en     km
en     km

ភាគីពាក់ព័ន្ធ ស្នើរដ្ឋបន្ថែមការគាំពារសង្គម ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

Share

ភាគីពាក់ព័ន្ធចូលរួមក្នុងវេទិកា

 ភាគីពាក់ព័ន្ធ រួមមាន តំណាងកសិករ និងតំណាងកម្មករនិយោជិតប្រមាណជាង២០០នាក់បានមកជួបជុំគ្នានៅក្នុងវេទិកាសន្ទនាសង្គម ស្នើសុំដល់រដ្ឋបង្កើតនូវគោលនយោយគាំពារសង្គមថ្មីមួយបន្ថែមទៀត ដែលឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ។ ក្នុងវេទិកានោះតំណាងភាគីពាក់ព័ន្ធ បានស្នើរដ្ឋាភិបាលបង្កើតគោលនយោបាយគាំពារសង្គមថ្មីបន្ថែម ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

 

នៅក្នុងវេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមមូលបទ«គាំពារសង្គម សម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ នៅកម្ពុជា» កាលពីថ្ងៃ២២ខែកញ្ញាឆ្នាំ២០២៤ នៅតំបន់ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលធ្វើឡើងក្នុងគោលបំណងឱ្យមានការជួបជុំគ្នា រវាង តំណាងកសិករ តំណាងកម្មករនិយោជិត រួមទាំងនិយ័តករ និងប្រតិបត្តិករ នៅក្នុងវិស័យគាំពារសង្គម ភាគីពាក់ព័ន្ធ បានស្តាប់ឮ នូវបញ្ហាប្រឈម និងសំណើផ្សេងៗ ដើម្បីជាធាតុចូលក្នុងការធ្វើគោលនយោបាយ។ តាមរយៈកិច្ចសន្ទនាសង្គមនេះ នឹងត្រូវបាននាំយកទៅដល់អ្នករៀបចំគោលនយោបាយ ធ្វើការពិចារណា តាមរយៈផលប៉ះពាល់ ពេលដែលប្រទេសកម្ពុជាឈានឆ្ពោះទៅសេដ្ឋកិច្ចបៃតង និងកំពុងរងនូវផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ។ តើរាជរដ្ឋាភិបាល គួរតែដាក់ចេញនូវគោលនយោបាយបែបណាដើម្បីឆ្លើយតបសម្រាប់​បុគ្គលដែលរងផលប៉ះពាល់ផ្ទាល់ និងមានបញ្ហាលំបាកខ្លាំងដូចជា កសិករ កម្មករ កម្មការិនីធ្វើការក្នុងវិស័យវាយនភណ្ឌ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងវិស័យទេសចរណ៍?

អ្នកស្រី វ៉ាន់ ថាណាផ្តល់បទសម្ភាសន៍

អ្នកស្រី វ៉ាន់ ថាណា តំណាងសហជីពកម្ពុជាខេត្តកណ្តាល បានលើកឡើងអំពីការប្រើប្រាស់បណ្ណប.ស.ស អ្នកស្រីថា ប្រសិនបើ ប.ស.ស របស់អ្នកស្រីតែមួយអាចឱ្យអ្នកស្រីប្រើប្រាស់បានទាំងគ្រួសារ សម្រាប់កូនពីរនាក់ បន្ថែមទៀតនោះ អ្នកស្រីនឹងអាចកាត់បន្ថយចំណាយបានច្រើន សម្រាប់ជីវភាព ស្របពេលដែលចំណូលអ្នកស្រីតិច រីឯទំនិញ ម្ហូបអាហារ និងថ្លៃជួលផ្ទះ​ឡើងថ្លៃ។

អ្នកស្រី វ៉ាន់ ថាណា៖ «​ប.ស.ស ពួកខ្ញុំតែងនិយាយថា បើប.ស.សខ្ញុំ មួយហ្នឹងខ្ញុំអាចប្រើសម្រាប់គ្រួសារខ្ញុំបានទាំងអស់ ខ្ញុំគិតថាវាអាចល្អប្រសើរ ប្រសិនជារាជរដ្ឋាភិបាលគាត់មើលឃើញអ៊ីចឹង។ តែយើងក៏មើលឃើញ រាជរដ្ឋាភិបាលក៏បានឱ្យដល់បុគ្គលស្វ័យនិយោជន៍ដែរ តែវាជាបញ្ហាមួយដូចខ្ញុំលើកឡើងថាចំណូលខ្ញុំតិចដែរ អ៊ីចឹងខ្ញុំរកម្នាក់ចិញ្ចឹមគ្រួសាររបស់ខ្ញុំកូនខ្ញុំពីរ និងនៅឪពុកម្តាយរបស់ខ្ញុំទៀត។ អ៊ីចឹងបើសិនម្នាក់ខ្ញុំត្រូវបង់១៥៦០០រៀល អ៊ីចឹងគិតមើលថាពីរនាក់ទៀត ឬបីនាក់ទៀត ខ្ញុំត្រូវការចំណាយប៉ុន្មាន?ចុះការហូបចុករបស់ខ្ញុំ ជា​ប្រចាំថ្ងៃអាចយ៉ាងហោចណាស់មួយថ្ងៃខ្ញុំញ៉ាំអាហារបីពេល ខ្ញុំគិតតែខ្ញុំសម្រាប់ម្នាក់​ឯងតែមួយដុល្លារទេមួយពេល»។

ភាគីពាក់ព័ន្ធចូលរួមក្នុងវេទិកា

ក៏ប៉ុន្តែលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.បានបញ្ជាក់ថា ដើម្បីរួមចំណែកអនុវត្តន៍សកម្មភាពការកសាងប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរឹងមាំ ក្នុងនាមជាអង្គភាពប្រតិបត្តិករ កន្លងមករហូតមកទល់បច្ចុប្បន្ន ប.ស.ស. តែងតែពង្រឹងការអនុវត្តកិច្ចការងាររបស់ខ្លួន ពិសេសគឺផ្តោតជាសំខាន់ទៅលើការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ លោកថា កន្លងមកក៏មានការសំណូមពរពីប្រជាពលរដ្ឋក្នុងការប្រើប្រាស់បណ្ណប.ស.ស តែមួយចង់ប្រើបានមួយគ្រួសារ ប៉ុន្តែការអនុវត្តន៍ របស់ប.ស.ស ជាជំហានៗ ដូច្នេះ លោកអះអាងថា បណ្ណប.ស.ស មួយមិនអាច ប្រើមួយគ្រួសារបានទេ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ៖«សារបានដែលយើងបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ គឺបងប្អូនកម្មករនិយោជិត ក៏ដូចមន្រ្តីរាជការចង់បានការប្រើប្រាស់បណ្ណប.ស.សមួយចង់ប្រើមួយគ្រួសារ តែងតែថាហេតុអ្វីបានជាបណ្ណនេះមិនអាចប្រើបានមួយគ្រួសារ ​ តែការអនុវត្តរបស់យើងអនុវត្តន៍ជាជំហានៗ អ៊ីចឹងយើងអត់អាចប្រើបណ្ណ មួយគ្រួសារបានទេ»។

លោក កាំង ម៉ូនីកា ផ្តល់បទសម្ភាសន៍

លោក កាំ​ង ម៉ូនីកា លេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានឱ្យដឹងថា ក្រោមច្បាប់ការងារ របស់កម្ពុជា ម្ចាស់គ្រឹះស្ថានសហគ្រាស  ឬម្ចាស់រោងចក្រណាដែលមានជួលកម្មករចាប់ពីម្នាក់ឡើងទៅគឺត្រូវតែមានកាតព្វកិច្ចមកចុះជាមួយបញ្ជីជាមួយ ប.ស.ស នេះជាកាតព្វកិច្ចដែលតម្រូវដោយច្បាប់។ លោកកាំង​ ម៉ូនីកា៖« បើយើងនិយាយអំពីគោលការណ៍ជាសកល ការទទួលបានការការពារសង្គមនេះ  គឺជាផ្នែកមួយនៃសិទ្ធិមនុស្ស ដូច្នេះការចូលរួមនៅក្នុងរបបសន្តិសុខសង្គម ឬក៏គោលនយោបាយគាំពារសង្គម គឺជាការចូលរួមគោរពសិទ្ធិមនុស្ស គោរពសិទ្ធិពលរដ្ឋ ដែរ អ៊ីចឹងសូមអំពាវនាវចូលរួមឱ្យបានគ្រប់ៗគ្នា»

មិនត្រឹមតែទាមទារការគាំទ្រផ្នែកប.ស.ស លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)  បានឱ្យដឹងថា អ្នកប្រកបមុខរបរលក់ដូរក្រៅប្រព័ន្ធ ចង់ឱ្យរដ្ឋបង្កើតកិច្ចគាំពារសង្គមមួយថ្មី បន្ថែមទៀត លើអ្វីដែលកម្ពុជាមានបច្ចុប្បន្ន ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយពង្រីកប្រព័ន្ធជំនួយសង្គម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

លោក​ វន់ ពៅ ផ្តល់បទសម្ភាសន៍

លោក វន់ ពៅ ៖«ចង់បានទី១ គាត់មានលទ្ធភាពក្នុងការបង់ ប.ស.ស ដើម្បីបានរបបថែទាំសុខភាពបានល្អ និងសេវា ប.ស.ស ល្អ និងប្រសិនបើឈប់ឱ្យគាត់ប្រើប្លាស្ទិក រដ្ឋត្រូវរៀបចំកន្លែងប្រកបលក់ដូរឱ្យបានសមរម្យ បើការបម្រែបម្រួលអាកាសធាតុម្តងក្តៅ ម្តងភ្ញៀង តើរដ្ឋរៀបចំទីទួលសុវត្ថិភាព ដែលគាត់អាចលក់បានទាំងពេលភ្លៀងផង ក្តៅផង បើរដ្ឋឆ្លើយតបអ៊ីចឹងជាការល្អ បើរដ្ឋឈប់ឱ្យប្រើប្លាស្ទីក ឱ្យប្រើរបស់ធម្មជាតិតើរដ្ឋត្រូវគ្រប់គ្រងលទ្ធភាពយ៉ាងម៉េច ដើម្បីឱ្យគាត់មានលទ្ធភាពទៅទិញរបស់ធម្មជាតិមកប្រើប្រាស់វិញ ប្រហែលរដ្ឋត្រូវទប់ស្កាត់របស់គីមី ឬប្លាស្ទីកមកពីប្រទេសជិតខាងយ៉ាងម៉េចដើម្បីវាមានប្រសិទ្ធិភាពទាំងអស់គ្នា អាហ្នឹងជាយន្តការរួម»។ ​

អ្នកស្រី ភាណ សោភ័ណ នាយិកាប្រចាំប្រទេស អង្គការអុកស្វាម លើកឡើងថារាជរដ្ឋាភិបាលកំពុងតែចាប់និន្នាការមួយឆ្ពោះ ទៅសេដ្ឋកិច្ចបៃតង នៅពេលដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ អ្នកស្រី កត់សម្គាល់ថា បុគ្គល៣ក្រុម ដែលរងផលប៉ះពាល់ផ្ទាល់ និងមានបញ្ហាលំបាកខ្លាំងនោះគឺ កសិករ កម្មករ កម្មការិនីធ្វើការក្នុងវិស័យវាយនភណ្ឌ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងវិស័យទេសចរណ៍។ ហេតុនេះ អ្នកស្រី  សង្ឃឹមថា តាមរយៈកិច្ចសន្ទនាដែលអង្គការអុកស្វាមបានរៀបចំនេះ នឹងត្រូវបាននាំទៅដល់អ្នករៀបចំគោលនយោបាយ ​ដើម្បីឱ្យគាត់ពិចារណាតាមរយៈផលប៉ះពាល់ទាំងនេះថាតើ តើរដ្ឋាភិបាលគួរតែដាក់ចេញនូវគោលនយោបាយបែបណាដើម្បីឆ្លើយតបទៅនឹងពួកគាត់?

អ្នកស្រី ភាណ សោភ័ណ ផ្តល់បទសម្ភាសន៍

អ្នកស្រី ភាណ សោភ័ណ៖ «​យើងសង្ឃឹមថា​តាមរយៈកិច្ចសន្ទនា នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទាំង៤ ដែលនេះជាប៉ូលទី១ យើងធ្វើនៅខេត្តព្រះសីហនុ  យើងនឹងទៅធ្វើនៅខេត្តសៀមរាប ខេត្តស្វាយរៀង និងចុងបញ្ចប់បិទកម្មវិធីជាសេរីនៅភ្នំពេញដែលផលប៉ះពាល់របស់បងប្អូន នៅតាមតំបន់ពិសេសទាំង៤ជាចង្កោម ត្រូវបាននាំយកមកដល់អ្នករៀបចំគោលនយោបាយ ដើម្បីឱ្យគាត់យកទៅពិចារណា តាមរយៈផលប៉ះពាល់ទាំងនេះតើរដ្ឋាភិបាលគួរតែដាក់ចេញនូវគោលនយោបាយបែបណាដើម្បីឆ្លើយតបទៅពួកគាត់?»  

អ្នកស្រីនាយិកាអុកស្វាមរូបនេះ បញ្ជាក់ថានេះគឺជាលើកទី២ហើយ ដែលបេឡាជាតិសន្តិសុខសង្គម និងអង្គការអុកស្វាមបាន សហការគ្នារៀបចំ«វេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត»។  វេទិកាឆ្នាំនេះផ្តោតជាសំខាន់ទៅលើការធ្វើអន្តរកម្ម សេដ្ឋកិច្ច ឆ្ពោះទៅសេដ្ឋកិច្ចបៃតង ការធ្វើអន្តរកម្មមួយដែលមានយុត្តិធម៌សម្រាប់គ្រប់គ្នា៕

 

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image