en     km
en     km

ក្រុមអង្គការសិទ្ធិមនុស្ស បន្តស្នើសុំឱ្យអាជ្ញាធរដោះលែងសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស

Share

WMC/Chea sokny

អង្គការលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅតែបន្តស្នើសុំឱ្យអាជ្ញាធរដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធ​​ភាពសកម្មរបស់ពួកគេក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងការឈឺឆ្អាលពីបញ្ហាសង្គម។ ប៉ុន្តែការបន្តស្នើនេះ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាល ចាត់ទុកថាជារឿងនយោបាយ ដោយស្នើទៅអង្គការសិទ្ធិមនុស្សទៅវិញថា គួរតែដើរតាមនីតិវិធីរបស់តុលាការ ដោយស្វែងភស្ដុតាង ដើម្បីដោះបន្ទុកលើជនជាប់ចោទទាំងនោះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

សកម្មជនទាំងនោះដែលអង្គការសិទ្ធិមនុស្ស នៅតែបន្តស្នើសុំឱ្យដោះលែង មាន៖ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ្ឋា និងលោក កើត សារ៉ាយ។ ពួកកំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន។ ការផ្តន្ទាទោសលើសកម្មជនទាំងនោះកាលអំឡុងខែមេសា និងខែកក្កដាកន្លងមកនេះ ក្រុមអង្គការសិទ្ធិមនុស្ស ចាត់ទុកថាកើតឡើងដោយសារតែភាពសកម្មនិយមរបស់ពួកគេក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងការឈឺឆ្អាលពីបញ្ហាសង្គម ដូចជាជម្លោះដីធ្លីជាដើម ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែកញ្ញាថា ការព្យាយាមទាមទាររបស់ក្រុមអង្គការសិទ្ធិមនុស្សនេះ គឺដោយសារមើលឃើញថា សកម្មជនការពារបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី គឺពួកគេត្រូវបានជាប់ឃុំខ្លួនដោយអយុត្តិធម៌ ខណៈដែលសកម្មភាពពួកគេគ្រាន់តែធ្វើលើបញ្ហាបរិស្ថាន បញ្ហាធម្មជាតិ និងការឈឺឆ្អាលពីបញ្ហាសង្គមប៉ុណ្ណោះ តែបែរជាត្រូវផ្តន្ទាទោសជាប់ឃុំខ្លួនទៅវិញ។ ម្យ៉ាងវិញការងារការពារបរិស្ថាននេះ លោកថា មិនមែនជាការងាររបស់យុវជនទាំងនោះទេ តែជាការងាររួមទាំងអស់គ្នា ដូច្នេះយុវជនដែលចូលរួមការពារបរិស្ថាន គួរតែទទួលបាននូវការលើកទឹកចិត្ត ខណៈក្រុមយុវជនដែលអាជ្ញាធរកម្ពុជា ផ្តន្ទាទោស បែរជាអន្តរជាតិផ្ដល់ពានរង្វាន់ជូនពួកគេ។

លោក អំ សំអាត៖ «ដោយសារបញ្ហាទាំងអស់នេះហើយបានយើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការលើសិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ ជាមួយនឹងបញ្ហាដីធ្លីទៀត នៅតែបន្តស្នើសុំឱ្យមានការដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។ កាលដែលយើងតស៊ូមតិនេះ គឺជាយល់ឃើញថាសកម្មជន ឬមួយយុវជនដែលការពារបរិស្ថាន សកម្មជនដីធ្លី ដែលសកម្មការងាររបស់ខ្លួន គឺស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខាងអន្តរជាតិ ហើយជាពិសេសបំពេញកាតព្វកិច្ចគឺក្នុននាមជាពលរដ្ឋក្នុងកិច្ចការងារសង្គម កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ»។

ជុំវិញការបន្តស្នើសុំរបស់ក្រុមអង្គការសិទ្ធិមនុស្សនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វិទ្យុស្ដ្រីដែរថា អ្វីដែលអង្គការទាំងនោះ នៅតែបន្តស្នើសុំឱ្យដោះលែងសកម្មជនទាំងនោះ គឺគ្រាន់តែជាលេសនយោបាយដើម្បីបិទបាំងកំហុស និងអំពើល្មើសរបស់ក្រុមពួកគេប៉ុណ្ណោះ។ មួយវិញទៀត លោកថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ហាក់ដូចជាមិនបានពិនិត្យទៅលើច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជាឡើយ បានជាចោទរាជរដ្ឋាភិបាលថា មិនខ្វល់ខ្វាយរឿងភាពអយុត្តិធម៌ក្នុងសង្គម។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបភាពពីបណ្ដាញតេលេក្រាមរបស់លោក។

លោក ជិន ម៉ាលីន៖ «មើលទៅវាគឺជារូបភាពនយោបាយ ដើម្បីបិទបាំងកំហុសជនជាប់ចោទទេ ក៏ប៉ុន្តែផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា យុទ្ធនាការនេះមិនមែនមធ្យោបាយតាមផ្លូវច្បាប់ក្នុងការពារជនជាប់ចោទទេ អ៊‌ីចឹងវាមិនមានឥទ្ធិពលអីទៅលើតុលាការនោះទេ មានតែការចូលរួមដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្ដុតាង និងទឡ្ហីករណ៍ឱ្យបានរឹងមាំក្នុងការដោះបន្ទុក តតាំងនឹងបទចោទលើអ្វីដែលមានសមត្ថកិច្ចមាន អាហ្នឹងជាមធ្យោបាយតាមផ្លូវតែមួយគត់ដែលអាចជនជាប់ចោទបាន»។

ចំណែកលោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការបន្តស្នើសុំរបស់ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ ជារឿងធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលផ្ដល់សេរីភាពឱ្យប្រជាពលរដ្ឋយ៉ាងពេញលេញក្នុងការបញ្ចេញមតិយោបល់ទៅលើបញ្ហាអ្វីមួយ។ ប៉ុន្តែទន្ទឹមនេះ លោកក៏សុំស្នើឱ្យការសម្ដែងមតិយោបល់ទាំងនោះ ស្ថិតក្នុងរង្វង់ក្របខ័ណ្ឌច្បាប់ ដោយមិនត្រូវប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិឱ្យហួសពីព្រំដែននោះទេ ដូច្នេះហើយបណ្ដាលឱ្យមានការរឹតត្បិតជាមិនខាន។

លោក ស្រ៊ាង ចិន្តា។ រូបភាពពីបណ្ដាញតេលេក្រាមរបស់លោក។

លោក ស្រ៊ាង ចិន្តា៖ «ចំពោះសំណើនេះ សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យើងក៏មិនមានអ្វីឆ្លើយតបទៅវិញដែរ ព្រោះយើងដឹងហើយថា​ រឿងនេះវាស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នមួយឯករាជ្យ មិនអាចមានស្ថាប័នមួយមកជ្រៀតជ្រែក ឬក៏អន្តរាគមន៍ទៅក្នុងស្ថាប័ននេះបានឡើយ»។

យ៉ាងណាករណីឃុំខ្លួនសកម្មជនទាំងនោះ លោកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធឆ្លើយតបជាមួយក្រុមអង្គការសិទ្ធិមនុស្ស ថាជារឿងយុត្តិធម៌ ឬអយុត្តិធម៌ ពីព្រោះសកម្មជនទាំងនោះ ត្រូវបានផ្តន្ទាទោសផ្អែកទៅលើផ្លូវច្បាប់ដែលបានកំណត់។

លោក ស្រ៊ាង ចិន្តា៖ «អ៊‌ីចឹងជាសំណូមពរទៅវិញដើម្បីពង្រឹងសង្គមមួយឱ្យក្លាយទៅជាសង្គមនីតិរដ្ឋ យើងសូមសំណូមពរឱ្យអង្គការសង្គមស៊ីវិលទាំងនោះដែលគាត់តែងតែតាំងខ្លួនគាត់ជានីតិរដ្ឋ គួរតែចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ចូលរួមយ៉ាងសកម្ម។ បើគាត់យល់ថារឿងហ្នឹងអយុត្តិធម៌ អ៊‌ីចឹងព្យាយាមជួយទៅ ជួយជនទាំងនោះទៅ ជួយស្វែងរកសាក្សី ជួយស្វែងរកភស្ដុតាងផ្សេងៗ ដើម្បីដោះបន្ទុកពួកគាត់ទៅ អាហ្នឹងដើម្បីចូលរួមពង្រឹងនីតិរដ្ឋទាំងអស់គ្នា យើងកុំចេះតែវិនិច្ឆ័យទៅតាមនិន្នាការ ទៅតាមក្រុមបក្សពួករបស់យើង វាជារឿងមិនត្រឹមត្រូវនោះទេ»។

បើតាមមន្ត្រីសិទ្ធិមនុសនៃអង្គការលីកាដូ លោក អំ សំអាត សកម្មជនដែលកំពុងជាប់ឃុំទាំងនោះ ក៏មានស្ដ្រីដែរ ដូច្នេះបញ្ហាប្រឈមរបស់ពួកគេច្រើនជាងបុរស ខណៈនៅក្នុងពន្ធនាគារមួយៗសុទ្ធតែមានភាពចង្អៀតណែន។ ភាពចង្អៀតណែននេះ លោកថា បណ្ដាលឱ្យសកម្មជនដែលជាស្ដ្រីទាំងនោះ ប្រឈមបញ្ហាអនាម័យ សុខភាពស្ដ្រី បរិស្ថានស្នាក់នៅ និងអាហារហូបចុកជាដើម។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ

លោក អំ សំអាត៖ «ដោយមើលឃើញថាពន្ធនាគារ វាមានភាពចង្អៀតណែនខ្លាំង ហើយថែមទាំងករណីទៅលើសកម្មជនការពារបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីនេះ ជាសកម្មភាពមួយដែលយើងមើលទៅហាក់ដូចជាមិនប្រឆាំងជាមួយបទល្មើសផ្សេងៗទេ អ៊‌ីចឹងហើយបានជាយើងនៅតែទាមទារស្នើសុំពិចារណាក្នុងការដោះលែង»។

សកម្មជនបរិស្ថានទាំងនោះត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ពីបទ រួមគំនិតក្បត់​ ​និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ ក្នុងនោះពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារផ្សេងគ្នា មាន កញ្ញា ភួន កែវរស្មី ត្រូវ​បាន​​​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​ កញ្ញា ឡុង គន្ធា ត្រូវ​បាន​ឃុំ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព្រះវិហារ​ លោក ថុ​ន​ ​រដ្ឋា​ ​​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ (​ម​៣​) ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​​។ រីឯលោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ លោក​ ​យី​ម​ ​លាង​ហ៊ី​ ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កំពង់ស្ពឺ​ និងលោក កើត សារ៉ាយ ត្រូវបានតុលាការផ្តន្ទាទោសពីបទ «ញុះញង់» ដោយឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image