ការលក់ដូរគឺជារបរមួយដែលមិនទៀងទាត់ មានខាតមានចំណេញទៅតាមថ្ងៃ។ អ្នកលក់ដូរម្ហូបអាហារនៅ មុខរោងចក្រមួយ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលវិទ្យុស្ត្រីបានជួបសម្ភាសន៍ ហាក់ពុំសូវកាក់កប ឡើយបើធៀបនឹងពេលកន្លងទៅ ដ្បិតសេដ្ឋកិច្ចធ្លាក់ចុះ ទំនិញឡើងថ្លៃ អ្នកលក់ច្រើន អ្នកទិញតិច និងត្រូវ ចាយត្បិតត្បៀត។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ចន្លោះពីម៉ោង១១:០០នាទី ទៅម៉ោង១២:០០នាទី ជាពេលវេលាដែលមនុស្សម្នាកំពុងប្រញាប់ប្រញាល់រកអាហារថ្ងៃត្រង់ ខណៈអ្នកលក់ម្ហូបអាហារ និងអ្នកលក់សម្ភារៈប្រើប្រាស់នៅក្បែររោងចក្រក៏កំពុងមមាញឹករៀបចំទំនិញ និងអ្នកលក់ខ្លះទៀតបានត្រៀមទំនិញរួចរាល់សម្រាប់លក់ដូរ។ គ្រាន់តែសំឡេងកណ្ដឹងបន្លឺឡើងភ្លាម កម្មករ-កម្មការនីរោងចក្រស្ទុះស្ទះបញ្ឆោតគ្នា ស្កែនកាត ឬស្កែនមេដៃដើម្បីចេញមកក្រៅ ហើយសន្តិសុខក៏បានបើកទ្វារឱ្យកម្មករចេញដូចទឹកបាក់ទំនប់។ អ្នកខ្លះក៏រត់រកបាយម្ហូបជាចម្បង ឯអ្នកខ្លះទៀតក៏ស្រវារត់រកម៉ូតូមុន ដ្បិតផ្ទះនៅជិតត្រូវស្រុះស្រូបអាហារជាមួយគ្រួសារ។ បច្ចុប្បន្នភាគតិចណាស់ដែលកម្មករនិយោជិកខ្ចប់អាហារមកខ្លួនឯង ភាគច្រើនពួកគេយកជ្រើសយកការទិញបាយម្ហូប ដែលមានលក់ស្រាប់នៅក្បែរនោះ ព្រោះវាកាន់តែមានភាពងាយស្រួល មិនចាំបាច់ត្រូវចំណាយពេលធ្វើម្ហូបអាហារដោយខ្លួនឯងទៀតឡើយ។ ណាមួយខើចពេលធ្វើមិនទាន់ ព្រោះចូលធ្វើការម៉ោង៧:០០នាទីព្រឹកផង រីឯអ្នកមានកូនក៏ត្រូវឆ្លៀតយកកូនទៅសាលាជាមុនសិន មុនមកធ្វើការ។ ដោយសារកត្តាមួយចំនួននេះហើយ ទើបធ្វើឱ្យអ្នកលក់ម្ហូបអាហារ ទោះតិចឬច្រើននៅតែមានទីផ្សារ ដែលអាចផ្តល់ប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងការចំណាយផ្សេងៗបាន។
អ្នកស្រី ពៅ យឿន អ្នកលក់បាយម្ហូបនៅមុខរោងចក្របានលើកឡើងថា មានអ្នកលក់ច្រើន ខណៈអ្នកទិញមានចំនួនតិច ហើយអ្នករោងចក្រខ្លះពុំមានលុយសម្រាប់ទិញអាហារហូបចុកបានគ្រប់គ្រាន់នោះទេ ដែលតម្រូវឱ្យពួកគាត់សុំជំពាក់អ្នកលក់ ដោយសន្យាសងនៅចុងខែ។
“សម ព្រោះខ្ញុំមួយចានៗវាច្រើនដែរពេញៗ ហើយមានគេ ជួនកាលអីចឹងខ្លះមកអីចឹងអត់លុយ យើងជឿ (ជំពាក់) ឱ្យគាត់ហូប ដល់ខែបានគាត់ឱ្យអីចឹងទៅ។ គ្នាជួនកាលគ្នាមកអត់លុយអត់កាក់អីចឹង អ៊ុសូមជឿ (ជំពាក់) បាយមួយពេលពីរពេលអីចឹងឱ្យ ហើយយើងលក់ពីពាន់អីចឹងវាសមរូបសមរាងអីចឹងហាស! ហើយណាមួយគ្នាប្រាក់ខែក៏វាតិចដែរ។»
អ្នកស្រី ពៅ យឿន អ្នកលក់បាយម្ហូបនៅមុខរោងចក្រ។ រូបភាព៖ WMC/Seanglim
អ្នកស្រី លាស់ ជីតា អ្នកលក់ដំឡូងឆឹងនៅមុខរោងចក្រក្បែរផ្សារចំការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ បានប្រាប់ថាការលក់ដូរនៅមុខរោងចក្រមានភាពងាយស្រួល ហើយបើធ្វើទៅមានរសជាតិ អ្នកស្រីក៏លក់ ដាច់លឿន។
“ដាច់ មានអីអូន! លក់ដូរមានពិបាកអី បើគេចេញគេចេះតែទិញអីចឹងទៅ យើងចេះតែលក់ អីក៏លក់ដែរ។»។
អ្នកស្រី លាស់ ជីតា អ្នកលក់ដំឡូងឆឹង។ រូបភាព៖ WMC/Seanglim
ចានដែកមួយលើចង្អើរកង់ពេញដោយដំឡូងនឹងពណ៌លឿងឆ្អិនឆ្អៅមានរោយដូងពីលើយ៉ាងច្រើននេះ ក្នុងមួយថ្ងៃអ្នកស្រីធ្វើដំឡូងឆឹងលក់នៅមុខរោងចក្រពីរដង គឺម៉ោងបាយពេលថ្ងៃ និងពេលល្ងាច វេលាដែលកម្មករកម្មការនីត្រូវត្រឡប់ទៅផ្ទះវិញ។ ក្នុងពេលតែមួយអ្នកស្រី ត្រូវផ្លាស់ទីលក់ដំឡូងនៅទីតាំងពីររោងចក្រ ពោលគឺត្រូវចល័តដោយកង់ទៅលក់នៅមុខរោងចក្រមួយទៀតប្រម៉ាណ១៥នាទី ទៅ២០នាទី ដោយសាររោងចក្រនៅជិតគ្នា ហើយម៉ោងចេញរបស់កម្មករក៏អំណោយផលសម្រាប់ការលក់របស់អ្នកស្រី។ រាល់ម៉ោង១១:០០នាទីឈានមកដល់ តែងមានអ្នកមកចោមរោមទិញដំឡូងអ្នកស្រីជាច្រើន។ ព្យាយាមលក់មួយថ្ងៃ២ដង អ្នកស្រី លាស់ ធីតា អាចរកចំណូលបានប្រមាណជាង២០ម៉ឺនរៀល(ទាំងដើម) គ្រាន់នឹងដោះស្រាយការចំណាយប្រចាំថ្ងៃ។ កាត់ថ្លៃដើមរួច អាចសងបំណុលគេបានខ្លះ និងសល់ខ្លះសន្សំទុកផងដែរ។
«យើងធ្វើអាហ្នឹង យើងធ្វើហើយអីហើយ យើងធ្វើឱ្យឆ្អិនបានយកមកលក់ទៀត។ មួយចានដែកនេះ ជួន បាន១១ម៉ឺនអ៊ីចឹងទៅ ល្ងាច១០ម៉ឺនជាងអីទៀតទៅ ជាង២០ម៉ឺនអីអ៊ីចឹងហាអូនហាស! យើងរកខ្លះ សងគេ ខ្លះ សល់ខ្លះ។»
រូបភាព៖ WMC/Seanglim
ចេញឆ្ងាយពីដំឡូងឆឹងបន្តិច ងាកទៅដងផ្លូវនៅក្បែរមាត់ទ្វាររោងចក្រហាក់មមាញឹកខ្លាំងសឹងតែរកផ្លូវដើរពុំ រួច ព្រោះអ្នកដំណើរអ្នកទិញ និងអ្នកលក់នៅទន្ទឹមគ្នា ហើយមកថែមជាបន្តបន្ទាប់។ អ្នកទិញ និងអ្នកលក់ ជជែកសួរនាំតម្លៃ តថ្លៃគ្នាទិញមិនដាច់។ ក្រៅតែពីបាយម្ហូប ដែលអ្នកលក់វិចខ្ចប់ដោយដាក់ថង់ និងដាក់ប្រអប់ជ័រ ឬស្ងោរ ក៏មានផ្លែឈើយ៉ាងសម្បូរបែបផងដែរ ដែលមានតម្លៃសមរម្យអាចឱ្យកម្មករមានលទ្ធភាព ទិញបរិភោគបាន។ ក្រៅពីផ្លែឈើក៏មាននំនែក ដូចជា អន្សមជ្រូក ត្រៀបបាយ នំចាំង និងនំចាំងស្នូលផ្អែម ឬគេនិយមហៅនំបាញ់អ៊ូជាដើម សុទ្ធសឹងតែលក់ដាច់ និងជាការពេញនិយមរបស់អ្នកបរិភោគ។ ក៏ប៉ុន្តែអ្នកស្រី ចៅ ពីន វ័យ៤០ឆ្នាំ ជាអ្នកលក់ទឹកសណ្តែកនៅបរិវេណរោងចក្រក្បែរផ្សារចំការដូងប្រមាណ៣ឆ្នាំ ហាក់ខ្សត់ខ្សោយអ្នកទិញ។ អ្នកស្រីកត់សម្គាល់ថា ជាងមួយឆ្នាំមកនេះ ការលក់មានការធ្លាក់ចុះជាងឆ្នាំមុនៗ បើទោះបីជាអ្នកស្រីត្រូវលក់នំពេលព្រឹក និងឆ្លៀតលក់ទឹកសណ្តែកផ្សែផ្សំពេលថ្ងៃក្តី។ អ្នកស្រីបានត្អូញត្អែរថា ឆ្នាំនេះ ពុំមែនធ្លាក់ចុះតិចតួចនោះទេ គឺធ្លាក់ចុះពាក់កណ្តាលជារៀងរាល់ថ្ងៃតែម្តង។ ការណ៍នេះ ធ្វើឱ្យអ្នក ស្រី ចៅ ពីន ពិបាក ដ្បិតអ្នកស្រីទិញរបស់ពីគេយកមកលក់។ ក្នុងសំឡេងល្វើយៗខ្សោយៗហាក់ហត់ចិត្ត អ្នកស្រីរៀបរាប់ថា ធ្លាប់តែលក់បានមួយថ្ងៃបានចន្លោះ៥០ ទៅ៦០ដប តែបែរជាបច្ចុប្បន្នបានតែពាក់កណ្តាលទៅវិញ។
“រាងស្ងាត់ជាងរាល់ដងអូន ស្ងាត់ជាងឆ្នាំមុនៗបានច្រើនជាង។ យើងដោយសារសេដ្ឋកិច្ចដឹងអូន ព្រោះ ឥឡូវរកអត់សូវបានអីចឹងហាណាស់! មុនៗបងបាន៥០-៦០ដបអឺចឹងហាណាស់! ឥឡូវបានតែ៣០ជាង ធ្លាក់ពាក់កណ្តាលហាណាស់អូន។»។
អ្នកស្រី ចៅ ពីន អ្នកលក់ទឹកសណ្តែក។ រូបភាព៖ WMC/Seanglim
បន្ទាប់ពីលក់នៅមុខរោងចក្រ អ្នកស្រី ពីន ក៏ត្រូវជិះលក់នៅតាមបុរី និងកន្លែងផ្សេងជាបន្តទៀត ទើបអាចរកប្រាក់ចំណេញបាន៣ម៉ឺនរៀលក្នុង១ថ្ងៃពីទឹកសណ្តែកនេះ ដោយមិនរាប់ចូលជាមួយនំពេលព្រឹក។
«លក់តែទឹកហ្នឹងបានប្រហែលជា៣ម៉ឺន ចំណេញ តែព្រឹកឡើងយើងលក់នំផ្សេងទៀតចាស!។ អត់ទេ ទាល់ម៉ោង៣អី យើងដល់ម៉ោង យើងលក់តាមផ្សារ តាមបុរីអីផ្សេងទៀត។”
រូបភាពកម្មករកម្មការិនីចេញពីរោងចក្រនិងដើរទិញរបរនៅតាមផ្លូវនាបរិវេណមុខរោងចក្រ។ រូបភាព៖ WMC/Seanglim
ក្រោមកម្តៅថ្ងៃខាងមុខរោងចក្រ មានម៉ូតូដាក់បញ្ឈរលក់ជាប់គ្នា។ ខាងឆ្វេងដៃអ្នកលក់ទឹកសណ្តែកគឺអ្នក លក់នំពពាយ។ ស្ថិតក្នុងសំលៀកបំពាក់ខូប៊យ ពាក់ម៉ាស ពាក់មួកដូចទាហានឃ្លុំខ្លួនជិត នេះគឺអ្នកស្រី កន ផល។ អ្នកស្រី កន ផល ក៏ពុំខុសគ្នាពីអ្នកស្រី ចៅ ពីន នោះដែរ គឺលក់ពុំសូវដាច់ឡើយ បើធៀបនឹង កាលពីមុនគឺខុសគ្នាពាក់កណ្តាល។ អ្នកស្រីថា បច្ចុប្បន្នលក់នំពពាយ ឬភេសជ្ជៈដែលធ្វើដោយដៃមួយ ចំនួន ហាក់តឹងខ្លាំងតាំងពីសេដ្ឋកិច្ចធ្លាក់ចុះប្រមាណជាង៣ខែមកនេះ។ ប៉ុន្តែអ្នកស្រីនៅតែព្យាយាមធ្វើលក់ និងបន្ថយចំនួនតាមជាក់ស្តែង ហើយក្នុងថ្ងៃលក់មួយកន្លែងមិនទាន់អស់ ត្រូវរត់ទៅលក់នៅមួយ កន្លែងទៀតដូចសព្វមួយដង ត្បិតរោងចក្រជិតគ្នា។ ក៏ប៉ុន្តែវានៅតែមិនអាចរកចំណូលបានសមប្រកប។ ការណ៍នេះ អ្នកស្រី យល់ថាដោយសារសេដ្ឋកិច្ចធ្លាក់ចុះ កម្មករនិយោជិតត្រូវចាយលុយត្បិតត្បៀត ដែលជាហេតុលក់មិនសូវដាច់ដូចកាលពីមុន។
«ពីមុនគ្រាន់ស្រួលដែរបង តែតាំងពីនេះមកសេដ្ឋកិច្ចធ្លាក់ចុះមក យ៉ាប់លក់ដែរ។ តឹងហាចាស! តឹងពិបាក រកលុយណាស់ឥឡូវ។ បើគិតទៅប្រហែលពីរខែបីខែមកនេះធ្លាក់ចុះហ្មង ធ្លាក់កូដ រក១ថ្ងៃទាំងដើមទាំង ចុងបាន៤-១០ម៉ឺន បើពីមុនជាង៤-១០ម៉ឺន តែឥឡូវរកអត់បានទេ។ បើនិយាយពីកម្រៃចូលវិញបាន២ម៉ឺន ជាង ៣ម៉ឺនអីហ្នឹង។»
អ្នកស្រី កន ផល អ្នកលក់នំពពាយ។ រូបភាព៖ WMC/Seanglim
បើទោះបីជាអ្នកស្រីឈប់ទិញពីគេមកលក់បន្ត ដោយងាកមកធ្វើខ្លួនឯង ហើយលក់ក្នុងតម្លៃដដែលក៏ ដោយ ក៏នៅតែពិបាករកចំណេញដែរ។ ត្បិតសេដ្ឋកិច្ចធ្លាក់ចុះ ខណៈទំនិញកាន់តែឡើងថ្លៃហើយអ្នកញ៉ាំក៏ ពួកគេកាត់បន្ថយក្នុងការចំណាយ។ អ្នកស្រីថា មានថ្ងៃខ្លះលក់សល់ ត្រូវចែកអ្នកជិតខាង រីឯកម្រៃវិញ បើ សល់ច្រើនបានប្រាក់ចំណេញបានត្រឹមពាក់កណ្តាលប៉ុណ្ណោះ។
«សេដ្ឋកិច្ចធ្លាក់ចុះហើយអីវ៉ាន់ឡើងថ្លៃទៀត ចឹងសេដ្ឋកិច្ចធ្លាក់ចុះ ដូចជាអ្នកធ្លាប់ញ៉ាំស៊ីប៊ីហាណាស់! គ្នាក៏ អត់សូវមានលុយដែរ។ អ៊ីចឹងកាត់បន្ថយការញ៉ាំ ដល់ពេលអីចឹងយើងនេះលក់ក៏វាពិបាកដែរ។ អីវ៉ាន់ក៏ ឡើងថ្លៃអីក៏ឡើងថ្លៃ ដល់ពេលអីចឹងបែងចែងច្រើន និយាយទៅអត់សូវបានចំណូលចូលហ្មងហាបង។»
ចំណែកឯអ្នកលក់បាយដែលមានឆ្នាំងតម្រៀបជួរច្រើន ឯនេះវិញ ប្រមាណ៤ខែមកនេះក៏លក់ពុំសូវដាច់ ដូចគ្នា។ អ្នកស្រី ពៅ យឿន បានលើកឡើងថា តម្លៃដែលអ្នកស្រីលក់នេះសម្លរមួយចានមានតម្លៃចន្លោះពី ២០០០៛-៣០០០៛ ដែលជាតម្លៃស្រមស្រប សម្រាប់កម្មករ-កម្មការនីរោងចក្រ បើធៀបទៅនឹងប្រាក់ខែរបស់ពួកគេ។ តែផ្ទុយទៅវិញ មានអ្នកលក់ច្រើន ខណៈអ្នកទិញមានចំនួនតិច ហើយអ្នករោងចក្រខ្លះពុំមានលុយសម្រាប់ទិញអាហារហូបចុកបានគ្រប់គ្រាន់នោះទេ ដែលតម្រូវឱ្យពួកគាត់សុំជំពាក់អ្នកលក់ ដោយសន្យាសងនៅចុងខែ។
រូបភាព៖ WMC/Seanglim
អ្នកស្រី យឿន រអ៊ូថា ក្នុងចំណោមអ្នកលក់មុខរោងចក្រអ្នកស្រីមានបន្ទុកខុសប្លែកពីអ្នកមុនៗ ដោយសារត្រូវបង់ថ្លៃតូបជាប្រចាំខែ។ ដោយហេតុលក់ពុំសូវដាច់ និងអស់លទ្ធភាពស្ត្រីវ័យ៤៧ឆ្នាំរូបនេះ នឹងផ្អាកការជួលតូបនៅដំណាច់ខែនេះ។ ប៉ុន្តែអ្នកស្រីកំពុងគ្រោងរកបន្ទប់ជួលរស់នៅធម្មតា រួចធ្វើបាយធ្វើម្ហូបដឹកមកលក់ដូចគេឯទៀតវិញ ដើម្បីកាត់បន្ថយការចំណាយ។
«២០០$ហាស! ឥឡូវរកមិនបានទេ ប្រហែលតែ១ខែហ្នឹងទៀតឈប់ហើយ។ រត់អត់រួចយើងអត់មាន លុយឱ្យគេហាស! អត់ដាច់ទេមើលឃើញហេស! នៅទាំងអស់ សួរតែបន្តិចៗហ្នឹងមិនសូវដាច់ផង។ ដល់ មាណរយៈពេល៣-៤ខែហ្នឹងចប់សូន្យហ្មង។»
ម្យ៉ាងវិញទៀតអ្នកស្រីឈឿនសង្កេតឃើញថា អ្នកធ្វើការរោងចក្រចាយត្បិតត្បៀត ដោយសារត្រូវចំណាយ និងបែងចែងច្រើនមុខ ខណៈទំនិញកាន់តែឡើងថ្លៃ។ ការមិនចំណាយច្រើនរបស់ពួកគេ រុញច្រានឱ្យអ្នក លក់ជួបការលំបាកដូចគ្នា ដោយសារតែធ្វើបាយម្ហូបលក់គ្មានអ្នកទិញ ត្រូវទុកផ្អែមចោល៕
(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)