កំពង់ចាម៖ កងកម្លាំងចម្រុះរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ចុះអន្តរាគមន៍ទប់ច្រាំងទន្លេដែលទទួលរងការបាក់ស្រុត ខណៈទឹកទន្លេមេគង្គបន្តហក់ឡើង នៅចំណុចភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាម។
សកម្មភាពទប់ច្រាំងបាក់របស់អាជ្ញាធរ។រូបភាពពី ឡេក ចាន់ពេជ្រ។
សកម្មភាពចុះអន្តរាគមន៍នេះ គឺក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ដែលដឹកនាំដោយ លោក គន់ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះ ចំនួន ១៤២នាក់ អន្តរាគមន៍ច្រកបាវខ្សាច់ទប់ច្រាំងទន្លេទទួលរងបាក់ស្រុតប្រវែងប្រមាណជា ៦២ម៉ែត្រ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សកម្មភាពច្រកខ្សាច់ដាក់បាវដើម្បីយកទៅទប់ច្រាំងបាក់។រូបភាពពី ឡេក ចាន់ពេជ្រ។
លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តឲ្យដឹងថា ករណីនេះ ប្រសិនបើគ្មានការចុះអន្តរាគមន៍ទាន់ពេលវេលានោះទេ នោះនឹងអាចប្រឈមទៅដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត នៅក្នុងតំបន់។ ក្នុងកិច្ចប្រតិបត្តិការនោះ បានប្រើប្រាស់បាវខ្សាច់អស់ ចំនួន ២.០០០បាវ និងខ្សាច់ចំនួន ២២ទ្បាន សរុប ១៣២ម៉្រែតគីប ។
សកម្មភាពរថយន្តដឹកខ្សាច់ចូលមកចាក់ដើម្បីឱ្យអាជ្ញាធរច្រកចូលបាវ។រូបភាពពី ឡេក ចាន់ពេជ្រ។
ទន្ទឹមនឹងនេះដែរ លោក នួន ណុយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរាយការណ៍ មកអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីត្រៀមបង្ការជួយឲ្យទាន់ពេលវេលានូវរាល់បញ្ហាប្រឈមនានាដែលកើតឡើងជាថាហេតុ។
ស្ថានភាពច្រាំងទន្លេបាក់ដោយសារទឹកជំនន់ហក់ឡើង។រូបភាពពី ឡេក ចាន់ពេជ្រ។
គូសបញ្ជាក់ ដែថា កាលពីពេលថ្មីៗកន្លងទៅនេះអភិបាលខេត្តកំពង់ចាម បានដាក់វិធានការដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មន្រ្តី ក្រុង ស្រុក ដែលនៅតាមជួរដងទន្លេមេគង្គ ឲ្យយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពប្រជាពលរដ្ឋ នៅតាមតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គនាពេលនេះ៕
សកម្មភាពអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ទប់ច្រាំងដោយច្រកខ្សាច់ដាក់បាវ។រូបភាពពី ឡេក ចាន់ពេជ្រ។
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។