រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
បើទោះបីជារាជរដ្ឋាភិបាល ប្រកាសដកខ្លួនចេញពីគម្រោង CLV សកម្មជនសង្គម អ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ ដែលអង្គការសិទ្ធិមនុស្សថា ពួកគេជាប់ឃុំខ្លួនដោយសារគម្រោងនេះ នៅមិនទាន់ដោះលែងឡើយ ខណៈអង្គការនេះស្នើឱ្យតុលាការពិចារណាផ្ដល់សេរីភាពឱ្យយុវជនទាំងនោះវិញ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រ។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលថា ប្រសិនជាយុវជនទាំងនោះមិនប្រព្រឹត្តល្មើសច្បាប់ តុលាការក៏មិនផ្តន្ទាទោសដែរ ដូច្នេះរាជរដ្ឋាភិបាល គ្មានសិទ្ធិលូកដៃឱ្យតុលាការដោះលែងយុវជនទាំងនោះឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
ការប្រកាសដកខ្លួនចេញពីគម្រោងនេះ ជាការសម្រេចរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។ សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចកាលពីថ្ងៃទី១៩ ខែកញ្ញាថា ចាប់ពីថ្ងៃទី២០ ខែកញ្ញានេះតទៅ កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV នេះ ដោយសារកន្លងមក មានក្រុមជ្រុលនិយមមួយចំនួន ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៣ ខែកញ្ញាថា ថ្មីៗនេះ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សកាន់អំណាច បានសម្រេចបញ្ចប់កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ហើយការសម្រេចចិត្តបញ្ចប់នេះ មានប្រជាពលរដ្ឋបានគាំទ្រជាបណ្ដើរៗហើយ។ យ៉ាងណាកន្លងមកគម្រោង CLV នេះ លោកថា រាជរដ្ឋាភិបាល រងការរិះគន់ច្រើនក្នុងការយកកម្ពុជាដាក់ចូលគម្រោងនេះ ខណៈដែលមតិរិះគន់ប្រឆាំងទាំងនោះ ត្រូវបានបង្ក្រាបដោយការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីចាប់ និងឃុំខ្លួនជាដើម។
លោកបន្តទៀតថា សកម្មជនដែលរិះគន់លើគម្រោងនេះ មានអ្នកខ្លះជាអនីតិជន យុវជន និងអ្នកខ្លះទៀតជាមនុស្សវ័យចំណាស់ អាយុចាប់ពី ១៦ឆ្នាំ ដល់ ៧០ឆ្នាំ ដែលមានតួនាទីជាបុគ្គលិកអង្គការ សមាគម អ្នកនយោបាយ និងជាប្រជាពលរដ្ឋ។ ពួកគេជាប់ឃុំខ្លួនភាគច្រើន រងពីបទចោទ «ញុះញង់» និងបទ «រួមគំនិតក្បត់ថាបានបង្កើតគម្រោងឡើង ដើម្បីប្រព្រឹត្តឧបឃាត» ដែលអាចនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី ៥ ទៅ ១០ឆ្នាំ។
លោក អំ សំអាត៖ «អ៊ីចឹងពួកគាត់នៅក្នុងនេះ ត្រូវការក្នុងការសិក្សាបន្តទៅទៀតណា អ៊ឹចឹងយើងគ្រាន់ទទូចស្នើសុំឱ្យតុលាការលោកពិនិត្យ ពិចារណាទៅលើពួកគាត់នេះ ដើម្បីធ្វើម៉េចឱ្យពួកគាត់បានបន្តការសិក្សារបស់ពួកគាត់បន្តទៅទៀតបាន ពីព្រោះយើងឃើញថារាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចលោកបានសម្រេចចិត្តក្នុងការបញ្ចប់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះរួចទៅហើយ»។
អ្នកជាប់ពាក់ព័ន្ធជុំវិញព្រឹត្តិការណ៍កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកំពុងបន្តជាប់ឃុំដែលនៅសល់ជាង៦០នាក់ ក្នុងនោះក៏មាន កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស កញ្ញា សាក់ កណ្ណិកា បុគ្គលិករបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងមានយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ រួមមាន៖ កញ្ញា រៀម ស្រី ពេជ្ររតនា កញ្ញា នឿន ស្រីណែត កញ្ញា ចៀន សុណា និងកញ្ញា សើន ស្រីម៉ៃ។
ជុំវិញរឿងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ការសម្រេចដកខ្លួនពីគម្រោង CLV នេះ គឺមិនមានជាប់ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់របស់តុលាការឡើយ។ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ គឺត្រូវតែទទួលទោសតាមចំណាត់ការផ្លូវច្បាប់ វាជារឿងធម្មតា។ ចំណែកការមានទោស ឬគ្មានទោសនេះ លោកថា ជាការសម្រេចរបស់តុលាការ ពីព្រោះកម្ពុជាមានការបែងចែកអំណាចកាន់កាប់ច្បាស់លាស់ ហេតុដូច្នេះទាំងរាជរដ្ឋាភិបាល ឬស្ថាប័ននានា គ្មានសិទ្ធិលូកដៃឡើយ។
លោក ប៉ែន បូណា រូបភាពពីហ្វេសប៊ុករបស់លោក។
លោក ប៉ែន បូណា៖ «ខ្ញុំសូមបញ្ជាក់ជូនឱ្យច្បាស់សម្រាប់អ្នកសារព័ត៌មាន អ្នកដែលរងចំណាត់ការផ្លូវច្បាប់កន្លងមកនេះ មិនមែនជាការរិះគន់ទេបាទ គឺគាត់បំពានច្បាប់របស់កម្ពុជា ដើរហួសបន្ទាត់ក្រហមនៃច្បាប់កំណត់។ គាត់ត្រូវទទួលទោសតាមច្បាប់ជាធរមានបាទ!»។
ប៉ុន្តែលោក អំ សំអាត លើកឡើងថា ក្នុងរបាយការណ៍ដែលអង្គការលីកាដូបានកត់ត្រាគិតចាប់ពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះលោកថា អង្គការលីកាដូ បានរកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់នៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) នេះផងដែរ។
លោក អំ សំអាត៖ «អ៊ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល យល់ឃើញថាបញ្ហា CLV នេះត្រូវបានបញ្ចប់ដោយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចនៅក្នុងការបញ្ចប់គម្រោងនេះ ហើយមានការអបអរសាទរច្រើនពីប្រជាពលរដ្ឋ។ អ៊ីចឹងហើយចំណុចទាំងអស់នេះដែលយើងជាអង្គការសង្គមស៊ីវិលសូមស្នើឱ្យតុលាការលោកពិចារណា ជាពិសេសទៅយុវជន សិស្ស-និស្សិត ដែលកំពុងសិក្សាហ្នឹង ដើម្បីឱ្យគាត់មានឱកាសក្នុងការទទួលបានសិក្សាឡើងវិញ ហើយចំពោះអ្នកផ្សេងទៀតគួរតែមានការពិនិត្យ ពិចារណា ប្រសិនជារកទៅមិនឃើញមានប្រព្រឹត្តបទល្មើសទេ គួរតែដដោះលែងពួកគាត់បាទ!»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល ដើម្បីសួរនាំជុំវិញយុវជនដែលត្រូវបានឃុំខ្លួន ដោយសារគម្រោង CLV នេះ តែទូរសព្ទមិនមានអ្នកទទួលឡើយ គិតត្រឹមល្ងាច ថ្ងៃទី២៣ ខែកញ្ញានេះ។ចំណែកលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មកដល់ពេលនេះ ក៏មិនមានការឆ្លើយដែរ ដោយទូរសព្ទខលចូលតែមិនមានអ្នកទទួល៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី