en     km
en     km

​ស្រុក​ត្បូង​ឃ្មុំ៖ពលរដ្ឋ​ជិត​១៥០​គ្រួសារត្រូវ​ជម្លៀស​មក​​ទី​ទួលមាន​សុវត្ថិភាពក្រោយរងទឹកជំនន់

Share

ខេត្តត្បូងឃ្មុំ​៖​ ខណៈ​ទឹក​ទន្លេមេគង្គបានជនលិចភូមិ​មួយ​ចំនួន ក្នុងឃុំចំនួនពីរ​នៃ​ស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំអាជ្ញាធរ​បានបញ្ចេញកម្លាំងនិងវិធានការសង្គ្រោះភ្លាមៗដោយ​ជម្លៀស​​ពលរដ្ឋ និង​សត្វពាហនៈ ​ទៅ​កាន់​ទី​ទួលសិវត្ថិភាព​ចំនួន​ពីរកន្លែង ​​គឺនៅ​​ទួល​សុវត្ថិភាព អាន ម៉ាឌី ស្ថិត​ក្នុង​ភូមិទន្លេបិទ ​ឃុំ​​ទន្លេបិទ ស្រុកនិងខេត្តត្បូងឃ្មុំ  និងទី២ នៅ​ទួល​សុវត្ថិភាពទួលវិហារ ស្ថិត​ក្នុង​ភូមិ​ទួល​វិហារ ឃុំ​ជីរោទិ៍ទី១ ស្រុកនិងខេត្តត្បូងឃ្មុំដូចគ្នា។ ​

ស្ថានភាពទឹកជំនន់នៅភូមិមួយចំនួនក្នុងស្រុកត្បូងឃ្មុំ។រូបភាព ឡេក​ ចាន់ពេជ្រ ។

ការ​ជម្លៀស​​នេះ​ធ្វើឡើងកាលពីថ្ងៃទី២០ ​​ដល់​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍បឋមពីសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាម។

ស្ថានភាពទឹកជំនន់នៅភូមិមួយចំនួនក្នុងស្រុកត្បូងឃ្មុំ។រូបភាព ឡេក​ ចាន់ពេជ្រ ។

លោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំឲ្យដឹងថា ទឹក​ជំនន់​បាន​ជន​លិច​ឃុំចំនួន២ គឺឃុំទន្លេបិទ និងឃុំជីរោទិ៍១ ។ ក្នុងនោះទឹកជំនន់បានបង្កការជន់លិចភូមិចំនួន ១៩ភូមិ ​ដោយឃុំ​ទន្លេបិទ លិចលង់ចំនួន១០ភូមិ ក្នុងនោះមានភូមិ​ទួលគរ ភូមិព្រែកតូច ភូមិព្រែកជីក ទួលខ្សាច់ ដូនម៉ៅក្រោម ដូនម៉ៅលើ ទន្លេ​បិទ​ក្រោម ទន្លេបិទលើ ទន្លេបិទ និងភូមិយាយស ។ ចំណែកឃុំជីរោទិ៍ទី១វិញ មានចំនួន៩ភូមិត្រូវលិចលង់ដូចគ្នា ដោយមានភូមិ​ព្រែក​តូច ​រកាធំ ជីរោទិ៍ទី១ ជីរោទិ៍ទី២ ជីរោទិ៍កណ្តាល ជីរោទិ៍លើ ជួរកណ្តាល កំពង់ឫស្សី និងភូមិទួលកែវ ។

ពលរដ្ឋរើសម្ភារៈទៅកាន់ទីទួលមានសុវត្ថិភាព។រូបភាព ឡេក​ ចាន់ពេជ្រ ។

លោក​អភិបាលស្រុកត្បូងឃ្មុំ​បន្តឲ្យដឹងទៀតថា អាជ្ញាធរមានសមត្ថកិច្ច​បានអន្តរាគមន៍​ជម្លៀស​ ​ពលរដ្ឋចំនួន ១៤៦គ្រួសារ និង សត្វ​ពាហនៈ​ គោ​ចំនួន ​២៧៦ក្បាល ក្របី២០២ក្បាល និង​ពពែ​ចំនួន ​៣៥១ក្បាល ។ លោកបញ្ជាក់ទៀតថា​ បើសិនករណីស្ថានភាព​ទឹក​នៅ​បន្ត​ហក់ឡើងទៀតនោះ នោះអាជ្ញាធរ​ស្រុកនឹង​ត្រៀម​កម្លាំង​ជា​និច្ច​ ដើម្បីចាំជួយ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ពី​បណ្តា​​ភូមិ​ដែលលិចទឹកមកកាន់ទីទួលសុវត្ថិភាពទាំងពីរខាងលើ ដើម្បីផ្តល់ទឹកស្អាត និងបង្គន់​អនាម័យសម្រាប់​បម្រើតាម​សេចក្តីត្រូវការជូនពលរដ្ឋ។

រូបភាពទីទួលមានសុវត្ថិភាពដែលជម្លៀសពលរដ្ឋ។រូបភាព ឡេក​ ចាន់ពេជ្រ ។

ពិសេស​ជំនាញ​ពេទ្យ​សត្វ​ខេត្ត​បាន​បាញ់​ថ្នាំ​សម្លាប់​បាក់​តេរី សត្វល្អិត រួច​រាល់​ផង​ដែរ ​ដោយរដ្ឋបាល​​បាន​ណែ​នាំ​ដល់​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​​ហូប​ទឹ​កឆ្អិន ទឹកស្អាត ហើយកុមារតូចៗ ត្រូវហាមឃាតជៀសវាងការចុះលេងទឹកបណ្តាលឱ្យលង់៕

ទូកសម្រាប់ដឹកជញ្ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មកទីទួលមានសុវត្ថិភាព។រូបភាព ឡេក​ ចាន់ពេជ្រ ។

អត្ថបទខ្លីសរសេរដោយ  ​ឡេក​ ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image