en     km
en     km

រថយន្តក្រុងជាង ៦០០គ្រឿងត្រៀមដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភ្ជុំបិណ្ឌ

Share

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿងសម្រាប់ដឹក ប្រជាពលរដ្ឋដែលមានបំណងចង់ទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។  ចំពោះប្រជាពលរដ្ឋដែលចង់ទៅកម្សាន្តនៅតាមបណ្តាខេត្តនានាក៏មានឱកាសធ្វើដំណើរទៅផងដែរ ដ្បិតរថយន្តក្រុងនឹងបើកដឹកអ្នកដំណើរទៅកាន់ខេត្តគោលដៅទាំង២៤ខេត្តទូទាំងប្រទេសកម្ពុជា។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋនឹងត្រៀមរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកប្រជាពលរដ្ឋទៅកាន់ខេត្តគោលដៅទាំង២៤ខេត្តទូទាំងប្រទេស ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិតក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ការធ្វើដំណើរតាមរថយន្តក្រុងនេះនឹងមិនយកប្រាក់កម្រៃអ្វីនោះឡើយ។

រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

 

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រ ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២៤ក្នុងឱកាសបើកការដ្ឋានសាងសង់អគារនៅមន្ទីរពេទ្យកាល់ម៉ែតដែរថា សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ​ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ ដែលហេតុនេះរដ្ឋនឹងរៀបចំរថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះ សម្តេចក៏បានប្រកាសថានឹងមានរថយន្តក្រុងដឹកពលរដ្ឋដែលមានបំណង់ទៅកម្សាន្តនៅខេត្តនាទិសឦសានដោយមិនយកប្រាក់កាក់ផងដែរ។

រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី

 

នៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចែកជើងរថយន្តក្រុងដែលត្រូវរត់ជាបីផ្នែកធំៗគឺមានរថយន្តក្រុងចំនួន ១០០គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញចំពោះប្រជាពលរដ្ឋដែលមិនមានគម្រោងទៅកម្សាន្តនៅតាមបណ្តាខេត្ត។ ផ្នែកមួយផ្សេងទៀត គឺមានរថយន្តចំនួន ៤៩៧គ្រឿងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។ ខេត្តទាំងនេះមានដូចជា កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កែប កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ចាម និងត្បូងឃ្មុំ។

ចំណែករថយន្តក្រុងចំនួន ៥៦គ្រឿងផ្សេងទៀត នឹងបើកដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសានដែលមានដូចជាខេត្តក្រចេះ​ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំទឹកពិសាបរិសុទ្ធចែកជូនបងប្អូនអ្នកធ្វើដំណើរដោយឥតគិតថ្លៃផងដែរ។

រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវទៅដល់ម្ចាស់ក្រុមហ៊ុន​និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទទាំងអស់ កុំដំឡើងតម្លៃដឹកជញ្ជូន និងគប្បីរក្សាតម្លៃឱ្យនៅដដែលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខនេះ។ នៅក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញស្នើដល់ម្ចាស់អាជីវកម្មលើមធ្យាបាយដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមចំណែកសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមួយផ្នែកទៅកាន់ការធ្វើដំណើរទៅលេងស្រុកកំណើត ឬទៅកម្សាន្តនៅតាមបណ្តាខេត្តនានា៕

រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

 

រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

Share

Image Not Found
Image

ព័ត៌មានទាក់ទង