រូបភាពពីផេកហ្វេសប៊ុករដ្ឋបាលស្រុកសេសាន។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះទឹកជំនន់ក្នុងខែកញ្ញានេះ មានស្ថានភាពធ្ងន់ធ្ងរជាងខែកន្លងទៅ ដោយបានប៉ះពាល់ ៩ខេត្ត ដែលមានពលរដ្ឋជាង ១ម៉ឺនគ្រួសាររងគ្រោះ ក្នុងនោះមានខេត្តក្រចេះ ប៉ះពាល់ច្រើនជាងគេ។ យ៉ាងណាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកងកម្លាំងដើម្បីឆ្លើយតបនូវគ្រោះទឹកជំនន់នេះរួចរាល់ហើយ ខណៈអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ប្រកាសឱ្យពលរដ្ឋរស់នៅតំបន់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារកម្ពស់ទឹកហក់ឡើងជិតដល់ការប្រកាសអាសន្ន។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
គិតចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី២៤ ខែកញ្ញានេះ គ្រោះទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ចំនួន ៩ខេត្តមាន៖ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានក្រុង-ស្រុកសរុបចំនួន ២៧ និងឃុំ-សង្កាត់សរុបចំនួន ១០៩។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែកញ្ញានេះ។
គ្រោះទឹកជំនន់ខេត្តចំនួន៩នេះ លោកថា បង្កឱ្យមានផលប៉ះពាល់ទៅដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ៥,៤៥៧ខ្នង ប្រជាពលរដ្ឋ ១៤,៥៥៧គ្រួសារ ជម្លៀសពលរដ្ឋចេញចំនួន ៣៤៣គ្រួសារ ប៉ះពាល់ស្រូវចំនួន ៩,៤៣៨ហិកតា ហើយនិងខូចខាតស្រូវ ៤០៧ហិកតា។ ក្នុងចំណោមខេត្តទាំងនោះ លោកបញ្ជាក់ថា មានតែខេត្តក្រចេះទេ ដែលរងគ្រោះច្រើនជាងគេដោយសារទឹកជំនន់ ដោយប៉ះពាល់ប្រជាពលរដ្ឋ ១១,០៧១គ្រួសារ ជម្លៀសពលរដ្ឋ ១១៦គ្រួសារ ផ្ទះ ៤,០៦៣ខ្នង ស្រូវ ៧,៣៤៥ហិកតា ក្នុងនោះស្រូវខូចខាត ១៤៧ហិកតា។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ រូបភាពពីតេលេក្រាមរបស់លោក។
លោក កុលមុន្នី បានឱ្យដឹងទៀតថា គិតមកដល់ថ្ងៃនេះ គ្រោះទឹកជំនន់ គឺនៅមិនទាន់មានស្ថានភាពធ្ងន់ធ្ងរឡើយ ដោយទឹកឡើង ចាប់ផ្ដើមហូរចូលទៅក្នុងទន្លេ ព្រែក បឹង ដែលបណ្ដាលឱ្យលិចតំបន់ទំនាបមួយចំនួនបង្កឱ្យមានផលប៉ះពាល់ដល់ផលដំណាំ ខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅជនបទជាដើម។ យ៉ាងណាក្នុងខែកញ្ញា លោកថា ទឹកជំនន់មិនទាន់មានស្ថានភាពធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែបើធៀបនឹងខែកន្លងមក ក្នុងខែកញ្ញានេះ ទឹកជំនន់បានបង្កឱ្យខូចខាតច្រើន ទាំងទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ។
លោក សុទ្ធ គឹមកុលមុន្នី៖ «ដូច្នេះមកដល់ថ្ងៃទី២៥នេះ ស្ថានភាពជំនន់វាមិនមានអីធ្ងន់ធ្ងរទេ ប៉ុន្តែទឹកជិតទន្លេកំពុងតែឡើងជាបន្តបន្ទាប់ អាចឈានដល់កម្រិតជិតប្រកាសអាសន្នសម្រាប់ថ្ងៃនេះ ក៏ប៉ុន្តែពេលខ្លះក៏ស្រកមកវិញដោយសារស្ថានភាពអត់ភ្លៀង ហើយទន្លេដោយសារស្ថានភាពបើកហូរពីខាងលើមកពីខាងខាងលើមកដោយសារបើកហូរមកពីវៀតណាមរកាសអាសន្នធ្ងរហិកតា ខូចខាតស្រូវវៀតណាម ពីខាងឡាវមក ធ្វើឱ្យទឹកទន្លេយើងមានការកើនឡើង។ ក៏ប៉ុន្តែស្ថានភាពភ្លៀងនៅថ្ងៃនេះ ពុំមានភ្លៀងអីខ្លាំងទៀតទេ អ៊ីចឹងស្ថានភាពនេះអាចទឹកហូរចូលព្រែក ចូលទំនាបមួយចំនួនតែប៉ុណ្ណោះ»។
បើតាមអ្នកនាំពាក្យរូបនេះ ទោះបីស្ថានភាពទឹកជំនន់ឥលូវនេះ មិនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ប៉ុន្តែគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត បានត្រៀមកម្លាំងកងទ័ព និងកម្លាំងនគរបាលរាប់ម៉ឺននាក់ សម្រាប់ជួយអន្តរាគមន៍ និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់។ ក្រៅពីត្រៀមកងកម្លាំង លោកថា រាជរដ្ឋាភិបាលក៏បានត្រៀមថវិកា ប្រព័ន្ធស្បៀងអាហារ តាមរយៈការផ្ដល់គ្រាប់ពូជជួយស្ដារដំណាំស្រូវរបស់ប្រជាពលរដ្ឋ។
លោក សុទ្ធ គឹមកុលមុន្នី៖ «ក្រសួងស្ថាប័ន គ្រប់ជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏បានចេញសេចក្ដីជូនដំណឹង និងសេចក្ដីណែនាំទៅដល់អ្នកពាក់ព័ន្ធជាពិសេសប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបាននូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ ជាពិសេសការពារបាននូវអាយុជីវិតប្រជាពលរដ្ឋរបស់យើង ទ្រព្យសម្បត្តិ ធ្វើយ៉ាងណារក្សាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង»។
រូបភាពពីផេកហ្វេសប៊ុករដ្ឋបាលស្រុកសេសាន។
នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តក្រចេះ បានជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គជិតដល់ការប្រកាសអាសន្ន ពីព្រោះនៅថ្ងៃទី២៥ ខែកញ្ញានេះ កម្ពស់ទឹកបានហក់ឡើងដល់ ២១,៦៤ ម៉ែត្រ ខណៈកម្រិតទឹកប្រកាសអាសន្ន មានកម្ពស់ ២២,០០ ម៉ែត្រ។ រដ្ឋបាលខេត្តក្រចេះ បន្ថែមទៀតថា បើប្រៀបធៀបនឹងកម្ពស់ទឹកក្នុងឆ្នាំ២០២៣ ក្នុងឆ្នាំ២០២៤នេះ កម្ពស់ទឹកទន្លេមេគង្គ បានការហក់ឡើងខ្លាំង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏ប្រកាសឱ្យប្រជាពលរដ្ឋនៅតំបន់ទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង ត្រូវប្រុងប្រយ័ត្នផងដែរ និងឱ្យអាជ្ញាធរត្រៀមលក្ខណៈបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយកម្រិតកម្ពស់ទឹកទន្លេទាំង៣នេះ បានហក់ឡើងជិតដល់កម្ពស់ទឹកប្រកាសអាសន្ន។ ដូច្នេះហើយរដ្ឋបាលខេត្ត បានស្នើដល់អាជ្ញាធរ ប្រជាពលរដ្ឋ ដែលមានមូលដ្ឋាននៅក្បែរទន្លេទាំង៣នេះ ត្រៀមបម្រុងទីជម្រក ស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី