en     km
en     km

ទឹកជន់លិចក្នុងខេត្តមួយចំនួន ខណៈប្រទេសក្បែរកម្ពុជាត្រូវព្យុះវាយប្រហារ

Share

 

ព្យុះទីហ្វុងយ៉ាកជី(Yagi) កំពុងវាយប្រហារប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីដូចជាប្រទេសចិន វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមនុស្សមួយចំនួនរងរបួស បាត់ខ្លួន និងរហូតឈានដល់ការបាត់បង់អាយុជីវិត។ ចំណែក កម្ពុជាក៏នឹងអាចរងនូវឥទ្ធិពលពីព្យុះនេះតាមរយៈការបង្អុលទឹកភ្លៀងច្រើនលើអាងទន្លេមេគង្គដែលអាចកើតជាជំនន់ទឹកភ្លៀងបានផងដែរ។ នេះបើការរាយការណ៍របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តមួយចំនួនរបស់កម្ពុជាកំពុងរងនូវជំនន់ទឹកភ្លៀងជាដំណំ តែពុំទាន់ដល់ស្ថានភាពត្រូវប្រកាន់អាសន្ននៅឡើយ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ថា កម្ពុជានឹងរងឥទ្ធិពលពីព្យុះដោយប្រយោលដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ ហើយប្រសិនជាភ្លៀងបង្អុលច្រើនលើសលប់អាចបណ្តាល​ឱ្យកើតជាជំនន់ទឹកភ្លៀង។

សំឡេងលោក សុទ្ធ គឹមកុលមុនី៖«​បាទ!សូមជម្រាបជូនថា ប្រទេសកម្ពុជាយើងក៏អាចរងនូវផលប៉ះពាល់ពីឥទ្ធិពលព្យុះដែរ ប៉ុន្តែតាមការព្យាករណ៍និងដំណើរនៃព្យុះនីមួយៗ ប្រទេសកម្ពុជាមិនទទួលរងដោយផ្ទាល់ទេគឺអាចរងដោយប្រយោល។ ដូច្នេះវា(ព្យុះ)អាចបង្កទៅជាមានភ្លៀងច្រើនអាចបង្កជាជំនន់ទឹកភ្លៀងអីផ្សេងៗ។ ជាពិសេសនៅតំបន់មួយចំនួនដូចជានៅតាមតំបន់មាត់សមុទ្រ ហើយនិងតំបន់តាមតំបន់ខ្ពង់រាប។ ចំពោះទន្លេមេគង្គគឺទឹកនឹងអាចហក់ឡើងជាបន្តបន្ទាប់ទៀតដោយសារទឹកធ្លាក់ពីខាងលើមក ទន្លេមេគង្គខាងលើមកអាចមកដល់ប្រទេសកម្ពុជាយើង ប៉ុន្តែចំពោះស្ថានភាពទឹកនៅតាមទន្លេបឹងបួ ព្រែកទាំងអស់ហ្នឹងគឺនៅកម្រិតមួយ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយ។»។

    លោក សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ

 

ខេត្តមួយចំនួនរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀងដែលតម្រូវឱ្យជម្លៀសប្រជាពលរដ្ឋទៅរកទីកន្លែងសុវត្ថិភាពជាបន្ទាន់។ លោក សុទ្ធ គឹមកុលមុនី ​បានបញ្ជាក់ថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងដល់ ១៩,៨៤ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ២២ម៉ែត្រ។ បើតាមរបាយការណ៍បឋមពីមន្ត្រីសាលាស្រុកចិត្របុរី បានឱ្យដឹងថា ក្រោយពីមានមេឃភ្លៀងធ្លាក់ខ្លាំងមក ទឹកបានជន់លិចទីធ្លារវត្តដារ,លិចសាលាបឋមសិក្សាដារ ,លិចមណ្ឌលសុខភាពដារ ជម្រៅ ១.៤០ម ទំហំការខូចខាតមិនអាចវាយតម្លៃបាន និងលិចហូរកាត់ផ្លូវ១០កន្លែងមានប្រវែង១២៥០ម និងបានលិចក្រោមផ្ទះអ្នកភូមិចំនួន២០ខ្នងផ្ទះ(ភូមិអញ្ចាញ និងស្ទឹងស្វាយ) និងមាន ៤ ភូមិនៅជាប់ព្រែកទេ ក៏បានលិចផ្លូវ ប្រមាណជាង ៦៨៥០ ម៉ែត្រ ផងដែរ តែមិនប៉ះពាល់ដល់ឬបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ។ចំណែកនៅខាងខេត្តស្ទឹងត្រែងក៏កំពុងរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ។

 

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមឥទ្ធិពលពីព្យុះយ៉ាកជី(Yagi) បានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសថៃនិងឡាវ ដែលបង្កឱ្យទឹកទន្លេមគង្គហក់ឡើងខ្លាំងរហូតជន់លិចផ្នែកខាងលើនៃប្រទេសឡាវ។ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងរងនូវឥទ្ធិពលពីព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា ជាមួយនឹងព្យុះទី១៤ឈ្មោះ ពូលឡាសាន ដែលស្ថានភាពបែបនេះធ្វើឱ្យរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២.២៥ម៉ែត្រ។ ក្នុងនោះស្ថានីយទឹកនៅជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កំពុងហក់ឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

 

ក្រុមការងារព័ត៌មានវិទ្យុស្រ្តីបានព្យាយាមទាក់ទងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមដើម្បីជាអនុសាសន៍និងវិធានការផ្សេងៗដែលក្រសួងត្រៀមជាស្រេចដើម្បីសម្រួលប្រជាពលរដ្ឋនៅពេលមានទឹកជំនន់ ក៏ប៉ុន្តែលោកកំពុងជាប់រវល់ប្រជុំពុំអាចផ្តល់បទសម្ភាសបានឡើយ។

យ៉ាងណា លោក សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់ថាទោះបីកម្រិតទឹកនេះមិនទាន់ដល់ចំណុចប្រកាសអាសន្នក៏ពិតមែន តែអាជ្ញាធរនិងមន្រ្តីជំនាញកំពុងចាត់វិធានការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ ដើម្បីជាជំនួយទៅដល់អាជ្ញាធរផងនោះ ប្រជាពលរដ្ឋគប្បីជូនដំណឹងមកកាន់អាជ្ញាធរមូលដ្ឋានជំនាញនៅតាមសហគមន៍ដើម្បីចុះជួយប្រជាពលរដ្ឋ។

សំឡេងលោក សុទ្ធ គឹមកុលមុនី៖«​បាទជារួម យើងមកដល់ពេលនេះយើងបានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ វិធានការណ៍ កម្លាំង សម្ភារៈបរិក្ខារ ក្នុងការជួយអន្តរាគមន៍ឆ្លើយតបនៅពេលហេតុការកើតឡើងទាំងថ្នាក់ជាតិ ថា្នក់មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។»។

 

ព្យុះសង្ឃរា Yagi បង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅតាមប្រទេសអាស៊ីអាគ្នេយ៍ដីគោក។ មីយ៉ាន់ម៉ា និងវៀតណាម សុទ្ធតែមានប្រជាជនរាប់រយនាក់បានស្លាប់ ហើយអចលនទ្រព្យរាប់សែនកន្លែងត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិនេះ។ បើតាមការប្រកាសរបស់ទូរទស្សន៍ជាតិមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៦ ខែកញ្ញា ប្រជាជនមីយ៉ាន់ម៉ាបាត់បង់ជីវិត២២៦នាក់ និង បាត់ខ្លួនចំនួន៧៧នាក់។ ការប៉ាន់ស្មានរបស់ភ្នាក់ងារឆ្លើយតបនឹងគ្រោះធម្មជាតិនៃអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រមាណ៦៣១ពាន់នាក់ទូទាំងមីយ៉ាន់ម៉ារងគ្រោះ និងជួបបញ្ហាកង្វះស្បៀង ទឹកស្អាត និងជម្រក ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែម។ លើសពីនេះ ដីស្រែនិងដំណាំផ្សេងៗទូទាំងប្រទេសរងការខូចខាតអស់ជិត២៦០ពាន់ហិកតា។

រូបភាពបុរសវ័យចំណាស់ម្នាក់បីឆ្កែមួយក្បាល ដើរលុយទឹកលិចកម្ពស់ក្បែរចង្កេះរបស់គាត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបភាព៖ AP

 

មិនខុសគ្នាពីមីយ៉ាន់ម៉ា គ្រោះធម្មជាតិនេះផ្ដាច់ជីវិតប្រជាជនវៀតណាម២៩២នាក់ ខណៈកំពុងបាត់ខ្លួន៣៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា។ បន្ថែមពីនេះ ផ្ទះជាង២៣០ពាន់ខ្នង និងដីស្រែ២៨០ពាន់ហិកតាត្រូវបានបំផ្លាញ។ ទំហំនៃការខូចខាតផ្នែកសេដ្ឋកិច្ចរបស់វៀតណាមបច្ចុប្បន្នគឺប្រហែល១,៦ពាន់លានដុល្លាឯណោះ។ នេះបើតាមការគណនារបស់រដ្ឋាភិបាលហាណូយ។

ដោយឡែក ចំនួនអ្នកស្លាប់នៅថៃមាន១០នាក់ ខណៈនៅឡាវមានម្នាក់។ អាជ្ញាធរថៃក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងទឹកដើម្បីដោះស្រាយទឹកជំនន់ជាមួយប្រទេសជិតខាងដែលកំពុងរងគ្រោះផង៕

Share

ព័ត៌មានទាក់ទង

Image