en     km
en     km

តុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ លោក រ៉ុង ឈុន ជាថ្នូរឱ្យលោកមានសេរីភាពនៅក្រៅឃុំ

Share

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានចេញពីសាលាដំបូងរាជធានីភ្នំពេញ។ WMC/Cheasokny

ទីប្រឹក្សាបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំ ដោយដាក់បំរាមមិនឱ្យធ្វើសកម្មភាពនយោបាយ ក្រោយពីលោកចូលបំភ្លឺពាក់ព័ន្ធនឹងសកម្មភាពចុះជួបពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក និងផ្ដល់បទសម្ភាសឱ្យសារព័ត៌មានក្រៅប្រទេសជុំវិញរឿងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន។ យ៉ាងណាការដាក់បំរាមនេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា ជាការរឹតត្បិតសិទ្ធិសេរីភាពសកម្មជននយោបាយគណបក្សប្រឆាំង ប៉ុន្តែគណបក្សកាន់អំណាច អះអាងថា គណបក្សខ្លួនមិនមានការរឹតត្បិតសិទ្ធិសេរីភាពគណបក្សប្រឆាំងនោះឡើយ។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

ក្នុងដីការបស់ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បាន​​កោះហៅ​លោក រ៉ុង ឈុន ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី២០ ខែកញ្ញានេះ ពាក់ព័ន្ធ​បទ​ចោទ «ការ​មិន​រាងចាល​ក្នុង​បទ​មជ្ឈឺម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ក្នុងការចូលបំភ្លឺនេះ សាលាដំបូងអនុញ្ញាតឱ្យតែលោក រ៉ុង ឈុន និងមេធាវីលោកប៉ុណ្ណោះ ចំណែកអ្នកគាំទ្រ និងអង្គការសិទ្ធិមនុស្ស ត្រូវរង់ចាំស្ដាប់លទ្ធផលនៅខាងក្រៅ។

នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ មានអ្នកគាំទ្រលោក រ៉ុង ឈុន ជិត ១០០នាក់ មករង់ចាំស្ដាប់លទ្ធផល ខណៈកម្លាំងសមត្ថកិច្ចជាច្រើនមកពីខណ្ឌជ្រោយចង្វារ បានដាក់បារ៉ាសមិនឱ្យអ្នកគាំទ្រលោក ឈរនៅខាងមុខសាលាដំបូងឡើយ។

រង់ចាំអស់រយៈពេលជាង ៣ម៉ោង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីលោកចូលបំភ្លឺជាមួយមេធាវីនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា សាលាដំបូងរាជធានីភ្នំពេញ ហៅលោកបំភ្លឺពាក់ព័ន្ធនឹងសកម្មភាពដែលលោក រ៉ង ឈុន ផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីទាក់ទងរឿងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន និងសកម្មភាពលោកចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក និងនៅព្រលានយន្តហោះថ្មី។ ក្រៅពីនេះ សាលាដំបូង ក៏បង្គាប់ឱ្យចូលបំភ្លឺពីសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិនៅស្រុកកោះធំ ខេត្តកណ្ដាលផងដែរ។

ក្រោយពីការបំភ្លឺសកម្មភាពទាំងអស់នេះហើយ លោកថា ចៅក្រមបានសម្រេចផ្ដល់សេរីភាពឱ្យលោកនៅក្រៅឃុំមានសេរីភាព ប៉ុន្តែបានត្រូវដាក់វិធានការតុលាការហាមលោកចំនួន ៥ចំណុច គឺទី១. មិនឱ្យលោកចេញទៅក្រៅប្រទេស ទី២. ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងមកអាជ្ញាធរ ទី៣. ត្រូវមកបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជារៀងរាល់ខែ។ ទី៤. ត្រូវមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ និងទី៥. ហាមលោកមិនជួបជុំ ឬក៏ធ្វើនយោបាយឡើយ។ ដូច្នេះប្រសិនជាលោកល្មើសបំរាមទាំងនេះ នឹងត្រូវឃុំខ្លួនហើយ។

លោក រ៉ុង ឈុន៖ «ដូចខ្ញុំបានរៀបរាប់អ៊‌ីចឹង ខ្ញុំពីពេលនេះទៅគឺមានសេរីភាពចង្អៀត ហើយប្រសិនខ្ញុំមិនអនុវត្តបំរាមពេលហ្នឹងខ្ញុំនឹងត្រូវបានតុលាការនាំខ្លួនខ្ញុំយកទៅឃុំ។ អ៊‌ីចឹងការប្រកាសជំហរបែបណានោះ ខ្ញុំនឹងពិនិត្យមើល ហើយនិងជជែកជាមួយក្រុមការងាររបស់ខ្ញុំបន្តទៅទៀតថាតើយើងត្រូវមានចន្លោះប្រហោង ឫមួយបែបណាខ្ញុំនឹងជជែកជាមួយមេធាវីរបស់ខ្ញុំថាតើខ្ញុំអាចធ្វើបានកម្រិតណា ធ្វើម៉េចកុំឱ្យមានការប៉ះពាល់ទៅនឹងចំណុចបំរាមរបស់តុលាការ»។

យ៉ាងណាការបំភ្លឺលើសកម្មភាពទាំងប៉ុន្មានចំណុចនោះ លោកអះអាងថា មិនមានសកម្មភាពណាមួយបង្កឱ្យមានភាពញុះញង់ឡើយ ហើយសកម្ម​ភាពដែលលោកបានចុះទៅនេះ គឺគ្រាន់តែទៅឃើញស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការអភិវឌ្ឍន៍។

លោក រ៉ុង ឈុន៖ «គេនៅក្នុងហ្នឹងគេឱ្យសំណូមពរ ហើយពួកខ្ញុំក៏បានសំណូមពរសុំឱ្យនៅក្រៅឃុំ ហើយរដូវនេះជារដូវភ្ជុំបិណ្ឌ សុំឱ្យតុលាការធ្វើម៉េចឱ្យខ្ញុំក្រៅឃុំ ហើយខ្ញុំនឹងមិនគេចវេស ខ្ញុំនឹងសហការជាមួយតុលាការ ហើយលោកមេធាវីក៏បានសំណូមពរថា សុំធ្វើម៉េចឱ្យកូនក្ដីបាននៅក្រៅឃុំ ឬមួយអនុវត្តតាមវិធានតុលាការចៀសវាងការឃុំខ្លួនអ៊‌ីចឹងណា»។

លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលឃ្លាំមើលករណីនេះ ប្រាប់ថា ការចូលបំភ្លឺរបស់លោក រ៉ុង ឈុន នៅសាលាដំបូងព្រឹកនេះ ជាការបំពេញនូវកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ប៉ុន្តែការចូលបំភ្លឺទាក់ទងនឹងរឿងចោទប្រកាន់មិនរាងចាល និងការញុះញង់នេះ លោកចាត់ទុកថា រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកសូមស្នើឱ្យរាជរដ្ឋាភិបាលបើកលំហរសេរីភាពបញ្ចេញមតិទៅដល់អ្នកនយោបាយ ខណៈវត្តមានអ្នកនយោបាយប្រឆាំង ជាកញ្ចក់ឆ្លុះបញ្ចាំងនៃការអភិវឌ្ឍន៍សង្គមជាតិ។

លោក យី សុខសាន្ត បានមកឃ្លាំមើលករណីលោក រ៉ុង ឈុន ចូលបំភ្លឺព្រឹកនេះ។ WMC/Cheasokny

លោក យី សុខសាន្ត៖ «លោក រ៉ុង ឈុន គាត់ជាអ្នកនយោបាយ គាត់ជាទីប្រឹក្សារបស់គណបក្សនយោបាយ ដូច្នេះវោហារស័ព្ទរបស់គាត់ គឺជាពាក្យពេចន៍មួយក្នុងការប្រឈមទិតៀនឱ្យរាជរដ្ឋាភិបាលធ្វើការកែល្អ ក្នុងការដោះស្រាយនៅពេលណាដែលមានបញ្ហាកើតឡើង។ ចំណុចនេះយើងស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាលបើកលំហរសេរីភាពក្នុងការបញ្ចេញមតិដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនយោបាយកុំឱ្យមានការរឹតត្បិតដូចលោក រ៉ុង ឈុន នេះបាទ!»។

ចំពោះការដាក់បំរាមរបស់តុលាការមកលើលោក រ៉ុង ឈុននេះ លោកចាត់ទុកថា ប៉ះពាល់ធ្ងន់ធ្ងរដល់លំហរសេរីភាពអ្នកនយោបាយមកពីបក្សប្រឆាំង ហើយអ្វីដែលកាន់តែអាក្រក់នោះ អន្តរជាតិនឹងដាក់សម្ពាធមកលើកម្ពុជាបន្ថែមទៀត ប្រសិនជារាជរដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពនយោបាយមកពីបក្សប្រឆាំង។

ជុំវិញរឿងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា គណបក្សកាន់អំណាច មិនមានការរឹតត្បិត គំរាមកំហែងអ្នកនយោបាយមកពីគណបក្សកម្លាំងជាតិនោះទេ ពីព្រោះមិនមានតែគណបក្សកម្លាំងជាតិនោះទេ ដែលជាគណបក្សប្រឆាំង មានគណបក្សប្រឆាំងជាច្រើនផ្សេងទៀតនៅកម្ពុជា ដែលពួកគេធ្វើនយោបាយប្រកបដោយលំហរសេរីភាពពេញលេញ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបភាពពីបណ្ដាញសង្គម។

លោក សុខ ឥសាន្ត៖ «បុគ្គលម្នាក់ៗមន្ត្រីនៅក្នុងគណបក្សគាត់ហ្នឹងប្រសិនណាបើមិនប្រព្រឹត្តល្មើសច្បាប់នោះទេ ក៏គ្មានពិរុទ្ធភាព ហើយបើគ្មានពិរុទ្ធភាពនោះទេ ក៏គ្មានការចោទប្រកាន់ពីតុលាការដែរ បើអីចឹងទេគ្នាគាត់ប៉ុន្មានរយនាក់ហ្នឹងគេចាប់អស់ហើយ វាមានបុគ្គលខ្លះជ្រុលនិយមទៅ មិនមែនស្ថិតត្រឹមការសម្ដែងមតិ តែជ្រុលហួសព្រំដែននៃការសម្ដែងមតិ អាហ្នឹងវាមានបញ្ហាចោទចំពោះផ្លូវច្បាប់ហើយ។ អីចឹងយើងដឹងហើយរដ្ឋធម្មនុញ្ញមាត្រា៣១​ មាត្រា៤១ ជំពូកទី៣ គេបានចែងច្បាស់ហើយគេមានព្រំខណ្ឌគេបើកទូលាយឱ្យយើងមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែកុំឱ្យប៉ះពាល់គេឯងអីចឹងណា ខ្ញុំជឿជាក់សមត្ថកិច្ច ក៏ដូចជាតុលាការគេមិនធ្វើតែពាសតែពាលទេបាទ!»។

កាលពីឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ទាក់ទងនឹងសកម្មភាពរបស់លោករិះគន់បញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ ហើយលោកត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ឃុំត្រឹមតែ ១៥ខែ ១១ថ្ងៃ និងត្រូវព្យួរទោស ៥ខែ ១៩ថ្ងៃ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image