en     km
en     km

អង្គការ World Vision ជំរុញអ្នកពាក់ព័ន្ធគិតគូរបន្ថែមលើការផ្គត់ផ្គង់ទឹកស្អាតតាមជនបទ

Share

វិស័យទឹកស្អាតនិងអនាម័យក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាល ហាក់នៅតែប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់។ នេះបើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោក ដែលចង្អុលបង្ហាញឱ្យអ្នកពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងចំនួន ១០ដងបន្ថែមទៀត ដើម្បីសម្រេចការតភ្ជាប់ទឹកស្អាតតាមបំពង់សម្រាប់ពលរដ្ឋនៅជនបទទាំងអស់នៅឆ្នាំ២០៣០។

(កញ្ញា កែវ​ សុជាតា​ រាយការណ៍)

 

លោក ស្រ៊ិន ពុទ្ធី ជំនួយការក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទមានប្រសាសន៍ថា ការទទួលបានទឹកស្អាត គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ស្អាតឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ លោកសង្កត់ធ្ងរថា ក្រសួងអភិវឌ្ឍន៍ជនបទបាន នឹងកំពុងបន្តប្រតិបត្តិរបស់ខ្លួន ពិសេសចាប់ដៃគូសហការជាមួយភ្នាក់ងារអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ជំរុញវិនិយោគនិងគាំទ្រដើម្បីធានាថា ប្រជាជនគ្រប់រូបទទួលបានប្រភពទឹកប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ប្រើប្រាស់ជាប្រចាំ។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា

 

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក ដែលអ្នកយកព័ត៌មានវិទ្យុស្រ្តីទទួលបានកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤​ បង្ហាញថា ប្រជាពលរដ្ឋជាង ១៣ម៉ឺននាក់(១៣,៧០០០នាក់) ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់តាមរយៈបំពង់ខ្នាតតូចរបស់សហគមន៍ចំនួន ១២៥ ដែលតភ្ជាប់ភូមិចំនួន​ ៣២៩។ក្នុងនោះ ៩៧ % នៃបណ្តាញចែកចាយទឹកស្អាតតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ទាំងនេះ កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ នេះបើតាមរបាយការណ៍រប​ស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។

របាយការណ៍ខាងលើបញ្ជាក់ទៀតថា ការទទួលបានទឹកស្អាតប្រើប្រាស់ អាចធ្វើឱ្យសហគមន៍មានសុខភាពប្រសើរឡើង កាត់បន្ថយជំងឺឆ្លងតាមទឹក ជួយពលរដ្ឋមានទម្លាប់អនាម័យល្អ។ ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតនេះបានផ្តល់អត្ថប្រយោជន៍ជា​ច្រើនទៅដល់គ្រួសារដែលងាយរងគ្រោះ និងមានប្រាក់ចំណូលទាប ដ្បិតថា ៣១%នៃការតភ្ជាប់បណ្តាញទឹកសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ធ្វើឡើងក្នុងតម្លៃទាប ឬមិនបង់ប្រាក់តែម្តង។ រីឯគុណប្រយោជន៍នៃទឹកស្អាតក៏ធ្វើឱ្យកុមារមានឱកាសកាន់តែប្រសើរឡើងសម្រាប់ការអប់រំ ដ្បិតបានជួយសម្រាលបន្ទុកមួយផ្នែករបស់ស្រ្តី និងអាចបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ដោយហេតុថាមិនចាំបាច់ទៅទិញទឹកបរិសុទ្ធទទួលទាន ឬតប្រព័ន្ធទឹកពីកន្លែងផ្សេងដែលមិនធានាសុវត្ថិភាពអនាម័យ។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា

 

ទាក់ទិនក្នុងរឿងនេះ លោក ជេនេស អ៊ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មានសុទិដ្ឋិនិយមលើភាពជោគជ័យនៃប្រព័ន្ធចែកចាយទឹកស្អាតតាមបំពង់ខ្នាតតូចរបស់សហគមន៍តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមនៅក្នុងសហគមន៍។ លោកលើកឡើងទៀតថា តាមរយៈការធានាឱ្យមានសិទ្ធិទទួលបានទឹកស្អាតប្រកបដោយសមធម៌នេះ គឺមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងកុមារ ជាមួយនឹងឱកាសកាន់តែប្រសើរឡើងសម្រាប់ការអប់រំ និងកំណើនសេដ្ឋកិច្ចផងដែរ។ លោកអះអាងថា លោកនឹងបន្តការងារនេះឱ្យកាន់តែប្រសើរឡើង ហើយនិងពង្រីកវិសាលភាពទៅកាន់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា

 

ទោះបីជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក៏ដោយ តែបញ្ហាប្រឈមនៅតែមាន ដូចជាកត្តាហិរញ្ញវត្ថុ គណនេយ្យភាពសង្គមនៅមានកម្រិត និងផែនការរយៈពេលវែងនៅមិនគ្រប់គ្រាន់នៅឡើយ។ ចំពោះមុនបញ្ហានេះ អង្គការទស្សនៈពិភពលោក ផ្តល់ជាអនុសាសន៍ដល់អ្នកពាក់ព័ន្ធចូលរួមបង្កើនការវិនិយោគតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់។ ក្នុងនោះផងដែរ ក៏ត្រូវពិនិត្យឡើងវិញនូវបទប្បញ្ញត្តិអាជ្ញាប័ណ្ណ ដើម្បីកាត់បន្ថយការត្រួតស៊ីគ្នា និងលើកទឹកចិត្តដល់ការវិនិយោគ និងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមប្រកបដោយតម្លាភាព ដើម្បីកសាងទំនុកចិត្ត និងពង្រឹងការវិនិយោគសាធារណៈនៅក្នុងស្រុក។

ជាមួយគ្នានេះ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់នៃវិធីសាស្រ្តសហការក្នុងចំណោមអ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់។ ក្នុងនោះដើម្បីសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថាសហគមន៍ទាំងអស់ ពិសេសអ្នកដែលងាយរងគ្រោះបំផុតអាចទទួលបានទឹកស្អាត និងសុវត្ថិភាព។ តាមរយៈការធ្វើការរួមគ្នានេះ World Vision ជឿកជាក់ថា នឹងអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព ពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពទូទៅសម្រាប់បុគ្គល និងគ្រួសារនៅទូទាំងប្រទេស។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា

 

សូមរំលឹកថា កម្មវិធីទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានចាប់ផ្តើមកាលពីឆ្នាំ២០០៧។ កម្មវិធីនេះ ជាផ្នែកមួយនៃកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក ដើម្បីសម្រេចបាននូវសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់កុមារី និងកុមារាចំនួន ៥ លាននាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ មានប្រជាពលរដ្ឋជាង ១ លាន ៧ សែននាក់ នៅតំបន់ជនបទ ទទួលបានបរិក្ខារលាងសម្អាតដៃ រួមទាំងទឹកស្អាត និងការកែលម្អអនាម័យ។ ការគាំទ្ររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ គូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត ក្នុងការធានាថាមនុស្សគ្រប់រូបទទួលបានទឹកស្អាត និងសុវត្ថិភាពដើម្បីប្រើប្រាស់៕

 

Share

ព័ត៌មានទាក់ទង

Image