en     km
en     km

គូស្នេហ៍វ័យចំណាស់ស្រលាញ់ភេទដូចគ្នា ចង់បានច្បាប់អាពាហ៍ពិពាហ៍ ដើម្បីការរស់នៅពេញលេញ

Share

លោក សំ សែន និងអ្នកស្រី ផាង ម៉ីន អង្គុយនៅខាងឆ្វេង។ រូបភាពពីអង្គការសមាគមន៍ឥន្ទធនូកម្ពុជា (រ៉ក)

អស់រយៈពេលជិត ៤០ឆ្នាំ ការរួមរស់នៅរបស់គូស្នេហ៍វ័យចំណាស់ ដែលស្រលាញ់ភេទដូចគ្នាមួយគូមកពីខេត្តស្វាយរៀង បានជំនះនូវការរើសអើងពីគ្រួសារ និងសហគមន៍ រហូតទទួលបានជោគជ័យ ហើយពួកគេ ទាមទារចង់បានច្បាប់អាពាហ៍ពិពាហ៍ ដើម្បីឱ្យមានសិទ្ធិរស់នៅយ៉ាងពេញលេញ ដូចគូស្នេហ៍ស្រលាញ់ភេទផ្ទុយគ្នាដែរ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ការជំនះបាននៃភាពរើសអើងនេះ កើតចេញតាមរយៈការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ដែលផ្សព្វផ្សាយ និងពន្យល់ណែនាំឱ្យគ្រួសារ និងអ្នកនៅក្នុងសហគមន៍ពួកគេ បានស្វែងយល់ពីធម្មជាតិ និងក្ដីស្រលាញ់របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ មួយវិញទៀត ក៏កើតចេញតាមរយៈគូស្នេហ៍វ័យចំណាស់នេះ មានការខិតខំប្រឹងប្រែងរកស៊ី និងធ្វើឱ្យជីវភាពក្នុងគ្រួសារពួកគេកាន់តែល្អប្រសើរ។

ក្នុងទឹកមុតមាំ លោក សំ សែន ដែលមានភេទជាមនុស្សស្រី បានតុបតែងខ្លួនស្លៀកពាក់​ជាមនុស្សប្រុស និងជាស្វាមីអ្នកស្រី ផាង ម៉ីន រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា មុនដំបូងលោក និងអ្នកស្រី ផាង ម៉ីន បានចាប់ផ្ដើមរាប់អានគ្នាជាមិត្តភក្ដិ ប៉ុន្តែក្រោយមកក៏ចាប់ផ្ដើមមានចិត្តស្រលាញ់គ្នាជាប្ដី និងជាប្រពន្ធ។ លោកបន្តថា គិតមកដល់ពេលនេះ លោក និងអ្នកស្រី ផាង ម៉ីន បានរួមរស់នៅជាមួយគ្នាអស់រយៈពេលជិត ៤០ឆ្នាំហើយ ខណៈការរួមរស់នៅជាមួយគ្នាកន្លងមកត្រូវប្រឈមនឹងរើសអើងពីគ្រួសារ និងសហគមន៍ជាដើម។

ក្នុងវ័យ ៦០ឆ្នាំប្លាយ លោក សែន និងអ្នកស្រី ម៉ីន ដែលមានលំនៅឋាននៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បន្តរៀបរាប់ទៀតថា ទោះបីកន្លងមក ត្រូវប្រឈមបញ្ហាជាច្រើន និងរងការរើសអើងពីសហគមន៍ក្ដី ប៉ុន្តែពួកគេទាំងពីរបានតស៊ូជំនះបញ្ហាប្រឈមទាំងនោះ ដោយមិនព្រមបែកបាក់គ្នាឡើយ។ ជាក់ស្ដែងបច្ចុប្បន្ននេះ ដោយសារការរស់នៅភេទដូចគ្នានេះ ធ្វើឱ្យលោក សែន និងអ្នកស្រី ម៉ីន មិនមានកូនចៅ ដូចនឹងប្ដី-ប្រពន្ធដែលមានភេទផ្ទុយគ្នាពិតមែន ប៉ុន្តែលោកបានសុំកូនពីបងប្អូន យកមកចិញ្ចឹមបីបាច់ និងមើលថែទាំទុកដូចជាកូនរបស់ពួកគេ។

លោក សំ សែន ជាស្វាមីអ្នកស្រី ផាង ម៉ីន។ WMC/cheasokny

លោក សំ សែន៖ «បច្ចុប្បន្នហ្នឹងមានបញ្ហាប្រឈមច្រើន ឧទាហរណ៍យើងចង់បានសំបុតអាពាហ៍ពិពាហ៍ហ្នឹងឱ្យស្របទៅតាមអ្នកស្រលាញ់ភេទផ្ទុយគ្នាដែរ ក៏ប៉ុន្តែគ្រាន់តែថាវាមិនងាយទេ ទាល់យើងមានតស៊ូតទៅមុខទៀត ហើយប្រឈមខ្លាំងគឺថាអ្នកស្រុក អ្នកភូមិដែលយើងទៅឆ្ងាយៗ គឺមានការរើសអើងខ្លះដែរ ប៉ុន្តែវាមិនមានច្រើននៅគ្រប់ទីកន្លែងនោះទេ វាមានដោយកន្លែងៗ»។

ការជំនះភាពរើសអើងពីអ្នករស់នៅក្នុងសហគមន៍ជាមួយលោក និងអ្នកស្រី ម៉ីន គឺកើតឡើងដោយគ្រួសារលោកបង្ហាញឱ្យឃើញពីការតាំងចិត្តរួមគ្នា ក្នុងការខិតខំប្រឹងប្រែងរកស៊ីឱ្យបានប្រសើរជាងគ្រួសារដែលមានភេទផ្ទុយគ្នា ហើយក្នុងនាមជាលោកជាមេគ្រួសារ គឺមិនលេងល្បែងស៊ីសង និងមិនដើរលេងសេពគ្រឿងស្រវឹង ឫគ្រឿងញៀនឡើយ ដែលការប្រឹងប្រែងទាំងនេះបង្ហាញឱ្យសហគមន៍មានការកើតសរសើរ ជាពិសេសផ្លាស់ប្ដូរផ្នត់គំនិតរើសអើងមកលើគ្រួសារលោក។ ចំណែកអាជ្ញាធរក្នុងមូលដ្ឋានក៏បានគាំទ្រគ្រួសារលោកយ៉ាងពេញទំហឹង ដោយសារឃើញពីការខិតខំប្រឹងប្រែងរបស់លោក ក្នុងការកសាងគ្រួសារប្រកបដោយសុភមង្គល និងសន្តិភាព។

លោក សំ សែន៖ «ខ្ញុំសូមអំពាវនាវថាធ្វើម៉េចឱ្យរាជរដ្ឋាភិបាលយើងជួយឱ្យយើងបានតំណាងតម្លាភាពឱ្យបានល្អរលូនតទៅមុខទៀត។ ច្បាប់ហ្នឹង ឧទាហរណ៍ថា វាជួយយើងបានច្រើនប្រសិនជាយើងមានច្បាប់អាពាហ៍ពិពាហ៍ហើយ យើងរស់នៅជាមួយគ្នាស្របតាមច្បាប់ ចុះអេតាស៊ីវិលអីអ៊‌ីចឹងទៅ មានកេរ្តិ៍មរតកពីខាងខ្ញុំ ឬខាងគាត់អី ពេលយើងមានកូនចៅនៅជាមួយ គឺយើងអាចបែងចែកទ្រព្យសម្បត្តិ ដីធ្លីឱ្យគាត់អ៊‌ីចឹងណា ប៉ុន្តែយើងអត់មានច្បាប់ហ្នឹងដូចយើងរស់នៅជាមួយប្រៀបដូចជាបងជាប្អូន អ៊‌ីចឹងអាអ្នកគ្នានៅជាមួយយើង វារកស៊ីចិញ្ចឹមយើង វាអត់មានអី»។

ចំណែកអ្នកស្រី ផាង ម៉ីន ដែលជាភរិយាលោក សំ សែន និយាយដែរថា កាលពីចាប់ផ្ដើមដំបូង ​ការរួមរស់នៅជាមួយភេទដូចគ្នា គឺប្រឈមនឹងគ្រួសារ សហគមន៍ និងរួមទាំងអាជ្ញាធរ មានការរើសអើង។ ក្រៅពីការរើសអើង អ្នកស្រី និងស្វាមី ដែលមានភេទជាមនុស្សស្រី ក៏ត្រូវអ្នកនៅក្នុងសហគមន៍មាក់ងាយ​ និងចោទថាការរួមរស់នៅរបស់ពួកគេទាំងពីរ គឺនាំភាពអាម៉ាស់ចូលក្នុងគ្រួសារ។

មកដល់វ័យ ៦២ឆ្នាំនេះ អ្នកស្រី ម៉ីន មិនដែលសោកស្ដាយ ឬគិតចង់បោះបង់ស្វាមីដែលមានភេទជាមនុស្សស្រីចោលឡើយ ទោះបីពេលខ្លះការរស់នៅរបស់អ្នកស្រី ត្រូវប្រឈមភាពលំបាកជាងគ្រួសារដែលភេទផ្ទុយគ្នាបន្តិចមែន ប៉ុន្តែនេះជាក្ដីសុខ និងសុភមង្គលសម្រាប់អ្នកស្រី។ យ៉ាងណាឥលូវនេះ នៅក្នុងជីវភាពគ្រួសារអ្នកស្រី មិនដូចពីមុនទេ គឺកាន់តែមានប្រសើរឡើងហើយ ដោយកើតចេញពីការខិតខំប្រឹងរកស៊ី និងការសន្សំសំចៃរបស់ពួកគេទាំងពីរ។

អ្នកស្រី ផាង ម៉ីន ជាភរិយាលោក សំ សែន។ WMC/Cheasokny

អ្នកស្រី ផាង ម៉ីន៖ «រាល់ថ្ងៃនេះរៀងគួរសមណាស់ក្មួយ ដូចថាកាលមុនគេឃើញខ្ញុំពិបាកអ៊‌ីចឹងគេនិយាយថាឱ្យណាក្មួយកាលពីចាប់ដៃគ្នាដំបូង មួយឆ្នាំពីរឆ្នាំដំបូង តែតពីហ្នឹងមកខ្ញុំប្រឹងប្រែងមានស៊ី មានចុក មានលុយកាក់ចាយនឹងគេ ឥលូវមានអ្នកណាហ៊ាននិយាយ។ មានតែអ្នកនិយាយចាំថា ឯងមានប្ដី-ប្រពន្ធត្រឹមត្រូវមិនបានមួយចំហៀងគេជាស្រីៗសោះ មានតែគេនិយាយអ៊‌ីចឹង»។

ចំពោះការគាំទ្រនេះលោក ភោគ វណ្ណថង ជាមេឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រាប់វិទ្យុស្ដ្រីថា កាលពីជាង ៣០ឆ្នាំមុន ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានលោក គឺមានការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នារវាងបុរសនិងបុរស ហើយនិងរវាងស្ដ្រីនិងស្ដ្រី ប៉ុន្តែបើប្រៀបធៀបបច្ចុប្បន្ននេះ គឺមានការផ្លាស់ប្ដូរហើយ។ លោកបន្តទៀតថា ការផ្លាស់ប្ដូរនេះ កើតឡើងពីការខិតខំទាមទារសិទ្ធិរបស់ពួកគេ និងកើតពីការផ្សព្វផ្សាយរបស់អាជ្ញាធរថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យសហគមន៍ក្នុងមូលដ្ឋានរបស់លោក ចាត់ទុកក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដូចជាមនុស្សទូទៅដែរ ហើយថែមទាំងស្រលាញ់រាប់អានក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

យ៉ាងណាពីមុនមក មេឃុំរូបនេះ ក៏ធ្លាប់មានការរើសអើងលើក្រុមអ្នកស្រលាញ់ភេទដូចគ្នាដែរ និងចេះតែឆ្ងល់ថា ហេតុអ្វីបានជាពួកគេមិនស្រលាញ់មនុស្សដែលមានភេទផ្ទុយគ្នា បែរជាទៅស្រលាញ់មនុស្សដែលមានភេទដូចគ្នាទៅវិញ? ប៉ុន្តែឥលូវនេះលោកយល់ហើយថា នេះជាធម្មជាតិរបស់ពួកគេ ហើយក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាក្រុមមនុស្សដែលមានភេទផ្ទុយគ្នាដែរ។ ដោយការស្វែងយល់បែបនេះ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន បានគាំទ្រ ឧបត្ថម្ភ និងយកចិត្តទុកដាក់លើក្រុមអ្នកស្រលាញ់ភេទដូចគ្នាដូចប្រជាពលរដ្ឋផ្សេងទៀតដែរ។

លោក ភោគ វណ្ណថង មេឃុំក្រោលគោ។ WMC/Cheasokny

លោក ភោគ វណ្ណថង៖ «បាទអត់មានភាពរើសអើងអីទេ គាំទ្រពួកគាត់ ស្រលាញ់ពួកគាត់ យកចិត្តទុកដាក់ជួយបម្រុងពួកគាត់ដោយមិនគិតថា គាត់ជាមនុស្សផ្សេងមកពីប្រភពផ្សេង ហើយមិនមានការជួយឧបត្ថម្ភ គាំទ្រអីទៅលើគាត់ទាំងស្មារតី ទាំងជីវភាពរស់នៅអីអត់ទេ គឺឧបត្ថម្ភសព្វគ្រប់បែបយ៉ាងអ្វីដែលក្នុងនាមខ្ញុំជាអាជ្ញាធរមូលដ្ឋាន អាចជួយពួកគាត់បានគឺជួយពួកគាត់ទៅតាមលទ្ធភាពដែលអាចជួយបាន។ បើឃើញថាគាត់មានជីវភាពក្រីក្រ គាត់មានជីវភាពខ្វះខាត អាហ្នឹងបច្ចុប្បន្នភាពគោរពទៅតាមគោលការណ៍នយោបាយប្រមុខរដ្ឋាភិបាល គឺយើងផ្ដល់ប័ណ្ណជូនគាត់ប័ណ្ណក្រីក្រ ក្រមួយ ក្រពីរ ឬប័ណ្ណរងហានិភ័យសម្រាប់គាត់»។

បើតាមមេឃុំរូបនេះ ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងមូលដ្ឋានលោកដែលគ្រប់គ្រង គឺមានស្ទើរតែគ្រប់ភូមិ ហើយក្រុមពួកគាត់តែងតែទទួលបានយកចិត្តទុកដាក់ដូចប្រជាពលរដ្ឋទូទៅដែរ ទោះបីការរួមរស់នៅរបស់ពួកគេមិនមានច្បាប់ការពារដូចអ្នកស្រលាញ់ភេទផ្ទុយគ្នាក្ដី។

លោក ភោគ វណ្ណថង៖ «សូមអំពាវនាវចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់មូលដ្ឋានទាំងអស់ សូមលោកមេត្តាផ្ដោតចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់បន្ថែមទៀតបាទ ហើយជាពិសេសផងដែរចំពោះប្រជាពលរដ្ឋទូទៅ គឺសុំឱ្យបញ្ឈប់នូវភាពរើសអើង ហើយអ្វីដែលកន្លងមកដែលវាកើតមាននៅក្នុងអារម្មណ៍ចំពោះបងប្អូនលើភេទដូចគ្នា ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុសនេះ គឺសុំបញ្ឃប់កុំឱ្យមានការរើសអើងទៅ ពីព្រោះយើងចាត់ទុកថាគាត់ជាមនុស្សដូចតែគ្នា»។

ភរិយាលោក សំ សែន គឺអ្នកស្រី ផាង ម៉ីន បញ្ជាក់ថា ទោះបីឥលូវជីវភាពល្អប្រសើរ ហើយអាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏បានជួយគាំទ្រគ្រួសារអ្នកស្រីដូចក្រុមគ្រួសារផ្សេងទៀតនៅក្នុងសហគមន៍ដែរ ប៉ុន្តែអ្នកស្រី និងស្វាមី គឺនៅតែចង់បានច្បាប់អាពាហ៍ពិពាហ៍ ដែលផ្ដល់ភាពស្របច្បាប់ដូចគ្រួសារមានភេទផ្ទុយគ្នាដែរ ហើយដើម្បីកូនចៅដែលយកមករស់នៅជាមួយ ពួកគេក៏ទទួលបានទ្រព្យសម្បត្តិពីអ្នកស្រី និងស្វាមីផងដែរ។

អ្នកស្រី ផាង ម៉ីន៖ «ខ្ញុំចាស់ហើយពេលវេលាខ្ញុំក៏នៅតិច ប៉ុន្តែខ្ញុំមកសុំចង់បានដូចជាសៀវភៅគ្រួសារ សុំចង់បានអីឱ្យបានស្របច្បាប់ដូចគេការភេទផ្ទុយគ្នាអ៊‌ីចឹងណា ខ្ញុំសុំទៅដើម្បីអនាគតទៅប្អូនៗក្រោយ ដែលគ្នាខំស្រលាញ់ភេទដូចគ្នាដែរ ដែលគ្នានៅក្មេងៗអ៊‌ីចឹងណា ពេលណាបានស្របច្បាប់ទៅប្អូនក្រោយៗ ខ្ញុំក៏ដោយ នៅពេលសុំកូនគេមកចិញ្ចឹមឱ្យគ្នាមានទំនុកចិត្តផង ដែលគ្នាខំរកស៊ីចិញ្ចឹមយើង ដល់ពេលកេរ្តិ៍អាករ ផុតរលត់ពីយើងមិនដឹងបងប្អូនខាងខ្ញុំ ឬបងប្អូនខាងគាត់ដែលជាអ្នកចង់បាន។ ដល់អ៊‌ីចឹងគ្នាអ្នកចិញ្ចឹមយើងវាអត់មានអី អ៊‌ីចឹងខ្ញុំមកនេះចង់ទាមទារថាសុំឱ្យរាជរដ្ឋាភិបាលជួយ ចេះតែសុំចេះតែអង្វរអ៊‌‌ឹចឹងណាក្មួយ គាត់ជួយទៅថ្ងៃណាមួយគាត់ គ្រាន់រករាជរដ្ឋាភិបាលសម្រេចឱ្យយើងថា យើងក៏ជាកូនចៅរបស់គាត់ដែរ គាត់អាចផ្ដល់នូវអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារត្រឹមត្រូវ សំបុត្រកំណើតអីអ៊‌ីចឹងបាន»។

កាលពីថ្ងៃទី១២ ខែកញ្ញានេះ អង្គការសមាគមន៍ឥន្ទធនូកម្ពុជា (រ៉ក) បានសម្ពោធវីដេអូរបស់ខ្លួនចំនួន ៣ ដែលវីដេអូនេះនិយាយអំពីដំណើរការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានទៅលើសហគមន៍ស្រលាញ់ភេទដូចគ្នា ដែលរស់នៅក្នុងខេត្តស្វាយរៀង ព្រៃវែង និងខេត្តកំពង់ធំ។ ក្នុងពិធីសម្ពោធវីដេអូនេះ បាននាំយកសហគមន៍ស្រលាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋាន មកជួបជុំគ្នា ដើម្បីយល់ដឹងពីស្ថានភាពសហគមន៍ស្រលាញ់ភេទដូចគ្នា ការប្ដេជ្ញាចិត្តគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន និងរួមទាំងការចង់បានច្បាប់អាពាហ៍ពិពាហ៍ជាដើម៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image