៀងៗខ្លួន អ៊‌ីចឹងទេយើងមិនអាចទៅចោទថាសម្ដេចតេជោ ហ៊ុន សែន ទៅបង្គាប់បញ្ជាទៅឱ្យគេឯណា ឬមួយក៏អាជ្ញាធរកម្ពុជាហ្នឹងមានសិទ្ធិទៅប្រតិបត្តិនៅក្នុងទឹកដីប្រទេសជិតខាងទេ វាអត់មានទេ»។

 ស្របពេលគណបក្សប្រជាជនកម្ពុជាបដិសេធសារសំឡេងនេះ លោក ផន ផាន់ណា ដែលជាសកម្មជនគណបក្សភ្លើងទៀន ហើយកំពុងរស់នៅក្នុងប្រទេសថៃ បញ្ជាក់ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ដ្រីដែរថា លោកក៏ទទួលបានសារសំឡេងរបស់សម្ដេច ហ៊ុន សែន ថានឹងគំរាមចាប់រូបលោក តាមរយៈការចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែរ ប៉ុន្តែទោះពិត ឬមិនពិតក្ដី ក្រោយសារសំឡេងនេះបានបែកធ្លាយ គឺពិតជាមានមនុស្សចុះមកសួរនាំលោកដល់កន្លែងស្នាក់នៅមែន។ យ៉ាងណាសារសំឡេងនេះ លោកចាត់ទុកថាមិនមានអ្វីប្លែកឡើយ ពីព្រោះកន្លងមកការដឹកនាំប្រទេសរបស់សម្ដេច ហ៊ុន សែន ជិត ៤០ឆ្នាំ មានតែការធ្វើទុក្ខម្នេញ គំរាមកំហែង និងចាប់ដាក់គុកច្រវាក់ទៅលើសកម្មជននយោបាយបក្សប្រឆាំងប៉ុណ្ណោះ។

លោកថា ក្នុងនាមលោកគ្រាន់តែជាសកម្មជននយោបាយបក្សប្រឆាំងតូចតាចម្នាក់ ដែលធ្វើការងារតស៊ូមតិប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គម បែរជាធ្វើឱ្យសម្ដេច ហ៊ុន សែនខ្វល់ខ្វាយចិត្តដល់ថ្នាក់ប្រើកម្លាំងសមត្ថកិច្ចមកធ្វើការតាមចាប់ខ្លួនលោកនៅក្នុងប្រទេសថៃ។

លោក ផន ផាន់ណា៖ «ខ្ញុំមិនបានធ្វើអ្វីដែលខុសនឹងច្បាប់ទេ កន្លងមកគឺសកម្មភាពរបស់ខ្ញុំគឺខ្ញុំធ្វើទៅតាមរដ្ឋធម្មនុញ្ញដែលបានចែង ប្រជាពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបញ្ចេញមតិ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការធ្វើសកម្មភាពនយោបាយអីជាដើមហ្នឹង គឺខ្ញុំធ្វើទៅតាមច្បាប់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ»។

ប៉ុន្តែលោក សុខ ឥសាន ថា យ៉ាងណាមិនថាសារសំឡេងដែលបែកធ្លាយរបស់សម្ដេច ឬរបស់លោកនោះទេ សម័យនេះគឺជនល្មើសអាចបម្លែងសំឡេងទាំងនោះឱ្យក្លាយទៅជាម្ចាស់ដើមបាន។ ដូច្នេះគោលបំណងអ្នកដែលបង្កើតរឿងទាំងនោះ គឺពួកគេមានបំណងមួលបង្កាត់ថ្នាក់ដឹកនាំ ជាពិសេសអ្នកដែលនៅក្រៅប្រទេស បានប្រឌិតព័ត៌មាន ដើម្បីផ្សាយឡើងទម្លាក់កំហុសលើរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបភាពពីបណ្ដាញសង្គម។

លោក សុខ ឥសាន«អ៊‌ីចឹងហើយបានជាខ្ញុំជាអ្នកនាំពាក្យគណបក្សប្រជាជន ខ្ញុំអត់បានដឹងរឿងហ្នឹង ឱ្យខ្ញុំដឹងឆ្លើយជាមួយអ្នកសារព័ត៌មានម៉េច បើអត់ដឹងខ្ញុំនិយាយអត់ដឹង ក្មួយឯងសួរសំណួរមកសំណួរខ្លះអ្នកនាំពាក្យអត់ដឹងធ្វើដឹងម៉េចកើត អាហ្នឹងខ្ញុំប្រាប់ថាអត់ដឹងខ្ញុំឆ្លើយអត់រួចទេ។ ឥលូវចំពោះសារសំឡេងថាបែកធ្លាយជាសំឡេងសម្ដេចអីខ្ញុំអត់ដឹង ថាអត់ដឹង ក៏ប៉ុន្តែខ្ញុំគ្រាន់តែទាញអារម្មណ៍ថា បច្ចេកវិទ្យាទំនើប ឥលូវនេះគេអាចធ្វើបានសំឡេងខ្ញុំក៏ដោយ សំឡេងសម្ដេចក៏ដោយ សំឡេងក្មួយក៏ដោយអាហ្នឹងគេអាចធ្វើបានតើ ប៉ុន្តែត្រង់ការពិតយ៉ាងណាអាហ្នឹងយើងក៏ទាន់ដឹង អាហ្នឹងចាំមើលតទៅមុខទៀត»។

ជុំវិញរឿងនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងដែរថា កម្ពុជា ជាប្រទេសកាន់នូវរបបលទ្ធិប្រជាធិបតេយ្យសេរី ដូច្នេះចំពោះការបង្ហាញនូវទស្សនៈរបស់ប្រជាពលរដ្ឋដែលមានលក្ខណៈផ្សេងៗគ្នា គឺមិនមានជាដាក់ទោសទណ្ឌអ្វីឡើយ។ មួយវិញទៀត ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ននេះ លោកថា ទាំងសេរីភាពនៃបញ្ចេញមតិ សេរីភាពនៃការជួបជុំ និងសេរីភាពមូលដ្ឋានជាដើម គឺស្ថិតនៅក្នុងការរឹតត្បិត ខណៈអង្គការជាតិ និងអន្តរជាតិ ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស មានការបារម្ភទៅសេរីភាពនៅក្នុងមូលដ្ឋានទាំងអស់នោះ។

លោកបន្តទៀតថា ស្របពេលដែលកម្ពុជាកំពុងជាប់ខ្លួនមិនល្អទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាព ហើយឥលូវបែរជាមកបែកធ្លាយសារសំឡេងរបស់សម្ដេច ហ៊ុន សែន គំរាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ដែលភៀសខ្លួននៅប្រទេសថៃ មិនទាន់ដឹងថាជាការពិត ឬមិនពិតនូវឡើយ ដោយសារនេះបានចែកចាយតគ្នានៅលើបណ្ដាញសង្គម។ ក៏ប៉ុន្តែបញ្ហាទាំងនេះ លោកថា កាន់តែធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អទៅៗ ជាពិសេសប៉ះពាល់ដល់លំហរសេរីភាពមូលដ្ឋាន។

លោក នី សុខា ផ្តល់កិច្ចសម្តាសន៍ដល់អ្នកសារព័ត៌មានក្រោយចេញពីពន្ធនាគារ។

លោក នី សុខា៖ «ការបញ្ចេញសារផ្សេងៗ តែខ្ញុំមិនច្បាស់ថាតើសារហ្នឹងវាជាសារពិត ឬមិនពិតយ៉ាងម៉េចនោះទេ? ពីព្រោះយើងឃើញបែកធ្លាយនៅក្នុងបណ្ដាញសង្គមទាំងអស់គ្នា ប៉ុន្តែយើងគ្រាន់តែយល់ថានៅក្នុងរបបប្រជាធិបតេយ្យសេរីគួរណាស់តែយើងបើកសិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ បញ្ចេញទស្សនៈហ្នឹងមិនស្រប ឬក៏ប្រឆាំងក៏ដោយ កុំឱ្យការបញ្ចេញមតិហ្នឹងនៅក្នុងកម្រិតមួយដែលធ្វើឱ្យមានហានិភ័យ ដែលហៅថា រំលោកភទៅលើគោលការណ៍សេរីគោលការណ៍អន្តរជាតិ ដែលយើងថាជាការបញ្ចេញមតិក្នុងលក្ខណៈញុះញង់ ការបញ្ចេញមតិដែលបង្កឱ្យមានវិបត្តិ ឬចលនាបះបោរអីហ្នឹងគេហៅថាជាក្រឹត្យក្រមមួយដែលរាជរដ្ឋាភិបាលមានការរឹតត្បិតបានដែរ»។

ក្រោយពីស្ដាប់សារសំឡេងនេះហើយ លោក ផន ផាន់ណា ដែលកំពុងរស់នៅប្រទេសថៃថា សម្ដេច ហ៊ុន សែន បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកសន្តិសុខផ្ទាល់ខ្លួនរូបលោក ជាពិសេសសារគំរាមកំហែងនេះឆ្លងហួសព្រំដែនទៅដល់ប្រទេសថៃ ដោយប្រើអំណាចមកបំពានអធិបតេយ្យភាពរបស់ប្រទេសមួយទៀត។ ដូច្នេះហើយលោកជឿថា សមត្ថកិច្ចរបស់ប្រទេសថៃ គឺមិនធ្វើតាមការបញ្ជារបស់សម្ដេច ហ៊ុន សែនឡើយ ពីព្រោះរាជរដ្ឋាភិបាលប្រទេសថៃមិនបណ្ដោយឱ្យមានករណីបែបនេះនៅក្នុងប្រទេសខ្លួនឡើយ។

 

លោក ផន ផាន់ណា៖ «អ្នកគាំទ្រគាត់ចេះតែគាំទ្រហើយនៅក្នុងស្រុកគាត់បង្ខំចិត្តចេះតែគាំទ្រហើយ ប៉ុន្តែចាំមើលតើលោក ហ៊ុន សែនឯងអស់អំណាច អាហ្នឹងគឺប្រជាពលរដ្ឋគាត់នឹងបង្ហាញពីអារម្មណ៍ពិតរបស់គាត់ហើយ គឺនឹងកាត់ទោសលោក ហ៊ុន សែនឯងតាមអារម្មណ៍ពិតរបស់គាត់។ អ៊ីចឹងហើយប្រសិនជាអាចគាត់ផ្លាស់ប្ដូរអត្តចរិក ផ្លាស់ប្ដូរនយោបាយ ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឡើងវិញ បើកឱ្យមានគណបក្សប្រឆាំងឡើងវិញ ខ្ញុំជឿថាយើងប្រើយន្តការចរចាគ្នា បង្រួបបង្រួមគ្នា ខ្មែរនិងខ្មែរស្រលាញ់គ្នា ហើយអ្នកណាឈ្នះឆ្នោតអ្នកហ្នឹងឡើងកាន់រាជរដ្ឋាភិបាលទៅ កុំធ្វើទុក្ខម្នេញគ្នាទៅ ខ្ញុំជឿថាពួកយើងអាចអ្នកនយោបាយ ឥស្សរជននយោបាយកំពូលៗហ្នឹងអាចនិយាយគ្នាបានហើយ»។

លោក ផន ផាន់ណា អនុ​ប្រធាន​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើង​ទៀន​ បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២២។ ការភៀសខ្លួនទៅនៅប្រទេសថៃនេះ ​ដោយ​សារ​គេច​ពី​ការ​គំរាមកំហែង​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​លោក​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​ ៥​ឆ្នាំ ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់លោក សម រង្ស៊ី​ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image